ប្រវត្តិ​សង្ខេប​នៃ​ជ័យ​លាភី​រង្វាន់​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ពិភពលោក

ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នក​ស្រី ម៉ៅ សុធានី សូម​រាយ​ការណ៍​ជូន​ពី​ប្រវត្តិ​សង្ខេប និង​សកម្មភាព​ការងារ​ស្ម័គ្រ​ចិត្ត​របស់​ជ័យ​លាភី​រង្វាន់​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ពិភពលោក​ហ្គួរម៉ង់។
ដោយ ម៉ៅ សុធានី
2010.04.21
ស្ត្រី​ខ្មែរ ៣០៥ លោក​ស្រី ឡុង សូរី (ឆ្វេង) ជ័យ​លាភី​រង្វាន់​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ពិភពលោក​ហ្គួរម៉ង់
Photo Supplied

សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​អាហារ​ខ្មែរ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ស្រ្តី​ខ្មែរ​ម្នាក់​ជាមួយ​នឹង​កូន​ស្រី​របស់​គាត់ ត្រូវ​បាន​គេ​ជ្រើសរើស​ផ្ដល់​រង្វាន់ ពិភពលោក​ហ្គួរម៉ង់ (Gourmand) នៅ​ក្នុង​ប្រទេស​បារាំង ថា​ជា​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​អាហារ​ល្អ​ចំណាន ពូកែ​ជាង​គេ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០០៩ ក្នុង​ចំណោម​សៀវភៅ​ជាង ៦​ពាន់​ក្បាល។

សៀវភៅ​ធ្វើ​ម្ហូប​ខ្មែរ​ដែល​សរសេរ​ជា​ភាសា​បារាំង​មាន​ប្រមាណ​ជា ១៣៩​មុខ ដោយ​ថែម​ទាំង​បង្ហាញ​រូបភាព​ផង​ដែរ​នោះ គឺ​តាក់តែង​ដោយ​លោក​ស្រី ឡុង សូរី បច្ចុប្បន្ន​ចូល​និវត្តន៍ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី ឡុង សូរី អាយុ ៦៩​ឆ្នាំ អតីត​គ្រូ​បង្រៀន​នៅ​ជំនាន់​សាធារណ​រដ្ឋ​ខ្មែរ សម័យ លន់ នល់ បច្ចុប្បន្ន​ចូល​និវត្តន៍ បាន​មាន​ប្រសាសន៍​សម្ដែង​ក្ដី​រីករាយ​ជា​ខ្លាំង​ក្រោយ​ដែល​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ ដែល​និពន្ធ និង​តាក់តែង​រួម​ជាមួយ​កូន​ស្រី ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ​ដ៏​ពិសេស​ពិសាល​ក្នុង​ពិភពលោក ទាំង​ផ្នែក​គុណភាព ក្រដាស និង​ក្រប​សៀវភៅ ការ​បង្ហាញ​រូប​ភាព​ម្ហូប​អាហារ​ចម្អិន​ហើយ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ហាត់​រៀន​ធ្វើ​ម្ហូប​អាហារ​ខ្មែរ​ចំនួន​ជាង ១៣០​មុខ។

លោក​ស្រី ឡុង សូរី បាន​មាន​ប្រសាសន៍​ថា ៖ «អរ​ណាស់ អរ​មែនទែន! ស្ត្រី​ខ្មែរ ២​នាក់​សរសេរ​សៀវភៅ​ជាប់​លេខ​១ ក្នុង​ពិភពលោក គឺ​ជា​រង្វាន់​សម្រាប់​ខ្ញុំ លើស​ពី​ការ​ស្មាន លើស​ពី​គេ​ចង់​ឲ្យ​លុយ​ទៅ​ទៀត។ ខ្ញុំ​នឹក​ឃើញ​ដល់​ស្រុក​ខ្មែរ ពីព្រោះ​គេ​អត់​ស្គាល់​ខ្ញុំ​ទេ ខ្ញុំ​មាន​ទង់​ជ័យ​ខ្មែរ ហើយ​គេ​អត់​ស្គាល់​ខ្មែរ​ទេ ខ្ញុំ​បង្ហាញ​គេ​ថា ខ្មែរ​នៅ​ឯ​ណា! ហើយ​ខ្ញុំ​ត្រូវ​បង្ហាញ​គេ...»

