ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ ត្រូវ​ចំ​ឆ្នាំ​ខាល ឬ ឆ្នាំ​ខ្លា ដែល​ត្រូវ​សង្ក្រាន្ត​នៅ​ថ្ងៃ​ពុធ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មេសា គ្រិស្តសករាជ ២០១០ វេលា​ម៉ោង ៧​និង​៣៦​នាទី​ព្រឹក។

0:00 / 0:00

ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ ត្រូវ​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា បាន​ចាប់​កំណើត​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​អាច​កំណត់​ថា តាំង​ពី​ពេល​ណា​មក​បាន​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​កកើត ការ​វិវត្ត និង​ប្រព័ន្ធ​ជំនឿ​របស់​មនុស្ស លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា​មាន​ប្រសាសន៍​ថា ពិធី​ចូល​ថ្មី​នេះ គឺ​មាន​ការ​ទាក់ទង​ទៅ​នឹង​ការ​វិល​ជុំ​របស់​រដូវ​នៅ​ក្នុង​ធម្មជាតិ។

លោក អាំង ជូលាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ជាតិ​សាសន៍​ណា​ក៏​មាន​ចូល​ឆ្នាំ​ដែរ ដោយសារ​មនុស្ស​មើល​រដូវ ម្ល៉ោះ​ហើយ​ពេល​វេលា​ធម្មជាតិ​ហ្នឹង ជា​ភាសា​បាលី ភាសា​សំស្ក្រឹត​គេ​ថា "វឌ្ឍ" ម្ល៉ោះ​ហើយ​បាន​ជា​មនុស្ស​មាន​ចូល​ឆ្នាំ»

សាស្ត្រាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត យាង វីរបុត្រ បន្ថែម ៖ «ក្នុង​កំណត់ត្រា​នៃ​សាលា​ចារឹក​គឺ​គ្មាន​ទាល់​តែសោះ ប៉ុន្តែ​តាម​ខ្ញុំ​ស្មាន​ថា ខ្មែរ​យើង​អាច​នឹង​ធ្វើ​ពិធី​ចូល​ឆ្នាំ​ហ្នឹង​ដែរ ប៉ុន្តែ​គ្រាន់តែ​មិន​មាន​ការ​កត់ត្រា​ឲ្យ​បាន​ពិត​ប្រាកដ​នៅ​ក្នុង​សិលា​ចារឹក​ហ្នឹង​ថា មាន​ធ្វើ ឬ​របៀប​ធ្វើ ឬ​ការ​ធ្វើ​អ្វីៗ​ហ្នឹង​អត់​មាន​បង្ហាញ​ទាល់​តែសោះ ទាំង​សិលា​ចារឹក​នៅ​សម័យ​មុន​អង្គរ និង​អង្គរ»

រឿង​និទាន​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ គឺ​កបិលមហាព្រហ្ម។

ឯកសារ​អរិយធម៌​ខ្មែរ​របស់​អ្នកស្រី ត្រឹង ងា បាន​កត់​ត្រា​ថា បុព្វហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បញ្ចប់​ឆ្នាំ​ចាស់ ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ ដោយ​អ្នក​ខ្លះ​មាន​ជំនឿ តាម​រឿង​ព្រេង​មួយ​ដែល​មាន​សេចក្ដី​ថា កបិលមហាព្រហ្ម បាន​ចោទ​ប្រស្នា​បី​ខ​ដល់​ធម្មបាល​កុមារ។ ធម្មបាល​កុមារ​ជា​កូន​សេដ្ឋី​ម្នាក់​ដែល​រៀន​ចេះ​ចប់​ត្រៃវេទ និង​ចេះ​ភាសា​បក្សី​ទាំង​ពួង។ នៅ​ក្នុង​ការ​ចោទ​ប្រស្នា​នេះ កបិលមហាព្រហ្ម​បាន​សន្យា​ថា បើ​ធម្មបាល​កុមារ​ដោះស្រាយ​មិន​រួច​ទេ​នោះ ធម្មបាល​កុមារ​នឹង​កាត់​ក្បាល​ខ្លួន ដើម្បី​បូជា​ដល់​កបិលមហាព្រហ្ម។ ផ្ទុយ​ទៅ​វិញ បើ​ដោះស្រាយ​ប្រស្នា​នោះ​រួច កបិលមហាព្រហ្ម​នឹង​ត្រូវ​កាត់​ក្បាល​ខ្លួន​បូជា​ធម្មបាល​កុមារ​វិញ។

ធម្មបាល​កុមារ​ទាល់​ប្រាជ្ញា​រក​ចម្លើយ​មិន​ឃើញ​សោះ។ ប៉ុន្តែ​ទីបំផុត​បាន​ស្ដាប់​សត្វ​ឥន្ទ្រី​ញី​ឈ្មោល និយាយ​គ្នា​អំពី​ប្រស្នា​នោះ ទើប​បាន​ដឹង​ចម្លើយ​ទាំង​អស់។ ដល់​ថ្ងៃ​កំណត់​ធម្មបាល​កុមារ​ក៏​ឆ្លើយ​ប្រាប់​កបិលមហាព្រហ្ម​អំពី​សិរី​សួស្ដី​របស់​មនុស្ស​ដែល​មាន​ចម្លើយ​ដូច​តទៅ ៖ ខ​ទី​១ វេលា​ព្រឹក សិរី​របស់​មនុស្ស​ស្ថិត​នៅ​មុខ ទើប​មនុស្ស​ត្រូវ​យក​ទឹក​លុប​លាង​មុខ។ ខ​ទី​២ វេលា​ថ្ងៃ​ត្រង់ សិរី​ស្ថិត​នៅ​ទ្រូង ទើប​មនុស្ស​ត្រូវ​យក​ទឹក​មក​លាង​ទ្រូង។ ខ​ទី​៣ វេលា​ល្ងាច សិរី​ស្ថិត​នៅ​ជើង ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ជើង។

នៅ​ពេល​ដឹង​ចម្លើយ​រួច ហើយ​នឹង​ត្រូវ​គោរព​តាម​កិច្ចសន្យា​ផង​នោះ កបិលមហាព្រហ្ម​បាន​កាត់​ក្បាល​បូជា​ដល់​ធម្មបាល​កុមារ ហើយ​ឲ្យ​កូន​ស្រី​ទាំង​៧​នាក់ យក​ពាន​មក​ទទួល​ក្បាល រួច​ឲ្យ​កូន​ច្បង​ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុ ៦០​នាទី ទើប​យក​ទៅ​ទុក​ក្នុង​មណ្ឌល​នៅ​ក្នុង​គុហា ជា​រូង​ធំ​ក្នុង​ភ្នំ​កៃលាស។ លុះ​គម្រប់​ឆ្នាំ​សង្ក្រាន្ត ទេព​ធីតា​ទាំង​៧ ក៏​ផ្លាស់​វេន​គ្នា​ហែ​ក្បាល​កបិលមហាព្រហ្ម​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុ រាល់ៗ​ឆ្នាំ​រហូត​មក។ ហេតុ​នេះ​ហើយ បាន​ជា​មាន​សង្ក្រាន្ត ឬ​ទំនៀម​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ។

តើ​ខ្មែរ​ចាប់​កំណត់​ពិធី​ចូល​ឆ្នាំ​ថ្មី​តាំង​ពី​ពេល​ណា​មក?

បណ្ឌិត​ផ្នែក​នរវិទ្យា លោក អាំង ជូលាន ឲ្យ​ដឹង​ថា ការ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​មាន​តាំង​ពី​មុន​ការ​ចូល​មក​ដល់​របស់​ពួក​ឥណ្ឌា​ទៅ​ទៀត។ ប៉ុន្តែ​ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​សម្រាប់​ពិធី​ចូល​ឆ្នាំ​ថ្មី គឺ​ខ្មែរ​ប្រហែល​បាន​ទទួល​ឥទ្ធិពល​ខ្លះៗ​ពី​ឥណ្ឌា។

លោក អាំង ជូលាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ប្រទេស​ឥណ្ឌា​មួយ​ផ្នែក​ធំ នៅ​ប៉ែក​ខាង​ត្បូង​អី ចូល​ឆ្នាំ​ដូច​យើង​អ៊ីចឹង។ យើង​ដឹង​ហើយ បើ​យើង​កុំ​និយាយ​ទៅ​ដល់​ឥណ្ឌា ក៏​យើង​ដឹង​ហើយ ប្រទេស​ជិត​ខាង​យើង ដូចជា​ប្រទេស​ថៃ ប្រទេស​លាវ ប្រទេស​ភូមា គេ​ចូល​ឆ្នាំ​ដូច​យើង​អ៊ីចឹង ដូច្នេះ​យើង​ដឹង​ថា ប្រភព​មក​ពី​ហ្នឹង។ យើង​រឿង​ខែ​ណា​អីៗ​ហ្នឹង​យើង​ទទួល​ពី​ឥណ្ឌា ប៉ុន្តែ​គំនិត​រឿង​ចូល​ឆ្នាំ​ហ្នឹង ជាតិ​ណា សាសនា​ណា​ក៏​មាន​ដែរ»

អ្នក​ប្រវត្តិសាស្ត្រ និង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ឥណ្ឌា​បាន​មក​ដល់​ស្រុក​ខ្មែរ​ប្រហែល​នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១ នៃ​គ្រិស្តសករាជ។

ឯកសារ​អរិយធម៌​ខ្មែរ​របស់​អ្នកស្រី ត្រឹង ងា ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​ពី​សម័យ​ក្រុង​នគរ​ធំ​ឡើង​ទៅ ខ្មែរ​យើង​ប្រើ​ចន្ទគតិ ឬ​កំណត់​យក​តាម​ដំណើរ​នៃ​ព្រះ​ចន្ទ ទើប​រាប់​ខែ​មិគសិរ ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែ​កត្តិក ជា​ខែ​ទី​១២។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ ឬ​កំណត់​យក​តាម​ដំណើរ​នៃ​ព្រះអាទិត្យ​វិញ​ទើប​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែ​ចេត្រ​វិញ។ ការ​កំណត់​នេះ គឺ​ត្រូវ​នឹង​ព្រះអាទិត្យ​ចូល​កាន់​មេសរាសី ឯ​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែ​មេសា ឬ​ខែ​ចេត្រ រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​យូរៗ​មាន​ភ្លាត់​ម្ដងម្កាល ដោយ​ត្រូវ​ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ខែ​មេសា ក៏​មាន​ខ្លះ​ដែរ។

ក្រៅ​ពី​នេះ​យើង​មាន​ឯកសារ​ខ្លះ​ទៀត​ដែល​បញ្ជាក់​ថា ខ្មែរ​យើង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​នៅ​ខែ​ចេត្រ ដូច​ជា​អត្ថបទ​របស់​លោក ជីវតាក្វាន់ ជា​ជនជាតិ​ចិន ដែល​បាន​ចូល​មក​ស្រុក​ខ្មែរ នៅ​អំឡុង​សតវត្សរ៍ ទី​១៣ នៃ​គ្រិស្តសករាជ គឺ​ចុង​សម័យ​អង្គរ ក៏​បាន​កត់ត្រា​ដែរ​ថា នៅ​ខែ​ចេត្រ ខ្មែរ​យើង​បាន​ធ្វើ​បុណ្យ​ដោយ​មាន​លេង​ចោល​ឈូង​ផង ហើយ​មាន​ប្រមូល​ព្រះ​ពុទ្ធ​រូប​ពី​គ្រប់​ទិស​ទី​មក​ស្រង់​ទឹក​ទៀត​ផង។

ការ​វិវត្ត​នៃ​ការ​កំណត់​ពេល​ចូល​ឆ្នាំ​ថ្មី​ពី​ខែ​មិគសិរ មក​ខែ​ចេត្រ​វិញ​នេះ បណ្ឌិត អាំង ជូលាន ពន្យល់​ថា ប្រហែល​ជា​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ស្រែ​ចម្ការ។ ដោយ​ខែ​ចេត្រ កសិករ​ខ្មែរ​មួយ​ចំនួន​ធំ​ច្រើន​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ។

បណ្ឌិត អាំង ជូលាន ពន្យល់​ដូច្នេះ ៖ «វា​ហាក់​ដូច​ជា​ត្រូវ​នឹង​កសិកម្ម ធ្វើ​ស្រែ។ យើង​ដឹង​ហើយ​ថា ខែ​ចេត្រ​ជា​ខែ​ដែល​ក្ដៅ​បំផុត ដល់​ពិសាខ​ទៅ​យើង​ចាប់​ផ្ដើម​មាន​ភ្លៀង​ធ្លាក់ ស្រែ​ហ្នឹង​វា​ជា​រឿង​ធំ​ដុំ​ជា​ទី​បំផុត​របស់​ប្រជាជន​ខ្មែរ ដូច្នេះ​ចូល​ឆ្នាំ​របៀប​សព្វថ្ងៃ​គឺ​វា​ត្រូវ​រឿង​កសិកម្ម​ហ្នឹង»

តើ​នៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ គេ​ត្រូវ​រៀបចំ​គ្រឿង​តង្វាយ​អ្វី​ខ្លះ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី?

ឯកសារ​មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោស័ក ព.ស​២៥៥៤ គ.ស​២០១០ រៀប​រៀង​ដោយ​លោក អ៊ឹម បុរិន្ទ បាន​ឲ្យ​ដឹង​ថា គ្រឿង​តង្វាយ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ ដែល​គួរ​ធ្វើ​តាម​ទំនៀម​ពី​បុរាណ​មក​នោះ គួរ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ គួរ​រៀប​ក្រាល​សំពត់​ពណ៌​ស ឬ​ស្រគាំ ហើយ​រៀប​បាយសី ៩​ថ្នាក់​មួយ​គូ បាយសី ៧​ថ្នាក់​មួយ​គូ បាយសី ៥​ថ្នាក់​មួយ​គូ បាយសី ៣​ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​៥ ធូប​៥ លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​១​គូ ចេក​នួន ចេក​ណាំវ៉ា ពីរ​ជើង​ពាន ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើង​ពាន ១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក​ទឹក​ដោះ​ស្រស់​ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា៕