លោកស្រី កែវ ណារុំ អ្នកស្រាវផ្នែកសិល្បៈវប្បធម៌ខ្មែរ បានឲ្យដឹងថា របាំបុរាណប្រភេទនេះ គេប្រើសម្រាប់តែក្នុងពិធីសំខាន់ៗតែប៉ុណ្ណោះ ហើយឥឡូវនេះ គេបែរជាយកវាទៅសម្តែងនៅតាមភោជនីយដ្ឋាន ឬកន្លែងផឹកស៊ីមួយចំនួនដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រភេទរបាំនេះ។
លោកស្រី កែវ ណារុំ មានប្រសាសន៍ដូច្នេះថា ៖ «ឥឡូវគេរាំនៅតាមជើងតុ ក្លែមនឹងស្រា ពីដើមអត់ទេ។ មានតួនាទីរាំថ្វាយទៅទេវៈ សុំសេចក្ដីសុខពីទេវៈយកមកឲ្យប្រជាជនវិញ ហើយសូមសំណូមពរពីប្រជាជនថ្វាយដល់វត្ថុស័ក្ដិសិទ្ធិ»។
អ្នកស្រាវជ្រាវខាងប្រវត្តិសាស្រ្ត អរិយធម៌ និងវប្បធម៌ខ្មែរ បណ្ឌិត មីសែល ត្រាណេ ក៏បានសម្តែងនូវការមិនពេញចិត្តចំពោះទង្វើបែបនេះដែរ ៖ «សោកស្ដាយដែរៗ និយាយឲ្យស្មោះត្រង់»។
Video: Mean Riddh; Voice: Khiev Chanthuna
ទោះបីជាមានការមិនពេញចិត្តពីអ្នកស្រាវជ្រាវបែបនេះក៏ដោយ ក៏ព្រឹទ្ធាចារ្យនិងសាស្រ្តាចារ្យផ្នែករបាំបុរាណខ្មែរ មិនមានការជំទាស់ទៅនឹងបញ្ហាដែលគេយករបាំនេះទៅសម្តែងនៅតាមភោជនីយដ្ឋាននិងកន្លែងផឹកស៊ីមួយចំនួននោះឡើយ ដោយពួកគាត់យល់ឃើញថា វាជាការចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយរបាំប្រភេទនេះ ឲ្យគេកាន់តែបានស្គាល់ទៅវិញ។
ព្រឹទ្ធាចារ្យវ័យជាង ៧០ឆ្នាំ ឈ្មោះ អែម ធាយ បានឲ្យដឹងថា ប្រការដែលគេយករបាំបុរាណនេះទៅសម្តែងនៅតាមភោជនីយដ្ឋានមួយចំនួននោះមិនមានអ្វីទាស់ខុសឡើយ។
សាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរ លោកស្រី ថោង គឹមអាន ក៏យល់ស្របដែរថា ការដែលយករបាំនេះទៅសម្តែងនៅតាមភោជនីយដ្ឋាននោះមិនមែនជារឿងខុសឆ្គងធ្ងន់ធ្ងរឡើយ ដោយលោកស្រីគិតថា ការយករបាំនេះទៅសម្តែង គឺមានន័យថា គេមានបំណងបង្ហាញជូនភ្ញៀវឲ្យមានការយល់ដឹងពីរបាំនេះថែមទៀត ជាពិសេសគឺភ្ញៀវបរទេសតែម្តង ដើម្បីឲ្យពួកគេទាំងនោះពាំនាំនូវវប្បធម៌របស់ខ្មែរតាមរយៈទស្សនីយភាពរបាំនេះទៅធ្វើការផ្សព្វផ្សាយបន្ថែមទៀត ៖ «គេមិនមែនទៅរាំជា [ការទាក់ទាញ]ឯណា គេនៅថែរក្សាអត្តសញ្ញាណរបស់ជាតិយើង»។
ទាក់ទងទៅនឹងបញ្ហានេះដែរ អ្នកគ្រប់គ្រងភោជនីយដ្ឋាន បុប្ផាភ្នំពេញ ទីតានីក ក្បែរមាត់ទន្លេជិតផ្សារចាស់ លោក មុត សារ៉េត បានឲ្យដឹងថា ចាប់តាំងពីភោជនីយដ្ឋានរបស់លោកបើកដំណើរការរហូតមកទល់នឹងពេលនេះ លោកបានជ្រើសរើសយករបាំបុរាណខ្មែរមកសម្តែង ដោយមិនយកតន្រ្តីទំនើបទេ គឺដើម្បីបង្ហាញពីវប្បធម៌ដែលខ្មែរមានឲ្យបរទេសបានស្គាល់។
លោក មុត សារ៉េត មានប្រសាសន៍ដូច្នេះថា ៖ «ទាក់ទិននឹងរបាំអប្សរានេះ គឺផលប្រយោជន៍សំខាន់ គឺមានន័យថា សម្រាប់សហគមន៍អឺរ៉ុបដែលមកទស្សនានៅកម្ពុជា គឺគាត់ចង់មើលរបាំប្រពៃណីរបស់ខ្មែរ ហើយគាត់ចង់ឃើញវប្បធម៌របស់ខ្មែរយើង»។
