សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍ ២៨ ធ្នូ ២០០៩ ដល់ ៣ មករា ២០១០

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្តាហ៍​នេះ មាន​ជា​អាទិ៍ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០០៩ សភា​បង្កើត​ច្បាប់​ថ្មីមួយ​ដក​ហូត​ដីធ្លី ដែល​គេ​ហៅ​ថា ច្បាប់​ "អស្សាមិករណ៍” និង​ដំណឹង​ផ្សេង​ៗទៀត។
ដោយ វោហារ ជាតិ
2010.01.03
ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០០៤ ។
AFP File Photo

លោក វោហារ ជាតិ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​រាជធានី​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា​ពី​ថ្ងៃ ២៨ ធ្នូ ឆ្នាំ​២០០៩ ដល់ថ្ងៃ ៣ មករា​ ឆ្នាំ២០១០។

ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០០៩​នេះ​ថយ​ចុះតែ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង

របាយការណ៍​ក្រសួង​មហា​ផ្ទៃ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​​២០០៩ មាន​ជាង ១.៦០០​នាក់ គឺ​កើន​ ១០០​នាក់​បើ​ប្រៀប​ទៅ​ឆ្នាំ​២០០៨។

ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក និង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ផ្លូវ​គោក លោក ព្រាប ច័ន្ទវិបុល មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ឆ្នាំ​២០០៩ មាន​ចំនួន ៦.០២១​លើក និង​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង ៦.៥០០​នាក់ របួស​ធ្ងន់​ជាង ៥.០០០​នាក់ និង​របួស​ស្រាល​ជាង ៥.២០០​នាក់។ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ ៣% ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ៥ %​វិញ។

លោក​បន្ត​ថា ចំនួន​គ្រោះថ្នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០០៨ មាន​ចំនួន ៦.២១៤​លើក ​​មនុស្ស​ស្លាប់​១.៥០០​នាក់ និង​របួស​ធ្ងន់​ជាង ៥.០០០​នាក់ និង​របួស​ស្រាល​ជាង ៦.០០០​នាក់។

ចំនួន​ពាក្យ​បណ្តឹង​ប្រឆាំង​​អ្នក​កាសែត​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ចំនួន​ពាក្យ​បណ្តឹង​ដែល​មជ្ឈដ្ឋាន​នានា​បាន​ប្តឹង​អ្នក​កាសែត​ទៅ​តុលាការ​មាន​ការ​កើន​ឡើង​ចំនួន ៨​ករណី​បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​ប្រៀបធៀប​ឆ្នាំ​២០០៨ កន្លង​ទៅ។

ចំពោះ​ការ​ចាប់​ខ្លួន​និង​ឃាត់​ខ្លួន​អ្នក​កាសែត​ខ្មែរ​វិញ​ក៏​មាន​ការ​កើន​ឡើង​ដែរ​ដោយ​ក្នុង​ឆ្នាំ​២០០៩​នេះ មាន​អ្នក​កាសែត​ចំនួន ៣១​នាក់​បាន​ជាប់​ឃុំ​ក្នុង​នោះ​មាន ២​នាក់​ជាប់​គុក​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

សភា​ជាតិ​ប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​"អស្សាមិករណ៍"

រដ្ឋ​សភា​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អស្សាមិករណ៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ធ្នូ ដោយ​មាន​សមាជិក​ចំនួន ៩៩​រូប​ចូល​រួម​ជជែក​ដេញ​ដោល​គ្នា។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​របស់​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​អស្សាមិករណ៍ អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​អាច​ដក​ហូត​ដី ផ្ទះ​ឯក​ជន និង​ទ្រព្យ​សម្បត្តិ​រដ្ឋ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ស្ពាន និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។

លោក​បន្ត​ថា ថ្វី​ត្បិត​តែ​មាន​ការ​ជំទាស់​ខ្លាំង​ពី​មន្ត្រី​គណបក្ស​ប្រឆាំង ប៉ុន្តែ​រដ្ឋ​សភា​អនុម័ត​បាន​ជំពូក​ទី​១ នៅ​សល់​៧​ជំពូក​ទៀត។

លោក យឹម សុវណ្ណ សមាជិក​សភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​យក​សេចក្តី​ព្រាង​ច្បាប់​អស្សាមិករណ៍​ទៅ​ពិនិត្យ​កែប្រែ​ចំណុច​ខ្វះ​ខាត ដូច​ជា​មាន​និយមន័យ​មិន​ច្បាស់​លាស់ និង​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត។

សេចក្តី​ព្រាង​ច្បាប់​អស្សាមិករណ៍​មាន ៨​ជំពូក និង​ចែក​ចេញ​ជា ៣៩​មាត្រា​ក៏​បាន​កំណត់​ថា នឹង​ផ្តល់​សំណង​ត្រឹមត្រូវ និង​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាត់បង់​ដីធ្លី និង​ផ្ទះ​ដោយសារ​តែ​ការ​ពង្រីក​ផ្លូវ​សម្រាប់​ការ​សាង​សង់ និង​ការ​អភិវឌ្ឍ​ណា​មួយ​ ដែល​ជា​ប្រយោជន៍​សាធារណៈ។

សមាគម​អាដហុក​​នឹង​បញ្ជូន​ប៉ែន​ប៊ុណ្ណារ៍​ឲ្យ​ទៅ​បំពេញ​ការងារ​នៅ​រតនគិរី​វិញ

សមាគម​​អាដហុក​បាន​សម្រេច​រួច​ហើយ​ថា នឹង​បញ្ជូន​សកម្មជន​ដ៏​សកម្ម​របស់​ខ្លួន​គឺ លោក ប៉ែន ប៉ុណ្ណារ៍ ឲ្យ​ត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​រតនគិរី​វិញ។

ការ​សម្រេច​ខាង​លើ​នេះ​គឺ​បន្ទាប់​ពី​មាន​រឿង​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​កោះ​ហៅ​លោក​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​រឿង​ចោទ​ប្រកាន់​ថា ញុះញង់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប៉ាតាង ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី ៣០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ឌីអឹម ហ្គ្រូប។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ នឹង​ត្រូវ​វិល​ទៅ​បំពេញ​ភារកិច្ច​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​រតនគិរី​បន្ត​ទៀត​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០០៩​នេះ បន្ទាប់​ពី​លោក​បាន​ផ្លាស់​ឲ្យ​មក​បំពេញ​ភារកិច្ច​នៅ​ស្នាក់ការ​កណ្តាល​សមាគម អាដហុក នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០០៩ ថា មាន​អ្នក​ភូមិ​ជនជាតិ​ដើម​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា លោក ប៉ែន ប៊ុណ្ណារ៍ មិន​មាន​កំហុស​ពី​រឿង​ចោទ​ប្រកាន់​ថា ជា​អ្នក​ញុះញង់​អ្នក​ភូមិ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​ទូន្មាន​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ទូន្មាន​ឲ្យ​សាច់​ញាតិ​នានា​នៃ​ត្រកូល​ហ៊ុន កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​លោក​បាន​ព្រមាន​ថា ប្រជា​ពលរដ្ឋ​ខែ្មរ​នានា​អាច​នឹង​ធ្វើ​ការ​សងសឹក​ដោយ​គំនុំ​នៅ​ថៃ្ង​ណា​មួយ​ ដែល​លោក​អស់​ពី​អំណាច​ជា​នាយក​រដ្ឋមន្រ្តី។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្រួសារ​ដ៏​ធំ​មួយ​ដូច្នេះ​ថា "ចូរចាំ​ថា ក្មួយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ!"។

លោក យឹម សុវណ្ណ ​តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​សាទរ​ចំពោះ​ការ​ទូន្មាន​នោះ "ជា​ការ​ទូន្មាន​មួយ​ដ៏​ល្អ​សម្រាប់​កូន​ចៅ ហើយ​សូម​ឲ្យ​ទូន្មាន​មនុស្ស​នៅ​ទៅ​ទូទាំង​ប្រទេស​កុំ​ឲ្យ​មាន​អំពើ​អាក្រក់​កើត​នៅ​ក្នុង​សង្គម​ខ្មែរ​ពី​ព្រោះ​អំពើ​អាក្រក់​នាំ​មក​នូវ​អយុត្តិធម៌"។

ជប៉ុន​សន្យា​ផ្ដល់​ជំនួយ​សង់​អគារ​តម្កល់​ឯកសារ​សាលាក្ដី​ខ្មែរ​ក្រហម

ប្រទេស​ជប៉ុន​សន្យា​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​ជាង ២​លាន​ដុល្លារ​ដើម្បី​សង់​អគារ​តម្កល់​ឯកសារ​សាលាក្តី​ខ្មែរ​ក្រហម និង​អគារ​រដ្ឋបាល​របស់​គណៈ​មេធាវី​កម្ពុជា។

មន្រ្តី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុ​លាការ​ខ្មែរ​ក្រហម​ លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ថវិកា​ជំនួយ​នេះ​នឹង​បាន​ជា​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ការ​សិក្សា​ស្វែង​យល់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បរទេស។

ទាក់ទង​នឹង​ថវិកា​ជំនួយ​នេះ​ដែរ ទឹក​ប្រាក់​មួយ​ផ្នែក​នឹង​ប្រើប្រាស់​ដើម្បី​សង់​អគារ​រដ្ឋបាល​ដែល​ជា​ទីស្នាក់ការ​កណ្តាល​របស់​គណៈ​មេធាវី​កម្ពុជា​។

លោក​មេធាវី ជីវ សុងហាក់ ប្រធាន​គណៈ​មេធាវី​កម្ពុជា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ជួយ​ដល់​ដំណើរ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

ប្រធាន​សភា​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​កាសែត​២​រូប

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ លើ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ចំនួន ១៦​រូប​ផ្ញើ​ជូន​លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សុំ​ឲ្យ​ចាត់​វិធានការ​តាម​នីតិ​វិធី​ឲ្យ​តុលាការ​ដោះលែង​អ្នក​កាសែត​ចំនួន​ពីរ​រូប គឺ​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ចេញ​ពី​ពន្ធនាគារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​នៅ​មិន​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ។

ជា​ស៊ីម​អំពាវនាវ​ឲ្យ​បុព្វជិត​និង​គ្រហស្ថ​ពង្រឹង​ការ​ប្រតិបត្តិ​ធម៌​វិន័យ

លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​អំពាវនាវ​ដល់​មន្ត្រី​សង្ឃ និង​ពុទ្ធសាស​និក​ឲ្យ​ខិតខំ​ពង្រឹង​ការ​ប្រតិបត្តិ​ខ្លួន​ឯង និង​ជួយ​អប់រំ​ពុទ្ធ​បរិស័ទ​តាម​លំអាន​ខ្លឹមសារ​ក្នុង​ព្រះ​ត្រៃបិដក​ដែល​ជា​ធម៌​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ។

មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរ​សាទ​រ​អនុ​សំវច្ចរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ឆ្នាំ​២០០៩​ លើក​ទី​១៨ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នា​ទីក្រុង​ភ្នំពេញ​ដែល​មាន​មន្ត្រី​សង្ឃ​និង​គ្រហស្ថ​ប្រមាណ​ជិត ១​ពាន់​នាក់​ចូលរួម លោក ជា ស៊ីម បញ្ជាក់​ថា​ តួនាទី​ព្រះ​ពុទ្ធ​សាសនា​ផ្សាភ្ជាប់​នឹង​សង្គម ពង្រឹង​គុណភាព​លើ​អភិបាល​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ ​ត្រូវ​ផ្សាភ្ជាប់​នូវ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ឲ្យ​កិច្ចការ​ព្រះ​ពុទ្ធ​ សាសនា​មាន​សណ្ដាប់ធ្នាប់ និង​ធានា​បាន​នូវ​សាមគ្គីភាព​ក្នុង​ជួរ​ពុទ្ធ​សាសនិក​ជន​ដែល​ជា​ប្រការ​សំខាន់​បំផុត។

សីលធម៌​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្នបាន​ធ្លាក់​ចុះ​ខ្លាំង​ហួស​ពី​ការ​ស្មាន ​កុំ​ថា​ឡើយ​តែ​គ្រហស្ថ សូម្បី​តែ​ព្រះសង្ឃ យាយជី តា​អាចារ្យ ក៏​ឈ្លោះ​វាយ​តប់​ កាប់​ចាក់​គ្នា​ដែរ​ រហូត​ធ្វើ​ឲ្យ​បណ្តាញ​ព័ត៌​មាន​ខ្លះ​ចំអក​ឡក​ឡឺយ​ថា ជា​សង្ឃ​ទំនើង ឬ​អាចារ្យ​ទំនើង​ទៀត​ផង។ លោក ជា ស៊ីម បាន​អំពាវនាវ​ឲ្យ​បុព្វជិត​និង​គ្រហស្ថ​ពង្រឹង​ការ​ប្រតិបត្តិ​ធម៌​វិន័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​មាន​វត្ត​ចំនួន ៤​ពាន់​វត្ត និង​ព្រះ​សង្ឃ​ជាង ៥​ម៉ឺន​អង្គ ក្នុង​នោះ​គណៈ​មហា​និកាយ​មាន​ជាង ៤​ពាន់​វត្ត ព្រះ​សង្ឃ​មាន​ចំនួន​ជាង ៥​ម៉ឺន​អង្គ និង​គណៈ​ធម្មយុត្តិក​និកាយ មាន ១៥១​វត្ត និង​ព្រះ​សង្ឃ​មាន​ចំនួន​ជាង ១.៣០០​អង្គ។

ខ្មែរ​អាច​ឆ្លង​ដែន​មិន​បង់​ថ្លៃ​ទិដ្ឋាការ​ទៅ​ប្រទេស​៥​ក្នុង​សហគមន៍​អាស៊ាន​នៅ ​ឆ្នាំ​ថ្មី​ ឆ្នាំ ២០១០​នេះ

ប្រទេស​ ៥ ជា​សមាជិក​សហគមន៍​អាស៊ាន​ អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លង​ដែន​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ទិដ្ឋាការ។ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ លោក កុយ គួង មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​៥​នោះ​មាន​ប្រទេស​វៀតណាម លាវ, សិង្ហបុរី, ហ្វីលីពីន និង​ម៉ាឡេស៊ី។ លោក​បន្ត​ថា នៅ​ចុង​ឆ្នាំ​២០១០ កម្ពុជា​រំពឹង​ថា នឹង​មាន​ប្រទេស​ថៃ​មួយ​ទៀត​ដែល​ពលរដ្ឋ​ទាំង​ពីរ​ឆ្លង​ដែន​ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​ទិដ្ឋាការ។

ជប៉ុន​ផ្អាក​ជំនួយ​ក្នុង​គម្រោង​សាងសង់​ស្ពាន​អ្នកលឿង

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ ថា ប្រទេស​ជប៉ុន​បាន​ផ្អាក​ជំនួយ​ឥត​សំណង​ចំនួន ៧៤​លាន​ដុលា្លរ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​គម្រោង​សាងសង់​ស្ពាន​ អ្នកលឿង។

ការ​ប្រកាស​ផ្អាក​នោះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា មិន​បាន​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​រុះរើ​ផ្ទះ​ចេញ​ដើម្បី​យក​កន្លែង​សាងសង់​ស្ពាន​នោះ។

លោក​ស្រី លី ស្រីវីណា តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​លោកស្រី​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ភាគី​ជប៉ុន​បាន​ប្រាប់​លោក​ស្រី​ថា លុះ​ត្រា​ណា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សំណង​សម​រម្យ​ដល់​ប្រជា​ពលដ្ឋ​ដែល​ បណ្តេញ​ចេញ​ទើប​ជប៉ុន​នឹង​ផ្តល់​ថវិកា​នោះ។

លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​ បន្ទុក​ការ​បរទេស​បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​អះអាង​ថា ប្រទេស​ជប៉ុន​នៅតែ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា​ចំនួន ៧៤​លាន​ដុលា្លរ​ដើម្បី​សាងសង់​ស្ពាន​អ្នកលឿង​ដដែល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។