ជាមួយគ្នានេះ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង ៣០០នាក់ ក៏បានរាយការណ៍យកព័ត៌មានអំពីសវនាការនេះដែរ។
សវនាការបឋមជាលើកដំបូងលើសំណុំរឿងឧក្រិដ្ឋកម្មរបស់អតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវបានសាធារណជនខ្មែរអ្នកការទូតចាត់ទុកថា ជាសារមួយបញ្ជាក់ជនទាំងឡាយដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់ ហើយជនរងគ្រោះត្រូវតែទទួលបានយុត្តិធម៌។
លោកតំណាងរាស្ត្រ ជាម យៀប នៃគណបក្សប្រជាជនកម្ពុជាបានថ្លែងថា សវនាការនេះ មិនត្រឹមតែស្វែងរកយុត្តិធម៌សម្រាប់ឲ្យអ្នកដែលនៅរស់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយឲ្យព្រលឹងអ្នកដែលស្លាប់ដោយអយុត្តិធម៌នោះបានស្ងប់ផងដែរ។
អ្នកតំណាងរាស្ត្រ ជាម យៀប មានប្រសាសន៍ដូច្នេះថា ៖ «រូបខ្ញុំម្នាក់ដែលជាកូនខ្មែរ ហើយបានរស់ក្នុងរបប ប៉ុលពតនេះ ខ្មែរក្រហមនេះ ខ្ញុំយល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដមួយ ដែលព្រឹត្តិការណ៍នេះ នឹងអាចធ្វើឲ្យអ្នកដែលទទួលរងគ្រោះដោយរបប ប៉ុល ពត ហ្នឹងស្ងប់ចិត្ត។ អ៊ីចឹងទេ ពួកនេះចាំបាច់ត្រូវតែធ្វើទណ្ឌកម្ម ឬក៏ធ្វើអ្វីផ្សេងៗទៀត ទៅតាមអង្គហេតុដែលខ្លួនបានធ្វើ គឺយើងយកច្បាប់ហ្នឹងជាមូលដ្ឋាន»។
អតីតមេគុកទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ពេលនេះ គឺបានក្លាយជនដំបូងបំផុតក្នុងចំណោមជនជាប់ចោទជា មេដឹកនាំខ្មែរក្រហមចំនួន៥នាក់ដែលប្រឈមការជំនុំជម្រះបឋមនេះ នៅក្នុងករណីដែលពួកគេបានបង្កើតគោលនយោបាយនិងដឹកនាំឲ្យមានការសម្លាប់រង្គាលមនុស្សនៅកម្ពុជាកាលពីជិត ៣០ឆ្នាំមុន។
ការជំនុំជម្រះក្តី នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហមនេះទៀតសោត គឺបានចូលរួមដោយមន្ត្រីច្បាប់ជាតិនិងមន្ត្រីច្បាប់អន្តរជាតិ។
ក៏ប៉ុន្តែលោកតំណាងរាស្ត្រ សុន ឆ័យ នៃគណបក្សសមរង្ស៊ី បានថ្លែងថា ដោយសារតែនីតិវិធីស្មុគស្មាញនិងភាពមិនឯករាជ្យរបស់មន្ត្រីតុលាការមួយចំនួននោះ គឺធ្វើឲ្យរូបលោកមិនចាប់អារម្មណ៍និងមិនមានជំនឿឡើយចំពោះតុលាការនេះ។
លោក សុន ឆ័យ ថ្លែងបែបនេះថា ៖ «សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំមិនយកចិត្តទុកដាក់ ឬក៏គ្មានជំនឿបន្តិចណាទេពីការកាត់សេចក្ដីរបៀបកូនកាត់ចម្រុះរវាងអន្តរជាតិ និងរដ្ឋាភិបាលខ្មែរលើពួកប្រល័យជីវិតមនុស្សដ៏ឃោរឃៅ ដែលហៅថាខ្មែរក្រហមនេះ។ ហើយខ្ញុំថា ខ្ញុំក៏មិនខុសពីពលរដ្ឋយើងជាទូទៅដែរ គេហាក់ដូចជាមានអារម្មណ៍ដូចខ្ញុំដែរថា ការកាត់សេចក្ដីនេះគ្រាន់តែជាការលេងសើច។ លេងសើចដោយទី១ បើគេឲ្យតម្លៃជីវិតខ្មែរដូចគេ គួរតែគេកាត់សេចក្ដីតាមប្រព័ន្ធតុលាការអន្តរជាតិសុទ្ធសាធដែលមានស្តង់ដារត្រឹមត្រូវនិងប្រសិទ្ធភាព»។
លោកតំណាងរាស្រ្ដ សុន ឆ័យ បានថ្លែងបន្តទៀតថា ៖ «ហើយវិធានការស្នើឲ្យមានការពិនិត្យទៅលើលទ្ធភាពកាត់សេចក្ដីដល់មេខ្មែរក្រហមដទៃ ត្រូវហាមឃាត់ ហើយក្នុងប្រព័ន្ធនៃតុលាការមួយដែលជំពាក់ជំពិនជាមួយនយោបាយច្របូកច្របល់បែបនេះ វាធ្វើឲ្យយើងគ្រាន់តែឈឺចាប់បន្ថែមទៀតប៉ុណ្ណោះ»។
ទោះបីជាយ៉ាងណាក៏ដោយ នៅឯបរិវេណនៃសាលាក្ដីខ្មែរក្រហម នាថ្ងៃអង្គារនេះ គឺមន្ត្រីកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានអះអាងថា មានជនរងគ្រោះ មន្ត្រីការទូត មន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងសាធារណជនជាង ៥០០នាក់ បានតាមដានសវនាការថ្ងៃដំបូងនេះ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាង ៣០០នាក់ បានចូលរួមយកព័ត៌មាន និងរាយការណ៍ព័ត៌មាននានា ដែលទាក់ទងនឹងសាលាក្តី ហើយការប្រព្រឹត្តទៅនៃសវនាការថ្ងៃនេះ ក៏មានផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ។
លោក រាជ សម្បត្តិ មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហមមានប្រសាសន៍បន្ថែមថា ៖ «មិនមែនតិចទេ មនុស្សនៅខាងក្នុងពេញអស់ ហើយអម្បាញ់មិញយើងហៀរនៅខាងក្រៅ យើងទើបនាំគាត់មកថែមចូលឲ្យមកមើលនៅកន្លែងនេះទៀត ច្រើនមែនទែន។ ឃើញ TVK គេផ្សាយផ្ទាល់ និងវិទ្យុជាតិ ក៏អ៊ីចឹងដែរ។ បើអត់មានការផ្សាយផ្ទាល់ គឺយើងពិបាក។ ថ្ងៃហ្នឹងចាប់ផ្ដើមល្អមែនទែន»។
សម្រាប់លោក វ៉ាន់ ណាត ដែលលោកបានចូលរួមតាមដានសវនាការថ្ងៃនេះ លោកបានថ្លែងថា សវនាការបឋមនេះ គឺមានន័យជាខ្លាំងសម្រាប់រូបលោកដែលធ្លាប់ជាអ្នករងគ្រោះក្រោមស្នាដៃ ឌុច ៖ «មានន័យសម្បើមណាស់ បើន័យយើងរៀបរាប់មិនអស់ទេ ព្រោះយប់មិញបើគិតទៅខ្ញុំសម្រាន្តមិនសូវលក់ដែរ ខ្ញុំបន់ឲ្យតែភ្លឺនឹងអាលបានមកមើលគេ មិនមែនតែខ្ញុំទេ ប្រជាជនខ្មែរយើងសម័យនោះ ស្លាប់ជាប់រាប់លាននាក់ហើយ។ យើងចង់ដឹងថាតើលទ្ធផលដែលអ្នកបានប្រព្រឹត្ត សាងអំពើរបៀបហ្នឹងមកលើប្រជារាស្រ្ដយើង តើគេទទួលផលយ៉ាងម៉េច? អាហ្នឹងន័យសំខាន់សម្រាប់ខ្ញុំ»។
យោងតាមប្រសាសន៍របស់ប្រធានចៅក្រមអង្គជំនុំជម្រះសាលាដំបូង គឺលោក និល ណុន សវនាការបឋមនេះ គឺពិនិត្យលើភស្តុតាង សាក្សី និងពិនិត្យលើពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី អញ្ញត្រកម្ម និងការបណ្តឹងនានា ដែលពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋរបស់ ឌុច ដែលប្រព្រឹត្តនៅមន្ទីរឃុំឃាំងស-២១ ឬគុកទួលស្លែង នៅគុកព្រៃស និងកន្លែងសម្លាប់មនុស្សជើងឯក ក្នុងអំឡុងរបបខ្មែរក្រហម។
លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា សវនាការបឋមនាថ្ងៃទី១៧ កុម្ភៈនេះ គឺចាត់ទុកថា ជាចំណុចរបត់នៃប្រវត្តិសាស្ត្រជាលើកដំបូងមួយហើយ ដែលក្រុមមេដឹកនាំខ្មែរក្រហម ជាពិសេសគឺ កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវប្រឈមនឹងការវិនិច្ឆ័យក្តីនិងដាក់ឲ្យទទួលខុសត្រូវចំពោះអំពើនិងគោលនយោបាយ ដែលនាំឲ្យមនុស្សប្រមាណ ២លាននាក់ស្លាប់កាលពីជិត ៣០ឆ្នាំមុននោះ។
លោក ឆាំង យុ មានប្រសាសន៍ដូច្នេះថា ៖ «បទឧក្រិដ្ឋណាមួយដែលយើងបានធ្វើហើយ គឺទោះបីមានរយៈពេលច្រើនឆ្នាំ ក៏ចាំបាច់ត្រូវការការទាមទារដើម្បីរកខុសរកត្រូវ ហើយនេះគឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា»។
ចំណែកឯមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាគឺលោក John Johnson ក៏បានថ្លែងស្វាគមន៍ចំពោះសវនាការបឋមលើសំណុំរឿង ឌុច នេះដែរ ៖ «យើងសូមស្វាគមន៍ចំពោះដំណើរការសវនាការនេះ។ នេះគឺជាជំហានដំបូងមួយ ក្នុងការនាំជនដៃដល់មួយរូបក្នុងចំណោមឧក្រិដ្ឋជនផ្សេងទៀតយកទៅផ្ដន្ទាទោស ហើយយើងនឹងបន្តតាមដានមើលបន្តទៀត ចំពោះដំណើរការបន្តទៅមុខទៀតរបស់តុលាការនេះ»។
ស្របពេលនៃថ្ងៃសវនាការនេះ លោក John Johnson ថ្លែងឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានផ្តល់ថវិកា ដែលបានសន្យាចំនួន ១លាន៨សែនដុល្លារនោះ ទៅឲ្យភាគីអង្គការសហប្រជាជាតិនៃសាលាក្តីខ្មែរក្រហមនោះរួចហើយដែរ។
សូមជម្រាបថា ដោយសារតែតួនាទីដែលទទួលខុសត្រូវចំពោះការស្លាប់អ្នកទោសនៅគុកទួលស្លែងប្រមាណ ១៦.០០០នាក់ នៅអំឡុងរបបខ្មែរក្រហមនោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច បានរងការចោទលើបទឧក្រិដ្ឋចំនួន៤ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មសង្រ្គាម អំពើទារុណកម្ម និងអំពើមនុស្សឃាត៕