លោក​ស្រី ឡុង សូរី ជ័យ​លាភី​នៃ​រង្វាន់​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ពិភពលោក​ហ្គួរម៉ង់ (Gourmand) បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​ស្គាល់​ស្នាដៃ​សៀវភៅ​ធ្វើ​ម្ហូប​អាហារ​ខ្មែរ​នេះ គឺ​ជា​ប្រការ​ដ៏​សំខាន់​មួយ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​បាន​ដឹង និង​ស្គាល់​អំពី​អារ្យធម៌ វប្បធម៌ ប្រពៃណី​ជាតិ​ខ្មែរ និង​ជា​ពិសេស​គឺ​ម្ហូប​អាហារ​ខ្មែរ។

ក្រៅ​ពី​ការ​ប៉ិន​ប្រសប់​ធ្វើ​ម្ហូប​អាហារ​គ្រប់​មុខ​យ៉ាង​ចំណាន ប្រកប​ទៅ​ដោយ​រសជាតិ​ឆ្ងាញ់​ពិសា លោក​ស្រី ឡុង សូរី ចេះ​ជំនាញ​ផ្នែក​កាត់​ដេរ​ប៉ាក់ និង​សំអាងការ​ថែម​ទៀត​ផង។ លោក​ស្រី​មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាន​មក​រស់​នៅ​ក្នុង​រដ្ឋ Virginia សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៧៥​មក លោក​ស្រី​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សហគមន៍​ខ្មែរ ជា​ពិសេស​គឺ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។

លោក​ស្រី ឡុង សូរី បាន​បញ្ជាក់​ថា ៖ «ស្លៀក​ខោ​អាវ​ខ្មែរ បង្ហាញ​គេ​ពី​របៀប​ស្ត្រី​ខ្មែរ​ស្លៀក​ពាក់​យ៉ាង​ម៉េច ទៅ​វត្ត​កាន់​ស្រាក់ ពេល​រៀបការ​ស្លៀក​យ៉ាង​ម៉េច ហើយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ត្រូវ​ធ្វើ​ដើម្បី​បង្ហាញ​គេ។ គេ​ចូល​ចិត្ត​ធ្វើ​ម្ហូប គេ​ឲ្យ​ខ្ញុំ​ទៅ​ជួយ​ធ្វើ​ម្ហូប​បាន​កម្រៃ​ខ្លះ បន្ថែម​ពី​ការងារ​នៅ​រោងចក្រ ពីព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ម្ហូប ចេះ​តែ​កិច្ចការ​ផ្ទះ​ដើម្បី​រស់​អ្វី​ក៏​ខ្ញុំ​ធ្វើ​ដែរ...»

នៅ​ឆ្នាំ​១៩៧៧ លោក​ស្រី ឡុង សូរី និង​ស្វាមី លោក ឡុង បូតា អតីត​សាស្ត្រាចារ្យ​ជំនាន់ លន់ នល់ ព្រម​ទាំង​កូន​ពីរ​នាក់​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​បារាំង​វិញ។ នៅ​ទី​នោះ លោក​ស្រី និង​ស្វាមី​នៅតែ​បន្ត​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សហគមន៍​ខ្មែរ ៖ «...ខ្ញុំ និង​អ្នក​គ្រូ​ខ្ញុំ​បង្កើត​ជា​សមាគម​ស្ត្រី ដូច​ជា​ជួយ​បកប្រែ រក​ការងារ​ធ្វើ បង្ហាត់​ធ្វើ​ម្ហូប ដេរ​ខោ​អាវ បង្ហាត់​ចង​ក្បិន។ កាល​នៅ​ស្រុក​ខ្មែរ ខ្ញុំ​បង្រៀន​ដេរ​ខោ​អាវ។ គេ​ត្រូវការ​ចង់​ស្គាល់ ចង់​ដឹង ថ្ងៃ​អាទិត្យ​ឡើង ក្រុម​គ្រួសារ​ខ្ញុំ​ទៅ​ជួយ​បង្ហាត់​គេ ពីព្រោះ​ជា​កិច្ចការ​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ...»

លោក​ស្រី ឡុង សូរី បន្ត​ថា បន្ថែម​ពី​ការងារ​ធ្វើ​ជា​គ្រូ​បង្រៀន​ខាង​វិជ្ជា​មេ​ផ្ទះ នៅ​ពេល​វិស្សមកាល និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍ លោក​ស្រី​តែងតែ​ឆ្លៀត​ពេល​ទៅ​ចូលរួម និង​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត នៅ​ក្នុង​ប្រទេស​បារាំង និង​នៅ​តាម​ជំរំ​ព្រំដែន​ខ្មែរ​ថៃ។

លោក​ស្រី ឡុង សូរី បាន​ឲ្យ​ដឹង​ថា ៖ «មក​ដល់​ស្រុក​បារាំង​ខំ​រៀន​ទៀត រហូត​ដល់​ជាប់​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ខាង​ម្ហូប​អាហារ​ធ្វើ​ជាង ២០​ឆ្នាំ រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍​ឆ្នាំ​២០០១។ មុន ២០០១ គឺ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ មួយ​ឆ្នាំ​ម្ដង​ៗ។ ក្រោយ​ឆ្នាំ​១៩៨០ ទៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​តាម​ជំរំ​ព្រំដែន ពីព្រោះ​ខ្ញុំ​មាន​វ៉ាកង​ពីរ​ខែ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ទៅ​បង្រៀន​ស្ត្រី​ខ្មែរ​នៅ​ជំរំ​ឲ្យ​បាន​ចេះ​ធ្វើ​ម្ហូប​កាត់​ដេរ ដើម្បី​ត្រឡប់​ទៅ​ស្រុក​ខ្មែរ គ្នា​អាច​រស់​បាន...»

លោក​ស្រី ឡុង សូរី និង​ស្វាមី លោក ឡុង បូតា ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០១ ហើយ​សព្វថ្ងៃ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ការងារ​ស្ម័គ្រ​ចិត្ត​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ភាព​ញញឹម​របស់​កុមារ។

លោក​ស្រី ឡុង សូរី បាន​អះអាង​ថា ៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​បង្រៀន​នៅ​សាលា​មួយ ដែល​គេ​ដើរ​ប្រមូល​រើស​កូន​ក្មេង​រើស​សំរាម យក​មក​ឲ្យ​រៀន​ក្នុង​មណ្ឌល។ ខ្ញុំ​បង្រៀន គ្រូ​ដែល​បង្រៀន​ក្មេង​ទាំង​នោះ ដែល​ពួក​គេ​ក្មេង​ៗ មិន​ស្គាល់ និង​ចេះ​ធ្វើ​ម្ហូប​ខ្មែរ​ទេ..»

កូន​ប្រុស​ស្រី​ទាំង​ពីរ​របស់​លោក​ស្រី ឡុង សូរី និង​ស្វាមី លោក ឡុង បូតា បាន​រៀបការ​រួច​ហើយ។ លោក​ស្រី​ថា កូន​ប្រុស​សព្វថ្ងៃ​រស់​នៅ និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ចំណែក​កូន​ស្រី​ក្រោយ​ពី​រៀបការ​ហើយ ក៏​បាន​ទៅ​រស់​នៅ​ជាមួយ​ស្វាមី និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

លោក​ស្រី ឡុង សូរី មាន​ប្រសាសន៍​បន្ត​ថា ដរាប​ណា​មាន​ជីវិត​រស់​នៅ​លោក​ស្រី​នឹង​នៅ​បន្ត​ចែកចាយ​ចំណេះ​វិជ្ជា​ដែល​មាន​ទាំង​ប៉ុន្មាន​ដល់​ក្មេង​ស្រី ឬ​ស្ត្រី​ខ្មែរ​ជំនាន់​ក្រោយ ដែល​មាន​បំណង​ចង់​ចេះ​ចង់​ដឹង​អំពី​សុជីវធម៌ សីលធម៌ និង​វិជ្ជា​មេ​ផ្ទះ ដូច​ជា​ធ្វើ​ម្ហូប​អាហារ សំអាងការ និង​កាត់​ដេរ​ប៉ាក់ ជាដើម។

តាម​ប្រសាសន៍​អះអាង​របស់​លោក​ស្រី ឡុង សូរី បាន​ឲ្យ​ដឹង​ថា សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ពិភពលោក​ហ្គួរម៉ង់​នេះ កំពុង​បក​ប្រែ​ជា​ភាសា​អង់គ្លេស ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​ធ្វើ​ការ​បោះពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 26, 2010 06:13 AM

i want to buy this foodbook khmer . how i can buy it ?

Anonymous
Apr 27, 2010 04:58 PM

OMG. she is so wonderful.
I want to buy her book.
In my dream, I want to learn how to cook from her.