យុវជនស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
2017.01.21
យុវជនស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសាធារណជន រួមគ្នាលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ តាមរយៈការអប់រំ ផ្សព្វផ្សាយ និងគាំទ្រស្នាដៃសិល្បៈខ្មែរ ព្រមទាំងគិតគូរអំពីការកសាងធនធានមនុស្សក្នុងវិស័យមួយនេះ។ ការអំពាវនាវនេះធ្វើឡើងក្នុងពេលពួកគេចូលរួមក្នុងកម្មវិធីពិព័រណ៍សិល្បៈមួយ ហៅថា ផ្ទះសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅ។
ក្រុមយុវជនបានសម្ដែងក្ដីសប្បាយរីករាយ និងរំភើបនៅពេលដែលពួកគេបានចូលរួមកម្មវិធីផ្ទះសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ ដែលស្ថិតនៅតំបន់បឹងបាយ៉ាប ជាយរាជធានីភ្នំពេញ ទីដែលពលរដ្ឋភាគច្រើនមិនដែលស្គាល់។ ពួកគេចង់ឱ្យមានការរៀបចំការតាំងពិព័រណ៍សិល្បៈឱ្យបានកាន់តែច្រើន ដើម្បីផ្សព្វផ្សាយអំពីសិល្បៈខ្មែរទៅដល់ស្រទាប់មហាជន ជាពិសេសគឺការពង្រីកការសម្ដែងសិល្បៈទៅតាមបណ្ដាខេត្ត និងដាក់បញ្ចូលមេរៀនស្ដីអំពីសិល្បៈវប្បធម៌ខ្មែរឱ្យបានកាន់តែច្រើនក្នុងកម្មវិធីសិក្សា៖ «នៅតំបន់ដាច់ស្រយាលខ្លះ គាត់ខ្វះខាតការទទួលព័ត៌មានតាមរយៈទូរទស្សន៍ ឯកសារវីដេអូជាដើម អ៊ីចឹងបើក្រសួងបង្កើតឱ្យមានការសម្ដែងតាមភូមិស្រុកឱ្យបានញឹកញយ អ៊ីចឹងធ្វើឱ្យយើងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាចូលរួមគាំទ្រវិស័យសិល្បៈនេះឱ្យបានច្រើន ព្រោះយើងដឹងហើយថា វិស័យសិល្បៈ គឺជាវិស័យមួយដ៏សំខាន់សម្រាប់ប្រទេសជាតិយើង ប៉ុន្តែភាគច្រើនបច្ចុប្បន្ន អត់សូវមានចាប់អារម្មណ៍ពីវិស័យនេះទេ»។
កាលពីថ្ងៃទី១៥ មករា កន្លងទៅ ក្រុមយុវជនល្ខោនខោលកម្ពុជា គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមការឧបត្ថម្ភពីអង្គការសង្គមស៊ីវិល និងវិស័យឯកជនបានរៀបចំកម្មវិធីតាំងពិព័រណ៍សិល្បៈមួយ ដែលមានការដាក់តាំងឧបករណ៍សិល្បៈជាច្រើន រួមនឹងការសម្ដែងសិល្បៈទស្សនីយភាពច្រើនទម្រង់ ដូចជារបាំបូរាណ របាំប្រពៃណី សៀក ចាប៉ីដងវែង ល្ខោនបាសាក់ ល្ខោននិយាយ និងសិល្បៈជាច្រើនទម្រង់ទៀត ជាពិសេសគឺល្ខោនខោល ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។
ប្រធានផ្នែកបច្ចេកទេសនៃក្រុមយុវជនល្ខោនខោលកម្ពុជា លោក ព្រហ្ម ពុធវិសាល បញ្ជាក់ថា ការតាំងពិព័រណ៍សិល្បៈ គឺដើម្បីផ្សព្វផ្សាយពីសិល្បៈបូរាណខ្មែរដែលមានជាច្រើនទម្រង់ និងបង្ហាញស្នាដៃរបស់សិស្សសាលាជំនាញទាំង៥ នៃសាលាមធ្យមសិល្បៈ រួមមានសាលាសៀក សាលាល្ខោនសាលារបាំ សាលាគំនូរ និងសាលាដូរ្យតន្ត្រី។ ក្រៅពីនេះ លោកចង់ឱ្យសាធារណជនបានស្គាល់សាលាមធ្យមវិចិត្រសិល្បៈដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈជាច្រើនជំនាន់ ប៉ុន្តែបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាខ្វះថវិកា សម្ភារៈ និងខ្វះសិស្សចូលរៀន៖ «ខ្ញុំចង់បង្ហាញពីសាលាមធ្យមវិចិត្រសិល្បៈនេះតែម្តង ដោយសារមានជំនាញច្រើនណាស់ គំនូរ ចម្លាក់ របាំ ភ្លេង មានទាំងអស់។ អ៊ីចឹងខ្ញុំចង់ឱ្យគេស្គាល់សាលានេះដែរ ព្រោះខ្ញុំជាអតីតសិស្សសាលានេះដែរ ហើយទីពីរខ្ញុំចង់ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ»។
សិស្សផ្នែករបាំមួយរូបនៃសាលាមធ្យមវិចិត្រសិល្បៈ កញ្ញា សេក នីតា បញ្ជាក់ថា សាលារបស់នាងកំពុងជួបប្រទះបញ្ហាកង្វះខាតទាំងសម្ភារៈសិក្សា និងចំនួនសិស្សចូលរៀនកាន់តែតិច។ នាងបារម្ភថា បើសិនជាបញ្ហានេះនៅតែបន្ត ទម្រង់សិល្បៈខ្លះអាចនឹងបាត់បង់។ យុវតីរូបនេះសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ និងសំណូមពរដល់អាណាព្យាបាលណាដែលមានកូនមានទេពកោសល្យក្នុងវិស័យសិល្បៈ ឱ្យបញ្ជូនមកសិក្សានៅសាលាមធ្យមសិល្បៈ៖ «ខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នា មេត្តាជួយគាំទ្រសិល្បៈខ្មែរ ជាពិសេសបើសិនជាអ៊ំៗ ឬក៏ពូៗ ណាគាត់មានកូនតូចៗ ចង់ឱ្យចេះជំនាញណាមួយក្នុងសាលាមធ្យមវិចិត្រសិល្បៈ អាចចូលមករៀនបាន»។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បញ្ជាក់ថា ក្រសួងតែងគាំទ្រ និងជំរុញឱ្យយុវជន និងសិស្សសាលាសិល្បៈរៀបចំកម្មវិធីនានា ដើម្បីបង្ហាញស្នាដៃរបស់ខ្លួនដល់សាធារណជន។ ទាក់ទងនឹងការអប់រំ ផ្សព្វផ្សាយវិញ អ្នកស្រីបញ្ជាក់ថា ក្រសួងបានរៀបចំ និងចូលរួមកម្មវិធីសិល្បៈជាច្រើន ព្រមទាំងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ដើម្បីឱ្យពលរដ្ឋបានជ្រួតជ្រាបពីសិល្បៈវប្បធម៌ខ្មែរ៖ «សិល្បករក្នុងសាលារាល់ថ្ងៃនេះ សឹងតែរកមនុស្សចេញមិនទាន់ផង ទាំងក្នុង និងក្រៅប្រទេស ផុតពីសកម្មភាពមួយចូលសកម្មភាពមួយ តាំងពីបញ្ហាអាស៊ាន។ យុជនក៏ផុលផុស ក្រសួងក៏ខំណាស់ដែរ ហើយការផ្សព្វផ្សាយហ្នឹង ប្រជាជនក៏បានដឹង ហើយយើងខ្ញុំក៏បានប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកនានា ដើម្បីឱ្យការផ្សពផ្សាយហ្នឹងបានទូលំទូលាយ»។
ចំពោះបញ្ហាខ្វះខាតរបស់សាលាមធ្យមវិចិត្រសិល្បៈវិញ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ក្រសួងបានទម្លាក់កញ្ចប់ថវិកាជារៀងរាល់ឆ្នាំដើម្បីឱ្យសាលាចាត់ចែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទិញសម្ភារៈ និងឧបករណ៍ ព្រមទាំងការប្រើប្រាស់ផ្ទៃក្នុង។ អ្នកស្រីបន្តថា ក្រសួងតែងបើកចំហទទួលយកសំណើសុំទាំងឡាយ បើសិនជាសាលាសិល្បៈជួបប្រទះការខ្វះខាត។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា អំពាវនាវឱ្យយុវជនចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរឱ្យបានគង់វង្ស ដោយមិនត្រូវលើកតម្កើងតែសិល្បៈវប្បធម៌បរទេសនោះឡើយ។
ការរៀបចំកម្មវិធីពិព័រណ៍សិល្បៈ ទាមទារការចំណាយច្រើន ទាំងពេលវេលា និងធនធានដើម្បីរៀបចំ និងសម្ដែង ហើយត្រូវការជាចាំបាច់នូវការគាំទ្រផ្នែកស្មារតី និងហិរញ្ញវត្ថុ។
ប្រធានផ្នែកបច្ចេកទេសនៃក្រុមយុវជនល្ខោនខោលកម្ពុជា លោក ព្រហ្ម ពុធវិសាល បញ្ជាក់ថា ក្រុមរបស់លោកនឹងរៀបចំការតាំងពិព័រណ៍សិល្បៈ ឱ្យបានច្រើននៅពេលខាងមុខ ដើម្បីឱ្យពលរដ្ឋខ្មែរ និងជនបរទេសបានស្គាល់កាន់តែច្បាស់អំពីសិល្បៈវប្បធម៌ខ្មែរ។ តែលោកថា កិច្ចការងារនេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួម និងគាំទ្រពីសាធារណជន ព្រមទាំងមានការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីស្ថាប័នពាក់ព័ន្ធនានា ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការខាងសិល្បៈ និងវិស័យឯកជន ពីព្រោះក្រុមការងាររបស់លោកធ្វើកិច្ចការនេះ តាមការស្ម័គ្រចិត្តតែប៉ុណ្ណោះ៖ «និយាយឱ្យចំតែម្ដង សំខាន់រឿងថវិកាតែម្ដង សម្រាប់ធ្វើការងារហ្នឹង ដូចម៉ាស (ស្រោមមុខ) នីមួយៗ ដែលយើងដំឡើងមក តម្លៃវាថ្លៃ ហើយសម្ភារៈដែលយើងទិញយកមកដំឡើងថ្លៃ។ អ៊ីចឹងយើងនៅមានបញ្ហាច្រើនមែនទែនលើកនេះ។ តែលើកក្រោយបើសិនជាមានកម្មវិធីផ្ទះសិល្បៈជាលើកទីពីរ ខ្ញុំសង្ឃឹមថា នឹងរៀបចំឱ្យបានធំជាងនេះទៅទៀត»៕