ប្រវត្តិ​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប​អក​អំបុក​សំពះ​ព្រះខែ

ពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប​សំពះ​ព្រះ​ខែ គឺ​ជា​ពិធី​បុណ្យ​ប្រពៃណី​របស់​ជាតិ​ខ្មែរ​មួយ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ តាំង​ពី​បុរាណ​កាល ហើយ​និង​បាន​បន្ត​រហូត​ដល់​សព្វថ្ងៃ។

0:00 / 0:00

នៅ​ក្នុង​ឆ្នាំ​នេះ ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៤​កើត ខែ​កត្តិក រហូត​ដល់​ថ្ងៃ ១​រោច ខែ​កត្តិក ឆ្នាំ​ខាល ទោស័ក ពុទ្ធសករាជ ២៥៥៤ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ២១ និង ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

តើ​ពិធី​បុណ្យ​នេះ​មាន​សារសំខាន់​យ៉ាង​ណា​ខ្លះ​សម្រាប់​ជាតិ​ខ្មែរ ហើយ​ថា តើ​មាន​ប្រវត្តិ​រឿង​ហេតុ​ដូចម្ដេច​ដែរ ទើប​គេ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​នេះ?

ការ​ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃណី​ជាតិ និង​ទំនៀមទម្លាប់​ខ្មែរ គេ​ឃើញ​មាន​ច្រើន និង​យ៉ាង​សម្បូរ​បែប ដែល​ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់​ទុក​តាំង​ពី​ពី​សម័យ​មុនៗ ដូចជា​ពិធី​បុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​ជា​ដើម ហើយ​សព្វថ្ងៃ​ពិធី​បុណ្យ​នោះ​ក៏​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បុណ្យ​ប្រពៃណី​វប្បធម៌​ជាតិ​ខ្មែរ​ដ៏​ធំ​មួយ​ដូច​កាល​ពី​សម័យ​បុរាណ​ដែរ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក លយ​ប្រទីប និង​សំពះ​ព្រះខែ ភាគ​ច្រើន​គេ​ច្រើន​តែ​ធ្វើ​នូវ​រៀងរាល់​រដូវ​ទឹក​សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា ដែល​ជា​ខែ​មាន​ព្រះចន្ទ​រះ​ពេញ​វង់​ល្អ គឺ​ចាប់​ពី​ថ្ងៃ ១៤​កើត ១៥​កើត និង​ថ្ងៃ ១​រោច។

ពិធី​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​តាម​ដង​ទន្លេ​សាប និង​ខាង​មុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី ចាស់​ក្មេង​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​យ៉ាង​កុះករ​ណែនណាន់​តាន់តាប់ ហើយ​ពេល​នោះ​ក៏​មាន​វត្តមាន​ព្រះមហាក្សត្រ ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក៏​បាន​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ដែរ។

ប្រការ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​នោះ ក៏​ដោយសារ​គេ​មាន​ជំនឿ​ទៅ​លើ​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ ដែល​រំឭក​នឹក​ទៅ​ដល់​ថ្ងៃ​ដែល​កងទ័ព​ជើង​ទឹក​ពី​ជំនាន់​បុរាណ​បាន​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​បច្ចាមិត្ត ហើយ​ទទួល​បាន​នូវ​ជ័យ​ជម្នះ។

ឯកសារ​ក្នុង​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​ក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សឹក​សង្គ្រាម​នៅ​ពេល​នោះ គឺ​នៅ​ក្នុង​គ.ស ១១៧៧ ដល់ ១១៨១ ដែល​ដឹកនាំ​កងទ័ព​ប្រយុទ្ធ​ដោយ​ព្រះរាជា​ខ្មែរ​មួយ​អង្គ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។

លោក ញាន ភឿន សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនីរាជា នៅ​ទីក្រុង​ភ្នំពេញ និង​ជា​អ្នក​ស្រាវជ្រាវ​វប្បធម៌​ទំនៀម​ទម្លាប់​ខ្មែរ បាន​មាន​ប្រសាសន៍​ប្រាប់​ផង​ដែរ​អំពី​ដំណើរ​រឿង​ជ័យ​ជម្នះ​នេះ​បន្ថែម ៖ «យើង​មើល​ឃើញ​នៅ​ក្នុង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ ព្រះអង្គ​គង់​ប្រថាប់​យ៉ាង​សង្ហា​បំផុត​នៅ​លើ​នាវា​ចម្បាំង ដែល​មាន​កងទ័ព​យ៉ាង​ច្រើន​ស្អេកស្កះ ហើយ​យើង​រំដោះ​ប្រទេស​បាន យើង​មាន​ការ​រីក​ចម្រើន​ក្នុង​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧»

ឯកសារ​ល្បែង​ប្រណាំង​ទូក​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត​រង​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ហើយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ពី​ទំនៀម​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក គឺ​សំដៅ​រំឭក​ដល់​ការ​សមយុទ្ធ​រវាង​ទាហាន​ជើង​ទឹក និង​ជើង​គោក​ក្នុង​សម័យ​លង្វែក នា​ព.ស​២០៧១ ត្រូវ​និង​គ.ស​១៥២៨ ដែល​គ្រប់គ្រង​ប្រទេស​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​អង្គច័ន្ទ​ទី១។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​តាំង​ពញា​តាត​ងារ​ជា​សិទ្ធិ​ភូ បាល​ធ្វើ​ជា​ស្ដេចត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ហើយ​ស្ដេចត្រាញ់​នេះ​បាន​រៀបចំ​ការពារ​ស្រុកទេស​ដោយ​បែងចែក​កង​ទាហាន​ជើង​ទឹក​ចេញ​ជា ៣​ក្រុម​គឺ ក្រុម​ទី​១ ហៅ​ថា ទ័ព​ស្រួច ដើម្បី​ហាត់​ច្បាំង​ជាមួយ​នឹង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​ប្រណាំង​សព្វថ្ងៃ។ ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ​សម្រាប់​ហាត់​ច្បាំង​ជាមួយ​នឹង​ទូក​ចែវ​ពីរ​ជួរ ហើយ​ក្រុម​ទី​៣ ហៅ​ថា ទ័ព​បាសាក់ ដែល​មាន​ទូក​ធំ​ប្រក់​ដំបូល និង​មាន​ដង​ចែវ ព្រម​ទាំង​ក្ដោង​ដូចគ្នា​នឹង​ទូក​បាសាក់ ឬ​ទូក​ប៉ុកចាយ។ ទូក​នេះ​គឺ​ដើម្បី​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព​ជើង​ទឹក​ទាំង​អស់។

ទាក់ទង​ទៅ​នឹង​ពិធី​លយ​ប្រទីប ឬ​បណ្ដែត​ប្រទីប​ដែល​គេ​ធ្វើ​ដំណាល​គ្នា​ជាមួយ​នឹង​ការ​ប្រណាំង​ទូក​នោះ​វិញ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ដំណើរ​រឿង​មួយ ដែល​មាន​ប្រវត្តិ​ទាក់ទង​ទៅ​នឹង​ព្រះពុទ្ធ​សាសនា ដោយ​លោក​សំដៅ​គោរព​បូជា​រំឭក​ដល់​សារីរិកធាតុ ឬ​ព្រះចង្កូមកែវ​ទាំង​៤ របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​ប្រតិស្ឋាន​ទុក​នៅ​ក្នុង​ទី​ទាំង​ឡាយ ៤​កន្លែង គឺ​នៅ​ឋាន​ត្រៃត្រិង្ស (ពិភព​សួគ៌) នៅ​សីហឡ​ទ្វីប នៅ​ពិភព​នាគ និង​នៅ​ដែន​គន្ធារៈ ក្នុង​ប្រទេស​ឥណ្ឌា សព្វថ្ងៃ។

ព្រះតេជគុណ ព្រះភិក្ខុកាមោ ស៊ិន សោភ័ណ ចៅ​អធិការ​វត្ត​ជីនិតារាម និង​ជា​ព្រះ​បារមី​ធម្មបាល ព្រះ​បាឡាត់​គុណ​ខេត្ត​កំពង់ធំ បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​ប្រាប់​ផង​ដែរ​ពី​ប្រវត្តិ​បណ្ដែត​ប្រទីប ឫ​លយ​ប្រទីប​នោះ​ថា គឺ​បុព្វបុរស​ខ្មែរ​លោក​ធ្វើ​ឡើង​គោរព​រំឭក​ទៅ​ដល់​ស្នាម​ព្រះបាទ​របស់​ព្រះពុទ្ធ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នៅ​ទី​ទាំង ៥​កន្លែង ដើម្បី​ផ្ដល់​នូវ​សេចក្ដី​សុខ​ចម្រើន រុងរឿង​នៅ​ក្នុង​ប្រទេស​ជាតិ ។

ព្រះតេជគុណ ព្រះភិក្ខុកាមោ ស៊ិន សោភ័ណ មាន​ថេរ​ដីកា​បន្ត​ថា ៖ «ស្នាម​ព្រះបាទ​ដែល​ព្រះអង្គ​ប្រតិស្ឋាន​គឺ​នៅ​លើ​ភ្នំ​សុវណ្ណ​មាលិក​មួយ លើ​ភ្នំ​សុវណ្ណ​បព៌ត​មួយ នៅ​លើ​ភ្នំ​សុមនកូដ​មួយ នៅ​ដែន​យោនក​បុរី​មួយ ហើយ​និង​នៅ​ឆ្នេរ​ស្ទឹង​នម្មទា ប្រពៃណី​ខ្មែរ​យើង​ដែល​ផ្សារ​ភ្ជាប់​នឹង​ព្រះពុទ្ធ​សាសនា»

សម្រាប់​ប្រវត្តិ​ពិធី​សំពះ​ព្រះខែ និង​អក​អំបុក នៅ​ក្នុង​ឯកសារ​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត​បាន​បញ្ជាក់​ថា គឺ​ធ្វើ​ឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះ​ពោធិ​សត្វ​នៅ​ឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ ទ្រង់​យោង​យក​កំណើត​កើតជា ជា​សត្វ​ទន្សាយ ឈ្មោះ​ថា «សសបណ្ឌិត»។

នៅ​ថ្ងៃ​មួយ​ដែល​មាន​ព្រះចន្ទ​ពេញ​បូរមី ឬ​ពេញ​វង់ ទន្សាយ​សសបណ្ឌិត បាន​ធ្វើការ​អធិដ្ឋាន​ឧបោសថសីល​របស់​ខ្លួន ដោយ​បំណង​ធ្វើ​ទាន​បរមត្ថ​បារមី ឬ​ជីវិត​បរិច្ចាគ​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឱ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។

លោក ញឿន ភឿន អ្នក​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសីហមុនី​រាជា បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​ដំណើរ​រឿង​នេះ​បន្ថែម ៖ «ជីវិត​របស់​ព្រះអង្គ លោក​ធ្វើ​ជា​ទាន ហើយ​បាន​ក្ដៅ​ដល់​ព្រះឥន្ទ​ក៏​ចុះ​មក​បាន​ក្លែង​ខ្លួន​ព្រាហ្មណ៍​ចាស់​ម្នាក់ មក​សុំ​សាច់​ទន្សាយ​សសបណ្ឌិត​ជា​អាហារ។ សសបណ្ឌិត​ពោធិសត្វ​បាន​យល់​ព្រម ហើយ​ក៏​ឱ្យ​ព្រាហ្មណ៍​ចាស់​នោះ​បង្កាត់​ភ្លើង ហើយ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​ឡើង សសបណ្ឌិត​ក៏​រលាស់​ខ្លួន​បី​ដង ដើម្បី​ឱ្យ​សត្វល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ​ពី​ខ្លួន រួច​ក៏​លោត​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង ប៉ុន្តែ​ភ្លើង​នោះ​រលត់​អស់ ឥន្ទ​ព្រាហ្មណ៍​ក៏​ស្ទុះ​ទៅ​បី​ពរ​សត្វ​ទន្សាយ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះចន្ទ ហើយ​ទ្រង់​យក​ថ្ម​ម្នាងសិលា គូរ​រូប​ទន្សាយ។ អ៊ីចឹង​ហើយ​ទើប​យើង​ឃើញ​ព្រះចន្ទ​មាន​រូប​សត្វ​ទន្សាយ ទើប​យើង​ធ្វើ​បុណ្យ​សំពះ​ព្រះខែ អក​អំបុក ដើម្បី​រំឭក​ហេតុ​ដ៏​អស្ចារ្យ​របស់​ព្រះសម្មាសម្ពុទ្ធ។ ទ្រង់​យោង​យក​កំណើត​កើត​ជា​ជា​សត្វ​ទន្សាយ​ឈ្មោះ​ថា «សសបណ្ឌិត» ហ្នឹង»

ទាក់ទង​នឹង​ដំណើរ​រឿង​នៃ​ប្រវត្តិ​សំពះ​ព្រះ​ខែ​អក​អំបុក​ដូច​បាន​បញ្ជាក់​មក​នេះ លោក សួន ឱសថ ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត និង​ជា​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ​ព្រះសីហនុរាជា នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា គឺ​ភាគ​ច្រើន​ជា​រឿង​មាន​ចែង​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​មហាយាន ចំណែក​ព្រះពុទ្ធ​សាសនា​ថេរវាទ ឬ​ហីនយាន ពុំ​ឃើញ​មាន​ចែង​យ៉ាង​ដូច្នោះ​ទេ។ លោក​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជំនឿ​របស់​ខ្មែរ​ទៅ​លើ​ការ​ធ្វើ​អំពើ​ល្អ​ក្នុង​ព្រះពុទ្ធ​សាសនា ទាំង​ហីនយាន​ក្ដី មហាយាន​ក្ដី គឺ​បាន​កុសល​ផល​បុណ្យ​ដូច​គ្នា។

អ្នក​សិក្សា​ស្រាវជ្រាវ​វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នូវ​រាល់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ គឺ​បុព្វបុរស​ខ្មែរ​លោក​តែង​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​គោរព​ព្រះពុទ្ធ​សាសនា ដូចជា​ពិធី​បុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​នោះ​ជាដើម។ ការ​ធ្វើ​ដូច្នេះ ពីព្រោះ​លោក​ចង់​ជួយ​ដាស់​តឿន​ក្រើន​រំឭក ឬ​ជួយ​អប់រំ​ដល់​កូន​ចៅ​ខ្មែរ​តៗ​ជំនាន់ ឲ្យ​ចេះ​ធ្វើ​បុណ្យ​សន្សំ​កុសល​ផង និង​បាន​នាំ​គ្នា​កម្សាន្ត​សប្បាយ​នៅ​ពេល​នោះ​ផង៕