ទស្សនៈយុវជនមួយចំនួនជុំវិញរឿងវប្បធម៌នយោបាយថ្មី

មួយរយៈពេលចុងក្រោយនេះ បញ្ញវន្តមួយក្រុមបានផ្ដួចផ្ដើមបង្កើតវប្បធម៌នយោបាយថ្មីមួយនៅ កម្ពុជា។ វប្បធម៌នយោបាយថ្មីនេះ គឺដើម្បីបន្សាបវប្បធម៌នយោបាយចាស់ដែលមានលក្ខណៈមិនស្អាតស្អំ និងកំពុងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ វប្បធម៌នយោបាយថ្មីនេះ នឹងផ្ដោតអំពីការរកដំណោះស្រាយ ជាជាងការលើកឡើងអំពីបញ្ហា។ តើយុវជនមានទស្សនៈបែបណាដែរចំពោះគំនិតផ្ដួចផ្ដើមនេះ?
យុវជនបង្ហាញការយល់ឃើញផ្សេងៗ គ្នាជុំវិញរឿងវប្បធម៌នយោបាយថ្មី ដែលផ្ដួចផ្ដើមគំនិតដោយក្រុមបញ្ញវន្ត និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន។ អ្នកខ្លះយល់ថា នេះជារឿងចាំបាច់ ខ្លះថា ជារឿងមិនចាំបាច់ និងខ្លះទៀតថា ជារឿងសំខាន់ ប៉ុន្តែមិនមែនជាអាទិភាព។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ថ្លែងថា វប្បធម៌នយោបាយថ្មីនេះ គឺជាគំរូល្អសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយ ក្នុងការរួមគ្នាកសាងប្រទេសជាតិ។ កញ្ញាគាំទ្រឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចំពោះវប្បធម៌នយោបាយថ្មីនេះ ដើម្បីលុបបំបាត់វប្បធម៌នយោបាយចាស់ដែលមានការប្រើឧបាយកលទុច្ចរិត ដើម្បីតែអំណាច។ ក៏ប៉ុន្តែកញ្ញាយល់ថា ការសាបព្រួសវប្បធម៌នយោបាយថ្មីនេះ មិនមែនជារឿងងាយស្រួលនោះឡើយ ពោលគឺត្រូវចំណាយពេលយូរ និងមានសកម្មជនច្រើន ហើយក៏ត្រូវប្រឈមមុខនឹងការលំបាកមិនតិចផងដែរ។ កញ្ញាបន្ថែមថា វប្បធម៌នយោបាយថ្មីនេះអាចកើតមានទៅបាន លុះត្រាតែមានការបណ្ដុះពលរដ្ឋខ្មែរ ឱ្យមានគំនិតបែបត្រិះរិះពិចារណា និងការអប់រំមនុស្សឱ្យមានសីលធម៌៖ «សព្វថ្ងៃនេះ យុវជនខ្លួនឯងដែលគាត់ចង់មានការផ្លាស់ប្ដូរគំនិតថ្មីហ្នឹង ក៏គាត់កំពុងតែធ្វើសកម្មភាពបែបហ្នឹងដូចគ្នា។ អ៊ីចឹងទោះបីជាវាមានផលលំបាក ប៉ុន្តែខ្ញុំគិតថា បើបញ្ញវន្តនីមួយៗ គាត់មានគោលការណ៍បែបនេះទាំងអស់គ្នា ហើយយើងទៅទាំងអស់គ្នា បណ្ដុះ ឬក៏ធ្វើតាមលទ្ធភាពដែលយើងមាន នោះខ្ញុំគិតថា វាអាចធ្វើឱ្យសង្គមយើងហ្នឹងឆាប់ទទួលបាននូវវប្បធម៌ថ្មី»។
អ្នកផ្ដួចផ្ដើមគំនិតចង់ឱ្យមានវប្បធម៌នយោបាយថ្មី និងជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI Cambodia) លោក ព្រាប កុល ថ្លែងប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗ នេះថា វប្បធម៌នយោបាយថ្មីនេះឈរលើគោលការណ៍សាមគ្គីជាតិ សុចរិតភាព ការអនុគ្រោះ ការជជែកគ្នាលើគោលនយោបាយ ការគោរពច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។ លោកបកស្រាយថា ការបណ្ដុះវប្បធម៌នយោបាយថ្មីនេះ គឺជារឿងចាំបាច់ ដើម្បីបំបាត់វប្បធម៌នយោបាយចាស់ ដែលកំពុងបង្កមហន្តរាយដល់ប្រទេសជាតិ៖ «យើងឃើញថា មានការចោទប្រកាន់ មួលបង្កាច់ ហើយប្រើភាសាធ្ងន់ៗ ដូចជា ពាក្យថាក្បត់ជាតិជាដើម។ ការប្រើសម្ដីបង្កឱ្យមានការស្អប់ បង្កឱ្យមានការភ័យខ្លាច ហើយក៏មានការលាបពណ៌ ឬក៏ការចោទប្រកាន់ដោយគ្មានមូលដ្ឋានហ្នឹង រីកដុះដាល។ ការជេរប្រមាថ ការប្រើភាសាអសុរោះ ធ្វើឱ្យមានជនរងគ្រោះដោយសារតែបញ្ហានេះជាច្រើន»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយរូបនេះអះអាងថា ពួកលោកនឹងមិនបង្កើតគណបក្សនយោបាយដើម្បីសាបព្រួសវប្បធម៌នយោបាយថ្មីឡើយ ហើយក៏មិនបង្កើតខ្លឹមសារនេះដោយខ្លួនឯងដែរ។ លោកបញ្ជាក់ថា ពួកលោកនឹងដើរតួនាទីជាអ្នកសម្របសម្រួលឱ្យមានការពិគ្រោះយោបល់ទូទាំងប្រទេស ដើម្បីទទួលយកមតិ និងការចង់បានរបស់ពលរដ្ឋអំពីវប្បធម៌នយោបាយថ្មីនេះ។ លោកមានជំនឿថា ពលរដ្ឋខ្មែរកាន់តែច្រើននឹងចូលរួមក្នុងវប្បធម៌នយោបាយថ្មី ដែលនឹងលេចចេញជាសកម្មភាពក្នុងពេលឆាប់ៗ ខាងមុខនេះ៖ «យើងនឹងធ្វើការសម្របសម្រួលទូទាំងប្រទេសឱ្យមានការពិគ្រោះយោបល់ ឱ្យមានការជួបប្រជុំ ឱ្យមានការធ្វើវេទិកាផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋសម្ដែងមតិថា គាត់ចង់បានអីដែលជាវប្បធម៌នយោបាយថ្មី ចំណុចអីខ្លះដែលគាត់ចង់យកមកជំនួសវប្បធម៌បច្ចុប្បន្ន ហើយអាទិភាពអីខ្លះដែលជាបញ្ហាជាតិ ដែលគាត់ចង់ឃើញមានដំណោះស្រាយ»។
ផ្ទុយពីការលើកឡើងរបស់លោក ព្រាប កុល និស្សិតផ្នែកនីតិសាស្ត្រមួយរូប លោក ហេង គីមហុង យល់ឃើញថា ការបង្កើតវប្បធម៌នយោបាយថ្មីនេះ មិនមែនជារឿងចាំបាច់សម្រាប់ពលរដ្ឋកម្ពុជានោះឡើយ។ លោកមើលឃើញថា គោលគំនិតនៃវប្បធម៌នយោបាយថ្មីនេះ គឺស្របទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញរួចទៅហើយ។ លោកបន្តថា វប្បធម៌នយោបាយថ្មីនេះ នឹងមិនអាចដំណើរការទៅមុខបានឡើយ បើក្រុមអ្នកកាន់អំណាចគ្មានការប្ដេជ្ញាចិត្តអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យទេនោះ។ លោកបន្ថែមទៀតថា គម្រោងរបស់ក្រុមបញ្ញវន្តនេះ មិនមែនជារឿងថ្មីឡើយ ព្រោះកន្លងមកក៏ធ្លាប់មានអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយខ្លះ បានសាកល្បងធ្វើរឿងនេះដែរ ប៉ុន្តែមិនទទួលបានលទ្ធផលដោយសារក្រុមអ្នកកាន់អំណាចយល់ឃើញផ្សេងពីនេះបាត់ទៅហើយ៖ «អ្វីដែលចង់ឱ្យមានការជួបជុំ ចង់ឱ្យមានការបណ្ដុះបណ្ដាលអីជាដើមហ្នឹង នោះហើយជាសិទ្ធិពលរដ្ឋ។ សិទ្ធិពលរដ្ឋ គឺជាសិទ្ធិមួយនៃចំណែកយ៉ាងចាំបាច់របស់លទ្ធិប្រជាធិបតេយ្យ។ បើនៅក្នុងសង្គមមួយដែលអ្នកនយោបាយគ្មានការប្ដេជ្ញាចិត្តក្នុងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យផង ទោះបីជាពួកគាត់ទៅធ្វើ ក៏មិនមានប្រយោជន៍អីដែរ ព្រោះអី យើងឃើញថា អ្នកនយោបាយកាន់អំណាចបច្ចុប្បន្ន បើយើងនិយាយអ្វីទាំងអស់ហ្នឹង គឺពួកគាត់និយាយថា ពួកគាត់កំពុងតែធ្វើហើយ។ ប៉ុន្តែ ខ្ញុំគាំទ្រ បើគាត់ចាត់ទុកសកម្មភាពរបស់ពួកគាត់ជាចំណែកមួយនៃការជំរុញឱ្យមានភាពសកម្មនៅក្នុងសង្គមវិញ។"
គំនិតផ្ដួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មីនេះ ត្រូវបានលើកឡើង ចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា មិនទាន់វិវឌ្ឍទៅរកភាពប្រសើរឡើងនៅឡើយទេ។ មកដល់ពេលនេះ របបក្រុងភ្នំពេញមិនទាន់បានបង្ហាញពីចេតនាពិតប្រាកដក្នុងការស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះឡើយ បើទោះបីជារបបនេះបានក្រសោបយកអំណាចរដ្ឋទាំងអស់មកកាន់កាប់ផ្ដាច់មុខតែម្នាក់ឯងរួចហើយក៏ដោយ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា លោកគាំទ្រចំពោះគំនិតផ្តួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មីនេះ ក៏ប៉ុន្តែលោកយល់ថា រឿងអាទិភាពដែលក្រុមបញ្ញវន្តគួរធ្វើនៅពេលនេះ គឺជួយជំរុញយ៉ាងណាឱ្យគណបក្សកាន់អំណាចវិលមករកតុចរចាជាមួយគណបក្សប្រឆាំងវិញ។ លោកបន្តថា ការបណ្ដុះវប្បធម៌នយោបាយថ្មី អាចធ្វើទៅបាន ទាល់តែមានដំណោះស្រាយនយោបាយជាមុនសិន បើពុំដូច្នេះទេគំនិតផ្ដួចផ្ដើមនេះ នឹងមិនអាចដំណើរការបានឡើយ នៅក្នុងបរិបទនៃការរឹតត្បិតសិទ្ធិសេរីភាពនាពេលបច្ចុប្បន្ន៖ «បើកើតឡើងនៅពេលឥលូវនេះ ខ្ញុំគិតថា មិនអាចទៅរួចទេ ព្រោះឥលូវនេះប្រទេសកម្ពុជាកំពុងតែបិទសិទ្ធិសេរីភាព ការបញ្ចេញមតិ ការជួបជុំគ្នា។ យើងឃើញស្រាប់ហើយ គ្រាន់តែជួបជុំគ្នាហូបនំបញ្ចុក ក៏មានតុលាការកោះហៅរហូតដល់ ១៤៧នាក់ដែរ អ៊ីចឹងហើយទម្រាំចុះទៅដល់មូលដ្ឋានទៀត។ សួរថាតើនៅពេលហ្នឹង អាជ្ញាធរដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច យល់ព្រមឱ្យប្រមូលយុវជនទាំងអស់ហ្នឹងទេ ទាំងពីរចរន្តនយោបាយយហ្នឹង? អ៊ីចឹងហើយបើបង្កើតមុនដំណោះស្រាយនយោបាយ ខ្ញុំគិតថា វាជារឿងមួយបរាជ័យ»។
យុវជនរូបនេះបន្ថែមថា វប្បធម៌នយោបាយថ្មីនេះ គួរតែច្របាច់បញ្ចូលគ្នាជាមួយវប្បធម៌សន្ទនាកាលពីមុន ហើយនិងដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃការជជែករកដំណោះស្រាយរវាងគណបក្សទាំងពីរនៅពេលខាងមុខ។ ក្រៅពីនេះ លោកស្នើឱ្យក្រុមបញ្ញវន្តកុំយកពាក្យ "វប្បធម៌នយោបាយថ្មី” ទៅបង្កើតជាគណបក្សនយោបាយមួយទៀតឱ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។