ប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ធសាសនា និងមានវ័យចំណាស់កាន់សីលទាននៅខេត្តតាកែវ និងខេត្តកំពត បានរិះគន់ថា ឈ្មួញទិញលក់មាន់បានធ្វើទារុណកម្មសត្វ មានដូចជាចាប់ចងជើងជាប់គ្នាព្យួរឡើងលើ ដឹកតាមម៉ូតូ។ ឈ្មួញយកអង្ករបង្កក ដោយបង្ខំញាត់ចូលបំពង់កមាន់ យកទឹកបាញ់ចូលបំពង់ក និងបាញ់ក្នុងស្បែកមាន់ពេលបោចរួច ដើម្បីបង្កើនទម្ងន់គីឡូក្រាម ដែលនាំឲ្យការជួញដូររបស់គេចំណេញភ្នែកជញ្ជីង មិនគិតពីបុណ្យបាបអ្វីឡើយ។
ស្ត្រីវ័យ ៦៧ឆ្នាំ ឈ្មោះ ប៉ា ប៉ែត រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ ឲ្យដឹងថា គាត់មិនហ៊ានសម្លឹងមើលភាពឃោរឃៅរបស់ឈ្មួញដែលចាប់មាន់បង្ខំឲ្យស៊ីអង្ករតាមបែបចាប់ហែកមាត់បញ្ច្រកអង្ករក្នុងមាត់ ហើយបាញ់ទឹកបញ្ចូលបន្ថែម ដើម្បីឲ្យមាន់ស៊ីរហ័សឆាប់ឡើងគីឡូនោះទេ ៖ «គួរឲ្យសង្វេគខ្លាំងណាស់ អាណិតសត្វមិនគួរគេធ្វើអ៊ីចឹង។ មាន់ហ្នឹងគេរៀបយកទៅលក់ ចាប់ញាត់គែឲ្យបានឡើងគីឡូ។ គេចងក្បាលចុះក្រោម ហើយគេចងជើងឡើងលើទៅ មានខ្លះក៏ស្លាប់នៅកន្លែងគេចងហ្នឹងដែរ ហើយស្លាប់លើឡាន លើម៉ូតូទៅ។ ធ្វើអ៊ីចឹងវាអត់ត្រូវ អាណិតសត្វ»។
លោក ភឹម ពេញ រស់នៅភូមិមហាសេនា។ លោកឲ្យដឹងថា មុនលក់មាន់ ឈ្មួញបានធ្វើទារុណកម្មលើសត្វដែលលំបាកភ្នែកមើលជាទីបំផុត ៖ «ឃើញគេលក់ហ្នឹងមានធ្វើទារុណកម្មដែរ ដូចជាញាត់អង្ករ ដាក់ទឹកដាក់អីអ៊ីចឹងទៅ ដើម្បីឡើងគីឡូ។ យកអាចំណេញតិចតួចហ្នឹង វាមើលទៅលំបាកមើល។ គេដាក់អង្ករក្នុងផើងមួយទៅ រួចគេចាប់ហារមាត់វាហើយញាត់។ បើមិនអ៊ីចឹងទេ គេយកចង្កឹះមកបុកថែមទៀត ហើយបានគេញាត់បាញ់ទឹកទៅគេដាក់ទុយយោក្នុងមាត់ ហើយគេច្របាច់កំប្លោកវាបញ្ចូលទៅក្នុងពោះទៅ ដើម្បីឲ្យវាចូលទៅដល់ពោះវៀនវា វាហ្នឹងឡើងគីឡូហើយ»។
អ្នកស្រី នាង ហ៊ីម ឲ្យដឹងថា គាត់បានឃើញគេបង្អកចុងអង្ករក្នុងមាត់សត្វមាន់ និងបញ្ច្រកទឹក រួមទាំងបាញ់ទឹកបញ្ចូលទៅក្នុងស្បែកមាន់ ដើម្បីឲ្យមាន់ឡើងទម្ងន់ភ្នែកជញ្ជីង ដើម្បីឲ្យអ្នកទិញមើលទៅមាន់ធាត់មិនស្គម គេទិញ ឬលក់ឆាប់ដាច់ ៖ «ញាត់តាមមាត់វាដល់គែមាន់។ ពេលហើយគេឲ្យទឹក បើកាលណានេះមានខ្សាច់ ក៏មានដែរ ក្រួសក៏មានដែរ បើអត់មានអី ខ្សាច់ បើអត់មានខ្សាច់ក្រួស ញាត់តែម្ដងឲ្យធ្ងន់ដើម្បីធ្ងន់ជញ្ជីងហ្នឹងបានលុយ»។
ព្រះចៅអធិការវត្តចំប៉ាលើក ព្រះនាម ហឹម វី មានព្រះថេរដីកាអប់រំពលរដ្ឋថា ការបង្ខំឲ្យមនុស្សសត្វទទួលយកនូវចំណីដោយបង្ខំ ជាការប្រព្រឹត្តអំពើបាប។ បើទោះបីជាសត្វមិនចេះតបត និងឆ្លើយឆ្លងពាក្យជាមួយមនុស្សក្ដី ការសង្វេគ ក៏គួរតែគិតពិចារណាដែរ។ គួរកុំគិតតែផលប្រយោជន៍បុគ្គលខ្លួនឯងពេក។ ប្រាក់ដែលរកបានមកនោះ ក៏មិនអាចយកទៅទិញ ឬលុបលាងអំពើបាបដែលបុគ្គលខ្លួនឯង បានប្រព្រឹត្តលើមនុស្ស និងសត្វនោះដែរ។
ព្រះអង្គបន្តថា ៖ «ថ្លឹងគីឡូត្រឹមត្រូវរួចទៅហើយ មិនលក់តាមតម្លៃចំណេញ តាមសារាចរនោះទេ ទៅជាញាត់អង្ករ ញាត់ស្រូវ ឬក៏បន្តក់ទឹកបន្ថែមទៀត ដើម្បីឲ្យវាធ្ងន់ឡើងៗ។ នេះហាក់បីដូចជាទារុណកម្មហួសហេតុពេក បើយើងមិនជឿសាសនាក៏ដោយ ក៏យើងគួរគិតថា ទទួលទានឆ្អែតលើសចំនួន តើមានការពិបាកប៉ុន្មាន? ចុះបើញាត់ថែមទៀត តើពិបាកប៉ុន្មាន ចុះគេចង់រស់ប៉ុន្មាន ហើយយើងចង់សុខសាន្តប៉ុន្មាន?មិនគួរបៀតបៀន និងធ្វើឃាតអ្នកដទៃ ដោយរបៀបធ្វើទារុណកម្មយ៉ាងនេះឡើយ។ អ៊ីចឹងសូមអំពាវនាវដល់អាជីវករទាំងអស់ទូទាំងប្រទេសកម្ពុជា ទូទៅ មេត្តាជួយសម្រួលអធ្យាស្រ័យ កុំឲ្យចំណេញហួសដោយសារការធ្វើទារុណកម្មនេះអី»។
ឈ្មួញទិញលក់មាន់ អ្នកស្រី ភឹម សេរីរ័ត្ន នៅភូមិមហាសេនា ស្រុកត្រាំកក់ អះអាងថា គាត់មិនបានបង្អកចុងអង្ករ និងចាក់ទឹកក្នុងស្បែកមាន់ ដូចពលរដ្ឋបានឃើញនោះទេ។ គាត់បានគិតគូរពីផលបុណ្យ និងបាបដែរ។ គាត់ចិញ្ចឹមសត្វមាន់បាន គាត់យកទៅលក់ ថ្លឹងគីឡូតាមទម្ងន់ធម្មតារបស់សត្វ ៖ «អត់មានឲ្យអង្ករ ញាត់អង្ករអីដូចគេទេ មាន់ពីស្រែយើង។ ថ្លឹងលក់តាមធម្មតា ព្រោះអាណិតគ្នា បើយកទៅញាត់គែញាត់អង្ករអីតើយ៉ាងម៉េចទៅ»។
ឈ្មួញទិញលក់មាន់មួយរូបទៀតឈ្មោះ ពៅ រស់នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ឲ្យដឹងថា គាត់ជួញដូរមាន់ គឺពិតជាបានធ្វើដូចការចោទ និងបានឃើញពីសំណាក់មហាជនមែន។ លោកស្រីបន្តថា ការបង្ខំធ្វើបែបនេះ ពីព្រោះមាន់ ពេលចាប់មកភ្លាមៗ វាមានទម្ងន់ត្រឹមត្រូវ។ ប៉ុន្តែនៅពេលដឹកជញ្ជូនមាន់ផ្លូវឆ្ងាយ វានឹងស្រកគីឡូ។ ម្យ៉ាងទៀតពេលដឹកជញ្ជូនតាមផ្លូវពីខេត្តទៅផ្សារ នៅក្រុងភ្នំពេញ មានកុងត្រូលច្រើនកន្លែងតាមចាប់យកប្រាក់ពីរថយន្តដឹកមាន់។ ជាមួយគ្នានោះ អ្នកទិញមាន់គេមិនបានដឹងថា មាន់ចិញ្ចឹមតាមធម្មជាតិ និងមាន់ចិញ្ចឹមឲ្យចំណីផ្សារ មានតម្លៃខុសគ្នាយ៉ាងណាទេ។ ឯមាន់ឈ្មោល និងមាន់ញី ក៏មានតម្លៃខុសគ្នាដែរ ទើបអ្នកលក់មាន់
បង្ខំចិត្តប្រព្រឹត្តអំពើអសីលធម៌នោះ។
ឈ្មួញទិញលក់មាន់ឈ្មោះ ពៅ ៖ «មាន់តាមពិតទៅបើយើងញាត់វាអត់ងាយចេញទៅក្រពះវា ឬទៅកោះវាទេ។ ញាត់ណែននៅហ្នឹង រីកនៅហ្នឹង។ ១ថ្ងៃទល់យប់ហ្នឹង គែហ្នឹងជួនកាលនៅទាំងអស់។ បើយើងឲ្យវាស៊ីតាមធម្មតា គឺឆាប់រាយគែ។ រួចហើយបានចងជើងវា យើងចាប់ដាក់ទ្រូងដាក់អី ដឹកឡានយកទៅ។ បើយើងមិនញាត់អ៊ីចឹងទេ វាខាតគីឡូ។ មាន់វាអាចម៍រហូត។ បើមាន់១គីឡូកន្លះ បើយើងអត់ញាត់គែ វានៅសល់តែ ១គីឡូ ២ខាំ ៣ខាំអីទេ ទៅដល់ភ្នំពេញ។ បើយើងញាត់គែ ដូចថា ទិញមកបាន ១គីឡូ៣ខាំ យើងអាចញាត់មាន់មួយ អាចបាន១ខាំ ២ខាំតាមវា ដល់ទៅអង្កររីកវាបានធ្ងន់ដែរ»។
តាមផ្សារនានាក្នុងខេត្តតាកែវ និងខេត្តកំពត មានសត្វស្លាប ដូចជាមាន់ទាត្រូវបានគេចងជើងជាចង្កោមៗ។ ក្នុង១ចង្កោមយ៉ាងហោចក៏មានជាង ១០ក្បាល ខ្លះដាក់ផ្ទាល់ដី ខ្លះនៅជាប់ចំណងចងព្យួរលើម៉ូតូ ដាក់លក់មុខផ្សារពាសពេញ។
ម្ចាស់មាន់គេឃើញប្រើដៃយ៉ាងញាប់យកចុងអង្ករដែលមានត្រាំទឹកឲ្យរីកគ្រាប់អង្ករបន្តិច យកដៃញាត់គ្រាប់អង្ករនោះដោយបង្ខំ រុកឲ្យបានជ្រៅដល់បំពង់ក ឬដល់គែមាន់។ អ្នកលក់មាន់ហាក់គ្មានសេចក្ដីអាណិតអាសូរសត្វនោះឡើយ។
បច្ចុប្បន្នគេមិនទាន់ឃើញមានស្ថាប័នណាមួយចុះអប់រំឈ្មួញ ឬធ្វើយ៉ាងណាឲ្យឈ្មួញរៀបចំការលក់ដូរឲ្យបង្ហាញពីសុជីវធម៌ ឬកុំបង្ហាញក្មេងស្រករក្រោយពីភាពអមនុស្សធម៌ និងសាហាវបែបនោះ។
នៅប្រទេសដែលអភិវឌ្ឍន៍ គេឃើញមានតាំងលក់សាច់ក្រោយការវេចខ្ចប់។ ឯការពិឃាដសត្វគឺគេប្រើគ្រឿងម៉ាស៊ីន រួចគេប្រើម៉ាស៊ីនខ្ចប់ ទើបគេប្រើមនុស្សសម្រាប់ថ្លឹង និងបិទតម្លៃ រួចបានគេបញ្ចេញមកលក់តាមទីផ្សារ និងហាងនានា៕