កង្វល់​ជុំវិញ​បញ្ហា​ស្ត្រី និង​កុមារ​ក្នុង​ខេត្ត​ឧត្តរមានជ័យ

ចំនួន​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៣ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​ការ​កើន​ឡើង​បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី២។
ដោយ សុ ជីវី
2012.12.13

ប៉ុន្តែ​ចំនួន​នេះ គឺ​កើន​ក្នុង​កម្រិត​ដ៏​តិចតួច ក្នុង​នោះ​មាន​មេ​ឃុំ​ជា​ស្ត្រី គឺ​មាន​តែ​ម្នាក់។ ស្ត្រី​មាន​ចំនួន​តិចតួច​នៅ​ក្នុង​ចង្កោម​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​នេះ បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថា បញ្ហា​របស់​ស្ត្រី និង​កុមារ​នៅ​ក្នុង​ខេត្ត​នេះ​ពិបាក​នឹង​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​រក​ភាព​រីក​ចម្រើន។

អំពើ​ហិង្សា​ក្នុង​គ្រួសារ បញ្ហា​សុខភាព និង​ការ​អប់រំ​សម្រាប់​ស្ត្រី និង​កុមារ គឺ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​តំបន់​ជនបទ​ដាច់​ស្រយាល នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ហើយ​កង្វល់​ជុំវិញ​បញ្ហា​នេះ ត្រូវ​ស្ត្រី​ក្នុង​មូលដ្ឋាន​អះអាង​ថា​ក៏​អាច​នឹង​អូស​បន្លាយ​ទៅ​មុខ​ទៀត នៅ​ពេល​ដែល​ចំនួន​ស្ត្រី​នៅ​តែ​តិចតួច​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ថ្នាក់​មូលដ្ឋាន។

ជំទប់​ទី១ នៃ​ឃុំ​ត្រពាំងត្រាវ ស្រុក​អន្លង់វែង អ្នកស្រី យី ប៊ុនថេង មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​ផ្នែក​ស្ត្រី និង​កុមារ​ក្នុង​ឆ្នាំ​២០០០ និង​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣។ អ្នកស្រី​រំពឹង​ទុក​ថា នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្ត្រី និង​កុមារ​ក្នុង​ឃុំ​បន្ថែម​លើ​លទ្ធផល​ដែល​មាន​ស្រាប់។

អ្នកស្រី ប៊ុនថេង បាន​លើក​ឡើង​ដែរ​ថា មាន​ភាព​ខុស​គ្នា​រវាង​ឃុំ​ដែល​មិន​មាន និង​ឃុំ​ដែល​មាន​ថ្នាក់​ដឹក​នាំ​ជា​ស្ត្រី នៅ​ពេល​ដែល​ស្ត្រី​នៅ​តាម​ទី​ជនបទ​ភាគ​ច្រើន​ពុំសូវ​មាន​ការ​ចេះ​ដឹង និង​ក្រីក្រ។

ខេត្ត​ឧត្តរមានជ័យ មាន​ឃុំ​ចំនួន​១៩ និង​សង្កាត់​ចំនួន​៥ ប៉ុន្តែ​មាន​ស្ត្រី​តែ​ម្នាក់​ដែល​បាន​ជាប់​ជា​មេ​ឃុំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៣។

មេ​ឃុំ​ផ្អាវ ក្នុង​ស្រុក​ត្រពាំងប្រាសាទ អ្នកស្រី ច្រឹក ពេជ្រណេង មាន​ប្រសាសន៍​ថា អ្នកស្រី​ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​នៅ​ក្នុង​អាណត្តិ​ទី២។ អ្នកស្រី​បាន​គិត​ទុក​ជា​មុន​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​សម្រាប់​ស្ត្រី និង​កុមារ ជា​ពិសេស គឺ​ចង់​ធ្វើ​អោយ​ចំនួន​ស្ត្រី​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​មាន​ការ​កើន​ឡើង។ ប៉ុន្តែ​មក​ដល់​ពេល​នេះ អ្នកស្រី​មើល​ឃើញ​ថា អ្នកស្រី​អាច​ត្រឹម​តែ​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​អ្នកស្រី ចំណែក​តំបន់​ផ្សេង​ទៀត​ដែល​នៅ​ខ្វះ​ខាត​ស្ត្រី​ក្នុង​ចង្កោម​អ្នក​ដឹកនាំ គឺ​ពិបាក​នឹង​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ។

បើ​ទោះ​ជា​យ៉ាង​ណា តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​អោយ​ដឹង​ថា ចំនួន​ស្ត្រី​ដែល​ចូល​រួម​ក្នុង​ការងារ​ឃុំ-សង្កាត់​បាន​កើន​ឡើង​ចំនួន​៣%។ មូលហេតុ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​ក្នុង​នោះ​បញ្ហា​ចម្បង គឺ​សមត្ថភាព​ស្ត្រី និង​ការ​គាំទ្រ​ពី​គ្រួសារ។

