ព័ត៌មាន​សង្ខេប​ប្រចាំ​សប្ដាហ៍ ថ្ងៃ​២៣ ដល់ ២៩ សីហា ២០១០

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន ប្រទេស​កម្ពុជា និង​ថៃ បាន​បញ្ជូន​ឯកអគ្គរាជទូត​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​វិញ​ហើយ និង​ព័ត៌មាន​ផ្សេងៗ​មួយ​ចំនួន​ទៀត។
ដោយ វោហារ ជាតិ
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា លោក ប្រាសាស ប្រាសាសវីនីតឆៃ (Prasas Prasasvinitchai) ញញឹម​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ សីហា ២០១០។
ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា លោក ប្រាសាស ប្រាសាសវីនីតឆៃ (Prasas Prasasvinitchai) ញញឹម​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ សីហា ២០១០។
AFP PHOTO

ថាក់​ស៊ីន​ឈប់​ធ្វើ​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២៣ សីហា​ថា លោក ថាក់​ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​លា​ឈប់​ពី​មុខ​តំណែង​របស់​លោក​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ហើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​ថ្លែង​ថា ការ​លា​ឈប់​ពី​មុខ​តំណែង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ថាក់ស៊ីន គឺ​ដោយ​សារ​តែ​លោក​មមាញឹក​នឹង​ការ​ងារ​នៅ​ឯ​បរទេស ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ធ្វើ​ការ​ឲ្យ​ប្រទេស​កម្ពុជា។

លោក ថាក់​ស៊ីន ស៊ី​ណា​វ៉ាត់ បាន​ការ​តែង​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ ក្នុង​តួនាទី​របស់​លោក​ជា​ទី​ប្រឹក្សា លោក​បាន​ផ្ដល់​គំនិត ទស្សនាទាន និង​បទ​ពិសោធន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និង​ទេសចរណ៍។

ថៃ​ប្រកាស​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជាមួយ​កម្ពុជាវិញ

រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា ឡើង​វិញ ចាប់​ពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា។

សេចក្ដី​ប្រកាស​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​សីហា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​លាលែង​ពី​តំណែង​ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​តំណែង​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​ខ្មែរ។

ប្រទេស​ថៃ និង​កម្ពុជា បាន​ផ្ដាច់​ចំណង​ការទូត​រវាង​គ្នា​ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ គឺ​មួយ​ខែ​ក្រោយ​ពី​កម្ពុជា​បាន​ប្រកាស​តែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ខែ​តុលា។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភីរម (Kasit Piromya) បាន​ថ្លែង​ប្រាប់​អ្នកយក​​ព័ត៌មាន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​សីហា ថា ដោយសារ​កម្ពុជា បាន​ប្រកាស​ថា ឈប់​មាន​ការ​ទាក់ទង​ជាមួយ​នឹង​លោក ថាក់ស៊ីន នោះ លក្ខខណ្ឌ​របស់​ថៃ​ដែល​បាន​ផ្ដាច់​ចំណង​ការទូត​ជាមួយ​កម្ពុជា ក៏​ត្រូវ​ត្រឡប់​មក​ប្រក្រតី​វិញ​ដែរ។ ក៏​ប៉ុន្តែ​នៅ​ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​ថា ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​បន្ត​ដដែល។

ប្រធាន​រដ្ឋ​វៀតណាម​ទស្សន​កិច្ច​ប្រទេស​កម្ពុជា

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន មិញ​ត្រៀត (Nguyen Minh Triet) បាន​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ សីហា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ចំនួន​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​សីហា។

កម្មវិធី​ផ្លូវ​ការ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ លោក ង្វៀន មិញ​ត្រៀត បាន​​ចូល​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះ​បាទ ព្រះ​បរមនាថ នរោត្តម សីហមុនី, ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន, ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​សុំ​ឲ្យ​ព្រះ​មហា​ក្សត្រ​ខ្មែរ ​លើក​អំពី​ការ​គាប​សង្កត់ និង​ការ​រំលោភ​សិទ្ធិ​សេរីភាព ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម មក​លើ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​​ខ្មែរ ​​អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​មិន​មាន​បញ្ហា​អ្វី​ទេ។

វៀតណាម​បើក​ការិយាល័យ​តំណាង​វិទ្យុ​នៅ​កម្ពុជា

លោក ប៉ុក ហាក់ មន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា វិទ្យុ​សំឡេង​វៀតណាម ដែល​ទើប​សម្ពោធ​ការិយាល័យ​តំណាង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា នឹង​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​ជា​ភាសា​វៀតណាម ពី​ទីក្រុង​ហា​ណូយ ដោយ​មាន​​សេចក្ដី​រាយការណ៍​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ផង នៅ​ដំណាច់​ខែ​សីហា ឬ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១០​នេះ។

ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​វៀតណាម ប្រចាំ​កម្ពុជា​ មាន​ទីតាំង​ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ ក្រុង​ភ្នំពេញ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា វិទ្យុ​សំឡេង​វៀតណាម​មិន​មាន​ស្ថានីយ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​កម្ពុជា​ទេ ហើយ​ក៏​មិន​ដឹង​ថា ការ​ផ្សាយ​នោះ​មាន​ភាសា​អ្វី​ខ្លះ​ដែរ ព្រោះ​ស្ថានីយ​ធំ​ផ្សាយ​ចេញ​ពី​ប្រទេស​វៀតណាម ហើយ​ក្នុង​ប្រទេស​កម្ពុជា​គ្រាន់​តែ​ជា​ការិយាល័យ​តំណាង​វិទ្យុ​នេះ សម្រាប់​ឲ្យ​បុគ្គលិក​រាយ​ការណ៍​ព័ត៌មាន​ចេញ​ពី​កម្ពុជា​ប៉ុណ្ណោះ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ការិយាល័យ​​វិទ្យុ​សំឡេង​វៀតណាម​ប្រចាំ​កម្ពុជា​នេះ។ លោក​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​តែ​ជាតិ​សាសន៍​​ដទៃ ក៏​ប៉ុន្តែ​មិន​បាន​គិត​ដល់​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចង់​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សំឡេង​វិទ្យុ​ខ្មែរ​ក្រោម បែរ​ជា​​រដ្ឋាភិបាល​បដិសេធ​ទៅ​វិញ។

ទូក​វៀតណាម​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ខុស​ច្បាប់

ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា ក្រុម​គ្រួសារ​នេសាទ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​ចំនួន ៤ ក្នុង​ស្រុក​កំពត កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​មុខរបរ​នេសាទ​សមុទ្រ ដោយសារ​មាន​ទូក​នេសាទ​វៀតណាម ចេះតែ​ចូល​មក​ឆក់​ត្រី និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ការ​នេសាទ​នោះ​ធ្វើ​ឡើង​នា​ពេល​យប់។

ក្រុម​នេសាទ​ខ្មែរ​អះអាង​ថា ទូក​នេសាទ​វៀតណាម តែងតែ​ចូល​មក​នេសាទ​ត្រី ក្តាម និង​បង្គា​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដោយ​ខុស​ច្បាប់ នៅ​ពេល​យប់ រហូត​ដល់​ភ្លឺ ហើយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក និង​ឧបករណ៍​ឆក់​ជាដើម។ ទូក​វៀតណាម​បាន​ចូល​មក​នេសាទ​នៅ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ចំនួន ១០​ទូក រៀងរាល់​យប់ ហើយ​អាជ្ញាធរ​ខ្មែរ​មិន​បាន​អើពើ​នឹង​បញ្ហា​នេះ​ទេ។

រដ្ឋបាល​ជលផល​បន្ត​អនុវត្ត​ផែនការ​បង្កើន​ទិន្នផល​ត្រី

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​២២ សីហា ថា អាជ្ញាធរ​រដ្ឋបាល​ជលផល​កំពុង​បន្ត​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​ចិញ្ចឹម​ត្រី បាន​ចំនួន​ជាង ៥​ម៉ឺន​គ្រួសារ​ហើយ ដែល​មាន​ស្រះ​ចិញ្ចឹម​ត្រី​ជាង ៥​ម៉ឺន​ស្រះ​ក្នុង​ខេត្ត​ចំនួន ២៤ ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ផល​ត្រី​ធម្មជាតិ នៅ​ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​សាប។

យុទ្ធនាការ​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​២០០០​មក ហើយ​កំពុង​តែ​បន្ត​បំផុស​ប្រជា​ពលរដ្ឋ រហូត​ដល់​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​ផលិត​ត្រី​តាមរយៈ​ការ​ចិញ្ចឹម​ត្រី ឲ្យ​កើន​ពី​ចំនួន​ជាង ៥០​ពាន់​តោន ឬ​ក៏ ៦០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ រហូត​ដល់ ២០០​ពាន់​តោន ដោយ​មិន​គិត​ពី​ផល​ត្រី​ធម្មជាតិ​នៅ​ក្នុង​ទន្លេ​នោះ​ទេ។

ត្រី​ដែល​គេ​បាន​ជ្រើសរើស​ឲ្យ​ប្រជា​ពលរដ្ឋ​ចិញ្ចឹម​នោះ មាន​ចំនួន ១០​ប្រភេទ ដូច​ជា​ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​កាប​សាមញ្ញ ត្រី​ក្បាល​ធំ ត្រី​កាប​ចំពុះ​ស្រួច ត្រី​ទីឡាព៉្យា ត្រី​កន្ធរ ត្រី​តឹកកែ ត្រី​បង្កង ជាដើម។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ទឹក​អាស៊ីត

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ទឹក​អាស៊ីត ឲ្យ​បាន​ឆាប់ ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​ជះ​ទឹក​អាស៊ីត ដែល​កើត​មាន​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​សង្គម​ខ្មែរ។

ប្រធាន​កម្មវិធី​នៃ​អង្គការ​ជួយ​ជន​រងគ្រោះ​កម្ពុជា​ដោយ​ទឹក​អាស៊ីត លោកស្រី ឈុន ចិន្តាសោភា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា ថា នៅ​ក្នុង​ខែ​សីហា នៅ​រាជធានី​ភ្នំពេញ អំពើ​ហិង្សា​ជះ​ទឹក​អាស៊ីត​មាន ៣​ករណី ដែល​មាន​ជន​រងគ្រោះ​ចំនួន ១១​នាក់។

លោកស្រី​អះអាង​ថា អំពើ​ហិង្សា​ជះ​ទឹក​អាស៊ីត​នៅតែ​បន្ត​មិន​ចេះ​ចប់​មក​ទល់​នឹង​ពេល​នេះ ដោយសារ​តែ​ពុំ​មាន​ការ​គ្រប់គ្រង​ទឹក​អាស៊ីត ដែល​គេ​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​បញ្ហា​ការ​អនុវត្ត​ច្បាប់​ពី​សំណាក់​សមត្ថកិច្ច​មិន​ទាន់​បាន​ម៉ឺងម៉ាត់​នៅ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល