ប្រជាពលរដ្ឋខ្មែរដែលមានស្ថានភាពក្រីក្រលំបាកមួយចំនួន ក្នុងនោះរួមមានទាំងកុមារផងប្រមាណជិត ១០០នាក់ នៅទីក្រុងភ្នំពេញ បានទទួលការព្យាបាលជំងឺផ្លូវចិត្ត និងជំងឺផ្សេងៗមួយចំនួនទៀតដោយឥតគិតថ្លៃពីក្រុមអ្នកជំនាញផ្នែកព្យាបាលរោគសរសៃ និងចិត្តសាស្ត្រមកពីប្រទេសបារាំង។
ការព្យាបាលនេះគឺគេធ្វើទៅតាមរយៈនៃការស្ទាបស្ទង់សរសៃ ឬចាប់ជីពចររបស់អ្នកជំងឺ និងសាកសួរព័ត៌មានខ្លះៗអំពីអារម្មណ៍របស់អ្នកជំងឺ ដោយមិនប្រើប្រាស់ឱសថ ឬថ្នាំពេទ្យនោះឡើយ។
អ្នកជំងឺដែលបានទទួលការព្យាបាលនោះ ភាគច្រើនគឺត្រូវបានក្រុមអ្នកជំនាញទាំងនោះចុះទៅធ្វើការព្យាបាលឲ្យដល់ទីកន្លែងផ្ទាល់។
លោក ដេនី ពីណូ (Denis PINEAU) ក្នុងចំណោមអ្នកជំនាញផ្នែកព្យាបាលរោគសរសៃ និងជំងឺផ្លូវចិត្តដែលកំពុងធ្វើការព្យាបាលអ្នកជំងឺនៅក្នុងមជ្ឈមណ្ឌលមួយរបស់អង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលមានទីតាំងនៅក្នុងតំបន់ចាក់សំរាមស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមព្យាបាលរបស់លោកដែលមានចំនួនពីរនាក់នោះ គឺជួយព្យាបាលជំងឺសម្រាប់តែប្រជាពលរដ្ឋដែលមានស្ថានភាពរស់នៅលំបាក ដែលមានជីវភាពរស់នៅខ្វះខាត។
លោកបានបញ្ជាក់តាមរយៈអ្នកបកប្រែយ៉ាងដូច្នេះ ៖ "ពួកយើងមកទីនេះគោលបំណងគឺជួយព្យាបាលអ្នកក្រ ដែលគ្នាក្រីក្រខ្វះលុយកាក់ទៅទិញថ្នាំ ឬក៏មិនអាចទៅពេទ្យបាន ហើយអ៊ីចឹងយើងឃើញការក្រីក្រហ្នឹង យើងព្យាបាលបន្ថែមទៅលើហ្នឹងទៀតដែរ"។
លោកបានឲ្យដឹងទៀតថា សម្រាប់បច្ចេកទេសនៃការព្យាបាលអ្នកជំងឺដែលក្រុមរបស់លោកយកមកព្យាបាលនៅពេលនេះ គឺជាបច្ចេកទេសមួយដែលគេធ្លាប់បានព្យាបាលនៅក្នុងប្រទេសបារាំងតាំងពីឆ្នាំ១៩៨០ ហើយបានឃើញថា មានមនុស្សជាច្រើនបានមកទទួលការព្យាបាល ពីព្រោះបច្ចេកទេសនោះគឺអាចជួយសម្រួលដល់ការធ្វើចលនាទាំងឡាយនៃប្រព័ន្ធរាងកាយរបស់មនុស្សឲ្យមានដំណើរការល្អ។
អ្នកជំនាញរូបនោះបានបន្តថា ធម្មតាផ្លូវចិត្ត និងផ្លូវកាយតែងតែមានការទាក់ទងគ្នា ដូច្នេះការព្យាបាលជំងឺតាមបច្ចេកទេសនេះ គឺប្រើតាមការស្ទាបចាប់សរសៃជីពចរផង ហើយទន្ទឹមនោះ គេក៏ធ្វើការអប់រំផ្លូវចិត្តរបស់អ្នកជំងឺផងដែរ ៖ "ខ្លួនយើងហ្នឹង ពេលយើងជួបប្រទះបញ្ហាធំមួយ ដោះស្រាយអត់ចេញ យើងបង្កើតជាជំងឺដោយខ្លួនយើង។ ដូចដេកមិនលក់ ទៅជាស្ដ្រេស ឬបញ្ហាស្ដ្រេសខ្លាំងទៅជាឈឺក្រពះអ៊ីចឹង អាហ្នឹងគេព្យាបាលបានអ៊ីចឹងទៀត មិនមែនតែចិត្តសាស្ត្រទេ។ ការគេមើលហ្នឹង គឺជាវិធីវិទ្យុសាស្ត្រមួយ ពេលគេស្ទាបទៅហ្នឹងគេដឹងចរន្តនៃចលនាឈាមដើរ ឬក៏អីអ៊ីចឹង"។
ការចុះព្យាបាលរបស់អ្នកជំនាញបារាំង ផ្នែកចាប់សរសៃ ហើយនិងការព្យាបាលតាមរបៀបអប់រំផ្លូវចិត្តដំណាលគ្នា ហើយដែលគេអះអាងថា មានការទាក់ទងគ្នានោះ ក្រោយពីបានធ្វើការព្យាបាលគេឃើញអ្នកជំងឺមួយចំនួននោះហាក់បានធូរស្បើយពីជំងឺខ្លះ។
ក្នុងចំណោមអ្នកជំងឺដែលបានទទួលការព្យាបាលបច្ចេកទេសនេះ បុរសមួយរូបឈ្មោះ មករា បានប្រាប់ឲ្យដឹងថា ខ្លួនគាត់មានជំងឺឈឺក្រពះ ហើយធ្លាប់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដែរកន្លងមក ហើយឃើញថា បានស្រាកបន្តិចក៏ឈឺឡើងវិញ ដូចជាចុកឆ្អល់ក្នុងពោះ ឬក៏ក្អួតចង្អោរជាដើម។
បុរសដដែលបានបន្តថា ប៉ុន្តែក្រោយពីបានមកសាកល្បងព្យាបាលតាមបច្ចេកទេសចាប់ស្ទាបសរសៃ និងអប់រំផ្លូវចិត្តរបស់អ្នកជំនាញមកពីប្រទេសបារាំងនោះ គឺហាក់មានអារម្មណ៍ធូរស្បើយច្រើន ៖ «របៀបគាត់ព្យាបាលហ្នឹង គឺរបៀបដូចជាចិនសែ គាត់មើលចាប់ជីពចរអ៊ីចឹង គេអត់មានធ្វើអីទេ ហើយអត់មានប្រើជាថ្នាំអីទាំងអស់។ គាត់ពន្យល់យើង គាត់ផ្ដល់កម្លាំងចិត្តឲ្យយើងថា មូលហេតុដែលយើងកើតជំងឺក្រពះមកពីយើងស្ដ្រេស យើងគេងអត់លក់ គឺបញ្ហាផ្លូវចិត្តអីផង។ គាត់ក៏បានសម្រួលសរសៃឲ្យយើង ហើយគាត់ថា ជំងឺហ្នឹងយើងនឹងជាដោយឯកឯង ដោយសារកម្លាំងចិត្តរបស់យើងហ្នឹង។ ស្អែកឡើងខ្ញុំមានអារម្មណ៍ថា ខុសពីធម្មតា ព្រោះពីមុនមកខ្ញុំក្អួតចង្អោរ ប៉ុន្តែមកដល់ថ្ងៃនេះអត់ទេ។ គាត់ហ្នឹងមានចិត្តសាស្ត្រគាត់ខ្លាំង គាត់ដឹងថា ជំងឺយើងហ្នឹងពីមុនមកគឺយើងពិបាកចិត្ត បួនប្រាំឆ្នាំមកគឺយើងពិបាកចិត្តមែន ជាក់ស្ដែងគឺអ៊ីចឹងមែន»។
កុមារមួយរូបឈ្មោះ ចាន់ថា អាយុ ១៧ឆ្នាំ សព្វថ្ងៃកំពុងរស់នៅជាមួយអង្គការលើកស្ទួយប្រជាពលរដ្ឋនៅតំបន់ចាក់សំរាមស្ទឹងមានជ័យ ហើយបានទទួលបច្ចេកទេសនេះដែរ បានឲ្យដឹងថា ខ្លួនគេហាក់មានអារម្មណ៍ធូរស្បើយពីជំងឺឈឺក្បាល និងគិតច្រើន មិនដូចពីមិនទាន់បានព្យាបាល គឺមានការពិបាកចិត្ត ពីព្រោះខ្លួនគេជាកូនចៅអ្នកក្រីក្រនៅខេត្តស្វាយរៀង ហើយឪពុកបានស្លាប់ចោលនៅតែម្ដាយ ប៉ុន្តែឥឡូវនេះម្ដាយរបស់ខ្លួនក៏មានជំងឺផ្លូវចិត្តរ៉ាំរ៉ៃទៀត ៖ «គឺថា គិតច្រើនមានអារម្មណ៍ឈឺក្បាល គិតច្រើនណាស់។ … ធូរជំងឺដែរ រាងគ្រាន់បើជាងមុនលែងឈឺក្បាលខ្លាំង»។
មន្ត្រីនៃអង្គការលើកស្ទួយប្រជាពលរដ្ឋមួយរូបឈ្មោះ កញ្ញា យឹម សូម៉ាលី បានប្រាប់ឲ្យដឹងថា មានកុមារប្រមាណ ៤០នាក់នៅក្នុងអង្គការនេះបានទទួលការព្យាបាលជំងឺសរសៃ និងផ្លូវចិត្តពីក្រុមអ្នកវិទ្យាសាស្ត្រខាងចលនា ឬអ្នកព្យាបាលរោគផ្លូវចិត្តមកពីប្រទេសបារាំនោះ ប៉ុន្តែលទ្ធផលយ៉ាងណានោះគេមិនទាន់ដឹងទេថា បានទទួលក្នុងកម្រិតណានោះឡើយ។
មន្ត្រីរូបនោះបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលនោះអាចជួយលើកទឹកចិត្តកុមារទាំងនោះផងដែរ ពីព្រោះពួកគេទាំងអស់គ្នាសុទ្ធសឹងតែជាកូនអ្នកក្រីក្រលំបាក។
ក្រុមអ្នកវិទ្យាសាស្ត្រខាងចលនា ឬអ្នកព្យាបាលរោគផ្លូវចិត្តមកពីប្រទេសបារាំង ដែលបានជួយព្យាបាលជំងឺប្រជាពលរដ្ឋ និងកុមារនោះ បានប្រាប់ឲ្យដឹងផងដែរថា ជំងឺផ្លូវចិត្តអាចបណ្ដាលមកពីភាពក្រីក្រ ខ្វះអាហារទទួលទាន និងបញ្ហាផ្សេងៗជាច្រើនទៀត ដូច្នេះចាំបាច់គេត្រូវការជួយឲ្យមានព្យាបាលតាមចិត្តសាស្ត្រ និងការជួយជ្រោមជ្រែងដោះស្រាយពីបញ្ហាខ្វះថវិកាព្យាបាលជំងឺផងដែរ។
លោកបានបន្តថា ដោយបានឃើញយ៉ាងដូច្នោះហើយ បានជាក្រុមរបស់លោកដែលមកប្រទេសកម្ពុជាពេលនេះ ក្រៅពីបានជួយព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ ក្នុងនោះក៏បានជួយបណ្ដុះបណ្ដាលបច្ចេកទេសនៃការព្យាបាលផ្លូវចិត្ត និងការស្ទាបចាប់សរសៃឲ្យដល់គ្រូពេទ្យមួយចំនួនផងដែរ ដូចជាគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិក្រុងភ្នំពេញ និងនៅតាមខេត្តខ្លះៗទៀត។
គោលបំណងនៃការជួយបណ្ដុះបណ្ដាលនោះ ក៏ដើម្បីសុំឲ្យគ្រូពេទ្យទាំងនោះជួយព្យាបាលជំងឺផ្លូវចិត្ត ឬឈឺសរសៃឲ្យដល់ប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលខ្វះលទ្ធភាព ឬខ្វះថវិកាក្នុងការព្យាបាលជំងឺរបស់គេ៕