បុប្ឆា ជាកុមារីពិការម្នាក់ដែលបានចូលរួមក្នុងទិវាជនពិការអន្តរជាតិនារាជធានីភ្នំពេញ។
នៅក្រោមពន្លឺថ្ងៃវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ បុប្ឆា កំពុងអង្គុយបត់ជើងផ្ទាល់ទៅនឹងថ្នល់ក្រាលកៅស៊ូ ដោយដៃទាំងពីរមានកាន់បដាសរសេរអក្សរថា "ជនពិការបញ្ញាខ្សោយមានសិទ្ធិទទួលបានការអប់រំនិងឱកាសចូលរួម"
។
ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌សមានសរសេរអក្សរថា "អបអរសាទរទិវាជនពិការ" នៅតាមចញ្ចើមថ្នល់ជាប់ពីខាងត្បូងសួនច្បារវិមានឯករាជ្យ ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កុមារី បុប្ឆា ដែលមានរូបរាងស្គាំងស្គមបាននិយាយរៀបរាប់ក្នុងសំឡេងមិនសូវច្បាស់ និងខុសខ្លះត្រូវខ្លះតាមលក្ខណៈមនុស្សមានជំងឺពិការភាពផ្នែកបញ្ញាមកកាន់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានចុះយកព័ត៌មានក្នុងទិវាជនពិការអន្តរជាតិដល់ទីកន្លែង។
"ជួយផ្ដល់ទុកដាក់ ហើយជួយអប់រំជនពិការផង សូមឲ្យគាត់ទាំងអស់រឹងប៉ឹងឡើង មានសុខភាព មានសិទ្ធិដូចគេ" ៖ នេះជាការនិយាយស្ដីរបស់កុមារី បុប្ជា ដែលជាជនពិការបញ្ញាពីកំណើត។
បុប្ផា បានបន្ថែមដូច្នេះ ៖ «ខ្ញុំនៅរៀនជាមួយអង្គការ ខ្ញុំពិការបញ្ញា។ ប្រឡងកម្មវិធីរត់ ខ្ញុំទៅសៀងហៃម្ដង បានមេដាយមាសមកស្រុកខ្មែរវិញ ឆ្នាំនេះខ្ញុំទៅស្វ៊ីសម្ដងទៀត»។
កុមារី បុប្ឆា មានបងប្អូនចំនួន៧នាក់ និងជាកូនច្បងក្នុងគ្រួសារក្រីក្រតោកយ៉ាកមួយ ដែលមានឪពុកមានរបរជាអ្នកស៊ីឈ្នួលអូសសំរាមឲ្យអ្នកជិតខាង និងម្តាយជាជនពិការមិនអាចកម្រើកបាន។
នាងបានរៀបរាប់ពីទុក្ខលំបាករបស់នាងនិងក្រុមគ្រួសារឲ្យដឹងថា នាងមានឈ្មោះ បុប្ឆា ប៉ុន្តែមិនបានចាំថា មានត្រកូលអ្វីនោះទេ និងមានអាយុចន្លោះពី១៤ ទៅ ១៩ឆ្នាំ មានផ្ទះនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកនាងមានវ័យចំណាស់ មានមុខរបរជាអ្នកស៊ីឈ្នូលអូសរទេះដឹកសំរាមយកទៅបោះចោលឲ្យអ្នកជិតខាង។ ម្តាយនាងក៏ជាជនពិការដើរពុំរួច សម្រាន្តនៅនឹងកន្លែង។ នាងមានបងប្អូន៧នាក់។
បុប្ឆា និយាយថា នាងនិយាយពុំសូវជាត្រូវតាមប្រយោគនោះទេ ព្រោះនាងមានពិការភាពលើផ្នែកបញ្ញាតាំងពីកុមារភាពមកម្ល៉េះ ប៉ុន្តែយ៉ាងណាក៏ដោយ បុប្ឆា នៅដឹងពីកំហុសរបស់ខ្លួន និងបានសុំអធ្យាស្រ័យចំពោះការនិយាយស្តីរបស់នាងជាមុន ប្រសិនបើនាងនិយាយពុំបានត្រឹមត្រូវ ខុសឆ្គងដោយប្រការណាមួយនោះ។
បុប្ឆា បន្តឲ្យដឹងថា ក្នុងពិការភាពរបស់នាង នាងធ្លាប់ដណ្តើមបានកិត្តិយសជូនជាតិនិងក្រុមគ្រួសារ ទាំងក្នុងនិងក្រៅប្រទេស លើវិញ្ញាសារត់ប្រណាំងកីឡាអូឡាំពិកថ្នាក់ជាតិក្នុងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសចិនផង ក្នុងជីវិតជាពិការភាពរបស់នាង។
បុប្ឆា បានរៀបរាប់ពីទុក្ខលំបាករបស់នាងដែលកំពុងកើតមានដ៏ធ្ងន់ធ្ងរពេលបច្ចុប្បន្នឲ្យដឹងថា ជារៀងរាល់ថ្ងៃនៅពេលដែលនាងទំនេរពីការសិក្សានៅសមាគមជនពិការដែលមានឈ្មោះថា សមាគមឪពុកម្តាយជនពិការបញ្ញា។ សមាគមនេះបានជួយបង្រៀនដល់កុមារដែលពិការបញ្ញាឲ្យចេះនិយាយ ហូបចំណី ឬក៏ស្លៀកពាក់ជាដើមនោះ។ ក្រៅពីនេះ នាងបានឆ្លៀតពេលទៅស៊ីឈ្នួលបោសជូតផ្ទះ ឬក៏បោកខោអាវឲ្យអ្នកជិតខាងដើម្បីទទួលបានប្រាក់កម្រៃខ្លះយកទៅទិញអង្ករ ឬម្ហូបសម្រាប់ចិញ្ចឹមម្តាយជាជនពិការដើរពុំរួចនិងប្អូនៗរបស់ខ្លួនដល់ទៅ៦នាក់។
បុប្ឆា បន្តឲ្យដឹងថា មុខរបរបោកខោអាវ សម្អាតផ្ទះនេះ អាចរកប្រាក់បានពីពីរទៅបីពាន់រៀលក្នុងមួយថ្ងៃ។ បុប្ឆា ត្អូញត្អែរថា មានថ្ងៃខ្លះនិយាយទៅញាតិជិតខាងគេស្តាប់បាន ប៉ុន្តែមានពេលខ្លះទៀតនិយាយទៅគេ គេស្តាប់ពុំបានក៏មាន។
បុប្ផា បានរៀបរាប់ដូច្នេះ ៖ «ទៅធ្វើការតាមផ្ទះ ទៅបោកគក់ឲ្យគេ ជូតផ្ទះឲ្យគេ ពិបាកហើយហត់។ លុយសន្សំបានខ្ញុំឲ្យម៉ែខ្លះ ហើយមកសាលាខ្ញុំទិញម្ហូបមកញ៉ាំបាយនៅទីនេះដល់ល្ងាចបានខ្ញុំទៅដល់ផ្ទះ»។
ជាមួយផ្ទៃមុខក្រៀមស្រពោន បុប្ឆា បានត្អូញត្អែរនិងរៀបរាប់ពីទុក្ខលំបាករបស់នាង ដែលកើតមានជាប្រចាំក្នុងក្រុមគ្រួសារដែលមានបងប្អូនច្រើននាក់និងម្តាយជាជនពិការ មិនតែប៉ុណ្ណោះរទេះដែលឪពុករបស់នាងដែលធ្លាប់ស៊ីឈ្នួលដឹកសំរាមឲ្យអ្នកជិតខាង រកប្រាក់ទិញបាយហូបប្រចាំថ្ងៃក៏ត្រូវបានចោរលួចបាត់ទៅទៀត ៖ «ម៉ែនៅផ្ទះ ប៉ាអូសសំរាម ឥឡូវរទេះគាត់ចោរលួចបាត់ហើយ»។
ជាមួយការលើកដៃសំពះ បុប្ឆា បានធ្វើសំណូមពរទៅមន្រី្តរាជរដ្ឋាភិបាលនិងមន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជិតឆ្ងាយ សូមជួយឧបត្ថម្ភគាំទ្រដល់គ្រួសារនាង ដែលជួបការលំបាកក្នុងបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរ បានបន្តជីវិតរស់នៅបានតទៅទៀត។
បុប្ឆា បានរៀបរាប់ឲ្យដឹងពីទុក្ខលំបាករបស់នាងដូច្នេះ រួចបន្តសំណូមពរទៅសប្បុរសជនមេត្តាជួយទិញកង់មួយដល់នាង សម្រាប់ជិះទៅរៀននៅសាលាអង្គការដែលបានបង្ហាត់បង្រៀនជនពិការបញ្ញាឲ្យចេះនិយាយ ឬសរសេរ និងអប់រំចំណេះផ្សេងៗ ដែលមានចម្ងាយឆ្ងាយពីផ្ទះ ហើយដើរទៅរៀនជារៀងរាល់ថ្ងៃនោះ។
បុប្ផា បានអំពាវនាវដូច្នេះ ៖ «សូមជួយអ្នកពិការបញ្ញាផង សូមគាត់ជួយខ្ញុំជនពិការផង។ ខ្វះខាតអាហារ ខ្វះខាតលុយ សូមឲ្យគាត់បានឧត្ថម្ភកង់ខ្ញុំមួយជិះទៅរៀន ជនពិការខ្ញុំពិការបញ្ញាខួរក្បាល សូមឲ្យគាត់ជួយកង់ខ្ញុំមួយ។ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ រំលែកសេចក្ដីស្រលាញ់»។
ក្រៅពីលើកឡើងពីការលំបាកក្នុងបន្ទុកគ្រួសារបានជួបប្រទះ បុប្ឆា ក៏បានឲ្យដឹងផងដែរពីការតស៊ូចំពោះពិការភាពរបស់ខ្លួននាពេលកន្លងមក ដោយធ្លាប់ទទួលបានមេដាយមាសកិត្តិយសក្នុងវិញ្ញាសារត់ប្រណាំង ក្នុងក្របខ័ណ្ឌជនពិការអូឡាំពិកថ្នាក់ជាតិទូទាំងប្រទេសកម្ពុជា ចំនួន៣ និងប្រាក់ចំនួនពីរ ក្នុងនោះការប្រកួតជាលក្ខណៈអន្តរជាតិវិញ បុប្ឆា ធ្លាប់ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសារត់ប្រណាំងនៅទីក្រុងសៀងហៃ ប្រទេសចិន ចំនួនមួយផងដែរ។
កុមារីបុប្ឆា បច្ចុប្បន្នកំពុងសិក្សានៅសមាគមមួយមានឈ្មោះថា សមាគមឪពុកម្តាយពិការបញ្ញា មានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបង្ហាត់បង្រៀនជនពិការបញ្ញាឲ្យចេះនូវជំនាញផ្សេងៗ៕