ជំទប់​ទី១ នៃ​ឃុំ​ត្រពាំងត្រាវ ស្រុក​អន្លង់វែង អ្នកស្រី យី ប៊ុនថេង លើក​ឡើង​ថា ស្ត្រី​ដែល​រៀន​សូត្រ​បាន​ចេះ​ដឹង គឺ​មិន​សូវ​ចាប់​អារម្មណ៍​បំពេញ​ការងារ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​ឡើយ។ ចំណែក​អ្នក​ដែល​ចង់​ចូល​ប្រឡូក​ក្នុង​ការងារ​នេះ​មួយ​ចំនួន ពុំ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​ទទួល​ការ​រិះគន់​ពី​សំណាក់​ក្រុម​ស្ត្រី​ដូច​គ្នា នៅ​ពេល​ជីវភាព​របស់​ពួក​គេ​ក្រីក្រ។

ស្រប​ពេល​ដែល​ការ​អប់រំ​សម្រាប់​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កំពុង​ត្រូវ​ការ​ចាំ​បាច់​នៅ​ឡើយ បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​តែ​ពុំ​មាន​ថវិកា​ជំនួយ។

នាយិកា​អង្គការ​ចម្រើន​ស្ត្រី អ្នកស្រី ប៉ុក ណណ្តា មាន​ប្រសាសន៍​ថា ខ្វះ​ចំនួន​ស្ត្រី​ក្នុង​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​នៅ​តាម​ទី​ជនបទ​នឹង​ជះ​ឥទ្ធិពល​ផ្ទាល់​លើ​ស្ត្រី និង​កុមារ។ ហេតុ​នេះ​ចាំ​បាច់​ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​ថវិកា​ជា​អាទិភាព​សម្រាប់​សកម្មភាព​ជួយ​ស្ត្រី​នៅ​តាម​ជន​បទ​ដាច់​ស្រយាល។

របាយការណ៍​ស្ដីពី​ចំនួន​ស្ត្រី​ដែល​ចូល​រួម​ក្នុង​តួនាទី​អ្នក​ធ្វើ​សេចក្ដី​សម្រេច​បង្ហាញ​ថា ក្នុង​ចំណោម​មន្ត្រី​រាជការ​សាធារណៈ​ក្នុង​ពេល​បច្ចុប្បន្ន មាន​ស្ត្រី​ចំនួន ៦២.៣៧៧​នាក់ ដែល​ស្មើ​នឹង ៣៤% មាន​ស្ត្រី​ជា​សមាជិក​រដ្ឋសភា​ជាង ២៣% សមាជិក​ព្រឹទ្ធសភា​ចំនួន ១៥% អភិបាល​ខេត្ត​រង​ចំនួន ១៧% ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ១៥% និង​មេ​ឃុំ​ចំនួន ៤%។

សម្រាប់​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស៊ីវណ្ណ បុទម បញ្ជាក់​ថា ក្រសួង​មាន​ផែនការ​ក្នុង​ការ​ជំរុញ​ស្ត្រី​អោយ​កាន់​តែ​ច្រើន​អោយ​ចូល​រួម​ក្នុង​ចង្កោម​អ្នក​ដឹក​នាំ។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​ស្ត្រី​ខ្លួន​ឯង​ត្រៀម​ខ្លួន​អោយ​បាន​ល្អ ក្នុង​ការ​ប្រកួត​ប្រជែង។

ក្នុង​គោលដៅ​ទី៣ នៃ​ការ​អភិវឌ្ឍ​សហស្សវត្ស​កម្ពុជា ដែល​ព្យាយាម​លុប​បំបាត់​គម្លាត​យេនឌ័រ​នៅ​ក្នុង​កិច្ចការ​រដ្ឋាភិបាល បាន​កំណត់​ថា​នឹង​បង្កើន​សមាមាត្រ​នៃ​អាសនៈ​របស់​ស្ត្រី ក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង​រដ្ឋបាល​នានា អោយ​កាន់​តែ​ច្រើន​ត្រឹម​ឆ្នាំ​២០១៥។

ប៉ុន្តែ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​កំណត់​ទុក​ជា​មុន​ហើយ​ថា គោល​ដៅ​របស់​រដ្ឋាភិបាល​នឹង​ជួប​ឧបសគ្គ ប្រសិន​បើ​ស្ត្រី ក៏​ដូច​ជា​យុវនារី​កម្ពុជា នៅ​ខ្វះ​ចំណេះ​ដឹង​ពី​ការ​ធ្វើ​នយោបាយ និង​មិន​មាន​ភាព​ក្លាហាន​គ្រប់​គ្រាន់ និង​ពុំ​ត្រូវ​បាន​ផ្ដល់​ឱកាស​អោយ​បាន​ពេញ​លេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។