គ្រោះថ្នាក់​នៃ​ម្សៅ​ឬ​លេត៍​ដែល​មាន​លាយ​សារធាតុ​គីមី

ស្រីៗ​ប្រុសៗ​ដែល​ចង់​មាន​មុខ​ស​ឬ​ខ្លះ​មុខ​កើត​មុន​ហើយ​ទិញ​ម្សៅ​លាយ​ឬ​លេត៍​មក​លាប​ដោយ​មិន​ប្រយ័ត្ន​អាច​មាន​គ្រោះថ្នាក់​យ៉ាង​គួរ​ឲ្យ​សោកស្តាយ។

0:00 / 0:00

មាន​ឧទាហរណ៍​ជា​ច្រើន​បង្ហាញ​ពី​ប្រុស​ស្រី​ខ្មែរ​ដែល​លាប​ម្សៅ​កាត់​ស្បែក​មុខ​ឬ​រក្សា​មុន ហើយ​ក្លាយ​ជា​ជាំ​ខ្មៅ ស្បែក​ឡើង​គគ្រិះ ឬ​ក្លាយ​ជា​ស្តើង​ពណ៌​ផ្កា​ឈូក។

«មុខ​ខ្ញុំ​ហ្នឹង​កាលពី​មុន​ខ្ញុំ​ចេះតែ​លាប​ម្សៅ​តែ​ពិស​តែ​ពាស ម្សៅ​តាម​ផ្សារ ចេះតែ​ឃើញ​គេ​ទិញ ទិញ​តៗ​គ្នា គេ​ថា​លាប​ទៅ​បាត់​ជាំ បាត់​ជ្រួញ បាត់​មុន​អី ដល់​ទិញ​ទៅ​លើស​ដើម​ទៀត។ ស្បែក​មុខ​ស្ដើង​អស់​ហើយ មើល​ទៅ​ឡើង​ផ្កា​ឈូក លើក​មុន​ប្រើ​ថ្នាំ​បាត់​ទៅ​ឡើង​មក​វិញ។ បើ​សិន​ជា​យើង​ប្រើ​របស់​ជាតិ​កាត់ ស្អាត​បាន​តែ​មួយ​ភ្លែត ហើយ​វា​ឆាប់​មាន​វិបត្តិ​មក​វិញ ត្រូវ​ថ្ងៃ​អត់​បាន។ ពេល​អ៊ីចឹង​ទៅ វា​អាច​ទៅ​មួយ​នៅ​ពេល​ត្រូវ​ថ្ងៃ​អាច​ប្រតិកម្ម​ស្បែក ដូច​បង​គាត់​និយាយ​អ៊ីចឹង មុខ​ឡើង​ពណ៌​ផ្កា​ឈូក ស្ដើង​មែន​ទែន ឡើង​ចេញ​សរសៃៗ។ ទិញ​ផលិតផល​ហ្នឹង​គេ​ថា​លេត៍​ហ្នឹង​អាច​លាប​បាត់​ខ្មៅ​អី​អ៊ីចឹង ប៉ុន្តែ​វា​រាង​កាត់​ជាតិ​ស្បែក​ហើង វា​ចេញ​មក​ស​តែម្ដង វា​របៀប​ដូច​អត់​ធម្មជាតិ​សោះ មាន​ជាតិ​ស​ស្គុះ​តែម្ដង។ វា​ត្រូវ​បាន​តែ​ដំបូង បើ​សិន​ជា​ឈប់​លាប​ទៅ វា​កើត​វិញ​ដដែល ដល់​ពេល​ហើយ​យើង​ត្រូវ​ព្យាយាម​លាប​អា​ហ្នឹង លាប​ហើយ​វា​ត្រូវ​ស​មុខ​រហូត ពេល​ត្រូវ​កម្ដៅ​ថ្ងៃ​វា​មក​ជាំ» ៖ ​នេះ​គឺ​សំឡេង​របស់​បុរស​និង​ស្ត្រី​ខ្មែរ​ដែល​បាន​ទិញ​ម្សៅ​លាយ​ឬ​លេត៍​យក​មក​លាប​មុខ​ក្នុង​ការរក្សា​មុន​ឬ​មុខ​ជាំ មុខ​ជ្រួញ ដោយ​ពុំ​បាន​ពិនិត្យមើល​ថ្នាំ​ដែល​ទិញ​នោះ​ឲ្យ​បាន​ជាក់លាក់។

បញ្ហា​នេះ​កើត​មាន​នៅ​ស្ទើរ​គ្រប់​ប្រទេស​ព្រោះ​ទាំង​ស្រី​ទាំង​ប្រុស​ប្រាថ្នា​ចង់​មាន​ស្បែក​ស​​សំបុរ​ជ្រះ​ធ្វើ​ឲ្យ​ពួក​ឱកាស​និយម​ឆ្លៀត​ផលិត​ថ្នាំ​ប្រភេទ​លេត៍​ឬ​ម្សៅ​លាយ​យក​មក​លក់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​គ្រោះថ្នាក់​ជា​ច្រើន​មុខ ដូច​ជា​សំណ Lead និង​បារ៉ត Mercury ឬ​សារធាតុ Hydroquinone, Retinoic acid, Tretinoin និង Steroids ជាដើម។ អ្នក​ប្រើ​ម្សៅ​លាយ​ប្រភេទ​នេះ​ភាគ​ច្រើន​មិន​ដឹង​ទេ​ថា​ម្សៅ​លាយ​នេះ​អាច​ធ្វើ​ឲ្យ​រលាក​ស្រទាប់​លើ​របស់​ស្បែក​ធ្វើ​ឲ្យ​ជាំ​មុខ​ខូច​សម្ផស្ស ហើយ​ទី​បំផុត​អាច​បណ្តាល​ឲ្យ​កើត​មហារីក​ស្បែក​បាន។

អ្នក​ឯកទេស​ផ្នែក​ជំងឺ​ស្បែក​នៃ​ប្រទេស​អង់គ្លេស អ្នកស្រី សាស្ហា ចល្លី មាន​ប្រសាសន៍​ថា ៖ "កាលណា​វា​ជ្រាប​ចូល​ដល់​លំហូរ​ឈាម សារធាតុ​ទាំង​នេះ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ថ្លើម​និង​តម្រង​មូត្រ​ធ្វើ​ឲ្យ​អវយវៈ​សំខាន់​ទាំង​២​នេះ​ខូចខាត ក៏​ប៉ុន្តែ​ជា​បឋម​វា​អាច​បណ្តាល​ឲ្យ​កើត​មហារីក​ស្បែក ព្រោះ​ថា​វា​បាន​បំផ្លាញ​មេឡានិន (Melanin) ឬ​ជាតិ​ពណ៌​ខ្មៅ​របស់​ស្បែក​ដែល​មាន​តួនាទី​ជា​អ្នក​ការពារ​ស្បែក​ពី​ពន្លឺ​កាំរស្មី Ultra Violet របស់​ព្រះអាទិត្យ ការពារ​មិន​ឲ្យ​យើង​កើត​មហារីក​ស្បែក"។

នៅ​ប្រទេស​នានា​ឯ​ទ្វីប​អឺរ៉ុប រដ្ឋាភិបាល​បាន​ដាក់​បំរាម​ហាម​ដាក់​លក់​ម្សៅ​លាយ​កាត់​សម្បុរ​ស្បែក​ឲ្យ​ស តែ​ពុំ​បាន​ហាម​ផលិត​ម្សៅ​ប្រភេទ​នេះ​ឡើយ​គឺ​ឲ្យ​ផលិត​សម្រាប់​នាំ​ចេញ។ ដូច្នេះ​គេ​នាំ​ចេញ​ថ្នាំ​ឬ​ម្សៅ​លាយ​ដែល​គេ​អួតអាង​ថា​ធ្វើ​ឲ្យ​មនុស្ស​ស្បែក​ខ្មៅ​ក្លាយ​ទៅ​ជា​មនុស្ស​ស្បែក​ស​បាន​នោះ​ទៅ​លក់​នៅ​តាម​ប្រទេស​អាហ្វ្រិក​និង​អាស៊ី​នានា ហើយ​ដែល​រដ្ឋាភិបាល​អង់គ្លេស​ក្តី បារាំង​ក្តី និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ខ្លះ​ជា​ជនជាតិ​ស្បែក​មាន​ពណ៌​ដូច​ជា​អតីត​ជន​អន្តោប្រវេសន៍​មកពី​កោះ​នានា​នៃ​សមុទ្រ​ការ៉ាអ៊ីប មក​ពី​អាហ្វ្រិក ពី​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍​ជាដើម​នោះ កំពុង​ឈឺ​ក្បាល​ព្រោះ​ម្សៅ​លាយ​កាត់​ស្បែក​ឲ្យ​ស​ដែល​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​បាន​ត្រូវ​គេ​លបលួច​រត់ពន្ធ​ចូល​មក​ក្នុង​ប្រទេស​ដើម​វិញ​យ៉ាង​គំហុក ព្រោះ​ពលរដ្ឋ​ប្រុស​ស្រី​ស្បែក​មិន​ស​ប្រាថ្នា​ចង់​មាន​ស្បែក​ស លើ​ហេតុផល​ដែល​យោង​តាម​ប្រសាសន៍​អ្នកស្រី សាស្ហា គឺ ៖ "ស្បែក​សម្បុរ​ស​វា​ជា​ស្បែក​ដែល​ល្អ​ជាង​ឬ​ថា​មាន​ស្បែក​ស​អាច​រក​ការងារ​ល្អៗ​មក​ធ្វើ​បាន​ងាយ​ជាង​មាន​ស្បែក​ខ្មៅ..."។

បាតុភូត​មនុស្ស​ស្បែក​ខ្មៅ​ឬ​ស្រអែម​ចង់​ក្លាយ​ជា​មនុស្ស​មាន​ស្បែក​ជ្រះ​ស​ស្អាត​នេះ​មិន​មែន​កើត​មាន​តែ​ក្នុង​ចំណោម​ស្រីៗ​អាហ្វ្រិក ឬ​ស្រីៗ​ខ្មែរ​ប៉ុណ្ណោះ​ទេ ស្រី​ចាម ស្រី​អ៊ិស្លាម ដែល​បិទ​មុខ​បិទ​មាត់​ស្ទើរ​តែ​ជិត​អស់​នោះ​ក៏​មាន​គេ​រាយការណ៍​មក​ថា និយម​ប្រើ​ម្សៅ​កាត់​ស្បែក​នេះ​ណាស់​ដែរ។

ថ្មីៗ​នេះ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​ទើប​បាន​ចេញ​ប្រកាស​ហាម​លក់​ផលិតផល​កែលម្អ​សម្ផស្ស​ជួយ​កាត់​ពណ៌​ស្បែក​មុខ​ឲ្យ​ស​ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា Skin Whitening ចំនួន​២៦​ស្លាក​ដែល​គេ​រក​ឃើញ​ថា​មាន​លាយ​ផ្សំ​សារធាតុ​គីមី​ដែល​គេ​ហាម​ប្រើ​ព្រោះ​មាន​គ្រោះថ្នាក់​នោះ។

ក៏​ប៉ុន្តែ​តាម​ការសង្កេត​របស់​ស្ត្រី​បរទេស​មួយ​រូប​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គួឡាឡាំពួរ​ថ្មីៗ​នេះ ម្សៅ​កាត់​ស្បែក​ទាំង​នោះ​នៅតែ​ឃើញ​មាន​ដាក់​លក់​តាម​ទីផ្សារ​នានា​រួម​ទាំង​ផ្សារ​ទំនើប​ធំៗ​ទៀត​ផង ដោយ​ប្តូរ​យីហោ​ថ្មី​ខុស​ពី​យីហោ​ដែល​ត្រូវហាម។ ផលិតផល​ទាំង​នេះ​សុទ្ធតែ​វេច​ខ្ចប់​ដោយ​ប្រអប់​ឬ​កញ្ចប់​ស្រស់​ឆើត​គួរ​ឲ្យ​ចង់​ទិញ ហើយ​មាន​សរសេរ​អួតអាង​គុណភាព​ប្រសិទ្ធភាព​ថា​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ម្សៅលាយ​ដែល​មាន​តម្លៃ​តាំងពី​១០​រិងគិត​ឬ​ប្រមាណ​១​ម៉ឺន​រៀល​រហូត​ដល់​រាប់​សែន​រៀល​នោះ​សុទ្ធ​តែមាន​លាយ​សារធាតុ​ពុល ជា​ពិសេស​គឺ Hydroquinoneឬ​បារ៉ត។

ក្នុង​ចំណោម​ម្សៅ​លាយ​ដែល​ម៉ាឡេស៊ី​ហាម​ទាំង​២៦​មុខ​មាន​ឈ្មោះ Dr. Seagar Skin Recon, Dewajah Night Cream, Cellnique Skin Whitening Plus, Crystal White Night Cream II។ល។

យោង​តាម​ការវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន​មួយ​កាលពី​ឆ្នាំ​២០០៦ ក្នុង​ចំណោម​ស្ត្រី​ម៉ាឡេស៊ី​១០​នាក់​មាន​៤​នាក់​ប្រើ​ម្សៅ​លាយ​ដើម្បី​កាត់​ពណ៌​ស្បែក​ឲ្យ​កាន់តែ​ស។

ទាំង​នេះ​ពុំ​បាន​សេចក្តី​ថា ម្សៅ​លាយ​ទាំងអស់​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​សុទ្ធតែ​មាន​ពិស​ពុល​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់​នោះ​ទេ។ មាន​ក្រុមហ៊ុន​ខ្លះ​ដែល​គេ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ គេ​ផលិត​ថ្នាំ​ជា​ម្សៅ​លាយ​ដែល​ប្រកប​ទៅ​ដោយ​គ្រឿង​ផ្សំ​ល្អៗ​តែ​មាន​តម្លៃ​ថ្លៃ ឧទាហរណ៍​ដូច​ជា Licorice ដែល​ជា​ប្រភេទ​ឈើ​អែម​ម្យ៉ាង​គេ​យក​ឫស​វា​ចម្រាញ់​ធ្វើ​ថ្នាំ​នោះ មាន​តម្លៃ​ក្នុង​១​គីឡូក្រាម​ដល់​ទៅ​៧០​លាន​រៀល​ឯណោះ។ ដូច្នេះ​ហើយ​ទើប​ពួក​ឈ្មួញ​ឱកាស​និយម​ខ្លះ​ប្រើ​សារធាតុ​គីមី​មាន​គ្រោះថ្នាក់ ដូច​ជា​បារត ឬ Hydroquinone ដែល​មាន​តម្លៃ​ប្រមាណ​ជា​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ​នោះ​យក​មក​លាយ​ផ្សំ ចាំបាច់​អ្នក​ប្រើប្រាស់​ត្រូវ​សង្កេត​មើល​ឲ្យ​បាន​ដិតដល់៕