ក្រុម​យុវជន​ចូលរួម​ផលិត​ភាពយន្ត​ឯកសារ​ពី​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច

ដោយ សុ ជីវី
2019.03.22
យុវនារី ភោគ រ៉ានី ៦២២ កញ្ញា ភោគ រ៉ានី ជា​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ព្នង​មក​ពី​ខេត្ត​រតនគិរី ជា​នារី​ម្នាក់​ក្នុង​ក្រុម​យុវជន ដែល​ចូលរួម​បណ្ដុះបណ្ដាល​យុវជន នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ដើម្បី​ផលិត​ភាពយន្ត​ឯកសារ​ពី​បញ្ហា​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​ប្រទះ។
រូប​ពី​ហ្វេសប៊ុក មជ្ឈមណ្ឌល​បុប្ផា​ណា ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៩

សមាគម​ជំនាញ​ខាង​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោត​ទស្សន៍ ឬ​មជ្ឈមណ្ឌល​បុប្ផា​ណា កំពុង​បណ្ដុះបណ្ដាល​យុវជន​មួយ​ក្រុម ដើម្បី​ផលិត​ភាពយន្ត​ឯកសារ​ពី​បញ្ហា​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​ប្រទះ។ ពួក​គេ​សុទ្ធសឹងតែ​ជា​យុវជន​មកពី​តំបន់​ជនជាតិ​ដើម​ភាគតិច ដែល​មាន​បទពិសោធន៍ និង​យល់​ដឹង​ពី​ស្ថានភាព​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​បញ្ហា​ដែល​ស្ត្រី​ជួប​ប្រទះ។

មជ្ឈមណ្ឌល​បុប្ផា​ណា​បញ្ជាក់​ពី​គោល​បំណង​របស់​គម្រោង​នេះ​ថា គឺ​ការ​លើក​កម្ពស់​សិទ្ធិ និង​ផ្ដល់​ឱកាស​ទៅ​អោយ​សំឡេង​របស់​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​រើសអើង។

លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា​មាន​ប្រសាសន៍​ថា យុវជន​ដែល​ជាប់​អាហារូបករណ៍​មាន​ចំនួន ​១២នាក់​មក​ពី​ខេត្ត​អាទិភាព​ចំនួន​៣ ​គឺ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​បន្ទាយ​មាន​ជ័យ។ លោក​ថា ​​ក្នុង​រយៈពេល ​២៤​ខែ ដោយ​គិត​ចាប់តាំង​ពី​ដើមខែ​មករា​មក ពួកគេ​​បាន​រៀន​សូត្រ​ពី​របៀប​ផលិត​ភាពយន្ត​ឯកសារ និង​ការ​ផ្សព្វផ្សាយ​ស្នាដៃ​របស់​ពួកគេ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ «យើង​មាន​បំណង​ចង់​ចូលរួម​នៅ​តាម​សហគមន៍​ផ្សេងៗ​ ទៀត ​ដើម្បី​លើក​កម្ពស់​សំឡេង​របស់​ស្ត្រី ហើយ​ធ្វើ​យ៉ាង​ណា​​ឲ្យ​​យុវជន​នៅ​ក្នុង​សហគមន៍​ផ្ទាល់​របស់​ពួកគាត់​មាន​លទ្ធភាព​ជួយ​ពួក​គាត់​ជួយ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ឯង»

គម្រោង​នេះ​មជ្ឈមណ្ឌល​ បុប្ផា​ណា ​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ផលិតភាព​យន្ត​នៅ​កម្ពុជា (CFC)​ ឧបត្ថម្ភ​ពី​កម្មវិធី​ VOICE តាម​រយៈ​អង្គការ​ អុកស្វាម​ (Oxfam) និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា។ ការផលិត​ភាពយន្ត​ឯកសារ​ដោយ​ផ្ទាល់​ពី​យុវជន ដែល​មក​ពី​សហគមន៍​របស់​ពួកគេ​នេះ​ផ្ដោត​លើ​គោល​គំនិត​ថា «គ្មាន​អ្វី​ដែល​អាច​បក​ស្រាយ​អំពី​បញ្ហា​របស់​យើង​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការចូលរួម​ពី​ពួក​យើង» (Nothing about us without us)

គម្រោង​នេះ​កំណត់​ហើយ​ដែរ​ថា​ជំរុញ និង​លើក​ទឹកចិត្ត​ដល់​យុវតី​ឲ្យ​បាន​ច្រើន​អោយ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ប៉ុន្តែ​មាន​តែ​យុវតី​ ២នាក់​បាន​ជាប់​ចូល​រៀន។ យុវជន​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​នាំ​យក​បញ្ហា​របស់​ស្រ្តី​ជនជាតិ​ដើម​ភាគ​តិច​មក​បង្ហាញ ដើម្បី​ឲ្យ​​មាន​ដំណោះស្រាយ។

វ័យ​ ២៧​ឆ្នាំ​ កញ្ញា ភោគ រ៉ានី ខេត្ត​រតនគិរី​លើក​ឡើង​ថា​ពាក្យ “ស្ត្រី​ក៏​អាច​ធ្វើអ្វី​បាន​ដូច​បុរស​ដែរ” ជា​ពាក្យ ​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​នាង​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ។ កញ្ញា​មាន​គោលបំណង​ផ្សព្វផ្សាយ​ដល់​ស្ត្រី​នៅ​ក្នុង​សហគមន៍​អំពី​សារៈសំខាន់​នៃ​ការសិក្សា និង​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ក្ដី​ស្រមៃ​ដែល​ពួកគេ​មាន។

លោក ជា សុភាព ឲ្យ​ដឹង​ទៀត​ថា គម្រោង​នេះ​ក៏​មាន​បំណង​បង្កើន​ចំណេះ​ដឹង និង​សមត្ថភាព​របស់​យុវជន​ជនជាតិ​ដើម​ភាគ​តិច ដែល​ពួក​គេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ ដែល​មិន​សូវ​មាន​ចំណេះ​ដឹង​ខ្ពស់​នៅ​ឡើយ។ នៅ​ពេល​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក្រុម​យុវជន​នឹង​មាន​សមត្ថភាព​កំណត់​ពី​បញ្ហា​របស់​ស្រ្តី និង​អ្នក​ងាយ​រង​គ្រោះ ដែល​កំពុង​ត្រូវការ​ដំណោះ​ស្រាយ៖ «បន្ទាប់​ពី​គាត់​ចប់​វគ្គ​បណ្ដុះបណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ ក្រុម​យុវជន​នឹង​ត្រឡប់​ទៅ​សហគមន៍​របស់​ពួក​គាត់​វិញ ដើម្បី​សិក្សា​ស្រាវជ្រាវ​ថា​ តើ​បញ្ហា​ណា​ដែល​ជា​កង្វល់ ដែល​ជា​បញ្ហា​កើតឡើង​ចំពោះ​ស្ត្រី។ យើង​ឲ្យ​គាត់​ផលិត​ភាព​យន្ត​ឯកសារ​ហ្នឹង​ឡើង ដើម្បី​បង្ហាញ​សាធារណជន ក្នុង​គោលបំណង​ស្វែង​រក​ដំណោះស្រាយ​ណា​មួយ សង្ឃឹមថា​បញ្ហា​អស់​ហ្នឹង​នឹង​ត្រូវ​បង្ហាញ​ចេញ​មក ហើយ​មាន​ដំណោះ​ស្រាយ​ជូន​ពួកគាត់​អោយ​សមរម្យ»

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោកស្រី ភ្លឹក ភីរម្យ រស់​នៅ​ភូមិ​ឡៅកា ឃុំ​សុខដុម ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ឲ្យ​​ដឹង​ថា បញ្ហា​ចម្បង​មួយ​ដែល​ស្ត្រី​ក្នុង​សហគមន៍​លោកស្រី​កំពុង​ជួបប្រទះ ​គឺ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី។ លោកស្រី​កត់​សម្គាល់​ថា​មាន​ការ​កើន​ឡើង​នូវ​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​នៅ​មិន​ទាន់​ដំណោះស្រាយ។ លោកស្រី​ថា ​បញ្ហា​នេះ​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច៖ «ឥឡូវៗ ថ្មីៗ នេះ គឺ​ការ​រំលោភ​សម្លាប់​វា​ច្រើន​លើក​ច្រើន​សា វា​ធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ជាពិសេស​យុវជន និង​កុមារ​គាត់​ប្រឈម ប្រសិន​បើ​គាត់​នៅ​ផ្ទះ​អាច​ប្រឈម​មុខ​នឹង​ឪពុក​ ខ្លួន​ឯង ឬ​ឪពុក​មារ ឬ​ជន​ដទៃ​ទៀត​រំលោភ ដែល​យើង​ឃើញ​ថា​ការ​រំលោភ​ហ្នឹង ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ»។

នៅ​អំឡុង​ឆ្នាំ២០១៨ មាន ស្ត្រី កុមារី និង​យុវតី​ជនជាតិ​ដើម​ភាគតិច ៥នាក់​ត្រូវ​គេ​រំលោភ​សម្លាប់ និង​ចំនួន ៩នាក់​ទៀត ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​ធំ បោះ​បង់​ការសិក្សា ព្រោះ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​រៀន នៅ​សាលា​ឆ្ងាយ​ពី​ផ្ទះ រួម​ផ្សំ​ស្ថានភាព​គ្រួសារ​ក្រីក្រ​ផង។

លោកស្រី ភ្លឹក ភីរម្យ ក៏​សង្កេត​ឃើញ​ថា​មក​ដល់​ពេល​នេះ​ស្ត្រី​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​តែ​មាន​ចំណេះដឹង​តិចតួច​ផ្នែក​ថែទាំ​សុខភាព។ បញ្ហា​នេះ​ក៏​នាំ​អោយ​មាន​ការរើសអើង​ស្ត្រី​ក្នុង​ក្រុម​នេះ​នៅ​ពេល​ពួកគេ​ចេញ​ទៅ​រក​សេវា​សុខាភិបាល​នៅ​ខាង​ក្រៅ​សហគមន៍៖ «សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​ក៏​មិន​សូវ​ជា​ស្រួល​សម្រាប់​គាត់ ព្រោះ​គាត់​ត្រូវ​ទៅ​ឆ្ងាយៗ បើ​សិន​គាត់​ត្រូវ​ទៅ​ប៉ុស្តិ៍​សុខភាព និង​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​គាត់​សម្រាល​កូន។ ហើយ​ក៏​គាត់​ពិបាក​ដែរ​នៅ​ពេល​កូន​គាត់​ឈឺ​គាត់​ទៅ​ពេទ្យ​គាត់​និយាយ​មិន​សូវ​ច្បាស់​មិន​អី​អញ្ចឹង​ទៅ រួច​ពេទ្យ​មួយ​ចំនួន​មិន​បាន​ជួយ​ព្យាបាល​គាត់​សិន​ទេ»។

ចំណែក​វិបត្តិ​ដីធ្លី និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ក៏​កំពុង​ធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្គត់ផ្គង់​អាហារ​ក្នុង​គ្រួសារ​ជួប​ការ​លំបាក​ដែរ។ លោកស្រី ភ្លឹក ភារម្យ លើកឡើង​ថា ​ក្រុម​ស្ត្រី​ត្រូវ​ធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ​ទៅ​រក​ធនធាន​ធម្មជាតិ ឬ​ត្រូវ​បង្ខំចិត្ត​ទៅ​ធ្វើ​ជា​កម្មករ​អោយ​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធិ​វិនិយោគ​ក្នុង​តំបន់​គាត់​រស់​នៅ ដើម្បី​បាន​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ផ្សារ៖ «ពីមុន​ម៉ោង​សម្រាប់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច យើង​ដើរ​តែ​កន្លះ​គីឡូ (ម៉ែត្រ) ទៅ​មួយ​គីឡូ​ដី​ហ្នឹង​យើង​អាច​រក​បាន​វា​ជិតៗ ផ្ទះ ឥឡូវ​វា​ឆ្ងាយ​ជួន​កាល​កន្លែង​ផ្សេង​ហ្នឹង​វា​អត់ អញ្ចឹង​គាត់​ត្រូវ​ជំរុញ​ខ្លួន​របស់​គាត់​ទៅ​ស៊ី​ឈ្នួល​គេ។ តែ​ឥឡូវ​ហ្នឹង​គាត់​រក​មួយ​ថ្ងៃ​ទប់ទល់​មួយថ្ងៃ​មិន​បាន​ទ អញ្ចឹង​កូន​របស់​គាត់ គឺ​ឈប់​រៀន​ទាំង​អស់ ដើម្បី​រកលុយ ដើម្បី​ស៊ី​ឈ្នួល​គេ ដើម្បី​រក​គ្រាន់​តែ​មួយ​ហូបៗ រាល់​ថ្ងៃ​ហ្នឹង»

ក្រៅ​ពី​ការ​ខ្វះខាត​ចំណីអាហារ​ផ្គត់ផ្គង់​គ្រួសារ ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ក៏​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​ដែរ នៅ​ពេល​ពួកគេ​ចេញ​មុខ​តវ៉ា​ការពារ​ដីធ្លី​ក្នុង​សហគមន៍ ដី​ព្រៃ​សមូហភាព និង​ធនធាន​ធម្មជាតិ។ មក​ដល់​ពេល​នេះ​មាន​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​ ៩នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ ពួកគេ​ភាគច្រើន​ជា​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​មាន​ការ​វិនិយោគ​ដី​សម្បទាន​​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​ដូច​ជា​នៅ​សេសាន​ក្រោម ​២​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាដើម។

លោក ជា សុភាព ក៏​បាន​កំណត់​ថា មាន​បញ្ហា​មួយ​ចំនួន​ដូច​ស្ត្រី​ក្នុង​សហគមន៍​បាន​លើកឡើង​នេះ​មែន។ លោក​ក៏​ទទួល​ស្គាល់​ថា​ បញ្ហា​ខ្លះ​ជា​បញ្ហា​រសើប។ ប៉ុន្តែ​លោក​រំពឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ជួយ​ដោះស្រាយ​នូវ​រាល់​អ្វី​ ដែល​ជា​តម្រូវការ​របស់​ស្ត្រី ដើម្បី​ឲ្យ​​ពួកគេ​បាន​ចូលរួម និង​ទទួល​បាន​ផលប្រយោជន៍​ពិត​ប្រាកដ​ពី​ការ​ក្នុង​ការអភិវឌ្ឍន៍៖ «ភាពយន្តឯកសារ​ហ្នឹង​នឹង​យក​ទៅ​បញ្ចាំង​ជូន​ប្រជាជន​នៅ​ក្នុង​សហគមន៍​របស់​គាត់​រួម​ផ្សំ​ជា​មួយ​កិច្ច​ពិភាក្សា​ជា​មួយ​ប្រជាជន​នៅ​ក្នុង​សហគមន៍ និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​យល់ឃើញ​ថា នេះ​ជា​បញ្ហា​ដែល​យុវជន​ក្នុង​សហគមន៍​របស់​គាត់​មើល​ឃើញ​ ហើយ​ពិភាក្សា​គ្នា​ទៅ​ថា​ តើ​អ្វី​ទៅ​ជា​តម្រូវ​ការ​ជា​សំណូមពរ ចង់​ដោះ​ស្រាយ​អី​យ៉ាង​ម៉េចៗ? អាស្រ័យ​ទៅ​លើ​ភាពយន្ត ដែល​យុវជន​ផលិត​។ បន្ទាប់​ពី​ហ្នឹង​ទៀត​យើង​នឹង​ដាក់​ភាពយន្ត​ឯកសារ​ហ្នឹង​នៅ​លើ​មធ្យោបាយ​ផ្សព្វផ្សាយ​ (Platform) ដែល​អាច​ឲ្យ​សាធារណជន​ពាសពេញ​ពិភពលោក​អាច​ចូល​ទៅ​មើល​ភាពយន្ត​ឯកសារ​ហ្នឹង​បាន»

ជំរឿន​កាល​ពី​ឆ្នាំ២០១៦ បង្ហាញ​ថា មាន​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ២៤ក្រុម​នៅ​ទូទាំង​ខេត្ត​ចំនួន​១៥ ក្នុង​នោះ ខេត្ត​រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ មាន​ប្រជាជន​ជា​ជនជាតិ​ដើម​ភាគ​តិច​ខ្ពស់​ជាង​គេ។ តាម​ការ​ប៉ាន់ស្មាន ពួក​គេ​មាន​ចំនួន​ប្រមាណ ២០​ម៉ឺន​នាក់ ឬ​ប្រហែល​ជាង ១ភាគ​រយ​(.%) នៃ​ប្រជាជន​សរុប។ គេ​អាច​សម្គាល់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​តាម​រយៈ​អត្តសញ្ញាណ​ និង​ភាសា​របស់​ពួក​គេ ដែល​មាន​យ៉ាង​ហោច​ណាស់ ១៩ភាសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។