ក្នុងវ័យ ១៩ឆ្នាំ គាង ស្រីលាភ អ្នករាំរបាំបុរាណខ្មែរនៅភោជនីយដ្ឋាន បុប្ផាភ្នំពេញ ទីតានីក បានឲ្យដឹងថា ដោយសារតែការមករាំនៅទីនោះហើយ ទើបនាងអាចមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ការរៀនសូត្ររបស់នាង ៖ «ខ្ញុំមកភ្នំពេញ ខ្ញុំជួលផ្ទះគេនៅ មករៀន។ មួយហាង ១០០(ដុល្លារ) ហ្នឹងរាំរាល់ថ្ងៃ»។
គួររំឭកផងដែរថា ខ្មែរមានរបាំរបស់ខ្លួនជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យមុនអង្គរមកម្ល៉េះ។ តាមរយៈផ្ទាំងចម្លាក់នៅប្រាង្គប្រាសាទបុរាណនានា ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ក៏ជាភស្តុតាងដែលបង្ហាញឲ្យឃើញពីអាយុកាលដ៏ចំណាស់របស់របាំបុរាណខ្មែរផងដែ។
បណ្ឌិត មីសែល ត្រាណេ ដដែល បានឲ្យដឹងថា របាំបុរាណខ្មែរមានតាំងពីយូរលង់ណាស់មកហើយ គឺតាមរយៈការទទួលឥទ្ធិពលសាសនាដែលបាននាំចូលមកក្នុងសង្គមកម្ពុជា ៖ «វាកើតចេញពីជំនួបរវាងខ្មែរឥណ្ឌាតាំងពី២០០០ឆ្នាំ»។
ទោះបីជារបាំបុរាណខ្មែរ ទទួលឥទ្ធិពលពីសាសនាក៏ដោយ ក៏លោកបណ្ឌិតនៅតែរកឃើញថា វាជារបស់ខ្មែរដដែល ៖ «យើងច្នៃឲ្យលក្ខណៈជាតិយើង ដូចជារបាំព្រះរាជទ្រព្យខ្មែរ មិនមែនជារបាំឥណ្ឌាទៀតទេ វាទៅកាយវិការអ្នករាំជាខ្មែរ មានការបង្កើតទំនើបកម្មទៅជាខ្មែរសុទ្ធសាធ ឥឡូវហ្នឹងជាលក្ខណៈខ្មែរសុទ្ធសាធ ១០០% អត់មានឥណ្ឌាទៀតទេ ទាំងពីកាយវិការ ទាំងពីភ្លេងអីទាំងអស់ហ្នឹង ជាសមិទ្ធផលរបស់ជាតិយើង»។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានឲ្យដឹងដែរថា ខ្មែរមានរបាំរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ៖ «អូរមិនធម្មតាទេ តាំងពីកើតស្រុកខ្មែរមកគេរាំរបាំថ្វាយព្រះរួចទៅហើយ កាលហ្នុងដូចថា គេរាំរបាំទោលៗទេ ប៉ុន្តែភ្លេងរបៀបម៉េចក៏យើងមិនដឹងដែរ ប៉ុន្តែកាលដែលគេរាំរបាំថ្វាយពេលហ្នឹង វាមានកំណើត ឲ្យឈ្មោះថាទេវៈទាសី។ ទេវៈទាសីហ្នឹងគឺអ្នកដែលនៅបម្រើព្រះនៅក្នុងប្រាសាទហ្នឹងហើយគេមានជារបាំអីតាំងពីហ្នុងមក»។
នៅក្នុងឯកសាររបាំខ្មែររបស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។
របាំក្បាច់បុរាណខ្មែរ គេអាចហៅម៉្យាងទៀតថា របាំព្រះរាជទ្រព្យ ដែលក្នុងនោះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។
របាំប្រពៃណីខ្មែរ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
របាំប្រពៃណីដែលអ្នកនិពន្ធបានរកឃើញ មានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិននិងរបាំបេះក្រវាញ ជាដើម។
ចំពោះរបាំប្រជាប្រិយខ្មែរវិញ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។
របាំបុរាណខ្មែរ ឬ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃអង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣៕