ក្រុម​ស្ត្រី​ដែល​ធ្វើ​ការងារ​ពេល​យប់​ស្នើ​អាជ្ញាធរ​បង្កើន​ការ​រក្សា​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ

ដោយ​ សុ ជីវី
2016.09.30

ក្រុម​អ្នក​ធ្វើ​ការងារ​ផ្នែក​សេវាកម្ម​កម្សាន្ត អ្នក​ធ្វើ​ការ​នៅ​តាម​ស្ថានីយ​ចាក់សាំង និង​កម្មករ​នៅ​រោងចក្រ​ផលិត​ភេសជ្ជៈ បារម្ភ​ពី​បញ្ហា​សុវត្ថិភាព បន្ទាប់​ពី​មាន​ការ​កើន​ឡើង​ករណី​បាញ់​បោះ និង​អំពើ​ហិង្សា​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​ស្ត្រី​រំពឹង​ថា អាជ្ញាធរ​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដ្បិត​ពួកគេ​ប្រឈម​នឹង​បញ្ហា​នានា ទាំង​ក្នុង​ពេល​បំពេញ​ការងារ និង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ។

ក្រុម​អ្នក​ធ្វើ​ការងារ​ពេល​យប់​បញ្ជាក់​ថា ពេល​យប់​ដែល​ពួកគេ​ចេញ​ពី​ធ្វើ​ការ​ជា​ពេល​វេលា​គ្រោះថ្នាក់​ដែល​ចាំ​បាច់​អោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព​បន្ថែម​ទៀត។ ក្រុម​អ្នក​ធ្វើការ​ពេល​យប់​លើក​ឡើង​បែប​នេះ នៅ​ក្នុង​វេទិកា​សាធារណៈ​របស់​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ស្ដីពី​ការ​ចូលរួម​របស់​ស្ត្រី​កម្មករ​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ និង​ផែនការ​អភិវឌ្ឍ​សុវត្ថិភាព​ទីក្រុង​ឃុំ-​សង្កាត់។

ជា​អ្នក​ធ្វើការ​នៅ​បន្ទប់​ខារ៉ាអូខេ (Karaoke) វណ្ណា មក​ពី​ខេត្ត​កំពង់ចាម ហើយ​មក​ស្នាក់​នៅ​ក្នុង​ខណ្ឌ​សែនសុខ។ នាង​ចេញ​ពី​ធ្វើ​ការ​នៅ​រំលង​អធ្រាត្រ​ស្ទើរ​រៀងរាល់​ថ្ងៃ។ បញ្ហា​ដែល​នាង​អាច​នឹង​​ជួប​ប្រទះ​រាល់​ថ្ងៃ​គឺ​ចោរកម្ម និង​ការ​រំលោភ​បំពាន​ផ្សេងៗ ពី​ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​តាម​ដឹង​ផ្លូវ ដ្បិត​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​តំបន់​របស់​នាង​ឋិត​ក្នុង​ស្ថានភាព​ងងឹត​ខ្លាំង ដោយសារ​ពុំ​មាន​ភ្លើង​បំភ្លឺ៖ «ចេះ​តែ​ខ្លាច យើង​ចេះ​តែ​ការពារ​ខ្លួន​ឯង​ទៀត ព្រោះ​ថា ពេល​ដែល​យើង​ចេញ​ទៅ​​​ផ្លូវ​ទៅ​ផ្ទះ​យើង​ហ្នឹង​ងងឹត​អត់​មាន​អំពូល​បំភ្លឺ។ យើង​ដើរ​កាត់​ហ្នឹង​អី​ចេះ​តែ​មាន​ពួក​អ្នក​ជក់​ថ្នាំ (ញៀន) អី យើង​មើល​មិន​ឃើញ។ មុន​នោះ​មាន​អ្នក​ជក់​ថ្នាំ​អី​​ដើរ​តាម​ក្រោយ​យើង ឃើញ​យើង​ដើរ​គេ​ហៅ​យើង ដើរ​កៀកៗ មិន​ដឹង​ថា​ប្រុង​ចង់​ធ្វើ​អី​ទេ។ ធ្លាប់​មាន​ពេល​យើង​ដើរ​ទៅ​អ៊ីចឹង​ឆក់​ការ​បូប នឹក​ថា​វា​ឆក់​ហើយ​អោយ​វា​ទៅ​វា​ពុំ​មាន​អី​ក្រៅ​ពី​សម្ភារៈ​ប្រើប្រាស់​តិចតួច»

វណ្ណា ​លើក​ឡើង​ថា ប្រសិន​បើ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព​បន្ថែម​ទៀត​នឹង​ជួយ​អោយ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​របស់​ពួក​នាង៖ «យើង​គ្មាន​អី​ការពារ​ខ្លួន​ទេ​ ចេះ​តែ​ប្រុង​ប្រយ័ត្ន​ទៅ​ក្រែង​វា​ពួន​នៅ​កន្លែង​ងងឹត។ សំណូមពរ​ថា អោយ​គេ​ដាក់​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ទៅ ព្រោះ​ភ្លឺ​ក៏​វា​គ្រាន់​បើ​ជាង​ងងឹត​ដែរ។ ភ្លឺ​វា​ស្រួល​ការពារ​សុវត្ថិភាព​ បើ​អ្នក​ណា​ចង់​ប៉ង​ធ្វើ​បាប​យើង​ក៏​យើង​ឃើញ​មុខ​ស្រួល​យើង​ប្រាប់​ប៉ូលិស​ដែរ»

មិន​ខុស​គ្នា​នេះ​ដែរ ស្ត្រី​ធ្វើ​ការ​នៅ​បន្ទប់​ខារ៉ាអូខេ មួយ​រូប​ទៀត គឺ ឆោម ពិសី នាង​មាន​លំនៅឋាន​ក្នុង​សង្កាត់​ច្បារអំពៅ ហើយ​កន្លែង​ការងារ​របស់​នាង​ក៏​ឋិត​នៅ​ខណ្ឌ​ចំការមន។ បញ្ហា​ដែល​នាង​ភ័យ​ខ្លាច​គឺ​អំពើ​ចោរកម្ម និង​អំពើ​ហិង្សា​តាម​ដង​ផ្លូវ៖ «ខ្លាច​តែ​ជួប​បញ្ហា​ក្មេង​ស្ទាវ​យប់​ព្រលប់​អី។ ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​ខ្លួន​ឯង​គ្រាន់​តែ​ខ្ញុំ​មិន​មែន​ជា​អ្នក​បាត់​របស់​ទេ គឺ​បាន​រួម​ដំណើរ​ជា​មួយ​គ្នា។ ពេល​គេ​ឆក់​កាបូប​ហ្នឹង ពួក​ខ្ញុំ​ក៏​ប្រតាយ​ប្រតប់​ចុះ​ឡើង​ខ្ញុំ​ក៏​ធ្លាក់​ពី​លើ​ម៉ូតូ វា​អត់​របួស​ទេ​តែ​ម៉ា​ឆ្អល់​ដែរ»

របាយការណ៍​របស់​អង្គការ​អាក់សិនអេដ (ActionAid) ក្នុង​ឆ្នាំ​២០១៤ រក​ឃើញ​ថា ស្ត្រី​កម្មករ​ប្រឈម​នឹង​អំពើ​ហិង្សា​គ្រប់​កម្រិត​ទាំង​នៅ​កន្លែង​ការងារ និង​នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ។ ជាង​ពាក់​កណ្ដាល​នៃ​ស្ត្រី​ដែល​បាន​ផ្ដល់​សម្ភាសន៍​បញ្ជាក់​ថា ធ្លាប់​រង ឬ​ជា​សាក្សី​ករណី​បៀតបៀន​កេរ្តិ៍​ភេទ។ ទោះ​បី​ជា​ពួកគេ​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​ក៏​ដោយ ក៏​ពួកគេ​ប្រឈម​នឹង​ការ​រំលោភ​សេពសន្ថវៈ ការ​រំលោភ​បំពាន​ដោយ​ពាក្យ​សម្ដី និង​ការ​បៀតបៀន​កេរ្តិ៍​ភេទ​ពី​សំណាក់​បុរសៗ​ដែល​នៅ​ជុំ​វិញ​កន្លែង​ការងារ។

