មតិ​ជុំវិញ​ការ​សម្ដែង​របាំ​បុរាណ​ខ្មែរ​នៅ​តាម​កន្លែង​មិន​សមរម្យ

អ្នក​ស្រាវជ្រាវ​បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​យក​របាំ​បុរាណ​ខ្មែរ​ទៅ​សម្តែង​នៅ​តាម​ទីកន្លែង​មិន​សមរម្យ។
ដោយ មាន ឫទ្ធិ
2009-03-27
Share
អ្នក​របាំ303 គាង ស្រីលាភ អាយុ​១៩​ឆ្នាំ រាំ​របាំ​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ។
RFA/Mean Riddh

លោកស្រី កែវ ណារុំ អ្នកស្រាវ​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ បាន​ឲ្យ​ដឹង​ថា របាំ​បុរាណ​ប្រភេទ​នេះ គេ​ប្រើ​សម្រាប់​តែ​ក្នុង​ពិធី​សំខាន់ៗ​តែ​ប៉ុណ្ណោះ ហើយ​ឥឡូវ​នេះ គេ​បែរ​ជា​យក​វា​ទៅ​សម្តែង​នៅ​តាម​ភោជនីយ​ដ្ឋាន ឬ​កន្លែង​ផឹក​ស៊ី​មួយ​ចំនួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រភេទ​របាំ​នេះ។

លោកស្រី កែវ ណារុំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឥឡូវ​គេ​រាំ​នៅ​តាម​ជើង​តុ ក្លែម​នឹង​ស្រា ពី​ដើម​អត់​ទេ។ មាន​តួនាទី​រាំ​ថ្វាយ​ទៅ​ទេវៈ សុំ​សេចក្ដី​សុខ​ពី​ទេវៈ​យក​មក​ឲ្យ​ប្រជាជន​វិញ ហើយ​សូម​សំណូមពរ​ពី​ប្រជាជន​ថ្វាយ​ដល់​វត្ថុ​ស័ក្ដិ​សិទ្ធិ»

អ្នក​ស្រាវជ្រាវ​ខាង​ប្រវត្តិ​សាស្រ្ត អរិយធម៌ និង​វប្បធម៌​ខ្មែរ បណ្ឌិត មីសែល ត្រាណេ ក៏​បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​បែប​នេះ​ដែរ ៖ «សោកស្ដាយ​ដែរៗ និយាយ​ឲ្យ​ស្មោះ​ត្រង់»

Video: Mean Riddh; Voice: Khiev Chanthuna

ទោះ​បី​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​ស្រាវជ្រាវ​បែប​នេះ​ក៏​ដោយ ក៏​ព្រឹទ្ធាចារ្យ​និង​សាស្រ្តាចារ្យ​ផ្នែក​របាំ​បុរាណ​ខ្មែរ មិន​មាន​ការ​ជំទាស់​ទៅ​នឹង​បញ្ហា​ដែល​គេ​យក​របាំ​នេះ​ទៅ​សម្តែង​នៅ​តាម​ភោជនីយ​ដ្ឋាន​និង​កន្លែង​ផឹក​ស៊ី​មួយ​ចំនួន​នោះ​ឡើយ ដោយ​ពួក​គាត់​យល់​ឃើញ​ថា វា​ជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាំ​ប្រភេទ​នេះ ឲ្យ​គេ​កាន់​តែ​បាន​ស្គាល់​ទៅ​វិញ។

ព្រឹទ្ធាចារ្យ​វ័យ​ជាង ៧០​ឆ្នាំ ឈ្មោះ អែម ធាយ បាន​ឲ្យ​ដឹង​ថា ប្រការ​ដែល​គេ​យក​របាំ​បុរាណ​នេះ​ទៅ​សម្តែង​នៅ​តាម​ភោជនីយ​ដ្ឋាន​មួយ​ចំនួន​នោះ​មិន​មាន​អ្វី​ទាស់​ខុស​ឡើយ។

សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ​ខ្មែរ លោកស្រី ថោង គឹមអាន ក៏​យល់​ស្រប​ដែរ​ថា ការ​ដែល​យក​របាំ​នេះ​ទៅ​សម្តែង​នៅ​តាម​ភោជនីយដ្ឋាន​នោះ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ឡើយ ដោយ​លោកស្រី​គិត​ថា ការ​យក​របាំ​នេះ​ទៅ​សម្តែង គឺ​មាន​ន័យ​ថា គេ​មាន​បំណង​បង្ហាញ​ជូន​ភ្ញៀវ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​របាំ​នេះ​ថែម​ទៀត ជា​ពិសេស​គឺ​ភ្ញៀវ​បរទេស​តែ​ម្តង ដើម្បី​ឲ្យ​ពួកគេ​ទាំង​នោះ​ពាំនាំ​នូវ​វប្បធម៌​របស់​ខ្មែរ​តាមរយៈ​ទស្សនីយភាព​របាំ​នេះ​ទៅ​ធ្វើការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត ៖ «គេ​មិន​មែន​ទៅ​រាំ​ជា [ការ​ទាក់ទាញ]​ឯណា គេ​នៅ​ថែ​រក្សា​អត្ត​សញ្ញាណ​របស់​ជាតិ​យើង»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អ្នក​គ្រប់គ្រង​ភោជនីយ​ដ្ឋាន បុប្ផា​ភ្នំពេញ ទីតានីក ក្បែរ​មាត់​ទន្លេ​ជិត​ផ្សារ​ចាស់ លោក មុត សារ៉េត បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ភោជនីយ​ដ្ឋាន​របស់​លោក​បើក​ដំណើរការ​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​បាន​ជ្រើសរើស​យក​របាំ​បុរាណ​ខ្មែរ​មក​សម្តែង ដោយ​មិន​យក​តន្រ្តី​ទំនើប​ទេ គឺ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ដែល​ខ្មែរ​មាន​ឲ្យ​បរទេស​បាន​ស្គាល់។

លោក មុត សារ៉េត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទាក់ទិន​នឹង​របាំ​អប្សរា​នេះ គឺ​ផល​ប្រយោជន៍​សំខាន់ គឺ​មាន​ន័យ​ថា សម្រាប់​សហគមន៍​អឺរ៉ុប​ដែល​មក​ទស្សនា​នៅ​កម្ពុជា គឺ​គាត់​ចង់​មើល​របាំ​ប្រពៃណី​របស់​ខ្មែរ ហើយ​គាត់​ចង់​ឃើញ​វប្បធម៌​របស់​ខ្មែរ​យើង»

ក្នុង​វ័យ ១៩​ឆ្នាំ គាង ស្រីលាភ អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​នៅ​ភោជនីយ​ដ្ឋាន បុប្ផា​ភ្នំពេញ ទីតានីក បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​មក​រាំ​នៅ​ទីនោះ​ហើយ ទើប​នាង​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ការ​រៀនសូត្រ​របស់​នាង ៖ «ខ្ញុំ​មក​ភ្នំពេញ ខ្ញុំ​ជួល​ផ្ទះ​គេ​នៅ មក​រៀន។ មួយ​ហាង ១០០​(ដុល្លារ) ហ្នឹង​រាំ​រាល់​ថ្ងៃ»

គួរ​រំឭក​ផង​ដែរ​ថា ខ្មែរ​មាន​របាំ​របស់​ខ្លួន​ជា​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ។ តាមរយៈ​ផ្ទាំង​ចម្លាក់​នៅ​ប្រាង្គ​ប្រាសាទ​បុរាណ​នានា ដែល​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក ក៏​ជា​ភស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អាយុកាល​ដ៏​ចំណាស់​របស់​របាំ​បុរាណ​ខ្មែរ​ផង​ដែ។

បណ្ឌិត មីសែល ត្រាណេ ដដែល បាន​ឲ្យ​ដឹង​ថា របាំ​បុរាណ​ខ្មែរ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គឺ​តាមរយៈ​ការ​ទទួល​ឥទ្ធិពល​សាសនា​ដែល​បាន​នាំ​ចូល​មក​ក្នុង​សង្គម​កម្ពុជា ៖ «វា​កើត​ចេញ​ពី​ជំនួប​រវាង​ខ្មែរ​ឥណ្ឌា​តាំង​ពី​២០០០​ឆ្នាំ»

ទោះ​បី​ជា​របាំ​បុរាណ​ខ្មែរ ទទួល​ឥទ្ធិពល​ពី​សាសនា​ក៏​ដោយ ក៏​លោក​បណ្ឌិត​នៅ​តែ​រក​ឃើញ​ថា វា​ជា​របស់​ខ្មែរ​ដដែល ៖ «យើង​ច្នៃ​ឲ្យ​លក្ខណៈ​ជាតិ​យើង ដូចជា​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ មិន​មែន​ជា​របាំ​ឥណ្ឌា​ទៀត​ទេ វា​ទៅ​កាយវិការ​អ្នក​រាំ​ជា​ខ្មែរ មាន​ការ​បង្កើត​ទំនើប​កម្ម​ទៅ​ជា​ខ្មែរ​សុទ្ធ​សាធ ឥឡូវ​ហ្នឹង​ជា​លក្ខណៈ​ខ្មែរ​សុទ្ធ​សាធ ១០០% អត់​មាន​ឥណ្ឌា​ទៀត​ទេ ទាំង​ពី​កាយវិការ ទាំង​ពី​ភ្លេង​អី​ទាំង​អស់​ហ្នឹង ជា​សមិទ្ធផល​របស់​ជាតិ​យើង»

លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ខ្មែរ​មាន​របាំ​របស់​ខ្លួន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ៖ «អូរ​មិន​ធម្មតា​ទេ តាំង​ពី​កើត​ស្រុក​ខ្មែរ​មក​គេ​រាំ​របាំ​ថ្វាយ​ព្រះ​រួច​ទៅ​ហើយ កាល​ហ្នុង​ដូច​ថា គេ​រាំ​របាំ​ទោលៗ​ទេ ប៉ុន្តែ​ភ្លេង​របៀប​ម៉េច​ក៏​យើង​មិន​ដឹង​ដែរ ប៉ុន្តែ​កាល​ដែល​គេ​រាំ​របាំ​ថ្វាយ​ពេល​ហ្នឹង វា​មាន​កំណើត ឲ្យ​ឈ្មោះ​ថា​ទេវៈ​ទាសី។ ទេវៈ​ទាសី​ហ្នឹង​គឺ​អ្នក​ដែល​នៅ​បម្រើ​ព្រះ​នៅ​ក្នុង​ប្រាសាទ​ហ្នឹង​ហើយ​គេ​មាន​ជា​របាំ​អី​តាំង​ពី​ហ្នុង​មក»

នៅ​ក្នុង​ឯកសារ​របាំ​ខ្មែរ​របស់​អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែល​ត្រូវ​បាន​បោះពុម្ព​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១ បាន​កត់ត្រា​ថា របាំ​ខ្មែរ​មាន​ចំនួន​បី​ប្រភេទ​គឺ​របាំ​ក្បាច់​បុរាណ​ខ្មែរ របាំ​ប្រពៃណី​ខ្មែរ និង​របាំ​ប្រជាប្រិយ​ខ្មែរ។

របាំ​ក្បាច់​បុរាណ​ខ្មែរ គេ​អាច​ហៅ​ម៉្យាង​ទៀត​ថា របាំ​ព្រះ​រាជ​ទ្រព្យ ដែល​ក្នុង​នោះ​មាន​ដូច​ជា របាំ​ជូនពរ របាំ​ទេព​មនោរម្យ របាំ​អប្សរា របាំ​រាម​លក្ម្សណ៍ ជប​លក្ម្សណ៍ របាំ​មុនី​មេខឡា និង​របាំ​សុវណ្ណ​មច្ឆា ជា​ដើម។

របាំ​ប្រពៃណី​ខ្មែរ គឺ​សម្គាល់​របាំ​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ជាប់​នឹង​ពិធី​ប្រពៃណី ឬ​ពិធី​តំណ​ត្រកូល ដ៏​យូរលង់​មក​ហើយ​របស់​ជន​ជាតិ​ខ្មែរ ឬ​ក៏​ជនជាតិ​ដទៃ​ទៀត​ទាំង​អស់ ដែល​រស់នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

របាំ​ប្រពៃណី​ដែល​អ្នក​និពន្ធ​បាន​រក​ឃើញ មាន​ចំនួន​៤០ ប្រភេទ​ដែល​មាន​ដូចជា របាំ​ត្រុដិ របាំ​ក្ងោក​ប៉ៃលិន​និង​របាំ​បេះ​ក្រវាញ ជាដើម។

ចំពោះ​របាំ​ប្រជាប្រិយ​ខ្មែរ​វិញ គឺ​ជា​ប្រភេទ​របាំ​ដែល​មាន​ការ​និយម​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស ដែល​មាន​ដូច​ជា រាំ​វង់ រាំ​ក្បាច់ និង​សារ៉ាវ៉ាន់ ជាដើម។

របាំ​បុរាណ​ខ្មែរ ឬ របាំ​ព្រះ​រាជ​ទ្រព្យ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិក​ភណ្ឌ​វប្បធម៌​របស់​មនុស្ស​ជាតិ​នៃ​អង្គការ​យូនីស្កូ នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៣៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល