បញ្ហា​ប្រឈម​និង​ការ​តស៊ូ​របស់​កុមារី​ពិការ​បញ្ញា

បុប្ផា គឺ​ជា​កុមារី​ពិការ​បញ្ញា​ពី​កំណើត​ម្នាក់​ដែល​បាន​តស៊ូ​ពុះពារ​រាល់​ការ​លំបាក​ក្នុង​ការ​រស់​នៅ​រហូត​ដល់​ទទួល​បាន​មេដាយ​កិត្តិយស​ជា​ច្រើន​លើ​វិញ្ញាសា​រត់​ប្រណាំង​កីឡា​អូឡាំពិក​ថ្នាក់​ជាតិ។
ដោយ អយុធ្យា
2009-12-09
Share
ជន​ពិការ​៣០៥ កុមារី​ពិការ​បញ្ញា​ឈ្មោះ បុប្ផា
RFA/Ayuthyea

បុប្ឆា ជា​កុមារី​ពិការ​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ទិវា​ជន​ពិការ​អន្តរជាតិ​នា​រាជធានី​ភ្នំពេញ។

នៅ​ក្រោម​ពន្លឺ​ថ្ងៃ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ធ្នូ បុប្ឆា កំពុង​អង្គុយ​បត់​ជើង​ផ្ទាល់​ទៅ​នឹង​ថ្នល់​ក្រាល​កៅស៊ូ ដោយ​ដៃ​ទាំង​ពីរ​មាន​កាន់​បដា​សរសេរ​អក្សរ​ថា "ជន​ពិការ​បញ្ញា​ខ្សោយ​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​និង​ឱកាស​ចូល​រួម"

ស្ថិត​ក្នុង​​សម្លៀក​បំពាក់​អាវយឺត​ពណ៌​ស​មាន​សរសេរ​អក្សរ​ថា "អបអរ​សាទរ​ទិវា​ជន​ពិការ" នៅ​តាម​ចញ្ចើម​ថ្នល់​ជាប់​ពី​ខាង​ត្បូង​សួន​ច្បារ​វិមាន​ឯករាជ្យ ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កុមារី បុប្ឆា ដែល​មាន​រូប​រាង​ស្គាំងស្គម​បាន​និយាយ​រៀប​រាប់​ក្នុង​សំឡេង​មិន​សូវ​ច្បាស់ និង​ខុស​ខ្លះ​ត្រូវ​ខ្លះ​តាម​លក្ខណៈ​មនុស្ស​មាន​ជំងឺ​ពិការភាព​ផ្នែក​បញ្ញា​មក​កាន់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ចុះ​យក​ព័ត៌មាន​ក្នុង​ទិវា​ជន​ពិការ​អន្តរជាតិ​ដល់​ទី​កន្លែង។

"ជួយ​ផ្ដល់​ទុក​ដាក់ ហើយ​ជួយ​អប់រំ​ជន​ពិការ​ផង សូម​ឲ្យ​គាត់​ទាំង​អស់​រឹង​ប៉ឹង​ឡើង មាន​សុខភាព មាន​សិទ្ធិ​ដូច​គេ" ៖ នេះ​ជា​ការ​និយាយ​ស្ដី​របស់​កុមារី បុប្ជា ដែល​ជា​ជន​ពិការ​បញ្ញា​ពី​កំណើត។

បុប្ផា បាន​បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​នៅ​រៀន​ជាមួយ​អង្គការ ខ្ញុំ​ពិការ​បញ្ញា។ ប្រឡង​កម្មវិធី​រត់ ខ្ញុំ​ទៅ​សៀងហៃ​ម្ដង បាន​មេដាយ​មាស​មក​ស្រុក​ខ្មែរ​វិញ ឆ្នាំ​នេះ​ខ្ញុំ​ទៅ​ស្វ៊ីស​ម្ដង​ទៀត»

កុមារី បុប្ឆា មាន​បង​ប្អូន​ចំនួន​៧​នាក់ និង​ជា​កូន​ច្បង​ក្នុង​គ្រួសារ​ក្រីក្រ​តោកយ៉ាក​មួយ ដែល​មាន​ឪពុក​មាន​របរ​ជា​អ្នក​ស៊ី​ឈ្នួល​អូស​សំរាម​ឲ្យ​អ្នក​ជិត​ខាង និង​ម្តាយ​ជា​ជន​ពិការ​មិន​អាច​កម្រើក​បាន។

នាង​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង​និង​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា នាង​មាន​ឈ្មោះ បុប្ឆា ប៉ុន្តែ​មិន​បាន​ចាំ​ថា មាន​ត្រកូល​​អ្វី​នោះ​ទេ និង​មាន​អាយុ​ចន្លោះ​ពី​១៤ ទៅ ១៩​ឆ្នាំ មាន​ផ្ទះ​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឪពុក​នាង​មាន​វ័យ​ចំណាស់ មាន​មុខ​របរ​ជា​អ្នក​ស៊ី​ឈ្នូល​អូស​រទេះ​ដឹក​សំរាម​យក​ទៅ​បោះ​ចោល​ឲ្យ​អ្នក​ជិត​ខាង។ ម្តាយ​នាង​ក៏​ជា​ជន​ពិការ​ដើរ​ពុំ​រួច សម្រាន្ត​នៅ​នឹង​កន្លែង។ នាង​មាន​បង​ប្អូន​៧​នាក់។

បុប្ឆា និយាយ​ថា នាង​និយាយ​ពុំ​សូវ​ជា​ត្រូវ​តាម​ប្រយោគ​នោះ​ទេ ព្រោះ​នាង​មាន​ពិការភាព​លើ​ផ្នែក​បញ្ញា​តាំង​ពី​កុមារភាព​មក​ម្ល៉េះ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ បុប្ឆា នៅ​ដឹង​ពី​កំហុស​របស់​ខ្លួន និង​បាន​សុំ​អធ្យាស្រ័យ​ចំពោះ​ការ​និយាយ​ស្តី​របស់​នាង​ជា​មុន ប្រសិន​បើ​នាង​និយាយ​ពុំ​បាន​ត្រឹម​ត្រូវ ខុស​ឆ្គង​ដោយ​ប្រការ​ណា​មួយ​នោះ។

បុប្ឆា បន្ត​ឲ្យ​ដឹង​ថា ក្នុង​ពិការភាព​របស់​នាង នាង​ធ្លាប់​ដណ្តើម​បាន​កិត្តិយស​ជូន​ជាតិ​និង​ក្រុម​គ្រួសារ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស លើ​វិញ្ញាសា​រត់​ប្រណាំង​កីឡា​អូឡាំពិក​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ប្រទេស​ចិន​ផង ក្នុង​ជីវិត​ជា​ពិការភាព​របស់​នាង។

បុប្ឆា បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង​ដែល​កំពុង​កើត​មាន​ដ៏​ធ្ងន់ធ្ងរ​ពេល​បច្ចុប្បន្ន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ថ្ងៃ​នៅ​ពេល​ដែល​នាង​ទំនេរ​ពី​ការ​សិក្សា​នៅ​សមាគម​ជន​ពិការ​ដែល​មាន​ឈ្មោះ​ថា សមាគម​ឪពុក​ម្តាយ​ជន​ពិការ​បញ្ញា។ សមាគម​​នេះ​បាន​ជួយ​បង្រៀន​ដល់​កុមារ​ដែល​ពិការ​បញ្ញា​ឲ្យ​ចេះ​និយាយ ហូប​ចំណី ឬ​ក៏​ស្លៀក​ពាក់​ជាដើម​នោះ។ ក្រៅ​ពី​នេះ នាង​បាន​ឆ្លៀត​ពេល​ទៅ​ស៊ី​ឈ្នួល​បោស​ជូត​ផ្ទះ ឬ​ក៏​បោក​ខោ​អាវ​ឲ្យ​អ្នក​ជិត​ខាង​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះ​យក​ទៅ​ទិញ​អង្ករ ឬ​ម្ហូប​សម្រាប់​ចិញ្ចឹម​ម្តាយ​ជា​ជន​ពិការ​ដើរ​ពុំ​រួច​និង​ប្អូនៗ​របស់​ខ្លួន​ដល់​ទៅ​៦​នាក់។

បុប្ឆា បន្ត​ឲ្យ​ដឹង​ថា មុខ​របរ​បោក​ខោ​អាវ សម្អាត​ផ្ទះ​នេះ អាច​រក​ប្រាក់​បាន​ពី​ពីរ​ទៅ​បី​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បុប្ឆា ត្អូញត្អែរ​ថា មាន​ថ្ងៃ​ខ្លះ​និយាយ​ទៅ​ញាតិ​ជិត​ខាង​គេ​ស្តាប់​បាន ប៉ុន្តែ​មាន​ពេល​ខ្លះ​ទៀត​និយាយ​ទៅ​គេ គេ​ស្តាប់​ពុំ​បាន​ក៏មាន។

បុប្ផា បាន​រៀបរាប់​ដូច្នេះ ៖ «ទៅ​ធ្វើការ​តាម​ផ្ទះ ទៅ​បោក​គក់​ឲ្យ​គេ ជូត​ផ្ទះ​ឲ្យ​គេ ពិបាក​ហើយ​ហត់។ លុយ​សន្សំ​បាន​ខ្ញុំ​ឲ្យ​ម៉ែ​ខ្លះ ហើយ​មក​សាលា​ខ្ញុំ​ទិញ​ម្ហូប​មក​ញ៉ាំ​បាយ​នៅ​ទីនេះ​ដល់​ល្ងាច​បាន​ខ្ញុំ​ទៅ​ដល់​ផ្ទះ»

ជាមួយ​ផ្ទៃ​មុខ​ក្រៀម​ស្រពោន បុប្ឆា បាន​ត្អូញ​ត្អែរ​និង​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​នាង ដែល​កើត​មាន​ជា​ប្រចាំ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​បង​ប្អូន​ច្រើន​នាក់​និង​ម្តាយ​ជា​ជន​ពិការ មិន​តែ​ប៉ុណ្ណោះ​រទេះ​ដែល​ឪពុក​របស់​នាង​ដែល​ធ្លាប់​ស៊ី​ឈ្នួល​ដឹក​សំរាម​ឲ្យ​អ្នក​ជិត​ខាង រក​ប្រាក់​ទិញ​បាយ​ហូប​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​បាន​ចោរលួច​បាត់​ទៅ​ទៀត ៖ «ម៉ែ​នៅ​ផ្ទះ ប៉ា​អូស​សំរាម ឥឡូវ​រទេះ​គាត់​ចោរ​លួច​បាត់​ហើយ»

ជាមួយ​ការ​លើក​ដៃ​សំពះ បុប្ឆា បាន​ធ្វើ​សំណូមពរ​ទៅ​មន្រី្ត​រាជ​រដ្ឋាភិបាល​និង​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជិត​ឆ្ងាយ សូម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​នាង ដែល​ជួប​ការ​លំបាក​ក្នុង​បន្ទុក​គ្រួសារ​ដ៏​ធ្ងន់ធ្ងរ បាន​បន្ត​ជីវិត​រស់​នៅ​បាន​តទៅ​ទៀត។

បុប្ឆា បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ទុក្ខ​លំបាក​របស់​នាង​ដូច្នេះ រួច​បន្ត​សំណូមពរ​ទៅ​សប្បុរស​ជន​មេត្តា​ជួយ​ទិញ​កង់​មួយ​ដល់​នាង សម្រាប់​ជិះ​ទៅ​រៀន​នៅ​សាលា​អង្គការ​ដែល​បាន​បង្ហាត់​បង្រៀន​ជន​ពិការ​បញ្ញា​ឲ្យ​ចេះ​និយាយ ឬ​សរសេរ និង​អប់រំ​ចំណេះ​ផ្សេងៗ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ដើរ​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ​នោះ។

បុប្ផា បាន​អំពាវនាវ​ដូច្នេះ ៖ «សូម​ជួយ​អ្នក​ពិការ​បញ្ញា​ផង សូម​គាត់​ជួយ​ខ្ញុំ​ជន​ពិការ​ផង។ ខ្វះខាត​អាហារ ខ្វះ​ខាត​លុយ សូម​ឲ្យ​គាត់​បាន​ឧត្ថម្ភ​កង់​ខ្ញុំ​មួយ​ជិះ​ទៅ​រៀន ជន​ពិការ​ខ្ញុំ​ពិការ​បញ្ញា​ខួរ​ក្បាល សូម​ឲ្យ​គាត់​ជួយ​កង់​ខ្ញុំ​មួយ។ សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​អស់ រំលែក​សេចក្ដី​ស្រលាញ់»

ក្រៅ​ពី​លើក​ឡើង​ពី​ការ​លំបាក​ក្នុង​បន្ទុក​គ្រួសារ​បាន​ជួប​ប្រទះ បុប្ឆា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ពី​ការ​តស៊ូ​ចំពោះ​ពិការភាព​របស់​ខ្លួន​នា​ពេល​កន្លង​មក ដោយ​ធ្លាប់​ទទួល​បាន​មេដាយ​មាស​កិត្តិយស​ក្នុង​វិញ្ញាសា​រត់​ប្រណាំង ក្នុង​ក្របខ័ណ្ឌ​ជន​ពិការ​អូឡាំពិក​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​៣ និង​ប្រាក់​ចំនួន​ពីរ ក្នុង​នោះ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​វិញ បុប្ឆា ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់​ប្រណាំង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ចំនួន​មួយ​ផង​ដែរ។

កុមារី​បុប្ឆា បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​សមាគម​មួយ​មាន​ឈ្មោះ​ថា សមាគម​ឪពុក​ម្តាយ​ពិការ​បញ្ញា មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​បាន​បង្ហាត់​បង្រៀន​ជន​ពិការ​បញ្ញា​ឲ្យ​ចេះ​នូវ​ជំនាញ​ផ្សេងៗ៕

ព័ត៌មាន (5)

មើល​មតិ​ទាំង​អស់.

Anonymous says:
Dec 16, 2009 07:21 PM

i love Asiaserey

Anonymous says:
Dec 10, 2009 05:23 AM

Thank RFA that share Khmer suffering to the world. I never see some kind of news on CTN screen.

Anonymous says:
Dec 09, 2009 02:26 PM

i cried when i listen to her interview, please help her family too.

Anonymous says:
Dec 29, 2009 01:27 PM

She is the girl living next to my Grandmother's house, She did mention honestly about her real life..... we, the neighbor, are really pity her as well as her family...
thanks Free Asia radio

Anonymous says:
Jan 19, 2010 02:55 AM

Dear Bopha,
Please let me know how much would it cost for a bike, and tell me how do I send you some money ?
My email address : vcheangseng@yahoo.com

Wishing you all the BEST !
Visoth.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល