ក្រសួង​វប្បធម៌​ជំរុញ​ឱ្យ​អ្នក​និពន្ធ​ចម្រៀង​ទាំង​អស់​ឈរ​លើ​គោល​គំនិត​អប់រំ​និង​សីលធម៌

ដោយ យ៉ង ចាន់តារា
2016.07.09

ការ​ស្ដាប់ ឬ​ទស្សនា​បទ​ចម្រៀង​សម័យ​បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​យុវជន​ភាគ​ច្រើន ពីព្រោះ​វា​ផ្ដល់​នូវ​ការកម្សាន្ត និង​បន្លប់​បញ្ហា ព្រមទាំង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សម្រាប់​កាត់​បន្ថយ​ភាព​តានតឹង និង​កែ​អផ្សុក។

ទោះបីជា​យ៉ាង​ណា បទ​ចម្រៀង​មួយ​ចំនួន​មិន​សុទ្ធតែ​ផ្ដល់​អត្ថប្រយោជន៍​បែប​នេះ​ទេ ដោយសារ​តែ​ទំនុកច្រៀង​ត្រូវ​បាន​និពន្ធ​ឡើង ដោយ​ប្រាសចាក​សីលធម៌ និង​សុជីវធម៌​សង្គម ដែល​ធ្វើ​ឱ្យ​យុវជន​ទទួល​នូវ​គំនិត​អវិជ្ជមាន​ទៅ​វិញ។ ក្រសួង​វប្បធម៌​ជំរុញ​ឱ្យ​អ្នក​និពន្ធ​បទ​ចម្រៀង​ទាំង​អស់ តាក់តែង​ស្នាដៃ​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ​តាម​សីលធម៌ និង​ផ្ដល់​គោល​គំនិត​អប់រំ​សម្រាប់​អ្នក​ស្ដាប់។

សព្វថ្ងៃ​នេះ​នរណាៗ ក៏​អាច​ស្ដាប់​បទ​ចម្រៀង​សម័យ​ស្ទើរ​នៅ​គ្រប់​ទីកន្លែង តាម​វិទ្យុ ទូរទស្សន៍ និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ចម្រៀង​សម័យ​ជា​ទី​ពេញ​និយម​នៃ​មនុស្ស​វ័យក្មេង ប៉ុន្តែ​ហាក់​មិន​ជា​ទី​ពេញ​ចិត្ត​នៃ​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា នោះ​ឡើយ ដោយសារ​បទ​ខ្លះ​ត្រូវ​បាន​និពន្ធ​ដោយ​មិន​មាន​អត្ថន័យ​គ្រប់គ្រាន់ បញ្ឆិតបញ្ឆៀង​បែប​អាសអាភាស និង​ចម្លង​ពី​បរទេស។

ខុស​ពី​បទ​ចម្រៀង​សម័យ​ដើម​ដែល​ពណ៌នា​អំពី​ទីកន្លែង​ប្រវត្តិសាស្ត្រ ជីវភាព​រស់នៅ​របស់​មនុស្ស ស្នេហា​ប្រុស​និង​ស្រី និង​មាន​លក្ខណៈ​លួងលោម​បំពេ​អារម្មណ៍​អ្នក​ស្ដាប់ ចម្រៀង​សម័យ​ពេល​នេះ​វិញ ភាគ​ច្រើន​ពណ៌នា​អំពី​ស្នេហា​ផិត​ក្បត់ ការ​សេព​គ្រឿង​ស្រវឹង អំពើ​ហិង្សា និង​បញ្ឆិតបញ្ឆៀង​ទៅ​រក​ទំនាក់ទំនង​ផ្លូវ​ភេទ​បែប​អាសអាភាស​ជាដើម។

​បទ​ចម្រៀង​ប្រភេទ​នេះ ជានិច្ចកាល​រង​ការ​ហាម​ឃាត់​មិន​ឱ្យ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ដោយ​ក្រសួង​ព័ត៌មាន ក្រោម​ហេតុផល​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​អំពើ​សីលធម៌​ខ្មែរ។

​នៅ​ពេល​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ពី​សាធារណមតិ និង​ឈាន​ដល់​ការ​ហាម​ផ្សព្វផ្សាយ អ្នកនិពន្ធ ឬ​ម្ចាស់​បទ តែង​ចេញ​មុខ​បកស្រាយ​ថា សិល្បៈ​ជា​ការ​ច្នៃប្រឌិត ដូច្នេះ​មិន​មាន​អ្វី​ខុស ឬ​ត្រូវ​នោះ​ទេ ឬ​ក៏​ជួនកាល​គេ​បកស្រាយ​អំពី​អត្ថន័យ​បែបនេះ​បែប​នោះ​ជាដើម តាម​ការ​នឹក​ឃើញ​របស់​គេ។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា ដែល​ជា​កវីនិពន្ធ​បទ​ចម្រៀង​មួយ​រូប​ដែរ​នោះ ច្រានចោល​ហេតុផល​បែប​នេះ។ លោក​ថា សិល្បៈ​ជា​ការ​ច្នៃប្រឌិត​តែ​ច្នៃប្រឌិត​ទៅ​រក​ភាព​វិជ្ជមាន មិន​មែន​ទៅ​រក​ភាព​អវិជ្ជមាន​តាមតែ​អំពើ​ចិត្ត​របស់​អ្នកនិពន្ធ​នោះ​ទេ៖ «កុំ​ឆ្លើយ​ថា ជា​ការ​ច្នៃប្រឌិត! យើង​គាំទ្រ​ហើយ​ចំពោះ​ការ​ច្នៃប្រឌិត ប៉ុន្តែ​យើង​ដឹង​ច្បាស់​ណាស់ ការ​ច្នៃ​ប្រឌិត​មិន​មែន​ជា​ការ​ច្នៃ​ប្រឌិត​ឆ្ពោះ​ទៅ​កាន់​គន្លង​អគុណ​ធម៌ អាក្រក់ និង​សង្គម​មនុស្ស​មិន​ចង់​បាន​នោះ​ទេ។ ដូច្នេះ​កុំ​យក​ពាក្យ​ច្នៃប្រឌិត និង​សិទ្ធិ​សេរីភាព​នោះ មក​ផ្សារភ្ជាប់​ជាមួយ​អ្វី​ដែល​ល្អ​និង​អាក្រក់»

​លោក​កត់សម្គាល់​ថា មាន​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​ចំនួន​ធ្វើ​បាន​ល្អ​ក្នុង​ការ​តាក់តែង​ស្នាដៃ​របស់​ខ្លួន​ដោយ​ផ្ដល់​ឱ្យ​នូវ​ខ្លឹមសារ​អប់រំ​សម្រាប់​សង្គម ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ទៀត​ហាក់​មិន​គិត​អំពី​ផល​ប៉ះពាល់​បែប​អវិជ្ជមាន​តាម​រយៈ​ស្នាដៃ​របស់​ខ្លួន និង​តម្រូវ​ទៅ​តាម​ចិត្ត​មនុស្ស​ភាគ​តិច​ទៅ​វិញ៖ «ខ្ញុំ​អំពាវនាវ​ដល់​ទាំង​អស់​គ្នា​តែង​និពន្ធ​នៅ​ក្នុង​រង្វង់​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ ដែល​ចែង​ដោយ​ច្បាប់​ផង និង​ក្រមសីលធម៌​ផ្លូវចិត្ត​របស់​ខ្លួន​ឯង ដែល​ផ្សារភ្ជាប់​ទៅ​នឹង​មនុស្ស​ដទៃ​ជាមួយ​នឹង​សង្គម​ផង ហើយ​ត្រូវ​គិត​មួយ​ផ្នែក​ធំ​ទៅ​លើ​ការអប់រំ។ វា​ត្រូវតែ​ឈរ​ទៅលើ​គុណធម៌ និង​ទិស​ស្លោក​មួយ​ទៀត​ដែរ គឺ​ទាំង​អស់​គ្នា​ដើម្បី​ការ​អប់រំ ហើយ​អប់រំ​ដើម្បី​ទាំង​អស់​គ្នា មិនមែន​អូសទាញ​ទៅ​អាក្រក់​ដើម្បី​យើង ហើយ​យើង​ដើម្បី​អូសទាញ​ទៅ​ផ្លូវ​អាក្រក់​នោះ​ទេ»

​យុវជន​ម្នាក់​ឈ្មោះ ហឿម ប៊ុនហេង ដែល​ចូលចិត្ត​ស្ដាប់ និង​យក​ចម្រៀង​មក​ច្រៀង​តាម​បញ្ចេញ​យោបល់​ថា រូបគេ​ចូល​ចិត្ត​បទ​ចម្រៀង​ទាំង​ឡាយ​ណា​ដែល​បង្ហាញ​ពី​មនោសញ្ចេតនា និង​មាន​លក្ខណៈ​ជា​ការ​អប់រំ មិនមែន​បទ​ចម្រៀង​ដែល​បញ្ចូល​ភាសា​បញ្ឆិតបញ្ឆៀង និង​អាសអាភាស​នោះ​ទេ៖ «អត្ថន័យ​បទ​ចម្រៀង​ខ្លះ អត់​សម​ផ្សាយ​ជា​សាធារណៈ​សោះ ពីព្រោះ​បើ​វា​អាក្រក់ វា​អត់​មាន​អី​អប់រំ​មនុស្ស អ៊ីចឹង​មនុស្ស​ទទួល​បាន​រឿង​ហ្នឹង។ ឧទាហរណ៍​ចំពោះ​ក្មេងៗ ពាក្យ​គន្លាស់​កាត់ ស្ដាប់​ហើយ​វា​យក​ទៅ​និយាយ​ជាមួយ​មិត្តភ័ក្ដិ​បន្ត​គ្នា អត់​មាន​អ្វី​អប់រំ​មនុស្ស​សោះ»

​ជុំវិញ​រឿង​នេះ ព្រះ​មហា​ធម្ម​លង្ការោ ចាន់ សុជន ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​កណ្ដាល ខេត្ត​បន្ទាយមានជ័យ មាន​ព្រះ​ថេរដីកា​ថា អត្ថន័យ​នៃ​បទ​ចម្រៀង​សម័យ​មួយ​ចំនួន​កំពុង​អូសទាញ​យុវជន​ឱ្យ​ប្រព្រឹត្ត​ខុស​សីលធម៌។ នៅ​ត្រង់​ចំណុច​នេះ ព្រះអង្គ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សីលធម៌​សង្គម បើសិនជា​អ្នក​និពន្ធ​បទ​ចម្រៀង​សម័យ​ខ្លះ​នៅ​តែ​បន្ត​ផលិត​បទ​ចម្រៀង​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​យុវជន៖ «ដូច​បទ​ខ្លះ អា​មុំ​ប៉ុមពីត ចេញ​មក​ឆ្គង​តែម្ដង ចេញ​មក​មាន​បញ្ហា​តែម្ដង។ មាន​បទ​ជាច្រើន​ផ្សេង​ទៀត ចេញ​មក​ធ្វើ​ឱ្យ​បាត់បង់​សីលធម៌​ខ្មែរ​យើង ហើយ​ឃើញ​យុវជន​មួយ​ចំនួន​ធំ​អត់​សូវ​បាន​គិត​អំពី​សីលធម៌ រហូត​ដល់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ក្នុង​ការ​សរសេរ។ ខ្មែរ​យើង យើង​ដឹង​ហើយ​ថា សម្ដី​ស​ជាតិ​មារយាទ​ស​ពូជ។ សម្ដី​តាម​រយៈ​ចម្រៀង​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រព្រឹត្ត ឬ​តថភាព​សង្គម​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា សង្គម​យើង​បច្ចុប្បន្ន គឺ​ពិបាក​នឹង​ទទួល​យក​បាន​ដោយសារ​សីលធម៌​ធ្លាក់​ចុះ»

​ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ហើយ​ដែល​អ្នកនិពន្ធ​អាច​ចូលរួម​ជួយ​កែលំអ​តាម​រយៈ​ស្នាដៃ​របស់​ខ្លួន ដែល​មិនមែន​ជា​ការ​រុញ​ស្ថានភាព​ឱ្យ​អាក្រក់​ជាង​មុន​នោះ​ទេ៖ «រាល់​ការ​និពន្ធ គួរតែ​ផ្ដោត​លើ​តថភាព​សង្គម។ បើ​ចង់​កែ​សង្គម យើង​សរសេរ​បែប​កែ​សង្គម ឬ​ក៏​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​អប់រំ​សង្គម ឱ្យ​ក្មេងៗ​គាត់​ទទួល​បាន ជាពិសេស​រឿង​គ្រឿងញៀន​ដែល​កំពុង​មាន​បញ្ហា គួរ​តែ​ផ្ដោត​សំខាន់​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​គាត់​ឆ្លុះបញ្ចាំង​ឱ្យ​ខ្លាច ឱ្យ​ញញើត ឱ្យ​ចៀសវាង។ ទាំង​នេះ​ទើប​ជា​រឿង​ល្អ។ រឿង​ពាក់ព័ន្ធ​ជាមួយ​នឹង​សុរា និង​ស្រាបៀ​ដែល​កំពុងតែ​ផុសផុល»

​មក​ទល់​នឹង​ពេល​នេះ មាន​បទ​ចម្រៀង​សម័យ​ជា​ច្រើន​បទ​ហើយ ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន ហាម​មិន​ឱ្យ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ដោយសារ​ប្រាសចាក​សីលធម៌ ហើយ​បញ្ហា​សំខាន់​មួយ​ទៀត​ក្នុង​វិស័យ​ចម្រៀង​នៅ​កម្ពុជា គឺ​ការ​លូច​ចម្លង​ស្នាដៃ​ពី​បរទេស ដែល​រង​ការ​រិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។