ព័ត៌មាន​សង្ខេប​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១២ ដល់ ១៨ កក្កដា ២០១០

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ឬ ឆ្មាំ​អង្គរ ឆ្នាំ​២០១០ និង​ព័ត៌មាន​ផ្សេងៗ​មួយ​ចំនួន​ទៀត។
ដោយ មុំ សុផុន
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៧-កក្កដា-២០១០: ទិដ្ឋភាព​ថ្ងៃ​ចាប់ផ្ដើម​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ
១៧-កក្កដា-២០១០: ទិដ្ឋភាព​ថ្ងៃ​ចាប់ផ្ដើម​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ
RFA/Uon Chhin

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ឆ្នាំ​២០១០

លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ឆ្មាំ​អង្គរ ឆ្នាំ​២០១០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ចាប់​ផ្ដើម​ជា​ផ្លូវការ​នៅថ្ងៃសៅរិ៍ទី១៧កក្កដា សប្ដាហ៍​នេះ នៅ​លើ​ទី​លាន​នៃ​សាលា​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ អតីត​ទីលាន​បាញ់​គ្រាប់​ពិត ACO ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​កងទ័ព​ចម្រុះ​ពូជសាសន៍​ប្រមាណ​ជាង ៧០០​នាក់ មក​ពី​២៦​ប្រទេស​ចូលរួម ក្នុង​នោះ​កង​ទ័ព​កម្ពុជា មាន​ចំនួន​១៣៥​នាក់ បាន​ចាប់​ផ្ដើម​ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម។

លំហាត់​សម​យុទ្ធ​យោធា​ពហុ​សាសន៍ ឈ្មោះ​ឆ្មាំ​អង្គរ ឆ្នាំ​២០១០ គឺ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១០។

កម្ពុជា​​ទុក​ឲ្យ​ថៃ​ជា​អ្នក​ស្ដារ​ចំណង​ការ​ទូត

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ អំពី​ការ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ថៃ​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដូច​មុន​ជា​ដដែល គឺ​ទុក​ឲ្យ​ភាគី​នៃ​ប្រទេស​ថៃ​ជា​អ្នក​ចាប់ផ្ដើម​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​មក​កម្ពុជា​ជា​មុន ទើប​កម្ពុជា​នឹង​ចាត់​វិធានការ​ជា​បន្ទាន់ បញ្ជូន​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ជា​ក្រោយ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​សុខ​ចិត្ត​រក្សា​កម្រិត​ទាប​នៃ​ចំណង​ការ​ទូត​ដូច​ពេល​នេះ​ជា​រៀង​រហូត។

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​នេះ គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាប់ភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា សប្ដាហ៍​នេះ តាម​ទូរទស្សន៍ TNA របស់​ថៃ ដោយ​និយាយ​ថា ការ​ស្ដារ​ចំណង​ការ​ទូត​កម្ពុជា និង​ថៃ គឺ​អាស្រ័យ​ភាគី​កម្ពុជា​ទេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ជា​អនុ​រដ្ឋ​លេខាធិការ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​ថៃ​ចង់​ស្ដារ​ឲ្យ​ទំនាក់​ទំនង​ការទូត​ឲ្យ​កម្រិត​ឯក​អគ្គ​រាជ​ទូត​វិញ​នោះ គឺ​វា​អាស្រ័យ​ទៅ​លើ​ភាគី​ថៃ។

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ លោកស្រី មូរ សុខហួរ

ព្រះរាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក សុខ រឿន បាន​ចេញ​ដីកា​បញ្ជា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ឲ្យ​រតនាគារ​រាជធានី​ភ្នំពេញ​បង្ខំ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​លោកស្រី មូរ សុខហួរ ចំនួន ៨​លាន ៥​សែន​រៀល ជា​ពិន័យ​ព្រហ្មទណ្ឌ ក្នុង​ករណី​បរិហារ​កេរ្តិ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក គី តិច មេធាវី របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​រដ្ឋសភា​កាត់ប្រាក់ខែ​របស់​លោកស្រី មូរ សុខហួរ ចំនួន​៨​លាន​រៀល ដើម្បី​សង​ជំងឺចិត្ត​លោក ហ៊ុន សែន។

លោកស្រី មូរ សុខហួរ បាន​បដិសេធ​មិន​បង់​ប្រាក់​ពិន័យ​តុលាការ កាត់​ឲ្យ​លោកស្រី សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៨​លាន​រៀល និង ៨​លាន ៥​សែន​រៀល​ផ្សេង​ទៀត ទៅ​ឲ្យ​រតនាគារ​ជាតិ​កម្ពុជា​នោះ​ទេ។

លោក គី តិច បាន​ឲ្យ​ដឹង​ថា សម្រាប់​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បញ្ចប់​ប្រសិន​បើ​រដ្ឋសភា​ជាតិ សុខ​ចិត្ត​កាត់​ប្រាក់​ខែ​លោកស្រី មូរ សុខហួរ។ ប៉ុន្តែ​លោកស្រី នៅ​តែ​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ ប្រសិន​បើ​លោកស្រី​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​៨លាន និង​៥សែន រៀល​ឲ្យ​ទៅ​រតនាគារ​ជាតិ។

មន្ត្រី​ស.រ.អា.​នឹង​ជួប​មន្ត្រី​បក្ស​ជំទាស់​ពិភាក្សា​ពី​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា

មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក (ស.រ.អា.) លោក វីលៀម ប៊ើនស៍ (William Burns) នឹង​ជួប​ពិភាក្សា​ជា​មួយ​មន្ត្រី​គណបក្ស​ជំទាស់​ពី​បញ្ហា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា និង​បញ្ហា​សិទ្ធិ​សេរីភាព​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ហើយ​លោក​ក៏​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

លោក វីលៀម ប៊ើនស៍ ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​ចំនួន​ពីរ​ថ្ងៃ​របស់​លោក គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

ក្នុង​ដំណើរ​​បេសកកម្ម​របស់​លោក វីលៀម ប៊ើនស៍ លោក​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​បក្ស​ជំទាស់​ធំ​ៗ​ចំនួន​ពីរ​នៅ​កម្ពុជា។ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស រិះគន់​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ។

មន្ត្រី​អ.ស.ប.​ថ្កោល​ទោស​តុលាការ​កម្ពុជា​ក្នុង​ករណី មូរ សុខហួរ

ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ក្រុង​ហ្សឺណែវ (Geneva) ជា​អង្គការ​កំពូល​ពិភពលោក​ការពារ​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​មូលដ្ឋាន​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា នៅ​ពេល​ដែល​តុលាការ និង​អាជ្ញាធរ​កម្ពុជា​គំរាម​ថា នឹង​ចាប់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ លោកស្រី មូរ សុខហួរ ដាក់​ពន្ធនាគារ ប្រសិន​បើ​លោកស្រី​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ក្នុង​ករណី​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន។

ប្រធាន​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោកស្រី ណាវី ភីល័យ (Navy Pillay) កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ សប្ដាហ៍​នេះ បាន​ហៅ​ករណី​លោកស្រី មូរ សុខហួរ ដែល​តុលាការ​កម្ពុជា​កាត់​ក្ដី​ឲ្យ​ចាញ់​លោក​នាយក​រដ្ឋមន្ត្រី ហើយ​ត្រូវ​សង​ប្រាក់​ពិន័យ ​និង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ចំនួន ១៦,៥​លាន​រៀល ថា​ជា​ការ​ប្រកាស​អាសន្ន​ចំពោះ​ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​នៅ​ប្រទេស​កម្ពុជា។

សមត្ថកិច្ច​រារាំង​ពិធី​ជួប​ជុំ​រំឭក​ថ្ងៃ​ថៃ​ឈ្លានពាន​ទឹក​ដី

មេ​ដឹក​នាំ​មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ពិធី​រំឭក​ខួប​ចង​កំហឹង​សម្ដែង​ឆន្ទៈ​ស្នេហា​ជាតិ ដែល​គ្រោង​រៀបចំ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ ថ្ងៃ​ទី​១៥ សប្ដាហ៍​នេះ មិន​អាច​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ឡើយ ព្រោះ​អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ជា​អ្នក​ដឹក​នាំ​ពិធី​ជួប​ជុំ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ ឬ​ដង្ហែ​ក្បួន នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា សម្ដែង​ពី​ឆន្ទៈ​ស្នេហា​ជាតិ ដែល​ថៃ​បាន​ចូល​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​ខ្មែរ ក៏ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ហាម​ឃាត់​ទៅ​វិញ។ យ៉ាង​នេះ​ក្តី មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​ការ​បង្ក្រាប​នោះ​ទេ។

មន្ត្រី​កម្ពុជា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​នៅ​ប្រេស៊ីល

ប្រទេស​ថៃ​មាន​ផែនការ​តវ៉ា​ជា​ថ្មី​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នៅ​ចុង​ខែ​កក្កដា​នេះ ហើយ​កម្ពុជា​ក៏​បាន​តៀម​បញ្ជូន​ប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ផង​ដែរ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ក្រុម​ប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម មាន​សមាជិក​ចំនួន ១០​រូប ដឹក​នាំ​ដោយ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល នៅ​ចុង​ខែ​កក្កដា​នេះ។

កិច្ច​ប្រជុំ​នោះ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ខាង​មុខ​នេះ ដែល​មាន​តំណាង​ប្រទេស​ចំនួន ១៨០ នឹង​ចូល​រួម​ប្រជុំ ផ្ដោត​លើ​ការ​ថែ​រក្សា និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំណត់​ថ្ងៃ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​ទី​១៤ សប្ដាហ៍​នេះ បាន​ប្រកាស​ថា ខ្លួន​កំណត់​យក​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដើម្បី​ចាប់ផ្ដើម​នីតិ​វិធី និង​ដំណើរការ​ប្រកាស​ទ្រព្យ​សម្បត្តិ លុយ​កាក់ និង​បំណុល​ជាដើម ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា គឺ​ប្រគល់​ឯកសារ​រាយ​ឈ្មោះ​ទ្រព្យ​សម្បត្តិ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ដើម្បី​រក្សា​ទុក។

មុខ​សញ្ញា​ដែល​គេ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ​មាន​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន​មន្ត្រី​រាជការ​ស៊ីវិល យោធា និង​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ និង​អនុ​ក្រឹត្យ តំណាង​រាស្ត្រ​ទាំង​អស់ សមាជិក​ទាំង​អស់​នៃ​ព្រឹទ្ធសភា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា ក្រុមហ៊ុន​ឯកជន​ធំ​ៗ មន្ត្រី​ជាន់​ខ្ពស់ និង​មេ​ដឹកនាំ​រដ្ឋាភិបាល ព្រម​ទាំង​មន្ត្រី និង​សមាជិក​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។

ការ​ប្រកាស​នេះ​គេ​តម្រូវ​ឲ្យ​ធ្វើ​ជា​រៀងរាល់ ២​ឆ្នាំ​ម្ដង​ៗ ដោយ​លាយលក្ខណ៍អក្សរ និង​ឲ្យ​ប្រកាស​នៅ​មុន​ពេល​ចូល​កាន់​តំណែង និង​ក្រោយ​ពេល​ចេញ​ពី​តំណែង។ ប៉ុន្តែ​ការ​ប្រកាស​នោះ​គឺ​ឲ្យ​ធ្វើ​ដោយ​សម្ងាត់។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ថ្លែង​ថា លោក​សុំ​ឲ្យ​មាន​ការ​ចូលរួម​ពី​មហាជន​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល