ល្បែង​​​ប្រជាប្រិយ​​​​​ខ្មែរ​ប្រឈម​​នឹង​​ការ​​បាត់បង់

គេ​កត់​សម្គាល់​​ឃើញ​​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ ដូចជា បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង​ជា​ដើម ហាក់​ដូច​ជា​មាន​ការ​បាត់បង់​សាប​រលាប​បន្តិច​ម្ដង​ៗ​ទៅ​ហើយ។

0:00 / 0:00

នា​ពេល​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ចូល​មក​ដល់​ម្ដងៗ គេ​ឃើញ​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍ វិទ្យុ បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ពិធីករ ពិធី​ការិនី និង​មាន​ការ​បង្ហាញ​ពី​គំរូ របៀប​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ក្នុង​នោះ មាន​ល្បែង​ស្ដេច​ចង់ បោះ​ឈូង លាក់​កន្សែង បោះ​អង្គញ់ ចាប់​កូន​ខ្លែង ទាញ​ព្រ័ត្រ និង​រាំវង់​ប្រពៃណី​ខ្មែរ​ជា​ដើម ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្នុង​ឆ្នាំ​២០១០​នេះ ប្រជា​ពលរដ្ឋ និង​ចាស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន បាន​លើក​ឡើង​ថា វា​ស្ទើរ​តែ​មាន​ការ​បាត់​បង់ និង​សាប​រលាប​បន្តិច​ម្ដង​ទៅ​ហើយ ដោយសារ​តែ​ម្នាក់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា។

ស្ត្រី​វ័យ ៨៥​ឆ្នាំ​ម្នាក់ ឈ្មោះ អ៊ុំ វឹង មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ៖ «មាន​ឃើញ​តែ​ក្នុង រ៉ាត់​យូ លេង​គគ្រឹក​គគ្រេង គេ​លេង​ឲ្យ​យើង​ឃើញ​ជា​គំរូ មែន​ទែន​មិន​ទាន់​ឃើញ​លេង​ទេ។ លេង​ពីរ​បី​ថ្ងៃ​មុន​លេង​តែ​មួយ​ភ្លែត​ទេ»

ស្ត្រី​ឈ្មោះ មា សុខុម មាន​លំនៅឋាន​នៅ​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា នៅ​ឆ្នាំ​នេះ គាត់​មិន​សូវ​ជា​បាន​ឃើញ​មនុស្ស​ម្នា ជា​ពិសេស​យុវវ័យ​នៅ​ក្នុង​ភូមិ​លេង​ល្បែង ប្រជា​ប្រិយ​ដូច​ឆ្នាំ​មុន​ៗ​ទេ ៖ «អ្នក​លេង​តិច​ជាង ព្រោះ​អី​ខ្លះ​គេ​ទៅ​រាំ​បាស​ខាង​នេះ គេ​អត់​សូវ​លេង​ទេ លាក់​កន្សែង​ទេ បោះ​តែ​អង្គញ់​លេង​ម្ដង​ៗ តែ​លេង​តិច»

ចំណែក​ឯ​ស្ត្រី​វ័យ ៤០​ឆ្នាំ ម្នាក់​ទៀត ឈ្មោះ ហេង ប៊ុន​ណាត រស់​នៅ​ភូមិ​ដើម​ត្នោត សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ភូមិ​របស់​គាត់​បាន​ចាប់​ផ្ដើម​លេង​ល្បែង​ប្រជាប្រិយ​ខ្លះ​ៗ​ហើយ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​រវល់​នៅ​ក្នុង​ការ​ប្រកប​មុខ​របរ​រក​ទទួល​ទាន ហើយ​ម្យ៉ាង​ទៀត​ពុំ​មាន​ទី​ធ្លា​លេង​ឲ្យ​បាន​ទូលាយ។

អ្នកស្រី ជុំ សំបិត ប្រធាន​ក្រុម​ទី​៧ ភូមិ​បឹងសាឡាង សង្កាត់​ឫស្សីកែវ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរថា កាល​ពី​ឆ្នាំ​កន្លង​ទៅ នៅ​ក្នុង​ភូមិឋាន​របស់​គាត់ ទាំង​ក្មេង​ចាស់​ប្រុស​ស្រី គេ​និយម​លេង​ល្បែង​ប្រជាប្រិយ និង​រាំវង់​ប្រពៃណី​ខ្លាំង​ណាស់។ ការ​លេង​បែប​នេះ នៅ​ក្នុង​ភូមិ​របស់​គាត់ បាន​លេង​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យ៉ាង​ហោច​ណាស់ ២ ទៅ ៣​ខែ​ដែរ ហើយ​នៅ​ពេល​ជិត​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ ២ ឬ ៣​ថ្ងៃ ទើប​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ មិន​ដូច​មុន​ទៀត​ទេ។

គណៈកម្មការ​វត្ត​ទួលសង្កែ លោក ឡុង ហួន អាយុ ៧៦​ឆ្នាំ មាន​ប្រសាសន៍​ថា ក្មេង​ៗ និង​យុវវ័យ​បច្ចុប្បន្ន​នេះ ពុំ​សូវ​ចាប់​អារម្មណ៍​លេង​ល្បែង​ប្រជាប្រិយ​ទេ ដោយសារ​តែ​ល្បែង​ស៊ីសង​ពាលា​អាវាសែ សេព​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង មិន​ដូច​ចាស់​ពី​ជំនាន់​ដើម​លេង​ល្បែង​ប្រជាប្រិយ​គោរព​សិទ្ធិ​គ្នា​ណាស់។

ស្ត្រី​វ័យ ឳក ធុច អាយុ ៧២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​បាន​ថ្លែង​ថា យុវវ័យ​សម័យ​ឥឡូវ មិន​សូវ​មាន​ចំណូល​ចិត្ត​លេង​ល្បែង​ប្រជាប្រិយ​ទេ គាត់​យល់​ថា ​ម្នាក់​ៗ​រវល់​តែ​ប្រកប​កិច្ចការ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត ពុំ​បាន​គិត​គូរ​រឿង​លេង​នោះ​ទេ ដោយសារ​តែ​បច្ចុប្បន្ន​ពិបាក​រក​ចំណូល​ណាស់ និង​មាន​ហេតុផល​ជា​ច្រើន​ទៀត។

ទោះបី​ជា​មាន​ការ​លើក​ឡើង​ថា​យ៉ាង​នេះ​ក្ដី យុវវ័យ​មួយ​ចំនួន បាន​អះអាង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​មិន​បាន​លេង​ល្បែង​ប្រជាប្រិយ​នោះ គឺ​មក​ពី​មជ្ឈដ្ឋាន​មិន​បាន​អំណោយ​ផល។ នៅ​ក្នុង​ភូមិឋាន ពុំ​មាន​ទី​ធ្លា​ឲ្យ​ពួក​គេ​លេង​បាន​នោះ​ទេ ចំណែក​ឯ​នារី​ៗ​មួយ​ចំនួន​ក៏​មិន​សូវ​សហការ​លេង​ដែរ ដោយសារ​តែ​មាន​ការ​ប្រកាន់​ច្រើន។ រី​ឯ​ចាស់​នៅ​ក្នុង​ភូមិ ក៏​មិន​បាន​បង្ក​បរិយាកាស​ឲ្យ​ពួក​គេ​បាន​លែង​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ចំពោះ​ការ​ថមថយ​នៃ​ការ​លេង​ល្បែង​ប្រពៃណី​ខ្មែរ ដែល​វា​អាច​នឹង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ម្ដង​បន្តិច ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់ ខ្វះ​ការ​ផ្ដួច​ផ្ដើម​គំនិត បំផុស និង​គាំទ្រ​ឲ្យ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ។

ប្រជាពលរដ្ឋ ចាស់​ព្រឹទ្ធាចារ្យ និង​មន្ត្រី​ក្រសួង​វប្បធម៌​មួយ​ចំនួន បាន​លើក​ឡើង​ថា ដើម្បី​ចៀស​វាង​នូវ​ការ​បាត់បង់​ល្បែង​ប្រពៃណី​ខ្មែរ​នេះ មាន​តែ​យើង​ទាំង​អស់​គ្នា រួម​គ្នា​ថែ​រក្សា និង​ដាស់​តឿន ក្រើន​រំឭក​យុវវ័យ​ជំនាន់​ក្រោយ លេង​នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ ពិសេស​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

ល្បែង​ទាំង​នោះ​ពុំ​មាន​ចារឹក​ជា​ក្បួន​តម្រា​ទេ គេ​លេង​តាម​ចំណាំ​រៀង​ៗ​ខ្លួន ត​ៗ​គ្នា ទៅ​តាម​ទម្លាប់​ស្រុក​ទេស​តែ​ប៉ុណ្ណោះ៕