អ្នកភូមិនៅស្រុកល្វាឯម ខេត្តកណ្តាល បានសម្ដែងការខកចិត្តចំពោះបុរសម្នាក់ដែលហ៊ានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយគ្រាន់តែតូចចិត្តនឹងជីវិតដែលក្រលំបាកពេកនោះ។
ស្រ្តីវ័យ៦៩ឆ្នាំម្នាក់ឈ្មោះ ឃីម នៅ រស់នៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកល្វាឯម ខេត្តកណ្តាល បានមានប្រសាសន៍ទាំងក្តុកក្តួលអួលដើមកដោយនឹកអាណិតបុរសឈ្មោះ ផាន់ វិត អាយុ៤៨ឆ្នាំ ដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ធ្នូ ថា គ្រួសារបុរសនោះមានសភាពក្រលំបាកណាស់ពុំដែលមានអ្វីហូបចុកគ្រប់គ្រាន់នោះទេ។
ស្រ្ដីឈ្មោះ ឃីម នៅ ឲ្យដឹងដូច្នេះ ៖ «វាអត់ឃ្លានណាស់ វេទនាណាស់ វេទនាមែនទែន។ អាណិតគាត់ណាស់ខ្ញុំ អាណិតគាត់។ ជីវភាពគ្នាមិនសូវធូរធារទេ រកតែកន្ទេលដេកក៏គ្មានផង ខ្នើយក៏អត់ដែរ។ គ្នាគ្មានដីធ្លីទេ អត់សោះ។ កូនចៅទៅស៊ីឈ្នួលដល់ភ្នំពេញ»។
ស្រ្តីអ្នកភូមិម្នាក់ទៀត ឈ្មោះ ជា សុខលី បានអះអាងថា ក្រុមគ្រួសាររបស់បុរសរងគ្រោះនេះ តែងតែខិតខំប្រកបមុខរបរនេសាទបន្តិចបន្តួចប្រចាំថ្ងៃពុំមានការអាក់ខាននោះទេ។ អ្នកស្រីយល់ឃើញថា ដោយសារតែការក្រលំបាកនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់បុរសរូបនេះជំពាក់ ប្រាក់គេជាច្រើន ដោយគ្រាន់តែយកមកផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារតែប៉ុណ្ណោះ។
ស្រ្ដីឈ្មោះ ជា សុខលី បានអះអាងថា ៖ «ប្រពន្ធអត់ចេះលេងល្បែងទេ។ គាត់ថា មានតែគាត់សម្លាប់ខ្លួន។ សម្លាប់នេះមិនមែនដោយសារអីទេ ដោយសារក្រពេក រកស៊ីជំពាក់គេ។ រកត្រីបានតែមួយហូបៗទេ។ អ្នកទារលុយក៏ទារ ការប្រាក់ចេះតែឡើង គាត់ពិបាកចិត្ត។ យើងហូបច្រើន មាត់ច្រើន ហើយលុយខ្ចីតែ១០ម៉ឺនឡើងមួយលានរៀលក៏មានដែរ យើងអត់មានលុយសងគេ»។

បុរសអ្នកភូមិម្នាក់ឈ្មោះ ឆែម ស៊ីណាត អាយុ៤៣ឆ្នាំ ដែលបានអះអាងថា រូបលោកបានរាប់អានជិតស្និទ្ធជាមួយបុរសរងគ្រោះខាងលើបានរៀបរាប់ឲ្យវិទ្យុអាស៊ីសេរីដឹងថា បុរសរងគ្រោះបានស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរឃុំជាច្រើនលើកដើម្បីធ្វើស្រែចម្កា ក៏ប៉ុន្តែពុំមានការឆ្លើយតបពីអាជ្ញាធរឡើយ។ បញ្ហានេះបានធ្វើឲ្យបុរសរងគ្រោះមានការខកចិត្តជាខ្លាំង។
បុរសឈ្មោះ ឆែម ស៊ីណាត បានឲ្យដឹងថា ៖ «គាត់មានវិប្បដិសារីគិតអ្វីមិនចេញហើយមួម៉ៅក្នុងខ្លួន តូចចិត្ត។ គាត់សុំដីសម្បទានសង្គមកិច្ចបង្កដំណាំដូចជាស្រូវ ពោតអី ប៉ុន្តែអាជ្ញាធរគេថា ចាំគេគិតមើលសិន ហើយរឿងនេះមិនមែនតែម្ដងទេ វាពីរអាណត្តិរួចហើយដែលគាត់សុំហ្នឹង។ គាត់អស់សង្ឃឹម គាត់ថា រស់តាមសមាជីវោរបស់គាត់ទៅ។ គាត់ថា បានប៉ុណ្ណាស៊ីប៉ុណ្ណឹងទៅ ស្លាប់ថ្ងៃណាថ្ងៃហ្នឹងទៅ»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកភូមិនេះ មេឃុំព្រៃក្មេង លោក អ៊ូ សុផាត បានបដិសេធថា លោកធ្លាប់ចែកដីសម្បទានសង្គមកិច្ចដល់បុរសរងគ្រោះនេះម្តងរួចមកហើយ។ លោកបានបន្ទោសថា មិនខ្វះពលរដ្ឋទីទ័លក្រដូចជាបុរសរងគ្រោះនោះទេ មិនគួរធ្វើអត្តឃាតដូច្នេះសោះ។
លោក អ៊ូ សុផាត មានប្រសាសន៍ដូច្នេះ ៖ «គេក្រជាងគាត់ទៅទៀត គេរកលៀសលក់ គេកាប់ឧសលក់ មិនមែនក្រតែគ្រួសារហ្នឹងមួយឯណា។ ដីគេឲ្យរួចអស់ហើយទេតើ! នរណាក៏មានដីភូមិដែរ»។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ ស្រ្តីជាភរិយារបស់បុរសរងគ្រោះឈ្មោះ ម៉ុល ខុម បានពន្យល់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងទឹកភ្នែកថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធសុទ្ធតែជាកូនកំព្រាឪពុកម្តាយ។ តាំងពីពួកគាត់រៀបការមក គាត់បង្កើតបានកូន១០នាក់។ ជីវភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ។ ប្តីរបស់គាត់ចង់ធ្វើអត្តឃាតបែបនេះពីរ-បីលើកមកហើយ ដោយសារមានការតូចចិត្តទៅនឹងភាពក្រីក្រលំបាករកព្រឹកខ្វះល្ងាចនេះ។
អ្នកស្រីបន្តថា ចាប់ពីថ្ងៃនេះទៅគាត់នឹងក្លាយទៅជាស្រ្តីមេម៉ាយ ហើយទទួលរ៉ាប់រងចិញ្ចឹមកូនដោយលំបាកម្នាក់ឯង។ គាត់បន្ទោសថា ប្តីរបស់គាត់មិនគួរគិតខ្លីសុខចិត្តសម្លាប់ខ្លួនមិនហ៊ានប្រឈមមុខពុះពារការលំបាកនេះ។
អ្នកស្រី ម៉ុល ខុម បានរៀបរាប់ថា ៖ «ក្រណាស់ ក្រពេក! ហ្នឹងធ្វើបុណ្យហ្នឹងគ្មានមួយរៀលទេអត់សោះ ដៃទទេសុទ្ធ។ មីងទៅចោលកូនចោលចៅទៅរើសត្រីធ្នួសមួយយប់ទល់ភ្លឺបានមីងមក។ ប្ដីតូចចិត្តថាអត់លុយមួយរៀល អាណិតប្រពន្ធដែលទៅហើយអត់ងងុយអត់អី គាត់តូចចិត្តរឿងហ្នឹងបានគាត់ធ្វើអ៊ីចឹង(សម្លាប់ខ្លួន)។ គ្មានម៉ែគ្មានឪឯណា មានតែម្នាក់ឯងជាមួយកូន។ ខ្ញុំមានតែរស់ចិញ្ចឹមកូនដោយខ្លួនឯងទៅ។ គ្មានដីទេ មានតែសំបកផ្ទះហ្នឹង រោងហ្នឹង មានតែប៉ុណ្ណឹង អត់មានដីមានអីឯណា អត់មានស្អីទីពឹងទៀតទេ»។
លោក ពេជ្រ ទុំក្រវិល អ្នកស្រាវជ្រាវផ្នែកវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ខ្មែរមានប្រសាសន៍ដោយធ្វើការគិតគូរនិងថ្លឹងថ្លែងថា វាពុំមែនជាដំណោះស្រាយល្អនោះទេ ជីវិតគួរតែមានការតស៊ូឲ្យបានច្រើន ជៀសវាងការធ្វើអត្តឃាតជាដំណោះស្រាយបែបនេះ។ អ្វីដែលសំខាន់ អ្នកដែលនៅរស់កាន់តែលំបាកថែមមួយកម្រិតទៀត។
លោក ពេជ្រ ទុំក្រវិល មានប្រសាសន៍ដូច្នេះ ៖ «ពីព្រោះយើងដឹងហើយ មែនទែនការធ្វើអត្តឃាតបើយើងគិតពីសាសនាតែម្ដងមិនល្អទេ។ ជួនកាលគ្នាឈឺចាប់វាខ្លាំងដែលយើងមិនអាចវាស់បាន។ ការយល់របស់យើងវាអ៊ីចឹង ប៉ុន្តែចំពោះគ្នាដែលមានបញ្ហាខ្លាំង ជួនកាលទ្រាំមិនបាន។ ជីវិតមិនមែនថា មិនមានការលំបាកទេ វាមានហើយ ប៉ុន្តែគួរតែនាំគ្នាប្រឹងប្រែងតស៊ូទៅ មានកូនមានចៅនៅជាមួយវាមិនមែនតែយើងម្នាក់ឯងឯណា បើសិនជាម្នាក់ឯងហ្នឹងក៏ដោយ»។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះដែរ លោកវេជ្ជបណ្ឌិត គង់ សុឌីណា គ្រូពេទ្យឯកទេសខាងវិកលវិទ្យា ជំនាញព្យាបាលជំងឺផ្លូវចិត្តនៃក្រសួងសុខាភិបាល បានបង្ហាញនូវដំណោះស្រាយយ៉ាងដូច្នេះថា បុរសរងគ្រោះអាចមានវិបិត្តិផ្លូវចិត្តនិងមានជំងឺធ្លាក់ទឹកចិត្តខ្លាំង ដែលធ្វើឲ្យបុរសរូបនោះពុំឲ្យតម្លៃខ្លួនឯង គិតថាខ្លួនឯងមិនមានតម្លៃសម្រាប់គ្រួសារនិងសង្គម រហូតដល់លែងចង់ធ្វើការនិងរស់នៅក្នុងសង្គម ហើយឈានដល់ការធ្វើអត្តឃាត។
លោកថា ជាដំណោះស្រាយមិនថាតែបុរសម្នាក់នេះទេ លោកសូមផ្តាំផ្ញើដល់ពលរដ្ឋខ្មែរដែលមានបញ្ហាផ្លូវចិត្តទាំងអស់ គួរស្វែងរកសេវាព្យាបាលជំងឺផ្លូវចិត្តនិងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធដើម្បីប្រឹក្សាយោបល់។
លោកវេជ្ជបណ្ឌិត គង់ សុឌីណា មានប្រសាសន៍ថា ៖ «អ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរដែលឈានទៅរកការបញ្ចប់ជីវិតខ្លួនគាត់ដោយខ្លួនគាត់តែម្ដង គឺថា ភាគច្រើនពេលហ្នឹងឯងអ្នកជំងឺមានការពិបាកខ្លាំងណាស់ គឺខ្លួនគាត់មិនអាចមានដំណោះស្រាយអីទេបានជាគាត់សម្រេចចិត្តហ្នឹង អ៊ីចឹងមានតែក្រុមគ្រួសារ ឬក៏អ្នករស់នៅជាមួយដែលអាចសម្គាល់ឃើញអាកប្បកិរិយាបែបហ្នឹង បញ្ជូនគាត់ឲ្យមកជួបខាងគ្រូពេទ្យផ្លូវចិត្ត»។
បុរសឈ្មោះ ផាន់ វិត អាយុ៤៨ឆ្នាំដែលបានធ្វើអត្តឃាតចងកនៅលើផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ បានបន្សល់ទុកនូវប្រពន្ធជាស្រ្តីមេម៉ាយ កូនៗកំព្រាចំនួន១០នាក់និងផ្ទះខ្ទមដែលសង់នៅលើដីខ្ចីគេ៕