ទិន្នន័យ​ដើម​គ្រា​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​អាក់សិន​អេដ កម្ពុជា លើ​ស្ត្រី​ចំនួន​ជិត ៩០០​នាក់ មាន​អ្នក​បម្រើ​ការងារ​តាម​រោងចក្រ និស្សិត អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ និង​ស្ត្រី​ធ្វើ​កា​នៅ​តាម​ក្រុមហ៊ុន​ស្រាបៀ បង្ហាញ​ថា មាន​ស្ត្រី​ចំនួន​ជិត ១០០​នាក់​ឆ្លើយ​ថា ធ្លាប់​រង​ការ​បៀតបៀន​កេរ្តិ៍​ភេទ ឬ​រំលោភ​បំពាន​រាង​កាយ​នៅ​តាម​ទី​សាធារណៈ មាន ៧៧​ភាគរយ រង​ការ​រំលោភ​បំពាន​ផ្នែក​ពាក្យ​សម្ដី ២៥​ភាគរយ​រង​ការ​រំលោភបំពាន​រាងកាយ និង ២១​ភាគរយ ប្រើប្រាស់​អំពើ​ហិង្សា​លើ​រាងកាយ។

ស្រ្ដី​ដែល​ត្រូវ​សាកសួរ​ក៏​បាន​បញ្ជាក់​ថា ធ្លាប់​ជួប​ប្រទះ​ការ​រំលោភ​បំពាន​ដែល​កើត​តាម​ដង​ផ្លូវ។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ក៏​បង្ហាញ​ថា ពុំ​មាន​សុវត្ថិភាព​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ងងឹត និង​នៅ​ពេល​ពួកគេ​ចេញ​ពី​ធ្វើការ ឬ​ពី​សាលា​នៅ​ពេល​យប់ ក្នុង​នោះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា មិន​មាន​សុវត្ថិភាព​នៅ​ពេល​ពួកគេ​នៅ​តាម​ទី​សាធារណៈ។

ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា ចំពោះ​ភាព​ងាយ​រងគ្រោះ​របស់​ស្ត្រី​ធ្វើ​ការងារ​ផ្នែក​សេវា​កម្សាន្ត និង​អ្នក​ធ្វើ​ការងារ​ពេល​យប់​ផ្សេង​ទៀត​កាន់​តែ​កើន​ឡើង​នៅ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​អសន្តិសុខ​សង្គម។ លោក​ថា អាជ្ញាធរ​គួរ​មាន​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​រងគ្រោះ​របស់​ក្រុម​ស្ត្រី៖ «ដែល​យើង​ត្រូវ​ការ​សំខាន់​នោះ​គឺ​សូម​អោយ​អាជ្ញាធរ​ជួយ​រៀបចំ​ប្រព័ន្ធ​ភ្លើង​តាម​ដង​ផ្លូវ​អោយ​បាន​គ្រប់គ្រាន់។ ទី​២ គឺ​ការ​ល្បាត​របស់​សមត្ថកិច្ច​នៅ​ពេល​យប់​ហ្នឹង​​ត្រូវ​ល្បាត​ការពារ​សុវត្ថិភាព មិន​មែន​ធ្វើ​អោយ​ពលរដ្ឋ​ភ័យ​ទេ ព្រោះ​កន្លង​មក​យើង​ពិបាក​មិន​ដឹង​ថា អ្នក​ណា​ប៉ូលិស​អ្នក​ណា​ជា​អ្នក​ណា​អោយ​ប្រាកដ។ បើ​សិន​ថា មាន​ពី​អាជ្ញាធរ​តែម្ដង គឺ​នឹង​ធ្វើ​អោយ​ពលរដ្ឋ​កក់​ក្ដៅ ហើយ​ដូចគ្នា​ដែរ​គឺ​សេវា​សម្រាប់​ទំនាក់​ទំនង​សូម​អោយ​រហ័សរហួន បាន​ន័យ​ថា ពេល​កម្មករ​ទៅ​រក​គឺ​មាន​មន្ត្រី​ប្រចាំការ​ហើយ​ជួយ​អន្តរាគមន៍​អោយ​ទាន់​ពេល»

សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា គ្រោង​នឹង​ដាក់​សំណើ​របស់​ក្រុម​ស្ត្រី​ទៅ​សាលា​រាជធានី​ភ្នំពេញ អោយ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ។

កាល​ពី​​ខែ​កក្កដា គឺ​ភ្លាមៗ​នៅ​ក្រោយ​ការ​បាញ់​សម្រាប់​លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ទទួល​ស្គាល់​ថា សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស​កំពុង​ជួប​បញ្ហា​តាម​រយៈ​ឧក្រិដ្ឋកម្ម​ផ្សេងៗ មាន​ជាអាទិ៍ ​ឃាតកម្ម និង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ជាដើម។

លោក​បញ្ជាក់​ថា នេះ​ជា​ដំណាក់កាល​ដែល​ត្រូវ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ​នានា ហើយ​លោក​បញ្ជា​ឱ្យ​សមត្ថកិច្ច​អនុវត្ត​វិធានការ​បិទ​ក្រោល​សេះ​មុន​ពេល​ដែល​ សេះ​ចេញ​ផុត​ពី​ក្រោល៖ «ដូច្នេះ​ ទាមទារ​នូវ​ការ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​យើង​​ឡើង​វិញ ដែល​ទាមទារ​នូវ​ការ​ចាត់​វិធានការ​នូវ​ការ​ប្រឆាំង​នឹង​ឃាតកម្ម ការ​ប្លន់​​ប្រដាប់​អាវុធ និង​ត្រូវ​ការពារ​ប្រជាជន​គ្រប់​គ្នា មិន​ថា​អ្នក​នយោបាយ ធុរជន ឬ​ប្រជាជន​នោះ​ទេ»

បើ​ទោះជា​យ៉ាង​ណា ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​ទី​សាធារណៈ​ជា​ច្រើន​ទៀត​នៅ​តែ​បន្ត​កើត​ឡើង​ដោយ​រាប់​ទាំង​ករណី​ប្លន់​ជម្លោះ និង​ការ​បាញ់​បោះ​ផ្សេង​ទៀត។

ក្រុម​ស្ត្រី និង​សហជីព​ក៏​មើល​ឃើញ​ដែរ​ថា ប្រសិន​បើ​បញ្ហា​អសន្តិសុខ​ទាំងនេះ​នៅ​មិន​ទាន់​ដោះស្រាយ​បាន​ពួកគេ​នៅ​តែ​ប្រឈម​គ្រោះថ្នាក់។

មន្ត្រី​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) លោក សាំង ផេង លើក​ឡើង​ថា ការ​ចូលរួម​របស់​ស្ត្រី​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។ លើក​បញ្ជាក់​ទៀត​ថា អំពើ​ហិង្សា​ជា​ឧបសគ្គ​ចម្បង​មួយ​ដែល​រារាំង​ស្ត្រី​មិន​អោយ​ចូលរួម​បាន​ពេញ​លេញ ឬ​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍ។ បើ​តាម​លោក សាំង ផេង ការ​ធានា​សុវត្ថិភាព​សម្រាប់​ស្ត្រី នឹង​កាត់​បន្ថយ​ការ​ចំណាយ​នានា ដែល​ជំរុញ​អោយ​ការ​អភិវឌ្ឍ​ដំណើរការ​បាន​ឆាប់​រហ័ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។