នៅក្នុងវចនានុក្រមខ្មែរដែលបានរៀបចំចងក្រងឡើងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ហើយដែលត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ១៩៦៧ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅត្រង់ទំព័រ ១០៤ បានធ្វើការពន្យល់ថា ក្រឡានជាបាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិល និងខ្ទិះដូងជាដើម។
ទាក់ទងទៅនឹងប្រភពរបស់អាហារប្រភេទនេះ លោក អៀវ សេរី អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងពីប្រវត្តិដើមតាមរយៈការសិក្សារបស់អ្នកជំនាញថា ក្រឡានប្រហែលជាបានកកើតជាមួយគ្នានឹងការរកឃើញលោហធាតុដែរ។
លោក អៀវ សេរី មានប្រសាសន៍ដូច្នេះថា ៖ «សម័យដើម យើងដុតក្រឡានហូបតាមផ្ទះអីធម្មតា ប៉ុន្តែគ្រាន់តែនៅតំបន់ហ្នឹងមានកំណាយផូស៊ីលបុរាណ មានអណ្ដូងទឹកបុរាណ មានប្រាសាទបុរាណ មានកន្លែងជាងស្មិតពីដើម រួចដល់អ៊ីចឹងប្រហែលវាមានតំណតាំងពីដើមមកដែរ តាមខ្ញុំមើល»។
ស្រ្តីឈ្មោះ ផល្លា ជាប្រជាពលរដ្ឋនៅខែត្រក្រចេះ ហើយក៏ជាអ្នកលក់ក្រឡានផងដែរនោះ បានឲ្យដឹងតាមរយៈការចងចាំរបស់គាត់ថា ចំណីប្រភេទនេះកើតមានឡើងគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរនាសម័យកាលមុន មិនទាន់មានចានឆ្នាំងប្រើប្រាស់ ពួកគាត់ក៏បានប្រើបំពង់ឫស្សីសម្រាប់ដាំបាយ ដោយដាក់នៅក្នុងភ្នក់ភ្លើងមួយ ហើយនិយមហៅថា ក្រឡានចង្រ្កឹង ប៉ុន្តែនៅពេលនេះ នៅសល់ត្រឹមតែ ក្រឡាន ប៉ុណ្ណោះ។
ស្រី្តឈ្មោះ ផល្លា ថ្លែងរៀបរាប់ដូច្នេះថា ៖ «ប្រវត្តិដំបូងក្រឡានហ្នឹង គឺជនជាតិខ្មែរយើងគេដាំបាយនឹងបំពង់ឫស្សីហ្នឹង ហើយគេធ្វើភ្នក់ គេយកឫស្សីយើងហ្នឹងមក គេលាយអង្ករយើងសម្រាប់ដាំបាយហ្នឹង ដុតនឹងចំបើង ហើយគេដុតនឹងឧស ដែលគេរកនៅក្នុងព្រៃហ្នឹង។ យូរៗមកគេក្លាយហើយ មុនដំបូងគេហៅក្រឡានចង្រ្កឹង វាក្រឡឹងចង្រ្កាន ដាំជុំវិញចង្រ្កាន»។
ដោយសារតែក្រឡាន មានប្រវត្តិយូរលង់ដូច្នេះហើយ ទើបអ្នកស្រុកនៃជនជាតិខ្មែរតែងតែរក្សាទុកវាតាមរយៈការចេះចាំតៗគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយសម្រាប់អ្នកភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកក្រចេះ ខេត្តក្រចេះ ក៏បានរក្សាទំនៀមនៃការធ្លាប់ធ្វើក្រឡាននេះរហូតមកដែរ។
តាមរយៈការកត់សម្គាល់របស់ប្រជាពលរដ្ឋនៅខែត្រក្រចេះ និងអ្នកទៅពីចម្ងាយ ពួកគាត់បានសម្គាល់ឃើញថា ក្នុងខែត្រមានកន្លែងធ្វើក្រឡានជាច្រើន ប៉ុន្តែក្រឡានដែលទទួលបានការនិយមច្រើនជាងគេ គឺក្រឡាននៅក្នុងភូមិថ្មគ្រែនេះតែម្តង ដោយសារតែអ្នកធ្វើមានរបៀបធ្វើពិសេសជាងកន្លែងដទៃទៀត។
ក្នុងវ័យ ២៧ឆ្នាំ គ្រូបង្រៀននៅអនុវិទ្យាល័យថ្មគ្រែ ក្នុងខែត្រក្រចេះ ឈ្មោះ អេង លីកល្យាណ បានកត់សម្គាល់ឃើញថា អ្នកមកលេងនិងប្រជាពលរដ្ឋក្នុងខែត្រ គេនិយមក្រឡាននៅភូមិថ្មគ្រែ ជាងកន្លែងដទៃដោយសារតែរសជាតិឆ្ងាញ់របស់វា។
អេង លីកល្យាណ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «មានតែនៅភូមិថ្មគ្រែ និងភូមិរការកណ្ដាល។ និយមចូលចិត្តជាងគេមាននៅភូមិថ្មគ្រែ បើសិនជាឮថា ក្រឡានហ្នឹងផ្សេងពីភូមិថ្មគ្រែ គេអត់ទិញទេ ទាល់តែឮថា ក្រឡានហ្នឹងមកពីថ្មគ្រែ បានគេទិញព្រោះគេល្បីថាឆ្ងាញ់»។
លោក ពេជ្រ កែវ អតីតអគ្គនាយករងបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានធ្វើការកត់សម្គាល់ផងដែរថា ក្រឡាននៅទីនោះមានរសជាតិឆ្ងាញ់ជាងកន្លែងដទៃទៀត ៖ «បើថានៅខាងខេត្តក្រចេះគឺមានកន្លែងមួយគេធ្វើឆ្ងាញ់ ផ្លូវទៅ[ស្រុក]សំបូរ»។
ចំពោះការលក់វិញ ក៏មានលក្ខណៈប្លែកដែរ ដោយគេថ្លឹងជាគីឡូ គឺក្នុងមួយគីឡូក្រាមមានតម្លៃពី ៦.០០០រៀល រហូតដល់ ៨០០០រៀល ក៏មាន គឺវាអាស្រ័យទៅតាមលក្ខណៈពិសេសរបស់វា។
ទាក់ទងទៅនឹងរបៀបធ្វើក្រឡាននេះ ស្ត្រីវ័យ ៥២ឆ្នាំ ឈ្មោះ ពៅ ផាត ដែលបានប្រកបរបរនេះ ជាង៣០ឆ្នាំទៅហើយនោះ បានឲ្យដឹងថា ដើម្បីធ្វើក្រឡាន គាត់ត្រូវមានឫស្សី អង្ករដំណើប ស្ករស សណ្តែក ដូង និងអំបិល ជាដើម។ បន្ទាប់ពីមានសម្ភារៈនិងគ្រឿងផ្សំគ្រប់គ្រាន់ហើយ ត្រូវយកអង្ករដំណើបទៅត្រាំទឹកដោយប្រើរយៈពេលប្រហែលប្រាំពីរម៉ោង បន្ទាប់មកស្រង់វាយកទៅលាងទឹកឲ្យស្អាត បន្ទាប់មកទៀត យកវាទៅច្របល់ជាមួយ ខ្ទិះដូង សណ្តែក និងអំបិល ទៅតាមទម្លាប់ ដែលគាត់ធ្លាប់លាយរួចយកវាទៅច្រកក្នុងបំពង់ឫស្សី តមកទៀតយកវាទៅតម្រៀបនៅក្នុងស្នួសម្រាប់ដុត ៖ «ទី១ អង្ករ ទី២ ឫស្សី ទី៣ ដូង ទី៤ សណ្ដែក អង្ករ អំបិល»។
ចំពោះវិធីដុតក្រឡានវិញ ក៏ត្រូវតែមានភាពប៉ិនប្រសប់ផងដែរ ព្រោះថា បើមិនចេះដុតទេនោះ វានឹងធ្វើឲ្យក្រឡានឆៅ ឬមិនឆ្អិនល្អ ហើយពេលខ្លះក៏អាចខ្លោចផងដែរ។
អ្នកដុតក្រឡាន វ័យ ៤០ឆ្នាំ ឈ្មោះ ចាន់ ហន បានធ្វើការពន្យល់ថា ការដុតក្រឡានគឺគេត្រូវដុតបញ្ឈរ ហើយតម្រៀបវាជាពីរជួរ និងប្រើរយៈពេលប្រហែលពីរម៉ោង ៖ «ក្រឡាន ពេលយើងច្រកអង្ករក្នុងបំពង់រួចហើយ យើងយកស្រកីដូងចុក រួចបញ្ឈរក្នុងស្នួហ្នឹង ហើយដុតភ្លើងបណ្ដើរ។ ពីដើមមក គេដុតតែស្នួមួយៗទេ ដល់ក្រោយៗមក គេដុតស្នួពីរ វាបានច្រើនសងខាង។ ដាក់បញ្ឈរវា។ ពេលណាយើងឆ្អិនមាត់លើហ្នឹងហើយ យើងទាញបង្វិលវាដាក់គូទឡើងលើវិញ ពេលឆ្អិនទៅយើងផ្ដួលទៀត ដើម្បីឲ្យវាស្រស់ទឹក ឲ្យទុកបានយូរកុំឲ្យវាផ្អូម»។
រហូតមកទល់នឹងពេលនេះ ក្រឡាននៅតែទទួលបានការពេញនិយមពីប្រជាពលរដ្ឋខ្មែរមួយចំនួនដដែល។ ក្រៅពីការនិយមចូលចិត្ត ក្រឡានក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិថ្មគ្រែនៃឃុំថ្មគ្រែ ក្នុងស្រុកក្រចេះរបស់ខែត្រក្រចេះ មានជីវភាពធូរធារមួយកម្រិតថែមទៀតដែរ។
ដោយសារតែមុខរបរនេះ ទើបធ្វើឲ្យគ្រួសាររបស់ស្រ្តីឈ្មោះ អ៊ុំ និរតី សល់លុយកាក់មួយចំនួនបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជីវភាព ៖ «សល់ពីហូបអី បានត្រឹម ២០ម៉ឺនអី អាហ្នឹងសល់ហើយ»។
អ្នកភូមិថ្មគ្រែម្នាក់ទៀត ឈ្មោះ តាំង សុវណ្ណរ៉ា ក៏បានឲ្យដឹងដែរថា តាមរយៈរបរនេះ គាត់អាចរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់កូនរៀនសូត្រគ្រប់គ្រាន់និងជីវភាពក្នុងគ្រួសារកើនឡើងមួយកម្រិត ហើយវាក៏ជារបរមួយដែលមានភាពប្រសើរជាងការធ្វើស្រែចម្ការដែរ ៖ «វាគ្រាន់ជាងធ្វើស្រែបន្តិច បើយើងធ្វើស្រែមួយឆ្នាំហូបបានតែម្ដង លក់លើហ្នឹងចាយលើហ្នឹង»។
ដោយសារតែក្រឡាន នៅថ្មគ្រែ មានរសជាតិឆ្ងាញ់ពិសាបែបនេះហើយ ទើបមានអតិថិជនជាច្រើនបញ្ជាទិញពីអ្នកភូមិនៅទីនោះ។
អ្នកទទួលទិញក្រឡានពីអ្នកភូមិថ្មគ្រែ នៅផ្សារអូរឡាំពិកម្នាក់ បានឲ្យដឹងថា ក្រឡានដែលយកមកពីថ្មគ្រែ គាត់អាចលក់បានក្នុងមួយថ្ងៃជាង ៤០គីឡូក្រាមឯណោះ។
អ្នកភូមិនៃឃុំថ្មគ្រែ ក្នុងទឹកដីខែត្រក្រចេះ យល់ថា កេរដំណែលរបស់ដូនតាដែលបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិមានជីវភាពធូរធារមួយកម្រិត វាជារបរមួយដែលទទួលបានចំណូលប្រចាំថ្ងៃ ទាំងអ្នកធ្វើក្រឡាន ទាំងអ្នកកាប់ឫស្សី កាប់អុស និងអ្នកលក់ស្ករ អំបិល សណ្តែក ព្រមទាំងអ្នកលក់ដូងផងដែរ។
អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ លោក អៀវ សេរី ចង់ឲ្យប្រពៃណីនៃការធ្វើក្រឡាននេះបន្តរក្សាទៅទៀត៕