ស្ថានភាព​ការគោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា (ភាគ៣)

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទស្សនៈ​មន្រ្តី​រាជ​រដ្ឋាភិបាល អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​កាសែត ប្រជាពលរដ្ឋ និង​វិទ្យាស្ថាន​ស្រាវជ្រាវ ជុំវិញ​ស្ថានភាព​ពិត​នៃ​សិទ្ធិ​មនុស្ស​ជា​ពលរដ្ឋ​ខ្មែរ។
ដោយ ហាស់ សាន
2008.12.13
Share on WhatsApp
Share on WhatsApp

ក្នុង​ខួប​ទី​៦០​នៃ​សេចក្ដី​ប្រកាស​សកល​ស្ដីអំពី​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​មិន​ត្រឹមតែ​បាន​ប្រារព្ធ​ខួប​រំឭក​អំពី​ប្រវត្តិ​ដើម​នៃ​ការទាមទារ​ចង់​បាន​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​នោះ​ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​បាន​ធ្វើការ​ប្ដេជ្ញា​គាំទ្រ​ក្រុម​អង្គការ​ការពារ​និង​លើកស្ទួយ​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក​ទៀត​ផង ដែល​បាន​ប្រឹងប្រែង​បំពេញ​ការងារ​ដោយ​ប្រឈម​នឹង​ការអុកឡុក​រំខាន កាវាយ​ដំ ការចាប់​ខ្លួន ឬ​ការសម្លាប់​ក្នុង​គោលដៅ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ដូច​គ្នា មាន​សេរីភាព​ខាង​សម្ដែង​គំនិត សម្ដែង​មតិ​ខាង​ការជួបជុំ​គ្នា ខាង​ជំនឿ និង​ខាង​ការចូលរួម​ជាមួយ​គ្នា​ដោយ​សន្តិវិធី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​១០ ធ្នូ អ្នក​នាំ​ពាក្យ ស្ចន ម៉ាខូម៉េក បង្ហាញ​អំពី​ការប្ដេជ្ញា​ជា​ថ្មី​ឡើង​វិញ​ថា នឹង​ទ្រទ្រង់​អ្នក​ដែល​តស៊ូ​ដើម្បី​ទាមទារ​សេរីភាព​ពី​ការគ្រប់គ្រង​ផ្ដាច់ការ​និង​ការភ័យ ហើយ​និង​ទាមទារ​សិទ្ធិ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​របស់​ខ្លួន។

ក្នុង​ថ្ងៃ​រំឭក​ខួប​នេះ​ដែរ អតីត​សាស្រ្ដាចារ្យ​ផ្នែក​នយោបាយ​នៃ​សកល​វិទ្យាល័យ Guam បណ្ឌិត អាប់ឌុល កាហ្វាពាងម៉េត បាន​សរសេរ​អត្ថបទ​មួយ​ផ្សាយ​ក្នុង​កាសែត Guam Pacific Daily News ថា កម្ពុជា​មាន​ភ័ព្វ​សំណាង​ណាស់​ដែល​មាន​ការលាស់​ដុះ​ដាល​ខាង​សង្គម​ស៊ីវិល ហើយ​និង​ការជួយ​ឧបត្ថម្ភ​ពី​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​របប​មួយ​មាន​តែ​បញ្ជា​ពី​មនុស្ស​ម្នាក់ គឺ​លោក ហ៊ុន សែន។

ទោះ​ជា​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ភាគ​ច្រើន ក្រុម​បញ្ញវ័ន្ត​និង​អ្នក​សារព័ត៌មាន​មើល​ឃើញ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​មិន​សូវ​មាន​អ្វី​ប្រែប្រួល​ច្រើន​ក្នុង​ឆ្នាំ​២០០៨​ក៏​ដោយ។

លោក ឱម យ៉ិនទៀង ទីប្រឹក្សា​ជាន់​ខ្ពស់​នាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​មាន​ប្រតិកម្ម​ទៅ​នឹង​ការរិះគន់​ទាំងឡាយ​នោះ​ថា អ្នក​អនុវត្ត​មិន​ចាំ​បាច់​ខ្វល់​នឹង​អ្នក​ចាំ​តែ​និយាយ​នោះ​ទេ ៖ «គួរតែ​អ្នក​កាសែត​ទេ​ដែល​អាច​ឲ្យ​ការសន្និដ្ឋាន​ដ៏​យុត្តិធម៌​នេះ ផ្ដល់​ទស្សនៈ​ជូន​ទៅ​ដល់​អ្នក​ស្ដាប់​ទាំងអស់ ហើយ​មិន​គួរ​មក​សួរ​យើង​ខ្ញុំ​ដែល​ជា​អ្នក​អនុវត្ត​ទេ។ យើង​ខ្ញុំ​គិត​ថា អ្នក​ដាក់​ពិន្ទុ​នេះ​មិន​មែន​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ទេ»

ប៉ុន្តែ​មតិ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បង្ហាញ​ឲ្យ​ដឹង​ថា សង្គម​ជាតិ​សព្វថ្ងៃ​មាន​ភាព​ប្រសើរ​ជាង​មុន​បន្តិច​ដែរ ខ្លះ​ទៀត​និយាយ​ហាក់​ដូច​ជា​ចង់​ប្រៀប​ទៅ​នឹង​របប​ខ្មែរ​ក្រហម ហើយ​ទទួល​យក​បាន ព្រោះ​គេ​ថា សង្គម​មួយ​វា​អ៊ីចឹង​ទៅ​ហើយ​មិន​ដឹង​ជា​ធ្វើ​ដូចម្ដេច។

លោក នាង សាវ៉ាត ប្រធាន​សមាគម​អង្គការ​អាដហុក​ខេត្ត​កំពង់ចាម បញ្ជាក់​ដូច្នេះ ៖ «បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ យើង​ឃើញ​ថា​មាន​លក្ខណៈ​ប្រសើរ ខ្លះ​នីតិរដ្ឋ គេ​ហៅ​ថា​និទណ្ឌភាព​នេះ​ត្រូវតែ​បំបាត់ ព្រោះ​ឥឡូវ​វា​នៅ​មាន​ច្រើន​អា​បញ្ហា​ហ្នឹង»

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ព័ត៌មាន លោក មឿន ឈានណាឫទ្ធិ ថ្លែង​ថា ៖ «យើង​ឃើញ​ថា ទិដ្ឋភាព​សេរីភាព​ផ្នែក​សារព័ត៌មាន​ហ្នឹង​វា​ហាក់​ដូច​ជា​ប្រសើរ​ឡើង​បន្តិច។ ករណី​នៃ​ការសម្លាប់​លោក ឃឹម សម្បូរណ៍ ហើយ​ការសម្លាប់​អ្នក​កាសែត​ម្នាក់​ហ្នឹង ធ្វើ​ឲ្យ​មាន​ការល្អក់​កករ​យ៉ាង​ខ្លាំង​ចំពោះ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​អ្នក​កាសែត​ដទៃ​ទៀត មាន​ការភ័យ​ខ្លាច»

វិទ្យាស្ថាន Freedom House បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៨ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​ថ្ងៃ​១០ ធ្នូ ដោយ​កត់​សម្គាល់​ឃើញ​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ ផ្អែក​ទាំងស្រុង​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ពិត​ប្រាកដ​នោះ​ទេ។

គេ​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​បក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​នយោបាយ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​តាមរយៈ​ការត្រួតត្រា​កង​កម្លាំង​សន្តិសុខ មន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​រដ្ឋាភិបាល ហើយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ។

អ្នក​យក​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ គឺ​លោក ណុប វីរៈ មើល​ឃើញ​ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​កាសែត​កម្ពុជា ៖ «បញ្ហា​ការគោរព​សិទ្ធិ​មនុស្ស​ខ្លះ​ហាក់​ដូច​ជា​កំពុង​តែ​ដើរ​ថយ​ក្រោយ។ ប្រជាពលរដ្ឋ​គាត់​គ្រាន់តែ​តវ៉ា​រឿង​ករណី​ទំនាស់​ដី​ធ្លី ចាប់​ដាក់​ពន្ធនាគារ ហើយ​ការចាប់​វាយ​ដំ​និង​ការបណ្ដេញ​ចេញ​ជា​ច្រើន ប៉ុន្តែ​គ្រាន់តែ​ទន្ទឹម​គ្នា​នឹង​ការ​ដែល​សិទ្ធិ​ទាំងអស់​ហ្នឹង​មាន​ការថយ​ចុះ យើង​ឃើញ​មាន​ករណី​ខ្លះ​មាន​ការរីក​ចម្រើន​ខ្លះ​អ៊ីចឹង​មែន។ ហើយ​ក្នុង​ខេត្ត​រតនគិរី នៅ​ក្នុង​ខេត្ត​ក្រចេះ ប្រជាពលរដ្ឋ​កំពុង​តែ​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​ឃើញ​ថា​អាជ្ញាធរ​នៅ​មូលដ្ឋាន ហាក់​ដូច​ជា​មិន​បាន​ធានា​នូវ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ»

ចុះ​ចំណែក​សិស្ស​ឬ​និស្សិត​វិញ​តើ​គេ​មើល​ការអភិវឌ្ឍ​វិស័យ​សិទ្ធិ​មនុស្ស​ឃើញ​ថា​បាន​ឈាន​ដល់​កម្រិត​ណា​ពេញ​មួយ​ឆ្នាំ​២០០៨?

លោក អាមីន និស្សិត​សកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ទស្សនៈ​ដូច្នេះ ៖ «នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ មាន​ការគោរព​សិទ្ធិ​មនុស្ស មាន​ការល្អប្រសើរ​ឡើង​ជាង​មុនៗ​មក។ មូលហេតុ​គឺ​ប្រទេស​យើង​បាន​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ គឺ​មាន​ស្ថិរភាព ហើយ​មាន​សន្តិសុខ និង​ទាក់ទង​នឹង​សុខុមាលភាព​សង្គម​ផងដែរ»

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស្នើ​មិន​ឲ្យ​ចេញ​ឈ្មោះ​មើល​ឃើញ​ផ្ទុយ​ពី​នោះ​ទៅ​វិញ ៖ «រដ្ឋាភិបាល​យើង​គិតគូរ​បាន​តិចតួច​ណាស់​ខាង​សិទ្ធិ​មនុស្ស ការរំលោភ​ដី​ធ្លី​វា​កាន់តែ​កើត​ឡើង ពីព្រោះ​នៅ​កម្ពុជា​មាន​ការលក់​ដី​ឲ្យ​ជន​បរទេស ដូច​ជា​កូរ៉េ ចិន ជាដើម។ អ្នក​ក្រ​តូច​តាច​មិន​អាច​ប្រឈម​មុខ​នឹង​អ្នក​មាន​អំណាច​ដែល​គេ​រំលោភ​យក​តាម​ទី​ជនបទ​តាម​ខេត្ត​ឆ្ងាយៗ ដូច​ជា​ខេត្ត​រតនគិរី ខេត្ត​អី​ហ្នឹង»

ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​យល់​ថា សង្គម​សព្វថ្ងៃ​អ្នក​មាន​និង​អ្នក​ក្រ​ធ្វើ​បែប​ណា​ឲ្យ​ដូច​គ្នា​កើត? ៖ «ធម្មតា​គេ​អ្នក​មាន ធម្មតា​គេ​នេះ​ជាមួយ​យើង​អ្នក​ក្រ​វា អើ​ធម្មតា​ធ្វើ​ម៉េច​ទម្លាប់​ស្រុក​ខ្មែរ​យើង​តែ​ប៉ុណ្ណឹង​ហើយ»

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ បញ្ជាក់​តាម​ការពិសោធ​របស់​អ្នកស្រី​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថា ការគោរព​សិទ្ធិ​មនុស្ស​មិន​បាន​សមស្រប​ច្រើន​តែ​មក​ពី​មនុស្ស​ខ្លះ​មាន​អាង។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ៖ «ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ណាស់ ឲ្យ​តែ​ដឹង​ថា​ច្បាប់​នៅ​កន្លែង​ត្រង់​ណា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ស្រួល​រង​គ្រោះ​ហ្នឹង គឺ​គោរព​ច្បាប់​គ្រប់​ពេល អ្នក​ដែល​មិន​សូវ​គោរព​ហ្នឹង​ដោយសារ​មាន​ខ្នង​អាង មាន​ថវិកា​ច្រើន»

ចំពោះ​ជនជាតិ​ភាគ​តិច​វិញ ជា​ពិសេស​ជនជាតិ​ចាម​ឬ​ខ្មែរ​អ៊ិស្លាម វិទ្យាស្ថាន Freedom House រាយការណ៍​ថា ជួប​ប្រទះ​នឹង​ការរើសអើង​ជានិច្ច។ គេ​ថា​ជនជាតិ​ចាម​បាន​ក្លាយ​ជា​ជំពូក​មនុស្ស​គេ​សង្ស័យ​ក្រោយ​ពី​មាន​ការវាយ​ប្រហារ​បែប​ភេរវកម្ម​ពី​ក្រុម​សាសនិក​អ៊ិស្លាមនិក​ជ្រុល​និយម​នៅ​អាស៊ី​អាគ្នេយ៍​និង​នៅ​ទី​ដទៃ​ទៀត។ ភាព​ក្រីក្រ​ទុរគត​របស់​ពួក​គេ​រួម​ទាំង​ការជួយ​ឧបត្ថម្ភ​មិន​ដិតដល់​ពី​រដ្ឋាភិបាល​បាន​បង្ខំ​ពួក​គេ​មួយចំនួន​ឲ្យ​ដើរ​រក​ជំនួយ​ពី​ប្រទេស​ក្រៅ។

ក្នុង​ខួប​ទី​៦០​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៣៩ គឺ​លោក ជីមី ខតឌ័រ បាន​សរសេរ​រំឭក​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​គាំទ្រ​ប្រធានាធិបតី​ថ្មី គឺ​លោក បារាក់ អូបាម៉ា បង្កើន​កិច្ច​គាំទ្រ​ដល់​ជន​ទាំងឡាយ​ដែល​ស្វែងរក​សេរីភាព​ដោយ​ប្រកាន់​ភាព​ម៉ឺងម៉ាត់​ចំពោះ​ជន​ណា​ដែល​រារាំង​ដំណើរ​ឆ្ពោះ​ទៅ​រក​សេរីភាព៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល