"អ្នក​ណា​សម្លាប់​ជា​វិជ្ជា"​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​អាមេរិក

ខ្សែ​ភាពយន្ត​ "អ្នក​ណា​សម្លាប់ ជា វិជ្ជា" បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង ក៏​ដូច​ជា​ក្រុម​សហជីព​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​ការ​ស្វែង​យល់​ស៊ី​ជម្រៅ​អំពី​វប្បធម៌​គ្មាន​ទោសពៃរ៍ និង​ការ​សម្លាប់​មនុស្ស​ខុស​ច្បាប់​នៅ​​កម្ពុជា។
ដោយ តាំង សារ៉ាដា
2010-08-11
Share
ជា វិជ្ជា ៣០៥ ទស្សនិកជន​ទស្សនា​ខ្សែ​ភាពយន្ត "អ្នក​ណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នៅ​រដ្ឋធានី Washington DC សហរដ្ឋ​អាមេរិក។
RFA/Taing Sarada

អ្នក​ចូលរួម​ទស្សនា​ខ្សែ​ភាពយន្ត​នោះ​ប្រមាណ​ជិត ១០០​នាក់ ខ្លះ​យំ​ខ្សឹកខ្សួល​អួល​ដើម​ក ដក​កន្សែង​ជូត​ទឹក​ភ្នែក​ដែល​ហូរ​ដោយ​មិន​ដឹង​ខ្លួន ក្នុង​ពេល​កំពុង​ផ្ដោត​អារម្មណ៍​លើ​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​អំពី​សោកនាដកម្ម​នៃ​មរណភាព​របស់​វីរជន​កម្មករ​នៅ​កម្ពុជា។

លោក ឃីវីន ឡេនឌី (Kivin Landy) ជា​អ្នក​ទស្សនា​ខ្សែ​ភាពយន្ត "អ្នក​ណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" (Who Killed Chea Vichea) មាន​ប្រសាសន៍​នៅ​ក្រោយ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នោះ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក វិស័យ​យុត្តិធម៌​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ហាក់​ដូច​នៅ​ដដែល។

លោក ឃីវីន ឡេនឌី បាន​បញ្ជាក់​ថា ៖ «តាម​យោបល់​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា កម្ពុជា​ពុំ​មាន​អ្វី​រីក​ចម្រើន​ទាល់​តែ​សោះ! កាល​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥ បើ​ទោះ​បី​ពេល​នោះ​កម្ពុជា​ល្បី​អំពី​បញ្ហា​ពុក​រលួយ​ដ៏​សម្បើម​ក៏​ដោយ ហើយ​វា​មាន​រយៈពេល​យូរ​ណាស់​ទៅ​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក ដែល​ខ្ញុំ​ខំ​សង្ឃឹម​ថា អាច​មាន​ការ​ប្រសើរ​ឡើង​ខាង​នីតិ​រដ្ឋ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​មើល​ខ្សែ​ភាពយន្ត​នេះ​ទៅ អ្វី​ៗ​ហាក់​ដូច​នៅ​ស្រដៀង​គ្នា​នឹង​ពេល​មុន​អ៊ីចឹង!»

លោក​ថ្លែង​ថា រូបមន្ត​ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺ​មាន​តែ​ពង្រឹង​នីតិ​រដ្ឋ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ចំណែក​អ្នកស្រី សារ៉ា ត្រេមបេត (Sara Trembet) ដែល​ជា​អ្នក​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​នោះ​ដែរ មាន​ប្រសាសន៍​ថា អំពើ​អយុត្តិធម៌​ជា​ច្រើន​តែង​មាន​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា​ជាដើម ខណៈ​រដ្ឋាភិបាល​ធ្វើ​ការ​គាប​សង្កត់​ឥត​ឈប់ឈរ​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។

អ្នកស្រី សារ៉ា ត្រេមបេត បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​ពេល​ប្រទេស​មួយ​មាន​រដ្ឋាភិបាល​ផ្ដាច់ការ គេ​តែង​ឃើញ​អំពើ​គាប​សង្កត់​លើ​សិទ្ធិ​របស់​មនុស្ស ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គ្រប់គ្រង​លើ​បណ្ដាញ​សារព័ត៌មាន​ជាដើម។ ទាំង​អស់​នេះ​ច្រើន​កើត​មាន​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ដូចម្ដេច​ទៅ បើ​អ្នក​មាន​រដ្ឋាភិបាល​ដ៏​ពុក​រលួយ​ដូច្នេះ? អ៊ីចឹង​មាន​តែ​ការ​ធ្វើ​បដិវត្តន៍​ដោយ​សន្តិវិធី​ប៉ុណ្ណោះ»

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្ដាល​ថ្ងៃ ក្បែរ​វត្ត​លង្កា​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ។ លោក ជា វិជ្ជា ជា​វីរជន​កម្មករ​ដ៏​ឆ្នើម​ម្នាក់​នៅ​កម្ពុជា ដែល​ធ្វើ​ការ​តស៊ូ​ទាមទារ​សិទ្ធិ និង​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ។ រយៈ​ពេល​ប្រមាណ​ពីរ​សប្ដាហ៍​ក្រោយ​មក អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដោយ​ចោទ​ថា បាន​សម្លាប់​លោក ជា វិជ្ជា។ អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទា​ទោស​រយៈពេល ២០​ឆ្នាំ ពី​បទ​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​តវ៉ា​ថា អ្នក​ទាំង​ពីរ​ជា​ជន​ល្មើស​សិប្បនិមិត្ត ហើយ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

បន្ទាប់​ពី​ជាប់​ឃុំឃាំង​រយៈពេល​ជិត ៤​ឆ្នាំ​ក្នុង​គុក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ដោយសារ​តុលាការ​កំពូល​រក​ឃើញ​ថា មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ជា​ឃាតករ ហើយ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​អ្នក​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ឡើយ​ទេ។

អ្នក​ផលិត​ខ្សែ​ភាពយន្ត "អ្នក​ណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" គឺ​លោក ប្រេដលី ខកស៍ (Bradly Cox) ហើយ​កែ​សម្រួល​ដោយ​លោក រិច្ឆ ហ្ការិលឡា (Rich Garella)។ ពួក​គេ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​រហូត​មក​ទល់​ពេល​នេះ គេ​បាន​ដាក់​បញ្ចាំង​ក្នុង​រដ្ឋ​ចំនួន ១០​ហើយ ហើយ​គេ​នៅតែ​បន្ត​បញ្ចាំង​នៅ​តាម​បណ្ដា​រដ្ឋ​ផ្សេង​ៗ​ទៀត។

លោក រិច្ឆ ហ្ការិលឡា មាន​ប្រសាសន៍​ថា កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ចងក្រង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ​ឡើង ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​ពិត​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ ហើយ​ថា ករណី​លោក ជា វិជ្ជា ជា​ករណី​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ករណី​ឃាតកម្ម​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា។

លោក រិច្ឆ ហ្ការិលឡា បាន​អះអាង​ថា ៖ «ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​យ៉ាង​ច្រើន​អំពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ យើង​ជា​អ្នក​បង្កើត​ខ្សែ​ភាពយន្ត ហើយ​យើង​មិន​មែន​ជា​អ្នក​បម្រើការ​ឲ្យ​តុលាការ​ណា​មួយ ឬ​ប្រព័ន្ធ​ច្បាប់​ណា​មួយ​នោះ​ឡើយ។ អ្វី​ដែល​យើង​ធ្វើ​គឺ​ជា​ការ​ជីក​រក​ការ​ពិត ហើយ​បង្ហាញ​ដល់​ទស្សនិកជន​របស់​យើង​ឲ្យ​គេ​បាន​យល់​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង ហើយ​សង្ឃឹម​ថា ខ្សែ​ភាពយន្ត​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​តាម​ផ្លូវ​ច្បាប់​មួយ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​លាត​ត្រដាង​ការ​ពិត​ដល់​ជន​រងគ្រោះ និង​ពលរដ្ឋ​ខ្មែរ»

ចំណែក​លោក​ស្រី ធា លី (Thea Lee) ជា​អនុ​ប្រធាន​បុគ្គលិក​នៃ​សហព័ន្ធ​សហជីព​កម្មករ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ចូល​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ដែរ មាន​ប្រសាសន៍​ថា ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឆាក​ល្ខោន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ចំណាត់​ការ​ករណី​សម្លាប់​លោក ជា វិជ្ជា។ លោក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​របស់​លោក​ស្រី​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​តាម​ចាប់​ជន​ល្មើស​ពិត​ប្រាកដ​ឲ្យ​បាន។

លោកស្រី ធា លី បាន​ឲ្យ​ដឹង​ថា ៖ «ប្រសិន​បើ​មាន​ករណី​ឃាតកម្ម​ដូច្នេះ​កើត​ឡើង អ្នក​រំពឹង​ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​កិច្ចការ​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ហើយ​ចាប់​ជន​ល្មើស​ទាំង​នោះ មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។ អ្វី​ដែល​សំខាន់​នោះ​គឺ​ដើម្បី​រក​យុត្តិធម៌​ដល់​លោក ជា វិជ្ជា ក៏​ដូច​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​របស់​ខ្មែរ​ទាំង​អស់​ផង​ដែរ»

លោក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា លោក​ស្រី​នឹង​នាំ​យក​ខ្សែ​ភាពយន្ត​ឯកសារ "អ្នក​ណា​ជា​អ្នក​សម្លាប់ ជា វិជ្ជា" នេះ ទៅ​ដាក់​បញ្ចាំង​នៅ​សហព័ន្ធ​សហជីព​កម្មករ​របស់​អាមេរិក ប្រចាំ​ក្នុង​ទីក្រុង Washington ដើម្បី​ឲ្យ​បុគ្គលិក​នៅ​ទី​នោះ​បាន​ទស្សនា និង​បាន​ស្វែងយល់​បន្ថែម​ទៀត​អំពី​កម្ពុជា៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល