សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ មីនា ២០១០

ព័ត៌មាន​សង្ខេប​សំខាន់​ៗ ប្រចាំ​សប្ដាហ៍​មាន​ជា​អាទិ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​សហ​ប្រជាជាតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​អនុម័ត​ច្បាប់​អំពើ​ពុក​រលួយ​ថា មិន​មាន​តម្លាភាព និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
ដោយ វោហារ ជាតិ
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦។
សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦។
RFA Photo

ក្រសួង​ការ​បរទេស​៖ ការ​ព្រមាន​លើ​មន្ត្រី​អ.ស.ប.​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ទេ

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា សារ​ព្រមាន​របស់​​ប្រមុខ​ការទូត​កម្ពុជា​ចំពោះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មិន​មែន​​ជា​ការ​បំភិត​បំភ័យ ឬ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ ទៅ​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​គូស​បញ្ជាក់​ថា សេចក្ដី​ព្រមាន​របស់​ប្រមុខ​ការទូត​កម្ពុជា ចំពោះ​លោក ឌូក្លាស ប្រូឌើរិក (Douglas Broderick) តំណាង​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា គឺ​មិន​មាន​បំណង​បំភិត​បំភ័យ ឬ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល នៅ​ក្នុង​ការ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ ដែល​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំ​ទូលាយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

លោក កុយ គួង បាន​ព្រមាន​ថា ប្រសិន​បើ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នៅ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ ក្នុង​ប្រទេស​​កម្ពុជា​បន្ត​ទៅ​ទៀត រដ្ឋាភិបាល​នឹង​ពិនិត្យ​ទៅ​លើ​សេចក្ដី​សម្រេច​ថា តើ​រដ្ឋាភិបាល​ត្រូវ​សហការ​ធ្វើ​ការងារ​ជាមួយ​តំណាង​រូប​នេះ​តាម​របៀប​ណា​ទៀត។

បក្ស​សម​រង្ស៊ី​គ្រោង​រំឭក​ខួប​ទី​១៣​នៃ​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​មុខ​រដ្ឋ​សភា

គណបក្ស​សម​រង្ស៊ី​គ្រោង​ធ្វើ​រៀបចំ​បុណ្យ​រាប់​បាត្រ សូត្រ​មន្ត និង​បង្សុកូល ដើម្បី​រំឭក​ខួប ១៣​ឆ្នាំ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ​ចំនួន ៤​គ្រាប់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​បាន​សម្លាប់​បាតុករ​តវ៉ា​ចំនួន ១៦​នាក់ និង​រង​របួស​ជាង ១០០​នាក់ ក៏ប៉ុន្តែ​ជន​សង្ស័យ​និង​ឃាតករ​នោះ រដ្ឋាភិបាល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

គេ​បាន​រំពឹង​ទុក​ថា មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ជាង ៣០០​នាក់ នឹង​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​នេះ នៅ​ថៃ្ង​ទី​៣០ ខែ​មីនា ឆ្នាំ​២០១០​ខាង​មុខ​នេះ។

ខ្មែរ​នៅ​ស.រ.អា.​ប្រារព្ធ​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​១៨ មីនា ១៩៧០

ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ដែល​មាន​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក រួម​គ្នា​ប្រារព្ធ​កាល​ពី​ថ្ងៃ​២០ មីនា​នេះ។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌ និង​សមធម៌ ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក ជា​អ្នក​រៀបចំ​ពិធី​រំឭក​ខួប​នៃ​ទិវា​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ក្រោម​ប្រធានបទ​ថា ថ្ងៃ​សេរីភាព​របស់​ខ្មែរ។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ថ្ងៃ​១៨ មីនា គឺ​ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ដែល​អូស​បន្លាយ​ជាង ៣០​ឆ្នាំ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​អស់​ច្រើន​លាន​នាក់ រួម​ទាំង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ផង។

នាយក​រដ្ឋមន្ត្រី​៖ ការ​ចំណាយ​លើ​បុគ្គលិក​មន្ត្រី​រាជការ​ច្រើន​ហួស​កំណត់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ថា ការ​ចំណាយ​ទៅ​លើ​បុគ្គលិក​មន្ត្រី​រាជការ​ខ្មែរ​កំពុង​តែ​មាន​ចំនួន​ច្រើន​ហួស​ថវិកា​កំណត់ និង​លើស​ការ​កំណត់​របស់​ផលិតផល​សរុប​នៅ​ក្នុងស្រុក។

ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ ក្នុង​ឱកាស​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១០ ដើម្បី​ពិចារណា​មើល​លើ​សមិទ្ធផល និង​អនាគត​របស់​ប្រទេស​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ឈប់​ជ្រើស​រើស​បុគ្គលិក​មន្ត្រី​រាជការ​ខ្មែរ​ពី​ពេល​នេះ​ត​ទៅ លើកលែង​តែ​ជ្រើស​រើស​ក្រុម​គ្រូ​ពេទ្យ​និង​គ្រូ​បង្រៀន​ប៉ុណ្ណោះ នៅ​ក្នុង​ផែនការ​សន្សំ​សំចៃ​ថវិកា​របស់​រដ្ឋ។

ស.រ.អា.​ចេញ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩

សហរដ្ឋ​អាមេរិក (ស.រ.អា) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​មាន​ការ​សរសើរ និង​ស្ដី​បន្ទោស​ផង អំពី​ស្ថានការណ៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០០៩​កន្លង​ទៅ។

ក្រសួង​ការ​បរទេស​របស់​អាមេរិក​បាន​វាយ​តម្លៃ​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ថា មាន​ការ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​មួយ​ចំនួន រាប់​ទាំង​ការ​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ, ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​ទៅ​កាន់​ប្រទេស​ចិន​វិញ, បញ្ហា​ជម្លោះ​ដី​ធ្លី និង​អំពើ​ពុក​រលួយ​រីក​រាល​ដាល​ខ្លាំង។

សម​រង្ស៊ី​អំពាវនាវ​ឲ្យ​តុលាការ​និង​រដ្ឋាភិបាល​ដោះលែង​ពលរដ្ឋ​២​នាក់

មេ​ដឹកនាំ​គណបក្ស​សម​រង្ស៊ី នៅ​ថ្ងៃ​ទី​២៥ មីនា បាន​ទទូច​សុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ដក​ពាក្យ​បណ្ដឹង និង​ដោះលែង​ប្រជាពលរដ្ឋ ២​នាក់ គឺ​លោក ព្រំ ជា និង​លោក​ស្រី មាស ស្រី ឲ្យ​មាន​សេរីភាព ហើយ​ប្រគល់​ដី​ស្រែ​ឲ្យ​ពួក​គាត់​វិញ។

ថ្លែង​ដូច្នេះ​គឺ​នៅ​ក្នុង​ពេល​ដែល​លោក សម រង្ស៊ី កំពុង​តែ​បង្ហាញ និង​លាត​ត្រដាង​ឯកសារ​ភស្តុតាង​ជា​ថ្មី​ទៀត​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ពិត​ជា​ត្រូវ​បាន​បាត់បង់​ទឹក​ដី​រវាង ៣០០​ម៉ែត្រ ទៅ​ជិត ៥០០​ម៉ែត្រ នៅ​ក្នុង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្រោម​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។

របាយការណ៍​ពី​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា​សុខ​គង់​ទៅ​ដល់​តុលាការ

លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​មីនា ថា លោក​បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ជុំវិញ​ការ​ឆែកឆេរ​រក​ឃើញ​គំនរ​ស្តុក​ឈើ​របស់​លោក​ឧកញ៉ា សុខ គង់ ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ពិនិត្យ​លើ​អាជ្ញាប័ណ្ណ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ស្តុក​ឈើ​ជាង ១០០​ម៉ែត្រ​គូប​នោះ ឲ្យ​ដឹង​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ។

អ្នកភូមិ​នៅ​កំពង់ស្ពឺ​រំសាយ​ការ​តវ៉ា​ក្រោយ​ពេល​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ

ពលរដ្ឋ​មក​ពី​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ចំនួន​ជាង ៤០០​នាក់ សុខចិត្ត​រំសាយ​ការ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត​ហើយ ក្រោយ​ពេល​ដែល​មាន​ការ​សន្យា​របស់​អាជ្ញាធរ​ថា នឹង​ដោះលែង​គ្នា​គាត់ ២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ។

ប្រជាពលរដ្ឋ​ជាង ៤០០​នាក់​ដែល​មក​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​រំសាយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​លោក ប៉ែន សំបូរ អភិបាល​រង​ខេត្ត​កំពង់ស្ពឺ បាន​សន្យា​ជា​ឱឡារិក​ថា អ្នក​ភូមិ​ចំនួន ២​នាក់​ដែល​តុលាការ​ខេត្ត​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​២៤ មីនា​កន្លង​ទៅ​នេះ អាច​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី​២៩ មីនា​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល