ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា

ដោយ ជីវិតា វិទ្យុឤស៊ីសេរី
2008-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅខាងមុខការិយាល័យ នៃអង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក្នុងទីក្រុងភ្នំពេញ គេសង្កេតឃើញមាន ការដាក់តាំង ផ្ទាំងបដាមួយ អមទៅដោយរូបថត របស់លោក ប៊ន សំណាង និងលោក សុខ សំអឿន ។

ខ្លឹមសារនៃផ្ទាំងបដានោះ សរសេរថា “សុខ សំអឿន និង ប៊ន សំណាង ត្រូវបានកាត់ទោស មិនត្រឹមត្រូវ ឱ្យជាប់ពន្ធនាគារ ចំនួន ២០ ឆ្នាំ លើករណីឃាតកម្ម លោក ជា វិជ្ជា តុលាការ ត្រូវតែផ្តល់យុត្តិធម៌ ដល់ពួកគេ” ។

លោក ចាន់ សូវ៉េត ប្រធានអង្គភាព ស៊ើបអង្កេត នៃអង្គការ សិទ្ធិមនុស្ស ឤដហុក បានឱ្យដឹង អំពីមូលហេតុ ដែលនាំឱ្យ អង្គការក្រៅរដ្ឋាភិបាល តាំងបដានោះ នៅមុខ ការិយាល័យ របស់ខ្លួន ដូច្នេះថា ៖ šសង្គមស៊ីវិល បានប្រជុំគ្នាថា គំនិតចុងក្រោយ របស់យើង គឺការធ្វើបាតុកម្ម កូដកម្ម ការទាមទារ របស់ក្រុមគ្រួសារ ការរៀបចំផ្សេងៗ បង្ហោះសត្វចាប បង្ហោះអីនេះ ប៉ូលិសបានដេញ បានបំបែក ពួកយើង មិនឱ្យតវ៉ា រឿងបញ្ហាហ្នឹងឡើយ ។ ហើយ ជាជម្រើសចុងក្រោយ របស់យើង ស្នើសុំឱ្យមាន ការដោះលែង សុក សំអឿន និង ប៊ន សំណាង មកវិញ ព្រោះ អ្នកទាំងអស់ហ្នឹង មិនមែនជា ឃាតករ ក្នុងការសម្លាប់ ជា វិជ្ជា ទេ ។ ប៉ុន្តែ រហូតដល់ពេលនេះ មិនមាន ការឆ្លើយតប ពីភ្នាក់ងារ រដ្ឋាភិបាលទេ› ។

លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបាន តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទីមួយ ខែសីហា ឆ្នាំ ២០០៥ កាត់ឱ្យ ជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំ ពីបទ ឃុបឃិត ប្រព្រឹត្ត អំពើឃាតកម្ម គិតទុកជាមុន លើរូបលោក ជា វិជ្ជា ប្រធាន សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ។

ប្អូនស្រីលោក ប៊ន សំណាង បានបញ្ចេញប្រតិកម្ម ដូច្នេះថា ៖ šខ្ញុំអត់ជឿ សូម្បីតែបន្តិច ព្រោះអីបងខ្ញុំ ថ្ងៃដែលលោក ជា វិជ្ជា ស្លាប់ អត់បាននៅភ្នំពេញផង› ។

ទណ្ឌិត ប៊ន សំណាង និង សុខ សំអឿន បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់ សាលក្រម តុលាការក្រុងភ្នំពេញ ។ បើទោះជាមានមេធាវី សាក្សី និង អង្គការសិទ្ធិមនុស្ស ជាច្រើន បញ្ជាក់អំពី ភាពគ្មានទោសកំហុស របស់លោក ប៊ន សំណាង និង សុខ សំអឿន ក៏កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០៧ សាលាឧទ្ធរណ៍ បានចេញសាលដីកា សម្រេច តម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ ដោយឱ្យ លោក ប៊ន សំណាង និង សុក សំអឿន ជាប់ពន្ធនាគារបន្តទៅទៀត ។

លោក ជា វិជ្ជា ប្រធានសហជីពសេរី កម្មករកម្ពុជា ត្រូវបាន ខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់ មួយរំពេច នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនសារព័ត៌មាន នៅក្នុង តូបលក់កាសែតមួយ ជាប់នឹង របងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ ។

នៅក្រោយថ្ងៃបាញ់សម្លាប់់ លោក ជា វិជ្ជា រហូតដល់ពេល ចាប់ខ្លួន និងកាត់សេចក្តី លោក ប៊ន សំណាង និង សុខ សំអឿន ដោយតុលាការក្រុងភ្នំពេញ និង សាលាឧទ្ធរណ៍ ក្រុមអ្នកសង្កេតការណ៍ បានកត់សម្គាល់ ឃើញមាន ភាពមិនប្រក្រតី និងមិនសមស្រប តាមនីតិវិធីច្បាប់ ជាច្រើនចំណុច នៅក្នុងដំណើរការ រកយុត្តិធម៌ ជូនជនរងគ្រោះ ។

នៅក្នុងខួបឆ្នាំទី ៤ នៃឃាតកម្មលើលោក ជា វិជ្ជា នេះ វិទ្យុឤស៊ីសេរី មានសេចក្តីរាយការណ៍ មួយចំនួន ទាក់ទិននឹង ចំណុចមិនប្រក្រតីទាំងនោះ ហើយ មនុស្សដែលសំខាន់មួយរូប ដែលមាន ការពាក់ព័ន្ធនឹង ភាពមិនប្រក្រតីទាំងនោះ គឺលោក ហេង ពៅ ។

នៅថ្ងៃទី ១៨ កក្កដា ឆ្នាំ២០០៧ លោក ហេង ពៅ ដែលជា អតីតស្នងការនគរបាល ក្រុងភ្នំពេញ និងជាទីអតីត ទីប្រឹក្សា របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ ត្រូវបាន តុលាការក្រុងភ្នំពេញ កាត់ឱ្យជាប់ពន្ធនាគារ ចំនួន ១៤ឆ្នាំ ពីទោស បានរក្សាទុក ប្រាក់ក្លែងក្លាយ ចំនួន ៣ម៉ឺនដុល្លារឤមេរិក ។ នេះជាទោសមួយផ្សេងទៀត បន្ថែមពីលើ ទោសឧក្រិដ្ឋដទៃ មួយចំនួន ។

នៅពេលក្រុមនគរបាល ក្រៀកខ្លួនចេញមកក្រៅអគារតុលាការ ឆ្ពោះទៅរថយន្ត ដែលត្រៀមនាំខ្លួនលោក ត្រឡប់ទៅគុកព្រៃស វិញនោះ ទណ្ឌិត ហេង ពៅ នៅចំពោះមុខ មហាជន និង អ្នកសារព័ត៌មាន ជាច្រើនរយនាក់ បានស្រែកជេរប្រមាថ ត្មិះតិះដៀល ខ្លាំងៗ លើ លោកនាយឧត្តមសេនីយ៍ ហុក ឡងឌី អគ្គនាយកនគរបាលជាតិ ។

ក្រៅពីពាក្យសម្តីអសុរោះ ចំពោះលោកនាយឧត្តមសេនីយ ហុក ឡងឌី ដែលជា អតីតចៅហ្វាយនាយ របស់ខ្លួនហើយ ទណ្ឌិត ហេង ពៅ បានស្រែកក្តែងៗ ទៀតថា គឺលោកនាយឧត្តមសេនីយ នេះឯង ជាអ្នកចេញបញ្ជា ឱ្យបាញ់សម្លាប់ លោក ជា វិជ្ជា ។

អតីតស្នងការនគរបាល ក្រុងភ្នំពេញ ហេង ពៅ បានស្រែកបញ្ជាក់ ទៀតថា លោក ប៊ន សំណាង និង សុខ សំអឿន ដែលតុលាការ កាត់ឱ្យជាប់គុកចំនួន ២០ ឆ្នាំម្នាក់នោះ មិនមែនជាឃាតករ បាញ់សម្លាប់លោក ជា វិជ្ជា ទេ ។

លោក ចាន់ សូវ៉េត បានបញ្ជាក់ថា ៖ šហេង ពៅ ស្រែកនៅក្នុង តុលាការទៀតថា អ្នកដែលបញ្ជាឱ្យ សម្លាប់ គឺជាមេរបស់ខ្លួន ជាអ្នកបញ្ជា› ។

លោក ជា វិជ្ជា ជាមេដឹកនាំសហជីពកម្មករម្នាក់ ធ្លាប់បាន ទទួលសារ គំរាមផ្តាច់ជីវិត នៅខែកក្កដា ឆ្នាំ ២០០៣ មុនពេលអំពើឃាតកម្ម កើតឡើងលើរូបលោក ។

ក្រោយពីលាក់ខ្លួន អស់រយៈពេលជាងមួយខែមក លោក ជា វិជ្ជា បានមានប្រសាសន៍ ជាភាសាអង់គ្លេស ប្រាប់លោក ប្រែដលី ខក អ្នកនិពន្ធភាពយន្តឯកសារ ដូច្នេះថា ៖ šខ្ញុំបានទទួល សារគំរាមមួយ ពីមនុស្សម្នាក់ ដែលខ្ញុំមិនស្គាល់ឈ្មោះ ។ សារនោះ ផ្ញើតាមទូរស័ព្ទ ដោយហៅខ្ញុំថា ឤឆ្កែ អញនឹងសម្លាប់ឯង នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០០៣ ។ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០៣ មានមន្ត្រីប៉ូលិសម្នាក់ បានប្រាប់ខ្ញុំ ឱ្យចាកចេញពី ប្រទេសកម្ពុជាទៅ ពីព្រោះ បន្ទាប់ពីបាន ធ្វើការស៊ើបអង្កេតទៅ គាត់ដឹងថា មានមន្ត្រី ដែលមានបុណ្យស័ក្តិ ខ្ពស់ជាងគាត់ ចង់សម្លាប់ខ្ញុំ ។ មន្ត្រីប៉ូលិសនោះ បានបញ្ជាក់ប្រាប់ខ្ញុំ ទៀតថា គាត់ស្គាល់ឈ្មោះ អ្នកដែលចង់សម្លាប់ខ្ញុំ ។ គាត់ថា ជននោះ ទទួលបញ្ជាពី មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ដើម្បីគំរាម និងសម្លាប់ខ្ញុំ ។ ខ្ញុំពុំបានសាកសួរគាត់ អំពីឈ្មោះ អ្នកដែលចង់ សម្លាប់ខ្ញុំទេ ប៉ុន្តែខ្ញុំគិតថា គាត់បាននិយាយថា គឺជាមនុស្ស របស់ ហ៊ុន សែន› ។

លោក រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនឯករាជ្យ ដែលអះឤងថា រូបលោក ជាអ្នកជូន លោក ជា វិជ្ជា ទៅប្តឹងឤជ្ញាធរមានសមត្ថកិច្ចនោះ បានបញ្ជាក់ថា ៖ šខ្ញុំជាសាក្សី លោក ជា វិជ្ជា ។ ឤជ្ញាធរ គេធ្វើការស៊ើបអង្កេត ហើយ គេបានមកជម្រាប លោក ជា វិជ្ជា ថា ម្ចាស់លេខទូរស័ព្ទ គឺជាមន្ត្រី ដែលមានឥទ្ធិពល ដែលមានអំណាចខ្លាំង គាត់មិនឤចប៉ះពាល់ ម្ចាស់ទូរស័ព្ទហ្នឹងបានទេ សូមឱ្យលោក គេចខ្លួន ទៅក្រៅទៅ...› ។

លោក ជា វិជ្ជា បានបញ្ជាក់អំពីជំហរមិនភៀសខ្លួន របស់លោក ដូច្នេះថា ៖ šគាត់បានស្នើឱ្យខ្ញុំ គេចខ្លួន ទៅក្រៅប្រទេស ដូចជា ប្រទេសថៃ សហរដ្ឋឤមេរិក ឬ បារាំងជាដើម ចំនួនបី ទៅបួនខែសិនទៅ ។ ប៉ុន្តែ ខ្ញុំបានបដិសេធ ពីព្រោះខ្ញុំ ត្រូវធ្វើការតស៊ូ ដើម្បីកម្មករ តទៅទៀត ។ ប្រសិនបើខ្ញុំ នៅតែភ័យខ្លាច ខ្ញុំមិនខុស ពីមនុស្សស្លាប់ទេ ។ ខ្ញុំបានសម្រេចចិត្ត ថា លែងខ្លាចទៀតហើយ› ។

នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤ គឺចំថ្ងៃចូលឆ្នាំចិន លោក ជា វិជ្ជា ត្រូវបានឃាតករ បាញ់សម្លាប់ ទាំងកណ្តាលថ្ងៃ ខណៈលោក កំពុងឤនកាសែត នៅក្បែរវត្តលង្កា ក្នុងក្រុងភ្នំពេញ ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល