“គ្មានការបោះឆ្នោតណាមួយ អាចចាត់ទុកថា
ជាការត្រឹមត្រូវបានឡើយ ប្រសិនបើគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់
ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងការបោះឆ្នោត។ ...
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិជជែកពិភាក្សាអំពីកិច្ចការនយោបាយ។
ប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានសិទ្ធិត្រួតពិនិត្យ និងរិះគន់
ព្រមទាំងផ្ដល់ដំណឹងដល់សាធារណជន ហើយសង្គមស៊ីវិល
រួមទាំងអង្គការមិនមែនរដ្ឋាភិបាល
គួរតែត្រូវបានលើកទឹកចិត្តឲ្យដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការសាធារណៈ។
...ប្រជាធិបតេយ្យសេរីពហុបក្ស
គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានចាក់ឫសក្នុងរដ្ឋធម្មនុញ្ញកម្ពុជា
មិនអាចកែប្រែបានឡើយ។”
“ខណៈការបោះឆ្នោតថ្ងៃទី២៩ខែកក្កដាកាន់តែខិតចូលមកដល់
សុទិដ្ឋិនិយមដែលយើងធ្លាប់មានត្រូវបានជំនួសមកវិញដោយក្ដីព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការធ្លាក់ចុះដុនដាបនៃសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។
ជំហានថយក្រោយទាំងនេះរួមមាន
សញ្ញានៃការគាបសង្កត់កាន់តែខ្លាំងឡើងៗលើគណបក្សប្រឆាំង
សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីរក្សាភាពស្របច្បាប់
រដ្ឋាភិបាលកម្ពុជា ត្រូវធានាថាការបោះឆ្នោតមានភាពសេរី
ត្រឹមត្រូវនិងអាចជឿជាក់បាន។...ជាពិសេស
យើងសូមជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព
ដោយគ្មានការគំរាមកំហែង ការចាប់ខ្លួនតាមតែអំពើចិត្ត
ឬសកម្មភាពបំភិតបំភ័យ
ហើយកាតព្វកិច្ចគោរពសិទ្ធិមនុស្សអន្តរជាតិទាំងឡាយដែលចាំបាច់ដើម្បីឲ្យការបោះឆ្នោត
ជោគជ័យ ដូចជាសិទ្ធិសម្ដែងមតិ សេរីភាពសារព័ត៌មាន ការបង្កើតសមាគម
និងការប្រមូលផ្ដុំ ត្រូវបានគោរព ការពារ និងអនុវត្ត។”
“ខណៈការបំផ្លាញប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងឡើងៗ
ប្រតិកម្មពីខាងរដ្ឋាភិបាលក្នុងតំបន់ និងជុំវិញពិភពលោកឯណោះវិញ
នៅខ្សោយនៅឡើយ។ …នៅក្នុងបរិយាកាសក្នុងតំបន់
និងពិភពលោកបច្ចុប្បន្ន នេះ
ជាការអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់សហគមន៍អន្តរជាតិ
ឲ្យកំណត់យុទ្ធសាស្ត្រដែលគួរឲ្យជឿជាក់បាន
ក្នុងការទាញកម្ពុជាឲ្យឆ្ងាយពីមាត់ជ្រោះនៃគ្រោះថ្នាក់
ដែលបច្ចុប្បន្ន
ប្រទេសនេះកំពុងឈរក្នុងស្ថានភាពមួយប្រកបដោយហានិភ័យ ...
ដើម្បីអាចឲ្យកម្ពុជាក្លាយជាប្រទេសមួយដែលយើងគ្រប់គ្នាប្រាថ្នាចង់ឃើញកាលពីពេល
ដែលយើងបាននាំគ្នាខំស្រោចស្រង់ប្រទេសនេះ
ចេញពីផេះផង់នៃរបបប្រល័យពូជសាសន៍និងសង្គ្រាមស៊ីវិលនា២៥ឆ្នាំមុនអញ្ចឹងដែរ។
”
“ខ្ញុំគិតថា
យើងមិនត្រូវប្រើពាក្យថាបោះឆ្នោតមកហៅអ្វីដែលនឹងកើតឡើងនៅថ្ងៃទី២៩
ខែកក្កដានេះទេ។... វាមិនមែនជាការបោះឆ្នោតទេ។
វាជាការជ្រើសរើសទុកជាមុន។
វាជាការសម្រេចដោយគណបក្សប្រជាជនកម្ពុជា និងលោកហ៊ុន សែន
អំពីអ្នកដែលត្រូវធ្វើជាសមាជិករដ្ឋសភា
ពីព្រោះពួកគេបានផាត់គណបក្សប្រឆាំងចេញបាត់ទៅហើយ។
វាមិនមែនជាប្រជាធិបតេយ្យទេ។
វាជាព្រឹត្តិការណ៍មួយដែលគ្មានខ្លឹមសារ!។
ខ្ញុំចង់អោយពលរដ្ឋកម្ពុជាដឹងថា ពិភពលោកនៅតែខ្វល់ខ្វាយពីកម្ពុជា
ថាពួកយើងគាំទ្រក្ដីប្រាថ្នារបស់កម្ពុជាដែលចង់បានប្រជាធិបតេយ្យពិតប្រាកដ
ហើយនិងសេរីភាព ចង់ឲ្យពួកគាត់ដឹងថា យើងនឹងមិនអនុញ្ញាតឲ្យកម្ពុជា
រអិលធ្លាក់ចូលក្នុងរបបផ្ដាច់ការឯកបក្សមែនទែននោះឡើយ។
ខ្ញុំចង់អោយពួកគាត់ដឹងថា
ជនដែលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សនឹងត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេនៅថ្ងៃណាមួយ...
ថាលោក ហ៊ុន សែន បានប្រព្រឹត្តិកំហុសឆ្គងធ្ងន់ធ្ងរមួយ
ព្រោះលោកគិតថា លោកអាចរួចខ្លួនបាន។ ខ្ញុំចង់ឲ្យពួកគាត់ដឹងថា
រដ្ឋាភិបាលកម្ពុជា
មិនអាចពឹងផ្អែកតែទៅលើប្រទេសចិនដើម្បីរស់បានទេ... លោក ហ៊ុន
សែនបានគិតគូរខុសធ្ងន់ណាស់។”
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាមស៍ (Brad Adams) ថ្លែងក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
“ប្រជាធិបតេយ្យសេរីពហុបក្សដែលមានប្រសិទ្ធភាព
ត្រូវការគណបក្សប្រឆាំងដែលអាចធ្វើសកម្មភាពដោយសេរី
មិនរងការបំភិតបំភ័យ និងការគំរាមកំហែង
ហើយការបោះឆ្នោតក៏ត្រូវតែបែបនោះដែរ។ ការប្រើប្រាស់ច្បាប់
ប្រឆាំងគណបក្សសង្គ្រោះជាតិ និងសមាជិកនៃបក្សនេះ
គឺជាមធ្យោបាយបិទបាំងទង្វើខុសឆ្គងរបស់ខ្លួន
គឺការគ្រប់គ្រងដោយប្រើច្បាប់ មិនមែនជានីតិរដ្ឋទេ។
ការចោទប្រកាន់ទាំងឡាយទៅលើគណបក្សសង្គ្រោះជាតិ
និងសមាជិករបស់បក្សនោះ មានភាពមិនច្បាស់លាស់។
ការផ្ដល់ទឡ្ហីករណ៍ផ្លូវច្បាប់មកធ្វើជាមូលដ្ឋាននៃការរំលាយបក្សនោះក៏មិនច្បាស់លាស់ដែរ។
...
ពលរដ្ឋចាំបាច់ត្រូវតែអាចជជែកពិភាក្សាដេញដោលដោយសេរីអំពីកិច្ចការនយោបាយក្នុងប្រទេសរបស់ពួកគេ
ហើយសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិបានបំផ្លាញភាពជាតំណាងរបស់ពលរដ្ឋជាម្ចាស់ឆ្នោតជាង៣លាននាក់។”
“សហរដ្ឋអាមេរិកសូមសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះ
ការណ៍ដែលរដ្ឋាភិបាលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ
ដែលជាបក្សប្រឆាំងធំជាងគេក្នុងប្រទេស
ដោយផ្អែកលើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងមានចេតនានយោបាយថា
គណបក្សសង្គ្រោះជាតិមានផែនការផ្ដួលរំលំរដ្ឋាភិបាល។
វាបង្ហាញកាន់តែច្បាស់ឡើងៗទៅកាន់ពិភពលោកថា
ការណ៍ដែលរដ្ឋាភិបាលកម្ពុជារឹតត្បិតសង្គមស៊ីវិល
គាបសង្កត់សារព័ត៌មាន
និងហាមឃាត់មេដឹកនាំគណបក្សប្រឆាំងជាង១០០នាក់មិនឲ្យធ្វើសកម្មភាពនយោបាយ
បានបណ្ដាលឲ្យការវិវឌ្ឍនៃប្រជាធិបតេយ្យដើរថយក្រោយយ៉ាងខ្លាំង
ហើយធ្វើឲ្យកំណើនសេដ្ឋកិច្ច
និងតួនាទីរបស់កម្ពុជាក្នុងឆាកអន្តរជាតិស្ថិតក្នុងហានិភ័យ។...”
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់សេតវិមានសហរដ្ឋអាមេរិក។
“ដំណើរការបោះឆ្នោតដែលគណបក្សប្រឆាំងធំជាងគេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតតាមអំពើចិត្ត
មិនមែនជាដំណើរការបោះឆ្នោតស្របច្បាប់ទេ។
ការរំលាយគណបក្សសង្គ្រោះជាតិបានបំផ្លាញឆន្ទៈពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សនេះក្នុងការបោះឆ្នោតឆ្នាំ២០១៣
និង២០១៧។ ស្ថានការណ៍មួយដែលក្នុងនោះ គណបក្សនយោបាយទាំងអស់
រួមទាំងគណបក្សសង្គ្រោះជាតិផង
ព្រមទាំងមេដឹកនាំគណបក្សនិងអ្នកគាំទ្រគណបក្សទាំងនោះ
អាចធ្វើសកម្មភាពស្របច្បាប់របស់ពួកគេដោយសេរី
ត្រូវតែស្ដារឡើងវិញ។”
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយអ្នកនាំពាក្យសហភាពអឺរ៉ុប។
“តាមរយៈការរំលាយគណបក្សប្រឆាំងធំជាងគេ
និងហាមឃាត់អ្នកនយោបាយ១១៨នាក់នៃគណបក្សនោះ
មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ
តុលាការកំពូលកំពុងតែរំលោភបំពានសិទ្ធិរបស់ពលរដ្ឋកម្ពុជារាប់លាននាក់ក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ពួកគេនៅក្នុងការបោះឆ្នោតខាងមុខនេះ។
ការណ៍ដែលច្បាប់ស្ដីពីគណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្មដើម្បីបើកផ្លូវឲ្យតុលាការកំពូលរំលាយគណបក្សនយោបាយ
ដែលបានកើតឡើងមុនការរំលាយគណបក្សសង្គ្រោះជាតិបន្តិចនោះ
បង្ហាញយ៉ាងច្បាស់ថា ដំណើរការផ្លូវច្បាប់ទាំងមូល
គ្មានអ្វីក្រៅពីជាឆាកល្ខោននយោបាយនោះទេ
ដែលមិនស្របតាមគោលការណ៍នីតិរដ្ឋនិងសិទ្ធិមនុស្សឡើយ។...ការរំលាយគណបក្សសង្គ្រោះជាតិបានឲ្យសញ្ញាទៅកាន់សហគមន៍អន្តរជាតិនិងពលរដ្ឋកម្ពុជាទាំងអស់ថា
រដ្ឋាភិបាលកម្ពុជាបានដើរហួសបន្ទាត់ក្រហមហើយ
ដែលនេះធ្វើឲ្យចាំបាច់ត្រូវមានការកោះហៅឲ្យមានសន្និសីទនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញជាបន្ទាន់
ដើម្បីដោះស្រាយវិបត្តិសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។”
“តុលាការកំពូលបានដំដែកគោលចុងក្រោយលើក្ដារមឈូសដែលតម្កល់សាកសពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការសម្រេចរបស់តុលាការនេះ
មិនត្រឹមតែទុកឲ្យកម្ពុជាគ្មានគណបក្សប្រឆាំងដែលអាចទប់ទល់នឹងគណបក្សកាន់អំណាច
នៅប្រមាណ១ឆ្នាំមុនការបោះឆ្នោតនោះទេ
ថែមទាំងបំផ្លាញទាំងស្រុងដល់ក្របខ័ណ្ឌស្ថាប័ន
និងនីតិរដ្ឋរបស់ប្រទេសកម្ពុជា។
នៅមានរឿងមួយដែលនៅតែច្បាស់ក្រឡែតនោះគឺ
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយមិនមែនដោយសារប្រព្រឹត្តខុសច្បាប់ទេ
ប៉ុន្តែគ្រាន់តែដោយសារមានប្រជាប្រិយខ្លាំងពេក
ហើយក្លាយជាការគំរាមកំហែងដល់អំណាចរបស់គណបក្សកាន់អំណាច។...
ដោយសារគណបក្សប្រឆាំងត្រូវបានរំលាយបាត់ទៅហើយ
កុំសង្ឃឹមថានឹងមានការបោះឆ្នោតដោយសេរី
និងត្រឹមត្រូវឲ្យសោះ។”
“អំណាចគ្រប់ផ្នែកទាំងអស់នៃ
រដ្ឋាភិបាលបានរួមចំណែកបំផ្លាញប្រជាធិបតេយ្យ ដែលបញ្ជាក់ថា
ស្ថាប័នទាំងអស់នោះស្ថិតក្នុងក្រោមអំណាចលោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ខ្លាចថា
គាត់នឹងត្រូវចាញ់ការប្រកួតដែលមានភាពត្រឹមត្រូវ ដូច្នេះ
ជំនួសឲ្យការព្យាយាមឲ្យអស់លទ្ធភាពដើម្បីទទួលបានការគាំទ្រពីប្រជាជន
លោកហ៊ុន សែនត្រូវសម្រេចចិត្តប្ដូរវិន័យនៃការប្រកួតប្រជែង។
ការបំផ្លាញបក្សប្រឆាំងមានន័យថា ជាកាបំផ្លាញប្រជាធិបតេយ្យ។
វាធ្វើឲ្យការបោះឆ្នោតលែងមានន័យ
ហើយរុញច្រានកម្ពុជាឲ្យកាន់តែរអិលធ្លាក់ចូលជម្រាលមួយកាន់តែឆ្ងាយទៅៗ។”
“ការសម្រេចដោយតុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិ
មិនត្រឹមតែជាអំពើគាបសង្កត់នយោបាយយ៉ាងច្បាស់
ដែលត្រូវតែកែប្រែជាបន្ទាន់នោះទេ
ប៉ុន្តែថែមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ
សេរីភាពក្នុងការបង្កើតសមាគម និងការបញ្ចេញមតិនៅកម្ពុជាទៀតផង។
ការណ៍ដែលតុលាការបានសម្រេចហាមឃាត់មន្ត្រីជាន់ខ្ពស់ជាង១០០នាក់របស់គណបក្សសង្គ្រោះជាតិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ
ធ្វើឲ្យកាន់តែអយុត្តិធម៌ថែមទៀត។”
“ការរំលាយគណបក្សប្រឆាំងនៅកម្ពុជាមិនត្រឹមតែជាសោកនាដកម្មមួយ
សម្រាប់កម្ពុជាទេ
តែក៏ជាសោកនាដកម្មសម្រាប់ប្រទេសទាំងអស់ដែលបានធ្វើការជាច្រើនទសវត្ស
ក្នុងការជួយកសាងប្រទេសកម្ពុជាឲ្យងើបចេញពីការបំផ្លិចបំផ្លាញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែរ។
ជំនួយរាប់ពាន់លានដុល្លារត្រូវបានចំណាយទៅលើការទ្រទ្រង់ពលរដ្ឋកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធប្រជាធិបតេយ្យ
ដែលគោរពនីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។...
កម្ពុជាកំពុងធ្លាក់ចូលក្នុងរបបផ្ដាច់ការទាំងស្រុងហើយ។...”
“យើងឃើញថាស្ថានការណ៍វិវត្តនៃប្រជាធិបតេយ្យ
និងការគោរពសិទ្ធមនុស្ស
រួមទាំងការបោះឆ្នោតរបស់ប្រទេសយើងក្នុងរយៈកាលចុងក្រោយនេះ
មានការវិវត្តទៅរកភាពស្រុតចុះ
ហើយធ្វើឲ្យមានការព្រួយបារម្ភជាទូទៅអំពីអនាគតនៃប្រទេសយើង
ក៏ដូចជា អនាគតនៃសង្គមយើងទាំងមូលតែម្តង។ ហើយការព្រួយបារម្ភនេះ
មិនដឹងថាតើ វិវត្តទៅធ្ងន់ធ្ងរយ៉ាងណាទេ ឬមួយមកស្រាលយ៉ាងម៉េចវិញ
យើងក៏មិនបានដឹងដែរ។ … ឥឡូវនេះ យើងឃើញថា
គោលការណ៍មូលដ្ឋានទាំងនេះ ត្រូវបានបាត់បង់ទៅហើយ។ ការបោះឆ្នោតនេះ
មានលក្ខណៈមួយដែលយើងឃើញថា មិនមែនជាអ្វី
ដែលជាគោលការណ៍ដែលយើងធ្លាប់យល់ ធ្លាប់ដឹងទេ
ហើយដែលធ្លាប់អនុវត្តហើយនៅក្នុងសង្គមប្រជាធិបតេយ្យជាទូទៅនោះទេ។
ពាក្យថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺសេរី
ក្នុងការប្រកួតប្រជែង សេរីក្នុងការចូលរួមដោយមិនមានការភ័យខ្លាច
យុត្តិធម៌នៅក្នុងការប្រកួតប្រជែងគ្នានេះ
ដោយមិនមានភាពខុសគ្នារវាងអ្នកប្រកួតគ្នា
ភាពខុសគ្នារវាងអ្នកដែលចូលរួមនៅក្នុងការបោះឆ្នោតកន្លងទៅនេះ។
ដូច្នេះ
បញ្ហាសំខាន់បំផុតគឺយើងត្រូវមានការបោះឆ្នោតមួយដែលមិនមានការភ័យខ្លាច។
ហើយខ្ញុំសង្កេតឃើញថា ជាទូទៅនៅក្នុងបរិបទបច្ចុប្បន្ននេះ
គឺប្រជាពលរដ្ឋជាទូទៅមានការភ័យខ្លាច។ ដូច្នេះ
ខ្ញុំគ្រាន់តែនិយាយជាគោលការណ៍ទេ។
ខ្ញុំមិនចង់ប៉ះពាល់ដល់គណបក្សណាមួយជាគណបក្សណាមួយទេ
ប៉ុន្តែខ្ញុំយល់ថា ដំណើរការនៃភាពសេរី និងយុត្តិធម៌នេះ
ប្រជាពលរដ្ឋជាទូទៅ សហគមន៍អន្តរជាតិ
អ្នកដែលគេមានសម្បជញ្ញៈទាំងឡាយគឺថា គេយល់ច្បាស់ណាស់រឿងហ្នឹង។
ហើយខ្ញុំមិនចង់និយាយវែងឆ្ងាយទេអំពីបញ្ហានេះ ពីព្រោះនិយាយទៅ
ហាវាស្លាក់ ខ្ជាក់វាស្លែង។ និយាយទៅវាអត់កើត... បាទ!”
“យើងចង់ឲ្យមានការបោះឆ្នោតមួយដែលយុត្តិធម៌ សេរី ត្រឹមត្រូវ
ហើយដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស
ដែលមានការចូលរួមឲ្យបានពេញលេញ គ្រប់គណបក្សនយោបាយ
ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត
រួមទាំងក្រុមឯករាជ្យទៀត ដើម្បីបានចូលរួមនៅក្នុងការបោះឆ្នោតមួយ។
ហើយការបោះឆ្នោត ត្រូវតែជាការបោះឆ្នោត មួយដែលពិតប្រាកដ
ហើយមិនត្រូវមានការផាត់ចោលនូវការចូលរួមរបស់គណបក្សផ្សេងៗ
ជាពិសេសគណបក្សប្រឆាំងតែម្តង
គឺគណបក្សប្រឆាំងធំនៅក្នុងដំណើរការបោះឆ្នោត។ ត្រង់នេះ
មានសារសំខាន់ណាស់ ដើម្បីធានាថាការបោះឆ្នោតនោះ ធ្វើឡើងដោយសេរី
យុត្តិធម៌ ត្រឹមត្រូវ ពិតប្រាកដមួយ
ដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។...
យើងត្រូវតែខិតខំរៀបចំការបោះឆ្នោតមួយ ឲ្យបានត្រឹមត្រូវ
ជាពិសេសខាងអាជ្ញាធររដ្ឋាភិបាល ហើយនឹងអ្នកនយោបាយ
ត្រូវតែខិតខំធ្វើម៉េចរៀបចំការបោះឆ្នោតមួយឲ្យបានត្រឹមត្រូវ
ដែលគេអាចទទួលស្គាល់បាន...
គឺទទួលស្គាល់ទាំងពីប្រជាពលរដ្ឋដែលគាំទ្រ គណបក្សផ្សេងៗ
ដែលគេមានឆន្ទៈក្នុងការគាំទ្រគណបក្សនយោបាយផ្សេងៗ
ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង និងគណបក្សផ្សេងៗ
ដើម្បីឲ្យគេអាចសម្ដែងឆន្ទៈបាន ដោយសេរី មិនមានការគំរាមកំហែង។
ហើយធ្វើយ៉ាងដូចម្ដេច ដើម្បីឲ្យដំណើរការបោះឆ្នោត
រកវិធានការណ៍នានាឲ្យខានតែបាន ខាងរដ្ឋាភិបាល អាជ្ញាធរ
ហើយនឹងគណបក្សនយោបាយនានាដែលចូលប្រកួតប្រជែងការបោះឆ្នោត
ឬក៏គណបក្សនយោបាយផ្សេងៗ ត្រូវតែខិតខំ
រកមធ្យោបាយដើម្បីធ្វើម៉េចធានាថា ការរៀបចំការបោះឆ្នោតហ្នឹង
ប្រព្រឹត្តិទៅតាមគោលការណ៍ សមធម៌
មានការប្រកួតប្រជែងមួយដែលអាចទទួលយកបានទាំងអស់គ្នា។
គឺមិនអាចធ្វើឲ្យ
មានការប្រកួតប្រជែងមួយដែលមានគម្លាតខ្លាំងរវាងគណបក្សមួយទៅគណបក្សមួយ
ជាពិសេសនៅក្នុងដំណាក់កាលនៃការបោះឆ្នោតនេះ។
ហើយធ្វើម៉េចឲ្យការចាត់ចែងការបោះឆ្នោតនោះ
ឲ្យមានលក្ខណៈប្រព្រឹត្តិទៅដោយសុចរិតភាព ដោយមិនមានការគាបសង្កត់
ធ្វើបាប ឬក៏គំរាមកំហែងគ្នាទៅវិញទៅមក
ហើយត្រូវតែធានាបាននូវទីលាននៃការប្រកួតប្រជែង ស្មើៗគ្នា។”
“ជាទស្សនៈរបស់ខ្ញុំ
ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាគណបក្សនយោបាយទាំងអស់
អាចទទួលយកបាន គឺទីមួយគោលការណ៍នៃការបោះឆ្នោត សំខាន់ជាងគេ
គឺច្បាប់ ត្រូវតែធានាដល់ឆន្ទៈនៃប្រជាពលរដ្ឋ។
ការកែប្រែច្បាប់ដែលតម្រូវតាមទំនោរនៃនយោបាយ
ការកែប្រែច្បាប់ដែលមិនអាចគោរពទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ
គឺជាចំណុចមួយដែលជាបញ្ហានៃការទំនាស់ នៃការមិនសប្បាយចិត្ត។
ហើយក៏ជាចំណុចមួយដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់
ព្រមទាំងសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ
លោកមានការមិនសប្បាយចិត្តដែរ។ ដូច្នេះ
គោលការណ៍ច្បាប់នេះដែលធ្វើកិច្ចការងារ ដែលវាយតម្លៃ ដែលមើលឃើញថា
មិនអាចគោរពនូវឆន្ទៈដល់ប្រជាពលរដ្ឋទេ គួរតែធ្វើការកែប្រែ
ហើយនឹងធ្វើការត្រលប់យ៉ាងម៉េច ឲ្យធានាថា ការបោះឆ្នោតហ្នឹងគឺថា
ច្បាប់នោះគឺគោរពទៅដល់ឆន្ទៈប្រជាពលរដ្ឋ។
ចំណុចទីពីរគឺជាចំណុចមួយដែលសំខាន់ មានន័យថា
គ្រប់គណបក្សនយោបាយទាំងអស់ ដែលចូលរួមនៅក្នុងការបោះឆ្នោត
ត្រូវផ្ដល់ភាពស្មើគ្នា ជាពិសេសគឺគណបក្សនយោបាយ
ដែលមានសំឡេងគាំទ្រ ដែលមានសំឡេងនៃឆន្ទៈប្រជាពលរដ្ឋ ដែលលោកគាំទ្រ
ត្រូវធានាថា សំឡេងទាំងអស់នោះត្រូវបានរក្សា
ដើម្បីឲ្យលទ្ធផលនៅក្រោយការបោះឆ្នោត អាចទទួលយកបានទាំងអស់គ្នា។
ចំណុចទាំងអស់នេះ ជាសំណូមពរមួយរបស់ខ្ញុំ
ដើម្បីឲ្យដំណើរការនៃការបោះឆ្នោត និងគណបក្សនយោបាយ
ដែលលោកមានការចូលរួម គឺថា ឲ្យជៀសផុតអំពី
កិច្ចការងារដែលមានការខ្វែងគំនិតគ្នា។
ហើយកាលណាមានការខ្វែងគំនិតដូចចំណុចប៉ុន្មានខាងលើនេះ
គឺជាហេតុផលមួយដែលមិនមានការរីករាយ ឬក៏មិនមានការទទួលស្គាល់
ជាលក្ខណៈអន្តរជាតិទេ ដោយសារតែចំណុចទាំងអស់នេះ យើងមើលឃើញថា
ជាចំណុចដែលខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។”
“ខ្ញុំថាការបោះឆ្នោតខាងមុខនេះ
យើងឃើញហើយគឺសហគមន៍អន្តរជាតិ ទាំងអាមេរិក សហគមន៍អឺរ៉ុប
ហើយឥឡូវនេះ ចុងក្រោយគឺប្រទេសជប៉ុន ក៏បានបញ្ជាក់ថា
ជាការបោះឆ្នោតមួយដែលពុំមានយុត្តិធម៌ និងត្រឹមត្រូវ
ហើយគេជំរុញឲ្យមានការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌
ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋខ្មែរពិតប្រាកដ។
កង្វល់របស់គេនេះ លើកឡើងក្រោយពីការរម្លាយគណបក្សសង្គ្រោះជាតិ
ដែលតំណាងឲ្យប្រជាពលរដ្ឋជិតពាក់កណ្ដាលប្រទេស
នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសំណួរសួរយើងវិញ
ជាប្រជាពលរដ្ឋខ្មែរ ថា នៅពេលដែលសហគមន៍អន្តរជាតិ
គេព្យាយាមការពារ នូវភាពត្រឹមត្រូវ និងយុត្តិធម៌បែបនេះ។
តើយើងគួរចូលរួមការពារ
និងជំរុញឲ្យមាននូវភាពយុត្តិធម៌ដូចដែលសហគមន៍អន្តរជាតិគិតពីយើងដែរឬអត់?
ហើយប្រសិនបើយើងយល់ថា យើងជាជនជាតិមួយដែលស្រលាញ់យុត្តិធម៌
យើងជំរុញចង់ឲ្យមានការបោះឆ្នោតមួយ ដោយសេរី និងយុត្តិធម៌ដែរ។
ខ្ញុំថាយើងអាចប្រើប្រាស់សិទ្ធិរបស់យើងជាប្រជាពលរដ្ឋ
ជាម្ចាស់ឆ្នោតនៅក្នុងការសម្រេចទៅបោះឆ្នោតនេះ...
ថាតើគួរទៅបោះឆ្នោត ឬក៏មិនគួរ។ ប្រសិនបើយើងមិនទៅបោះឆ្នោត
ជាសញ្ញាមួយនៃការបង្ហាញទៅដល់អ្នកដឹកនាំថា
យើងប្រឆាំងទៅនឹងអំពើអយុត្តិធម៌។ ប៉ុន្តែ
បើយើងរងនូវការគំរាមកំហែង យើងបារម្ភអំពីការគំរាមកំហែង
យើងអាចទៅបោះ ប៉ុន្តែយើងដឹងថា នៅក្នុងការបោះឆ្នោតនេះ
គឺក្នុងបន្ទប់សម្ងាត់ គឺយើងអាចសម្រេច អាចធ្វើអ្វីបានអស់។
យើងអាចគូសសន្លឹកឆ្នោតនោះ ឲ្យក្លាយជាសន្លឹកឆ្នោតមិនបានការ
ឬក៏យើងសរសេរសារអី្វមួយផ្សេង
ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើងជា ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ
ខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ឱកាសនេះ
ក្នុងការសម្រេចសិទ្ធិ របស់ខ្លួន
ដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យ
និងសង្គ្រោះប្រទេសកម្ពុជាឡើងវិញ។”
“សម្រាប់ខ្ញុំនិយាយដោយត្រង់ទៅ
ខ្ញុំអត់ចង់ឲ្យនិយាយថាវាល្អ ឬមិនល្អសម្រាប់ការបោះឆ្នោតលើកនេះទេ
ព្រោះឥឡូវនេះ អង្ករបានក្លាយទៅជាបាយរួចស្រេចហើយ។
ហើយបើកាលណាខ្ញុំនិយាយអីដែលជាការរិះគន់ ទៅចំៗ
វាអាចនឹងមានផលប៉ះពាល់មកលើសុវត្ថិភាពរបស់ខ្ញុំ។
សម្រាប់ជាទស្សនៈនៃការវិនិច្ឆ័យទៅលើការបោះឆ្នោត វាសមស្រប
ឬមិនសមស្របអី ខ្ញុំគិតថា ទាំងអន្តរជាតិ
ទាំងពលរដ្ឋខ្មែរដែលនៅក្នុងស្រុក ហើយពិសេសគឺ ពលរដ្ឋខ្មែរ
ដែលឆន្ទៈរបស់គាត់ ដែលមានចំនួនប្រមាណជា
បីលាននាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ
ដែលត្រូវបានគេរម្លាយចោលនោះ
ខ្ញុំគិតថាគាត់ក៏អាចនិយាយជំនួសខ្ញុំបាន សម្រាប់ខ្ញុំអ្នកវិភាគ
គឺខ្ញុំអត់ចង់ធ្វើអត្ថាធិប្បាយអីឲ្យពិតប្រាកដឲ្យច្បាស់លាស់ទៅលើការបោះឆ្នោតនេះ។
ខ្ញុំគ្រាន់តែអាចនិយាយបានថា ការបោះឆ្នោតនេះគឺ
មិនអាចប្រព្រឹត្តិទៅបាន
ទៅតាមស្អីដែលជាស្តង់ដារនៃសូចនាករនៃការបោះឆ្នោតប្រកបដោយសេរី
និងយុត្តិធម៌ទេ។ បើសិនជាយើងយកសូចនាករទាំងអស់នេះមកប្រៀបធៀប
គឺយើងនៅមានការខ្វះខាតច្រើន។ ជាសំណូមពរខ្ញុំគិតថា
សម្រាប់នៅពេលវេលាថ្ងៃមុខ
ដើម្បីកុំឲ្យយើងជួបប្រទះតែនៅក្នុងវិបត្តិនយោបាយ
ដូចដែលយើងបានឃើញនៅស្ទើរតែរៀងរាល់ជាង១០ឆ្នាំម្ដង
គឺយើងតែងតែជួបនូវវិវាទគ្នារវាងអ្នកនយោបាយ ហើយទីចុងបំផុតអ្វីៗគឺ
យកមកដាក់សរុបគ្នានៅក្នុង
ថ្ងៃបោះឆ្នោតប្រហែលជាពីរអាទិត្យមុនបោះឆ្នោត
ហើយក្នុងរយៈពេលថ្ងៃបោះឆ្នោត ហើយនាំគ្នាប្រកាស ថាវាសេរី
ហើយយុត្តិធម៌។ ប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេ។
ខ្ញុំចង់ឲ្យអ្នកនយោបាយខ្មែរត្រូវពិនិត្យមើលឡើងវិញហើយយកអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ
យកមកធ្វើជាគោល ហើយនាំគ្នាអនុវត្តតាមច្បាប់ចែងទៅ ហើយកុំចេះ
តែនាំគ្នាម្តងបន្តិចៗ កែរដ្ឋធម្មនុញ្ញ
ត្រង់នេះបន្តិចត្រង់នោះបន្តិច ជួនកាល ការកែច្រើនពេក
វាអាចធ្វើឲ្យ ទីមួយធ្វើឲ្យរដ្ឋធម្មនុញ្ញយើងបាត់តម្លៃ
ហើយទីពីរទៀត ពេលខ្លះហ្នឹងធ្វើឲ្យយើង
អាចក្លាយចេញកាន់តែឆ្ងាយទៅៗអំពីអ្វីដែលជាច្បាប់ដើម
ហើយទីបំផុតច្បាប់ដែលយើងបង្កើតមក គឺសម្រាប់តែគាំទ្រ គណបក្សណាមួយ
ឬអ្នកណាមួយ ដែលមានអំណាច ហើយធ្វើឲ្យគណបក្សនយោបាយដទៃ
ទៀតឬក៏ពលរដ្ឋនៅក្នុងសង្គមទទួលរងគ្រោះដោយសារតែច្បាប់ហ្នឹង។”
“ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ
ការយល់ឃើញរបស់ខ្ញុំគឺថា និយាយឲ្យខ្លីបំផុតទៅ
វាគឺជាការបោះឆ្នោតក្លែងក្លាយ។
នេះបើទោះបីជាមានគណបក្សចំនួន២០ចូលរួម
ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា
និងគណបក្សតូចៗ១៩ទៀតចូលរួមក៏ដោយ។
មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ដែលអាចថាជាគណបក្សមួយដែលគេឯងស្គាល់ច្រើន។
ក៏មានផងដែរគណបក្សដទៃទៀតដែលគេឯងស្គាល់ល្មម។ ប៉ុន្តែ
សួរថាតើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ទទួលបានលទ្ធផលយ៉ាងដូចម្តេចដែរកាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅ?
គឺអត់មានបានលទ្ធផលអ្វីទាំងអស់...។ ខ្ញុំគិតថា គណបក្សលោក ញឹក
ប៊ុនឆៃ ទទួលបានតំណែងមេឃុំមួយ
កាលពីពេលបោះឆ្នោតឃុំសង្កាត់នាពេលនោះ។ សូមគិតមើលទៅ!
នេះមិនមែនជាការប្រកួតប្រជែងឡើយ!
អ្នកប្រាកដជាមិនចង់មើលល្បែងនៃការប្រកួតប្រជែងបែបហ្នឹងឡើយ។
វាគឺប្រៀបដូចល្បែងជិះសេះ ដែលមានកីឡាករប្រណាំងតែឯងអ៊ីចឹង។
វាគ្មានន័យអ្វីទាំងអស់។
យើងគួរតែសន្សំប្រាក់កាសដែលត្រូវចំណាយលើការបោះឆ្នោតនេះ
ហើយកុំចាំបាច់រៀបចំវាធ្វើអ្វី
ព្រោះវាជាការបោះឆ្នោតក្លែងក្លាយទេ។”