សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍​ ថ្ងៃ ៩ ដល់ ១៥ មករា ២០១០

ព័ត៌មាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ប្រចាំ​សប្តាហ៍​នេះ​គឺ​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​មន្ត្រី​ខ្មែរ ​និង​មន្ត្រី​ថៃ​ទាក់​ទង​ទៅ​នឹង​រឿង​ប្រាសាទ​ព្រះវិហារ និង​ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ទៀត​។
ដោយ វោហារ ជាតិ
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
RFA Photo/Keo Nimol

កម្ពុជា​ឆ្លើយ​ប្រាប់​ថៃ​ថា​ប្រាសាទ​ព្រះវិហារ​មិន​មែន​ជា​របស់​ថៃ​ដូច​ថៃ​គិត​នោះ​ទេ

ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​មករា បាន​ចេញ​សេចក្តី​ថ្លែង​ការ​បំភ្លឺ​មួយ​ដោយ​បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​សម្តី​របស់​អគ្គនាយក​នៃ​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ថៃ គឺ​លោក វីម៉ុន ឃីតឆប (Vimon Kidchob) ដែល​ត្រូវបាន​ស្រង់​សំដី​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ថៃ ឌឹ​ណេស្សិន (The Nation) កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១០ ដែល​ថា "ប្រាសាទ​​ព្រះវិហារ​និង​ដី​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ​រួម​ទាំង​វត្ត​កែវសិខាគិរីស្វរៈ​ជា​របស់​ថៃ"។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ ​បាន​ចាត់​ទុក​សម្តី លោក វីម៉ុន ឃីតឆប ទាក់​ទង​រឿង​ប្រាសាទ​ព្រះវិហារ​នោះ​ថា ជា​ការ​បំភ្លៃ​មតិ​សាធារណ​ជន និង​មាន​បំណង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​កម្ពុជា-ថៃ​កាន់​តែ​មាន​ភាព​តាន​តឹង ​និង​អាក្រក់​ឡើង។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​រដ្ឋាភិបាល​ថៃ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម និង​ព្រមាន​ដល់​រដ្ឋាភិបាល​ថៃ និង​​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ថា កម្ពុជា​មិន​បញ្ជូន​ឯក​អគ្គរាជទូត​ទៅ​ថៃ​វិញ​ទេ ដរាប​ណា​ភាគី​ថៃ​មិន​បញ្ជូន​ឯក​អគ្គរាជទូត​ថៃ​មក​កម្ពុជា​មុន​ទេ​នោះ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដូច្នេះ គឺ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១២ មករា។

លោក ហ៊ុន សែន បាន​អះអាង​ផងដែរ​ថា កម្ពុជា​មិន​ត្រូវការ​ជំនួយ​ពី​ប្រទេស​ថៃ​នោះ​ទេ ពី​ព្រោះ​កន្លង​មក​ប្រទេស​ថៃ​មិន​ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នោះ​ឡើយ។

កម្ពុជា​បដិសេធ​ក្នុង​ការ​ដក​ហូត​តួនាទី​របស់​ថាក់ស៊ីន

ប្រទេស​​កម្ពុជា​បាន​ប្រកាស​បដិសេធ​ក្នុង​ការ​ដក​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​ពី​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)។

លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) នៅ​ថ្ងៃ​ទី​១១ ខែ​មករា​នេះ​ថា ការ​តែងតាំង​លោក ថាក់ស៊ីន គឺ​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ប្រទេស​ថៃ​គ្មាន​សិទ្ធិ​នឹង​មក​ជ្រៀតជ្រែក​ក្នុង​បញ្ហា​នេះ​ទេ។ ការ​ប្រកាស​បដិសេធ​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក កាស៊ីត ភីរុម (Kasit Piromya) នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត ឌឺ ហ្វាយណាន្សល​ថែម៍ (The Financial Times) ដោយ​បាន​ថ្លែង​ថា ប្រទេស​ទាំង​ពីរ​មិន​អាច​ស្តារ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​ឡើង​វិញ​បាន​ឡើយ ប្រសិន​បើ​កម្ពុជា​មិន​ព្រម​ដក​តំណែង​លោក ថាក់ស៊ីន ចេញ​ទេ​នោះ​ទេ។

មន្រ្តី​ខ្មែរ​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​​របស់ ហ្វ្រីឌម ហោស (Freedom House)

មន្ត្រីខ្មែរ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី​១៣ មករា​នេះ​ថា របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Freedom House ស្តី​អំពី​ការ​វាយ​តម្លៃ​សេរីភាព​នៅ​កម្ពុជា​កំពុងតែ​ស្រុត​ចុះ​នោះ​គឺ​មិន​សុ​ក្រឹត​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ក្នុង​មួយ​ឆ្នាំៗ​កម្ពុជា​បាន​បង្កើត​ច្បាប់​ជា​ហូរហែ​រួម​ទាំង​បង្កើត​យន្តការ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ការ​គាំពារ​និង​ការពារ​សិទ្ធិ​មនុស្ស។

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Freedom House បាន​ចាត់​ទុក​ថា សិទ្ធិសេរីភាព​នយោបាយ​រួម​ទាំង​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា​នៅ​អន់​មែន​ទែន​ប្រៀប​ធៀប​ទៅ​ប្រទេស​ផ្សេង​ទៀត។

បក្ស​សម​រង្ស៊ី​ប្រមូល​អ្នក​គាំទ្រ​ដើម្បី​ឲ្យ​មេ​បក្ស​រួច​ពី​ការ​ចោទ​ប្រកាន់​

លោក​តំណាង​រាស្ត្រ ហូ វ៉ាន់ នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណៈបក្ស​លោក​បាន​ប្រមូល​ស្នាម​មេ​ដៃ​ប្រជា​ពលរដ្ឋ​គាំទ្រ​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ហើយ​ដើម្បី​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​នរោត្តម សីហមុនី និង​សភា​ជាតិ​ដើម្បី​សុំ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជ​សាសន៍​ចំពោះ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​មក​នេះ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

ខ្មែរ​ម្នាក់​សង្ស័យ​ថា​ត្រូវ​បាន​វៀតណាមព្រួត​វាយ​សម្លាប់

បុរស​ម្នាក់​នៅ​ខេត្ត​កំពត ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនង​ជា​ត្រូវ​ជនជាតិ​វៀតណាម​ព្រួត​គ្នា​វាយ​សម្លាប់​នៅ​ក្នុង​ទឹក​ដី​វៀតណាម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ហើយ​ក៏​យក​សាកសព​នោះ​ទៅ​បោះ​ចោល​តែ​ម្តង។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ១១ ​មករា​នេះថា គេ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ផ្តល់​យុត្តិធម៌​ឲ្យ​បុរស​ខ្មែរ​ម្នាក់​ដែល​ ត្រូវ​គេ​សង្ស័យ​ថា ត្រូវ​ជនជាតិ​វៀតណាម​វាយ​សម្លាប់​នោះ​ហើយ។ បុរស​រូប​នោះ​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម​ដើម្បី​ធ្វើ​ជា​កម្មករ​សំណង់។

ថៃបាញ់ខ្មែរស្លាប់២នាក់ទៀតហើយ​ខណៈ​ដែល​ពួក​គេ​ឆ្លង​ដែន​ទៅ​កាប់​ឈើ

ប៉ូលិស​​ថៃ​នៃ​ស្រុក​ខាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត បាន​ប្រើ​អាវុធ​បាញ់​រះ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​២០​នាក់ ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​កាប់​ឈើ​នៅ​ តំបន់​ខ្នង​ភ្នំ​ដងរែក​ជាប់​ភូមិ​សាស្ត្រ​ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​២​នាក់​ស្លាប់​និង​ម្នាក់​ទៀត​នៅ​បាត់​ខ្លួន​។

ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩

របាយការណ៍ ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​អះអាង​ថា មក​ដល់​បច្ចុប្បន្ន​នេះ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​កំពុង​បាត់បង់​ទី​ជម្រក ហើយ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​គុក​ដោយសារ​តែ​វិបត្តិ​វិវាទ​ដីធ្លី​។

ក្នុង​ករណី​ទំនាស់​ជាច្រើន​កន្លង​មក អាជ្ញាធរ​តែង​ប្រើ​សកម្មភាព​ឈូស​ឆាយ​កម្ទេច និង​ដុត​បំផ្លាញ​ដំណាំ​និង​ផ្ទះ​ សម្បែង​របស់​អ្នក​ស្រុក​រាប់​រយ​ខ្នង ដូច​ជា​ករណី​នៅ​តំបន់​អូរបាត់មាន់ នៅ​ខេត្ត​សៀមរាប​និង​នៅ​ខេត្ត​កំពង់ធំ​ជាដើម។

អ្នក​ស្រុក​ដែល​ទទួល​រង​គ្រោះ​បាន​ថ្លែង​ថា ជា​ទូទៅ​រដ្ឋាភិបាល​បាន​ព្យាយាម​ផ្តល់​នូវ​សំណង​ដោយ​បដិសេធ​ថា មិន​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​ចាក​ចេញ​ឡើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ទទួល​យក​នូវ​សំណង​ដែល​មិន​សមរម្យ​ដោយសារ​ភ័យ​ខ្លាច​ចំពោះ​ការ​គំរាម​ផ្សេងៗ ដូចជា​ការ​បាញ់​សម្លាប់ និង​ការ​គំរាម​ចាប់​ដាក់​គុក​ជា​ដើម។

សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​០០២​

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទើប​បាន​បញ្ចប់​ការ​ស៊ើប​សួរ​ ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥​រូប​ដូចជា អៀង សារី, អៀង ធីរិទ្ធ, នួន ជា, ខៀវ សំផន និង កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែល​ជា​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក រាជ សម្បត្តិ បញ្ជាក់​ថា គេ​មិន​ទាន់​ដឹង​ថ្ងៃ​សវនាការ​កាត់ក្តី​ជន​ទាំង​៥​នាក់​នោះ​នៅ​ឡើយ​ទេ ហើយ​គេ​នឹង​ដឹង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១០ ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល