នៅសាលាអន្តរជាតិបារាំង ដេកាត ក្មេងប្រុសជនជាតិបារាំងឈ្មោះ Evan អាយុ៦ឆ្នាំ បានដើរចេញពីថ្នាក់រៀនសំដៅមករកយើងនិយាយប្រាប់យើងជាភាសាបារាំងដោយទឹកមុខញញឹមញញែមត្រេកអរថា គេនឹងទៅប្រទេសជប៉ុនតែម្នាក់ឯងទេ គឺទៅតែម្នាក់ឯងប៉ុណ្ណោះនៅក្នុងពេលវិស្សមកាលខាងមុខនេះ ប៉ុន្តែមិនដឹងថាមានជើងហោះហើរដែរឬក៏អត់នៅពេលដែលប្រទេសថៃកំពុងជួបភាពច្របូកច្របល់បែបនេះ។
នេះគឺជាគម្រោងធ្វើដំណើរឆ្លងទ្វីបតែម្នាក់ឯងលើកដំបូងបំផុតរបស់ក្មេងប្រុសតូចរូបនេះចាកចេញពីកម្ពុជាដែលជាលំនៅឋានបច្ចុប្បន្នឆ្ពោះទៅកាន់ទឹកដីប្រទេសជប៉ុនដែលធ្លាប់រស់នៅនិងរៀនសូត្រនៅទីនោះចំនួន៣ឆ្នាំនៅពេលដែល Evan រៀនថ្នាក់មត្តេយ្យ។
ឪពុករបស់ Evan ជាអ្នកផ្ដើមនូវគំនិតក្នុងការបញ្ជូនក្មេងប្រុសតូចរូបនេះដើរទៅណាមកណាតែម្នាក់ឯងដោយមិនចាំបាច់មានឪពុកម្ដាយទៅជាមួយដូចក្មេងឯទៀតៗឡើយ។
ឪពុករបស់ Evan និយាយថា លោកចង់ជំរុញកុមារតូចនេះឲ្យបន្តការនិយាយភាសាជប៉ុនដែលធ្លាប់រៀនកាលនៅថ្នាក់មត្តេយ្យ ហើយសំខាន់ជាងនេះទៅទៀតលោកចង់ឲ្យកុមារតូចនេះរៀនទទួលខុសត្រូវដោយខ្លួនឯង រៀនប្រឈមមុខនឹងបញ្ហាចាប់តាំងពីអាយុក្មេងខ្ចីបែបនេះ។
ឪពុករបស់ Evan បានមានប្រសាសន៍ថា ៖ "ខ្ញុំមិនចង់ឲ្យវាបាត់បង់ភាសាជប៉ុនដែលវាធ្លាប់រៀនកាលពីនៅមត្តេយ្យនោះទេ ខ្ញុំសុខចិត្តឲ្យវាទៅអ៊ីចឹង ហើយជាញឹកញាប់ខ្ញុំគិតថា នឹងបញ្ជូនវាឲ្យទៅជប៉ុនម្នាក់ឯងដើម្បីធ្វើការងារនេះ"។
សុត្តន្ត ៖ តើលោកមិនគិតថា Evan វានៅក្មេងពេកក្នុងការធ្វើដំណើរតែម្នាក់ឯងទេ? តើលោកមានផ្ដាំផ្ញើអ្វីខ្លះមិននឹងការធ្វើដំណើររបស់កូនដែរឬអត់?
ឪពុក Evan ៖ អូ អត់ទេ។ បើទោះបីជាមិនសូវមានជនជាតិបារាំងដូចខ្ញុំធ្វើរបៀបនេះក៏ដោយ ប៉ុន្តែអ្វីដែលខ្ញុំធ្វើសម្រាប់វាទាំងអស់ ខ្ញុំគិតថាវាគ្មានបញ្ហាអីទេ Evan ធ្លាប់ធ្វើដំណើរញឹកញាប់តាមយន្តហោះពីភ្នំពេញ បាងកក ពីបាងកក ជប៉ុន និងជប៉ុន បារាំង ជាដើម។ វាមិនមែនទៅម្នាក់ឯងទេ គឺមានអូតេសអ្នកជួយ ដូច្នេះខ្ញុំចង់ឲ្យវារៀនជួយខ្លួនឯងខ្លះ បើទោះបីវាមិនចេះអង់គ្លេសក៏ដោយនៅលើយន្តហោះ។ ខ្ញុំធ្វើអ៊ីចឹងដើម្បីឲ្យ Evan វាឯករាជ្យមិនចាំបាច់ពឹងម៉ែឪ ហើយខ្ញុំជឿថា Evan វាអរ វាមានមោទនភាពខ្លួនវា។
វិស្សមកាលរបស់ក្មេងៗដែលរៀននៅសាលាដេកាត ក្រុងភ្នំពេញ នារដូវរងានេះនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១៩ខាងមុខនេះ។ នៅក្នុងអំឡុងពេលវិស្សមកាលនេះ Evan នឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុនដើម្បីកម្សាន្តផងនិងដើម្បីរៀនភាសាជប៉ុនផង។ Evan នឹងចាកចេញពីក្រុងភ្នំពេញ តាមជើងយន្តហោះអាកាសចរណ៍ថៃ ហើយនឹងត្រូវឈប់សម្រាកមួយភ្លែតដើម្បីប្ដូរជើងយន្តហោះពីថៃទៅជប៉ុនបន្តទៀត។
ការធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯងរបស់ Evan នឹងចាប់ផ្ដើមហើយនៅអាទិត្យក្រោយនេះ។ នៅផ្ទះ កូនក្មេងអាយុ៦ឆ្នាំរូបនេះ Evan ចាប់ផ្ដើមបត់ខោអាវនិងរៀបចំសៀវភៅ ប្រដាប់ប្រដាលេង និងលិខិតឆ្លងដែនរួចជាស្រេចនៅក្នុងវ៉ាលិសរបស់វា។
សុត្តន្ត ៖ Evan តើឯងមិនខ្លាចទេក្នុងការធ្វើដំណើរមកទៅណាតែម្នាក់ឯង បើឯងអត់ចេះអង់គ្លេសផង?
Evan ៖ អត់ទេ គឺលើកទី១ របស់ខ្ញុំ ខ្ញុំចង់សាកល្បង ខ្ញុំនិយាយជាមួយអូតេសដោយធ្វើកាយវិការ ខ្ញុំស្គាល់យន្តហោះ ខ្ញុំចេះចុះឈ្មោះ ខ្ញុំចេះដាក់ខ្សែក្រវាត់ និងចេះមើលតារាងហោះហើរទៀត ខ្ញុំមិនខ្លាចទេ។
ឪពុករបស់ Evan មានមុខរបរជាអ្នករក្សាសត្វព្រៃនៃគម្រោងថែរក្សាសត្វ Wild Life International។ ក្រុមគ្រួសាររបស់ Evan ទើបនឹងផ្លាស់ប្ដូរពីប្រទេសជប៉ុនមករស់នៅកម្ពុជានៅក្នុងខណ្ឌមានជ័យ កាលពីឆ្នាំមុន ហើយបច្ចុប្បន្ន Evan ត្រូវរៀននៅសាលាបារាំងអន្តរជាតិ... និងរៀនបន្ថែមផ្នែកភាសាខ្មែរនៅម្ដុំវត្តភ្នំ។ បើទោះបីជាវាបានប្ដូរមករស់នៅស្រុកខ្មែរវិញហើយក៏ដោយ ក៏ប៉ុន្តែឪពុកម្ដាយរបស់ Evan មិនចង់ឲ្យកូនរបស់ខ្លួនភ្លេចភាសាជប៉ុនដែលធ្លាប់រៀនកាលពីអាយុ៣ឆ្នាំនោះឡើយ។
ការធ្វើដំណើរទៅជប៉ុនលើកនេះ Evan ត្រូវចំណាយរយៈពេល២សប្ដាហ៍ដែលត្រូវរស់នៅជាមួយនឹងក្រុមគ្រួសារជប៉ុនមួយដែលត្រូវជាឪពុកម្ដាយរបស់មិត្តភក្ដិរបស់វាកាលពីថ្នាក់មត្តេយ្យ។ Evan ត្រូវបង្ខំចិត្តនិយាយភាសាជប៉ុនដែលចេះរដិបរដុប ហើយនិងត្រូវដើរកម្សាន្តជុំគ្នាជាមួយនឹងអ្នកគ្រូនិងមិត្តរួមថ្នាក់ជនជាតិជប៉ុនឯទៀតៗ។ ក្រោយមកទើប Evan ត្រឡប់ចូលមកកម្ពុជាវិញតែម្នាក់ឯងតាមជើងយន្តហោះដដែលដោយមានឪពុកម្ដាយរបស់វាជាអ្នកចាំទទួលនៅវាលយន្តហោះពោធិ៍ចិនតុង។
អ្នកស្រី អ៊ូទ្រី ម៉ូរ៉ាំង ម្ដាយរបស់ Evan បានរៀបរាប់ថា តម្លៃយន្តហោះធម្មតាពីស្រុកខ្មែរទៅជប៉ុនត្រូវចំណាយប្រាក់អស់ប្រហែល៨០០ដុល្លារទៅមក ប៉ុន្តែដោយសារតែ Evan ជាកូនក្មេងធ្វើដំណើរតែម្នាក់ឯង គាត់ត្រូវចំណាយប្រាក់បន្ថែមពីលើចំនួន៣០០ដុល្លារទៀតសម្រាប់ឲ្យអ្នកបម្រើយន្តហោះយកចិត្តទុកដាក់។
អ្នកស្រី ម៉ូរ៉ាំង បន្តថែមទៀតថា ៖ "កាលពីខ្ញុំនៅតូច ខ្ញុំមិនដែលបានធ្វើដំណើរឆ្ងាយតែម្នាក់ឯងដូច្នេះទេ ក៏ប៉ុន្តែខ្ញុំយល់ថា ការធ្វើដំណើរផ្ដល់នូវបទពិសោធន៍ច្រើនណាស់បានធ្វើឲ្យយើងបានជួបមនុស្សច្រើនជានិច្ចកាលវាមានប្រយោជន៍ណាស់។ ខ្ញុំគិតថា នេះគឺជាធនធានមួយសំខាន់ណាស់ដែលយើងត្រូវជំរុញក្មេងៗនេះក៏ជាមូលហេតុឲ្យ Evan ទៅតែម្នាក់ឯង ហើយខ្ញុំឲ្យវាចេះជួយខ្លួនឯង ចេះដោះស្រាយបញ្ហាខ្លួនឯង មិនឲ្យភ័យព្រួយពេលមានបញ្ហាវាត្រូវប្រឈមមុខ ខ្ញុំជឿថាអត់អីទេ។ ចំណែក Evan ក៏មានជំនឿចិត្តលើខ្លួនវាដែរ។ ចាំមើលមើល៍យ៉ាងម៉េចទៅវិញ?"។
នៅថ្ងៃចាកចេញពីក្រុងភ្នំពេញ ឪពុកម្ដាយរបស់ Evan គ្រាន់តែជូនដំណើរទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុង ហើយនាំវាទៅចុះឈ្មោះបន្ទាប់មកគឺជាពេលរបស់ Evan តែម្នាក់ឯងគត់នៅលើយន្តហោះដែលត្រូវនិយាយឆ្លើយឆ្លងជាមួយនឹងក្រុមដំណើរ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនិងជាមួយអ្នកបម្រើយន្តហោះជាដើម។
ឪពុកម្ដាយរបស់ Evan បានភ្ជាប់ទៅជាមួយនូវកូនស្បោងតូចមួយភ្ជួរនៅក Evan ដោយមានឈ្មោះនិងអាសយដ្ឋានរបស់គាត់ផងដែរនៅពេលមានបញ្ហា។ ពួកគាត់សង្ឃឹមថា ការធ្វើដំណើររបស់ក្មេងប្រុសតូចនេះនឹងមិនមានបញ្ហាអ្វីឡើយ ហើយពួកគាត់នឹងសាកល្បងឲ្យវាធ្វើដំណើរបន្តទៅទៀតនៅលើកក្រោយដោយចេញពីកម្ពុជាទៅប្រទេសបារាំងតែម្នាក់ឯងវិញម្ដង៕