អង្គបោះឆ្នោតបានចេញទៅបោះឆ្នោតមានចំនួនច្រើនគឺជិត១០០% (៩៩,៧៩%) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា អ្នកដែលបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ មានចំនួន សរុប ១ម៉ឺន ១ពាន់ ៥រយ ៩៨ នាក់ (១១ ៥៩៨) ស្មើនឹង ៩៩,៧៩ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ១ម៉ឺន ១ពាន់ ៦រយ ២២ នាក់ (១១ ៦២២) ដែលសុទ្ធតែជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង។
ជាមួយគ្នានេះ គ.ជ.ប អះអាងថា ដំណើរការបោះឆ្នោតអសកលនេះមានសណ្ដាប់ធ្នាប់ និងមានសន្តិសុខល្អ។
បើទោះជាយ៉ាងណា គណបក្សប្រឆាំង ដែលចូលរួមការបោះឆ្នោតអះអាងថា ការបោះឆ្នោតនេះស្ថិតក្រោមបរិយាកាសមិនសេរី មិនយុត្តិធម៌ មិនស្មើភាព ព្រោះអង្គបោះឆ្នោតមកពីគណបក្សប្រឆាំងរងការគំរាមកំហែង ទិញទឹកចិត្ត ជាប់បណ្ដឹងនៅតុលាការ និងត្រូវចាប់ដាក់ពន្ធនាគារ ជាដើម។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ មានតំណែងក្រុមប្រឹក្សារាជធានីខេត្តសរុប ៥៥៩ តំណែង និងតំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សរុប ៣.៦៤១ តំណែង ត្រូវដណ្តើមយក។ គណបក្សចំនួន៥បានចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៨ ខែមិថុនា។
គណបក្សឆន្ទៈខ្មែរអះអាងថា ខ្លួនអាចបានអាសនៈក្រុមប្រឹក្សា រាជធានី ខេត្ត យ៉ាងហោចណាស់ជាង៥០ និងក្រុមប្រឹក្សា ក្រុងស្រុក ខណ្ឌ ជាង ៣០០ អាសនៈ។ ចំណែកគណបក្សកម្លាំងជាតិវិញ គណបក្សនេះ អាចទទួលបានអាសនៈក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន ៨ អាសនៈ និងក្រុមប្រឹក្សា ក្រុងស្រុក ខណ្ឌ ៧៦ អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។