ក្រុមយុវជនមិនរំពឹងថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិថ្មី ធ្វើការប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានអំពើពុករលួយឡើយ។ ពួកគាត់លើកឡើងដូច្នេះ គឺដោយសារតែពួកគាត់មិនទុកចិត្តលើប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា ខណៈនៅតែមានការបន្តធ្វើទុក្ខបុកម្នេញ និងការទិញទឹកចិត្តអង្គបោះឆ្នោតរបស់គណបក្សប្រឆាំង។
ការរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ ការអភិវឌ្ឍ និងការផ្ដល់សេវាកម្មក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ក៏ប៉ុន្តែ ៣អាណត្តិក្រោយការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ មក ពលរដ្ឋជាពិសេសក្រុមយុវជននៅតែគ្មានទំនុកចិត្តលើការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះនៅឡើយទេ។
សកម្មជនសង្គម កញ្ញា រៀម ស្រីពេជ្ររតនា ឱ្យវិទ្យុអាស៊ីសេរីដឹងថា កញ្ញាគ្មានសង្ឃឹមថា អង្គជាប់ឆ្នោតថ្នាក់ក្រោមជាតិនេះអាចយកតួនាទីរបស់ខ្លួនមកបម្រើផលប្រយោជន៍ពិតប្រាកដដល់ពលរដ្ឋឡើយ។ កញ្ញាសង្កេតឃើញថា ក្រុមប្រឹក្សារាជធានី ខេត្ត ភាគច្រើនគឺសុទ្ធតែជាមន្ត្រីមកពីគណបក្សកាន់អំណាចដែលកាន់តំណែងរាប់សិបឆ្នាំ ប៉ុន្តែជាក់ស្ដែងការអភិវឌ្ឍនៅតែមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋនៅឡើយ។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «យើងឃើញថា មិនបាច់ចាំទៅមើលដល់របាយការណ៍ចាយលុយចេញលុយទេ គ្រាន់តែមើលនឹងភ្នែកដឹងថា សេដ្ឋកិច្ចប្រជាពលរដ្ឋក៏ជំពាក់ធនាគារច្រើន ហើយសម្បូរណ៍ទៅដោយអ្នកចំណាកស្រុក។ នៅភូមិរបស់ខ្ញុំជាក់ស្តែងគឺអ្នកចំណាកស្រុកច្រើន ផ្លូវថ្នល់ពិបាកជិះ នៅតែហុយដដែល ហើយសាលារៀន និងមណ្ឌលសុខភាពជាដើម គឺនៅតែដដែលរាប់សិបឆ្នាំមក ដែលមានប៉ុណ្ណាហើយគឺប៉ុណ្ណឹង។ វាអត់មានអ្វីដែលផ្លាស់ប្ដូរ ឬអភិវឌ្ឍន៍លើសពីហ្នឹងទៅទៀតទេ»។
ដោយឡែក អ្នកសិក្សាផ្នែកច្បាប់ លោក លី ចាន់ដារ៉ាវុត យល់ឃើញថា ការបោះឆ្នោតនៅពេលខាងមុខនេះនឹងមិនអាចឆ្លុះបញ្ចាំងពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឡើយ ដោយសារតែមន្ត្រីបក្សប្រឆាំងមួយចំនួនរងការគំរាមកំហែងពីបក្សកាន់អំណាចមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោត។ លោកបន្តថា មន្ត្រីថ្នាក់ក្រោមជាតិមួយចំនួននៅតែបន្តរើសអើង ប្រកាន់និន្នាការនយោបាយ និងគ្មានការបែងចែកអំណាចទៅឱ្យអង្គជាប់ឆ្នោតដែលមកពីគណបក្សផ្សេងដើម្បីឱ្យពួកគេអាចចូលរួមលើកពីបញ្ហាប្រឈមរបស់ពលរដ្ឋឡើយ។
លោក លី ចាន់ដារ៉ាវុត៖ «រឿងទាំងអស់នេះកើតឡើងបានយ៉ាងងាយស្រួល ហើយកម្រទទួលបានយុត្តិធម៌សម្រាប់សកម្មជនដោយសារតែអំណាចទាំងអស់វាស្ថិតនៅលើក្រុមតែម្ខាង ខណៈពេលដែលក្រុមហ្នឹងវាហាក់បីដូចជាមានអំពើពុករលួយដល់កម្រិតកំពូលទៅហើយ ដែលត្រូវការយកធនធានទាំងអស់ហ្នឹងមកបែងចែកនៅក្នុងផ្ទៃក្នុងបក្សដើម្បីធ្វើយ៉ាងណាគ្រប់គ្រងគណបក្សរបស់ខ្លួនកុំឱ្យបែកខ្ញែក។ អ៊ីចឹង ខ្ញុំបារម្ភអំពីបញ្ហាសង្គមនេះនឹងកើតមានឡើងញឹកញាប់បន្ថែមទៀតនៅពេលដែលលទ្ធផលឆ្នោតចេញមក យើងឃើញថា គណបក្សកាន់អំណាចគ្រប់គ្រងសឹងតែគ្រប់ផ្នែកនៃអំណាចនៅក្នុងប្រទេសកម្ពុជា»។
ឆ្លើយតបនឹងកង្វល់របស់ក្រុមយុវជនទាំងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ចាត់ទុកការលើកឡើងរបស់ក្រុមយុវជននេះថា គ្មានមូលដ្ឋានច្បាស់លាស់។ លោកជំរុញឱ្យយុវជនដាក់ពាក្យបណ្ដឹងទៅគ.ជ.ប ប្រសិនបើមានភាពមិនប្រក្រតីណាមួយ។
លោក ហង្ស ពុទ្ធា៖ «ស្នើសុំឱ្យបណ្ដាញព័ត៌មាន ភាគីពាក់ព័ន្ធទាំងអស់ គណបក្សនយោបាយ បងប្អូនប្រជាពលរដ្ឋ ហើយអាជ្ញាធរ សហការគ្នាឡើង សហការក្នុងគោលបំណងល្អ ជំរុញឱ្យវិស័យបោះឆ្នោតនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ហើយមិនត្រូវមានការចោទប្រកាន់ណាដែលខ្វះមូលដ្ឋានពិតប្រាកដ ខ្វះភស្តុតាងជាក់លាក់នោះទេ»។
ទោះជាយ៉ាងណា ស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា ជារឿយៗតែងរងនូវការរិះគន់ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាជាស្ថាប័នបម្រើឱ្យគណបក្សកាន់អំណាច និងស្ថិតក្រោមខ្សែញាក់របស់ត្រកូល «ហ៊ុន»។ ក្បាលម៉ាស៊ីនដឹកនាំរបស់ស្ថាប័ននេះ គឺសុទ្ធតែជាមនុស្សរបស់បក្សកាន់អំណាច។ ការបោះឆ្នោតនៅកម្ពុជា ត្រូវគេមើលឃើញថា ធ្វើឡើងដើម្បីតែ«បង្គ្រប់កិច្ច» ជាការបោះឆ្នោត«ក្លែងក្លាយ» និងផ្ដល់ភាពស្របច្បាប់ដល់គណបក្សកាន់អំណាចឱ្យអាចបន្តការដឹកនាំតទៅទៀតដោយគ្មានគូរប្រជែង។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា។ ការបោះឆ្នោតនេះ មានកៅអីសមាជិកក្រុមប្រឹក្សារាជធានីខេត្តសរុប ៥៥៩ និងកៅអីសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌសរុប ៣.៦៤១ សម្រាប់គណបក្សនយោបាយដណ្ដើមយក។ ការបោះឆ្នោតនេះគឺជាការបោះឆ្នោតអសកល និងមិនចំពោះ ដោយមានតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែងសរុប ១១.៦២២នាក់ គឺជាអ្នកបោះឆ្នោត។
គណបក្សនយោបាយចំនួន៥បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនេះ។ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដាក់បេក្ខជននៅគ្រប់មណ្ឌលនៅទូទាំងប្រទេស។ រីឯគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យគណបក្សភ្លើងទៀន បានដាក់បេក្ខជនរបស់ខ្លួននៅ ២៣រាជធានីខេត្ត ខណៈគណបក្សកម្លាំងជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២២រាជធានីខេត្ត។ ក្រៅពីនេះ ក៏មានគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិចូលរួមផងដែរ។ គ.ជ.បគ្រោងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៨ ខែមិថុនា។
ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា (TI-Cambodia) លោក ប៉ិច ពិសី មានប្រសាសន៍ថា ដើម្បីធានាដល់ការបោះឆ្នោតអសកលខាងមុខនេះឱ្យមានសុចរិតភាព គឺទាល់តែស្ថាប័នគ.ជ.ប រឹតបន្តឹងច្បាប់កុំឱ្យមានការទិញទឹកចិត្តមន្ត្រីគណបក្សប្រឆាំងនៅតាមមូលដ្ឋានជាថ្នូរនឹងការប្ដូរយកសន្លឹកឆ្នោតដែលអាចប៉ះពាល់ដល់ការបោះឆ្នោត។ លោកចង់ឃើញគណបក្សនយោបាយទាំងអស់រួបរួមគ្នាដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោក ប៉ិច ពិសី៖ «ជាសំខាន់ខ្ញុំគិតថា យើងគួររៀបចំនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ហើយធានាថា មន្ត្រីជាប់ឆ្នោត ទោះបីជានៅក្រោមគណបក្សណាក៏ដោយ គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ យើងចង់ឃើញ ពលរដ្ឋចង់ឃើញថា អ្នកជាប់ឆ្នោត គឺបម្រើផលប្រយោជន៍ជាតិ ប្រយោជន៍ពលរដ្ឋ ហើយប្រយោជន៍សង្គមជារួម ដោយមិនធ្វើការរើសអើងទៅលើនិន្នាការណាមួយ និន្នាការនយោបាយ និន្នាការសង្គម សាសនា ជាដើម គឺធានានូវភាពស្មើភាពគ្នា»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែងថា ក្រុមប្រឹក្សាមានអាណត្តិប្រាំ (០៥) ឆ្នាំ។ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាលើកដំបូងកាលពីឆ្នាំ២០០៩ ជា ផ្នែកមួយនៃការធ្វើកំណែទម្រង់ដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
មាត្រា១២ នៃច្បាប់ដដែលនេះចែងថា ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ រួមមាន ភាពជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព។ ក្រៅពីនេះ ត្រូវមានការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាព និងសុចរិតភាព វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។
បើទោះជាមានការចែងក្នុងច្បាប់ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងនេះក្ដី កម្ពុជានៅតែជាប្រទេសពូកែខាងរំលោភច្បាប់ និងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេនៅលើពិភពលោក ដោយសារតែការគ្រប់គ្រងតាមបែបឯកបក្ស និងក្រោយមកត្រូវបានប្រែក្លាយឱ្យស្ថិតក្រោមការគ្រប់គ្រងតាមអំណាចប្រមូលផ្ដុំរបស់ត្រកូល«ហ៊ុន»ស្ទើរផ្ដាច់មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។