យុវជនកម្ពុជានៅតែព្រួយបារម្ភខ្លាចអត់មានការងារធ្វើក្រោយបញ្ចប់មហាវិទ្យាល័យ
2015.12.27
កំណើនសេដ្ឋកិច្ចជាង ៧ភាគរយក្នុងមួយឆ្នាំ បានបង្កើតការងារជាច្រើនសម្រាប់ពលរដ្ឋកម្ពុជា នៅក្នុងវិស័យកសិកម្ម សេវាកម្ម និងឧស្សាហកម្ម។ របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០១៥ បង្ហាញថា អត្រានៃភាពគ្មានការងារធ្វើរបស់យុវជនកម្ពុជា មានចំនួន ២,៤ភាគរយ ដែលតួលេខនេះហាក់ប្រសើរជាងប្រទេសមួយចំនួនក្នុងតំបន់។ យ៉ាងណាមិញ យុវជនជាច្រើននៅតែមានក្តីព្រួយបារម្ភពីបញ្ហាអត់ការងារធ្វើដដែល ជាពិសេសនិស្សិតថ្នាក់ឧត្តមសិក្សាដែលបារម្ភថា ពួកគេអាចនឹងគ្មានការងារក្រោយពីបញ្ចប់ការសិក្សា។
យុវជនមួយចំនួនលើកឡើងថា ក្តីបារម្ភធំបំផុតរបស់ពួកគេនៅពេលបច្ចុប្បន្ន គឺភាពអត់ការងារធ្វើ។ ក្តីបារម្ភនេះ កើតឡើងចំពោះនិស្សិតកំពុងសិក្សា និងអ្នកដែលបានបញ្ចប់មហាវិទ្យាល័យ ព្រមទាំងយុវជនដែលបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ៖ «ខ្ញុំគិតថា ទីផ្សារការងារនៅប្រទេសកម្ពុជា យើង គឺអត់គ្រប់គ្រាន់ទេ ពីព្រោះតាមដែលខ្ញុំមើល មិនមែនតែផ្នែកខ្ញុំទេ អ្នករៀនមុខវិជ្ជាផ្សេងៗទៀត រៀនចប់ គឺអត់មានការងារធ្វើ។ អ៊ីចឹងហើយក៏ពួកគេសម្រេចចិត្តទៅធ្វើការនៅក្រៅប្រទេស ឬក៏ប្រទេសជិតខាងអីអ៊ីចឹង។ ឥឡូវនេះ ចំនួនអ្នករៀនសូត្រមាន គឺច្រើន ចំណែកឯការងារមានតិច។ ដូចអ្វីដែលយើងមើលឃើញជាក់ស្តែងអ៊ីចឹង និស្សិតខ្លះគាត់ព្យាយាមស្វែងរកការងារធ្វើនៅក្រៅប្រទេសទៅវិញ។ អ៊ីចឹងបានន័យថា ការងារក្នុងស្រុកអត់ទាន់បានឆ្លើយតបទៅនឹងចំនួននិស្សិតដែលនៅឡើយ។ ខ្លាចពេលដែលយើងរៀនចប់ហើយអត់មានការងារធ្វើ ព្រោះយើងអត់ដែលធ្វើការសោះ យើងអត់មានបទពិសោធន៍ ខ្លាចដល់ពេលរៀនចប់ គឺពិបាក»។
របាយការណ៍ស្រាវជ្រាវថ្នាក់ជាតិរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងការអភិវឌ្ឍ បង្ហាញថា ភាពអត់ការងារធ្វើ ប្រាក់ខែទាប និងកង្វះខាតជំនាញស្របតាមតម្រូវការទីផ្សារ គឺជាបញ្ហាអាទិភាពសម្រាប់យុវជន។
ចំណែកឯអង្គការសហប្រជាជាតិ ក៏បានរកឃើញដែរថា ភាពគ្មានការងារធ្វើ គឺជាបញ្ហាប្រឈមធំបំផុតរបស់យុវជននៅកម្ពុជា។ របាយការណ៍វិភាគស្ថានភាពយុវជនរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ឆ្នាំ២០០៩ បង្ហាញថា កម្លាំងពលកម្មនៅកម្ពុជា បានកើនឡើងដល់ ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយនិងឈានដល់ ៤០ម៉ឺននាក់នៅពេលខាងមុខ ប៉ុន្តែឧស្សាហកម្មកាត់ដេរ ទេសចរណ៍ និងសំណង់ ជាដើម មិនទាន់បានកើនឡើងគ្រប់គ្រាន់ ដើម្បីស្រូបយកកម្លាំងពលកម្មទាំងនោះនៅឡើយ។
ឆ្លើយតបបញ្ហានេះ លោក គួច សុមៀន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាស្ថាប័នរដ្ឋបំពេញភារកិច្ចក្នុងការប្រមូល និងផ្តល់ព័ត៌មានទីផ្សារការងារ បញ្ជាក់ថា អត្រានៃភាពគ្មានការងារធ្វើនៅកម្ពុជា មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភ គឺជាគុណភាពនៃការធ្វើការទៅវិញ៖ «ភាពអត់ការងារធ្វើនៅប្រទេសកម្ពុជា យើង ប៉ុន្តែបើយើងមើលពីគុណភាពការងារវិញ ភាគច្រើនគាត់ត្រូវបានគេជួលក្នុងវិស័យក្រៅប្រព័ន្ធនៅឡើយទេ។ អ៊ីចឹងភាគច្រើនដែលយើងត្រូវព្រួយបារម្ភហ្នឹង គឺធ្វើយ៉ាងម៉េចដើម្បីជួយឲ្យពួកគាត់ចេញពីវិស័យមិនរៀបរយ ទៅវិស័យរៀបរយវិញ។ អ៊ីចឹងហើយបានជារដ្ឋាភិបាលឥឡូវ គាត់ដាក់ចេញជាគោលនយោបាយស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ហើយថ្មីៗនេះ គាត់បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ»។
គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ របស់ក្រសួងការងារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោក កែម ឡី វាយតម្លៃថា គោលនយោបាយនេះមិនមានភាពទូលំទូលាយនៅឡើយ ដោយផ្ដោតតែទៅលើវិស័យឯកជនក្នុងការបង្កើតការងារ និងដោះស្រាយបញ្ហាការងារជូនពលរដ្ឋ។ លោក កែម ឡី បន្តថា គោលនយោបាយនេះ គួរដាក់បន្ថែមអំពីការបង្កើតឱកាសការងារក្នុងវិស័យសាធារណៈ និងអង្គការសង្គមស៊ីវិល ព្រមទាំងអនុវត្តព្រមគ្នាជាមួយការបង្កើតឱកាសការងារ ការពង្រឹងគុណភាពការងារ ការពង្រឹងការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ «រៀនចប់ឌីប្លូមថ្នាក់ទី៩ ឡើងថ្នាក់ទី១០ ត្រូវបែងចែកជាបីតែម្តង។ ទីមួយ អ្នកណាទៅរៀនវិជ្ជាជីវៈ រៀនវិជ្ជាជីវៈទៅ។ អ្នកណារៀនវិទ្យាសាស្ត្រសង្គម ទៅវិទ្យាសាស្ត្រសង្គមទៅ។ អ្នកណាមករៀនវិទ្យាសាស្ត្រពិត រៀនវិទ្យាសាស្ត្រពិតទៅ។ ត្រូវចែកជាបី ហើយប្រឡងបាក់ឌុបដូចគ្នា។ ធ្វើរបៀបនេះ ក្មេងៗនឹងរត់មករកវិជ្ជាជីវៈ នៅពេលនោះគាត់មិនចាំបាច់រៀនដល់ ៣ឆ្នាំទេ តែមួយឆ្នាំគាត់អាចមានការងារធ្វើរួចស្រេច។ នៅពេលដែលគាត់ប្រឡងបាក់ឌុប គាត់មានការងារធ្វើសឹងគ្រប់គ្នា ពីព្រោះគាត់រៀនវិជ្ជាជីវៈ»។
របាយការណ៍ស្ទង់មតិរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ឆ្នាំ២០១៤ បង្ហាញថា វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទាន់បានផលិតធនធានមនុស្សដែលមានទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការកម្មករជំនាញបានគ្រប់គ្រាន់នៅឡើយ។ និយោជកមួយចំនួនត្អូញត្អែរ ដោយពួកគេពិបាកស្វែងរកបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចបំពេញមុខងារបាន។
ជាឧទាហរណ៍ ប្រធានផ្នែកប្រតិបត្តិធនធានមនុស្សនៃក្រុមហ៊ុនស្មាត (Smart Axiata) លោក គី ដូណេ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកតែងជ្រើសរើសបុគ្គលិកជាង ១០០នាក់រៀងរាល់ឆ្នាំ ប៉ុន្តែបេក្ខជនដែលដាក់ពាក្យមក ហាក់មិនមានគុណសម្បត្តិគ្រប់គ្រាន់ចំពោះការងារនោះនៅឡើយ៖ «គឺយើងត្រូវការភាសារបស់គាត់ ប៉ុន្តែភាគច្រើនយើងសង្កេតឃើញភាសានៅមានការខ្វះខាតច្រើន។ គាត់មិនទាន់អាចប្រើក្នុងកម្រិតមួយដែលយើងអាចទទួលយកបាន និងចំណុចមួយទៀត ការតាំងចិត្តរបស់គាត់។ ពេលដែលគាត់តាំងចិត្តមកធ្វើការ ជួនកាលគាត់ធ្វើបានមួយរយៈពេលខ្លី គាត់មានការផ្លាស់ប្ដូរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ នេះជាបទពិសោធន៍មួយមិនល្អ ហើយជាទម្លាប់មួយមិនល្អ បញ្ជាក់ពីការមិនតាំងចិត្តធ្វើការងាររបស់គាត់។ អ៊ីចឹងយើងក៏អត់អាចទទួលយកគាត់បានដែរ»។
យុវជន និងអ្នកស្វែងរកការងារធ្វើនៅកម្ពុជា ភាគច្រើនខ្វះខាតនូវជំនាញទន់ ដែលជាជំនាញចាំបាច់សម្រាប់បំពេញមុខងារ ដូចជា ជំនាញអនុវត្តជាក់ស្តែង ភាសាបរទេស ចំណេះដឹងផ្នែកព័ត៌មានវិទ្យា ជំនាញក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា ព្រមទាំងជំនាញរៀបចំយុទ្ធសាស្ត្រ ជាដើម។
ម្យ៉ាងវិញទៀត កង្វះខាតព័ត៌មានទីផ្សារការងារ ក៏ត្រូវបានអ្នកជំនាញអះអាងថា បណ្ដាលឲ្យមានភាពមិនស៊ីគ្នានៃអ្នកស្វែងរក និងអ្នកផ្គត់ផ្គង់ការងារ។ ជាឧទាហរណ៍ ការងារក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ វិស័យផលិតអាហារ និងភេសជ្ជៈ វិស័យដឹកជញ្ជូន វិស័យផលិតកៅស៊ូ និងប្លាស្ទិក ព្រមទាំងវិស័យសណ្ឋាគារ ជាដើម ដែលកំពុងតែជួបប្រទះបញ្ហាខ្វះខាតជំនាញ មិនទាន់ត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់សាធារណជននៅឡើយ។
ដើម្បីដោះស្រាយបញ្ហានេះ លោក កែម ឡី ចង់ឲ្យមានកំណែទម្រង់ស៊ីជម្រៅចំពោះកម្មវិធីសិក្សារបស់ក្រសួងអប់រំ៖ «ជារួម ត្រូវធ្វើបដិវត្តកម្មវិធីសិក្សាឲ្យស្របនឹងតម្រូវការទីផ្សារការងារ ធ្វើដូចនេះទើបអាចជួយបាន។ តាំងពីថ្នាក់បឋមសិក្សាទៅដល់ថ្នាក់សាកលវិទ្យាល័យ ត្រូវរៀបចំកម្មវិធីសិក្សាថ្មី។ ផ្ទះចាស់ហើយ យើងអត់អាចប៉ះ ឬតសំយាបទៀតទេ ត្រូវបុកគ្រឹះឡើងវិញ ហើយឲ្យទាន់ទីផ្សារការងារ។ នេះទើបអាចទៅរួច។ បើសិនគ្រាន់តែធ្វើកំណែទម្រង់លេងៗ អត់អាចស្រូប អត់អាចធ្វើឲ្យស៊ីគ្នារវាងការអប់រំ និងទីផ្សារការងារបានទេ។ ឧទាហរណ៍ យើងមានរោងចក្រកាត់ដេរ ៧ ទៅ ៨០០ តើយើងមានសាកលវិទ្យាល័យជួសជុលម៉ាស៊ីនកាត់ដេរឬទេ? យើងនាំមកពីចិន ស្ទើរតែទាំងស្រុង»។
គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ របស់ក្រសួងការងារ បញ្ជាក់ថា កំណើនការងារនៅកម្ពុជា ភាគច្រើនត្រូវបានស្រូបយកដោយវិស័យកសិកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំណែកឯកំណើនសេដ្ឋកិច្ចកម្ពុជា វិញ ឈរលើមូលដ្ឋាននៃវិស័យសំណង់ កសិកម្ម វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងទេសចរណ៍។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិខាងការងារ រកឃើញថា ប្រាក់ខែសម្រាប់កម្មករនៅមានចំនួនតិចនៅឡើយ ដែលរុញច្រានយុវជនកម្ពុជា ជាច្រើន ឲ្យទៅធ្វើការក្នុងវិស័យក្រៅប្រព័ន្ធដែលមានលក្ខខណ្ឌការងារមិនល្អ និងទទួលបានកម្រៃតិច មិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែ ហើយកម្មករក្នុងវិស័យកសិកម្មវិញ កាន់តែទទួលបានការអប់រំតិច និងមានឱកាសស្តួចស្តើង ឬក៏គ្មានឱកាសតែម្តង ដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពួកគេជាញឹក តែងជួបប្រទះបញ្ហាអសន្តិសុខស្បៀង។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា ធ្លាប់បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា នៅចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ដែលមានការផ្លាស់ប្ដូរ វាមិនត្រឹមតែចាំបាច់សម្រាប់កម្ពុជា ក្នុងការស្រូបយកកម្លាំងពលកម្មដែលកំពុងកើនឡើងនោះទេ តែវាក៏ចាំបាច់ក្នុងការបំពាក់បំប៉នប្រជាជនវ័យក្មេងរបស់ខ្លួន ដើម្បីត្រៀមសម្រាប់ទីផ្សារការងារនៅពេលអនាគតផងដែរ៕