«កាលពីមុនគេរើសអើង ខ្ញុំមានផលពិបាក ខ្មាសគេ អៀនគេ ដោយសារយើងមានផ្ទុកមេរោគហ្នឹង ហើយកូនចៅយើងមិនឈឺក៏ដោយ។ អាមួយបងអីវាទៅលេងជាមួយគេធម្មតា តែកូនយើងមិនឈឺហ្នឹង កូនយើងទៅលេងជាមួយគេមានផលពិបាក។ ក្មេងៗគ្នាវាវានិយាយ វាថាអ្ហែងកើតអេដស៍ អ្ហែងមកលេងជាមួយអញ អញអត់លេងជាមួយអ្ហែងទេ» ៖ នេះជាប្រសាសន៍បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំថ្លែងរំឭកអំពីផលវិបាកដែលបណ្តាលមកពីការរើសអើងរបស់អ្នកស្រុកចំពោះរូបគាត់ដែលមានផ្ទុកមេរោគអេដស៍ក៏ដូចបញ្ហាដែលកូនរបស់គាត់រងការរើសអើងពីកុមារដទៃទៀតក្នុងសហគមន៍នោះផង។
លោក ឈៀង តូម៉ា ថ្លែងបន្តថា លោកបានដឹងថា រូបគាត់មានផ្ទុកមេរោគអេដស៍តាំងពីឆ្នាំ១៩៩៨មកម៉្លេះ។ មេរោគអេដស៍នេះក៏បានចម្លងទៅប្រពន្ធរបស់លោកដែរ ហើយប្រពន្ធរបស់លោកបានស្លាប់ហើយក្នុងឆ្នាំ២០០៦ដោយបន្សល់ទុកកូនកំព្រាម្តាយចំនួន៣នាក់។
ក្នុងចំណោមកូនកំព្រាម្តាយទាំង៣នាក់នោះ កូនប្រុសច្បងអាយុ១៣ឆ្នាំ និងកូនស្រីបន្ទាប់អាយុ១១ឆ្នាំមិនមានផ្ទុកមេរោគអេដស៍ទេ ក៏ប៉ុន្តែកូនប្រុសពៅដែលមានអាយុ៩ឆ្នាំគេកំពុងរស់នៅដោយមានផ្ទុកមេរោគអេដស៍នេះ។
លោក ឈៀង តូម៉ា បានឲ្យដឹងថា ៖ «អាពៅហ្នឹងវាឈឺដែរ វាផ្ទុកអាពៅហ្នឹងមួយ។ ម៉ែឪគេហាមឃាត់អត់ឲ្យកូនគេលេងជាមួយទេ។ ហ្នឹងមានការឈឺចាប់ មានការអៀនខ្មាសដែរ ប៉ុន្តែមិនដឹងធ្វើម៉េច»។
សព្វថ្ងៃនេះ លោក ឈៀង តូម៉ា កំពុងរស់នៅក្នុងសហគមន៍មួយនៅតំបន់បុរីកីឡាក្នុងក្រុងភ្នំពេញជាមួយនឹងពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍និងកើតអេដស៍ជាង២០គ្រួសារទៀត។ លោកបន្តថាកន្លងមកជំងឺអេដស៍នេះបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ជីវភាពគ្រួសាររបស់គាត់។
លោក ឈៀង តូម៉ា បានបញ្ជាក់ថា ៖ «ពីមុនមករស់នៅជាមួយគ្នាហ្នឹងក៏អត់មានការលំបាកដែរ ធូរធារ ខ្ញុំធ្វើរកទៅ កាលហ្នុងមានបានដែរទេ ប៉ុន្តែដល់ពេលខ្ញុំធ្លាក់ខ្លួនឈឺ វេទនា មកព្យាបាលនៅភ្នំពេញហ្នឹងអស់លុយអស់កាក់ លក់ដីលក់ស្រែអស់រលីង។ មានរឿងហ្នឹងទៅវាមានការតក់ស្លុតហើយ មានថ្នាំពន្យារហ្នឹងគ្រាន់តែថាវាអាចថារស់បានដូចគេដូចឯងអ៊ីចឹង គ្រាន់ថាមានជីវិតតស៊ូដើម្បីនៅរកស៊ីចិញ្ចឹមមើលកូនមើលចៅទម្រាំថាថ្ងៃណាយើងបញ្ចប់ជីវិតយើង ថ្ងៃណាចាំពេលហ្នុងទៅ»។
គេរកឃើញថា មេរោគអេដស៍កើតមានលើពលរដ្ឋខ្មែរចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ រដ្ឋាភិបាលខ្មែរបានបន្ទោសជាញឹកញាប់ថា មន្ត្រីអង្គការសហប្រជាជាតិគឺជាអ្នកនាំជំងឺអេដស៍ចូលមកកម្ពុជា ដែលកាលណោះអង្គការសហប្រជាជាតិ (UNTAC) បានមកកាន់កម្ពុជាក្នុងតួនាទីជាអ្នកជួយរកសន្តិភាពនិងជួយរៀបចំការបោះឆ្នោតសកលជាលើកដំបូងនៅប្រទេសកម្ពុជានេះ។ ចាប់តាំងពីពេលនោះមកមេរោគអេដស៍បានចម្លងរីករាលដាលលើពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងដែរថា ការឆ្លងរីករាលដាលនៃមេរោគអេដស៍ដ៏ឆាប់នាកាលណោះគឺតាមរយៈការប្រើប្រាស់ម្ជុលស៊ីរាំងចាក់រួមគ្នា ការចម្លងដោយស្រ្តីដែលក្នុងនោះមានស្ត្រីរកស៊ីផ្លូវភេទ ស្ត្រីខារ៉ាអូខេ និងស្រ្តីបម្រើស្រាបៀរ និងស្ត្រីដែលធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើជាដើម។
របាយការណ៍ដដែលបង្ហាញថា ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៨ មានអត្រាអ្នកផ្ទុកមេរោគអេដស៍ខ្ពស់បំផុតនៅតំបន់អាស៊ីនេះដែលតួលេខបង្ហាញថា ២,៨%នៃពលរដ្ឋខ្មែរមានផ្ទុកមេរោគអេដស៍។ បច្ចុប្បន្នមេរោគអេដស៍ក៏កំពុងងាយចម្លងយ៉ាងឆាប់រហ័សក្នុងចំណោមយុវជននិងអ្នកប្រើគ្រឿងញៀនផងដែរ។
របាយការណ៍បានបង្ហាញទៀតថា នៅប្រទេសកម្ពុជាជំងឺអេដស៍បានឆក់យកជីវិតពលរដ្ឋខ្មែរប្រមាណ១សែននាក់ហើយ។
លោកវេជ្ជបណ្ឌិត ទា ផល្លា ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា នៅទូទាំងប្រទេសកម្ពុជាក្នុងចំណោមមនុស្សដែលមានវ័យពី១៥ឆ្នាំដល់៤៩ឆ្នាំ ចំនួន០,៩% ត្រូវគេរកឃើញថាមានមេរោគអេដស៍។
ហើយបច្ចុប្បន្ននេះមាន៩៣%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលថ្នាំព្យាបាល ហើយចំនួន៧០%នៃកុមារដែលកំព្រាដែលឪពុកម្តាយកំពុងទទួលបានការជួយឧបត្ថម្ភគាំពារដោយរដ្ឋាភិបាល។
កាលពីខែមេសា ឆ្នាំនេះ រដ្ឋាភិបាលខ្មែរបានគ្រោងចំណាយពី៤៥លានដុល្លាររហូតដល់៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ដោយរំពឹងថា នៅឆ្នាំ២០១០ការចម្លងមេរោគអេដស៍នឹងធ្លាក់មកនៅត្រឹម០,៦%នៅទូទាំងប្រទេស។
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺលោកវេជ្ជបណ្ឌិត ទា ផល្លា និងលោក ឈៀង តូម៉ា បានថ្លែងស្របគ្នាថា នៅកម្ពុជាសព្វថ្ងៃនេះបញ្ហាការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នកកើតជំងឺអេដស៍នេះមានការថយចុះហើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ទា ផល្លា ថ្លែងថា វិធានការក្នុងការជួយលើកទឹកចិត្តឲ្យអ្នកផ្ទុកមេរោគអេដស៍ដើម្បីអាចរស់នៅឲ្យបានយូរនោះគឺជាកិច្ចការដែលត្រូវបន្តធ្វើតទៅទៀត ហើយបញ្ហានេះគឺចាប់ផ្តើមពីការធ្វើយ៉ាងណាឲ្យអ្នកផ្ទុកមេរោគអេដស៍ទាំងនោះមានមុខរបរត្រឹមត្រូវនិងធ្វើឲ្យមានសង្ឃឹមក្នុងជីវិត។
លោកវេជ្ជបណ្ឌិត ទា ផល្លា បានមានប្រសាសន៍ថា ៖ «ប៉ុន្តែឥឡូវយើងចង់ឲ្យ ការលំបាក គឺចង់ឲ្យថា កុំឲ្យគាត់រង់ចាំតែអង្ករដែលគេជូនមករាល់ខែអ៊ីចឹង គឺចង់ឲ្យគាត់មានមុខរបរ មានហៅថាជម្រើសក្នុងការរកស៊ីទទួលទានទៅ ចង់ឲ្យមានអ៊ីចឹង។ កន្លែងហ្នឹងប្រហែលជាមិនមែនជាបញ្ហាចំពោះអ្នកផ្ទុកមេរោគអេដស៍ទេ ប្រជាពលរដ្ឋធម្មតាៗហ្នឹង ក៏មានការលំបាកដែរ ជាពិសេសក្នុងវិបត្តិសេដ្ឋកិច្ចរបស់យើងនេះ ហើយនៅក្នុងសាលារៀនក៏យើងមានការអប់រំកុំឲ្យមានការរើសអើងចំពោះអ្នកមានមេរោគអេដស៍ផងដែរ»។
ចំណែកឯលោក ឈៀង តូម៉ា ថ្លែងដែរថា ដំបូងឡើយគាត់ធ្លាក់ទឹកចិត្តជាខ្លាំងនៅពេលដែលដឹងខ្លួនឯងថាមានផ្ទុកមេរោគអេដស៍និងរួមផ្សំដោយការរើសអើងពីអ្នកស្រុកផងនោះ។
លោក ឈៀង តូម៉ា ថ្លែងទៀតថា សព្វថ្ងៃលោកមានសង្ឃឹមឡើងវិញដោយសារមានការជួយផ្តល់ថ្នាំពីអង្គការHOPE និងប្រឹងប្រែងដោយខ្លួនឯងក្នុងការប្រកបរបរជាអ្នកជួសជុលម៉ូតូនិងធ្វើសំណង់ម្តងម្កាលដើម្បីចិញ្ចឹមជីវិត។
លោក ឈៀង តូម៉ា បានឲ្យដឹងថា ៖ «បើខ្ញុំនៅធ្វើកើតរកកើតអីអ៊ីចឹង ខ្ញុំមិនទាន់ថាអស់សង្ឃឹមទេ មានផ្ទុកមេរោគមែន ប៉ុន្តែខ្ញុំអាចមានថ្នាំពន្យារបាន។ អ្នកមិនដែលដឹងប្រវត្តិខ្ញុំគេអត់ដឹងថាយើងមានផ្ទុកទេ គ្រាន់តែថាឥឡូវហ្នឹងក្នុងស្រុកក្នុងភូមិខ្ញុំ ខ្ញុំអត់លាក់គេ ពីមុនខ្ញុំលាក់ពេលខ្ញុំដឹងថាមានមេរោគហ្នឹង។ ពីមុនមានការរើសអើង ឥឡូវអ្នកស្រុក អ្នកភូមិ អ្នកជិតខាងគេលែងមានការរើសអើងជាមួយខ្ញុំហើយ ព្រោះថាខ្ញុំផ្ដល់យោបល់ឲ្យគេទៅ ខ្ញុំលើកពីបញ្ហាមេរោគអេដស៍ហ្នឹងឆ្លងតាមរយៈម៉េចៗ ខ្ញុំនិយាយប្រាប់គេហូរហែ ការរស់នៅ ការហូបចុកអីជាមួយគ្នា ការស្លៀកពាក់អី ខ្ញុំនិយាយប្រាប់គេ ដូចបង្រៀនគេអ៊ីចឹង ដល់ឥឡូវគេយល់រឿងជំងឺហ្នឹងគេលែងរើសអើងយើងទៅ»។
លោក ឈៀង តូម៉ា ថ្លែងទៀតថា សព្វថ្ងៃនេះលោកក៏ទទួលបានការលើកទឹកចិត្តពីគ្រួសារដែរដែលនោះគឺជាភរិយាទីពីររបស់លោក ប៉ុន្តែនាងក៏មានផ្ទុកមេរោគអេដស៍ហើយដែរ៕