ខួប​ទី​៦១​នៃ​ទិវា​ប្រកាស​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស

ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ពិភពលោក​ឆ្នាំ​២០០៩​នេះ លោក ហាស់ សាន មាន​សេចក្តី​រាយ​ការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​បាន​រិះគន់​ជា​រឿយៗ។
ដោយ ហាស់ សាន
2009-12-10
Share
សិទ្ធិ​មនុស្ស៣០៥ ១០-ធ្នូ-០៩: ក្បួន​ដង្ហែ​ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​ទី​៦១ នៅ​តាម​ផ្លូវ​សុធារស ក្នុង​រាជធានី​ភ្នំពេញ។
RFA/Ayuthyea

ពាក្យ​ស្លោក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​២០០៩ ខួប​ទី​៦១​គឺ ឱប​ក្រសោប​យក​ភាព​ផ្សេងៗ​គ្នា បញ្ឈប់​ភាព​ប្រកាន់​រើស​អើង​រវាង​គ្នា​នឹង​គ្នា ដែល​សំដៅ​ឲ្យ​មនុស្ស​គ្រប់​រូប​យល់​ថា មនុស្ស​លោក​កើត​មក​មាន​សេរីភាព​និង​សមភាព​ក្នុង​សេចក្តី​ថ្លៃថ្នូរ​និង​ក្នុង​សិទ្ធិ​ជា​មនុស្ស។

ក្នុង​ខួប​ទី​៦១​នៃ​កំណើត​សេចក្តី​ប្រកាស​សកល​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) ថ្ងៃ​ទី​១០ ខែ​ធ្នូ កាល​ពី​ឆ្នាំ​១៩៤៨ អគ្គ​លេខាធិការ​អ.ស.ប. លោក បាន គីមូន (Ban Ki-moon)  បាន​ថ្លែង​ប្រាប់​ពិភពលោក​ដោយ​សង្ខេប​ថា ជា​រឿយៗ​រដ្ឋាភិបាល​នានា​ខ្វះ​ឆន្ទៈ​នយោបាយ​ដើម្បី​ប្រតិបត្តិ​តាម​ក្បួន​ខ្នាត​អន្តរជាតិ ដែល​គេ​បាន​ទទួល​យក​ដោយ​សេរី​គ្មាន​ការ​បង្ខំ​នោះ។ គេ​គួរ​តែ​ធានា​ថា សិទ្ធិ​មនុស្ស​ជា​ធាតុ​ពិត​រស់​រវើក ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ម្នា​គ្រប់​រូប​និង​គ្រប់​ទិស​ទី​បាន​ដឹង បាន​យល់​និង​បាន​រីករាយ​នឹង​សិទ្ធិ​របស់​គេ។

លោក បាន គីមូន(Ban Ki-moon) អគ្គ​លេខាធិការ​អ.ស.ប បាន​បង្កើត​បណ្តាញ​មួយ​ឲ្យ​ឈ្មោះ​ថា បណ្តាញ​មេ​ដឹកនាំ​ជា​បុរស ដើម្បី​ចង់​ឲ្យ​មនុស្ស​ប្រុស​ដើរ​តួ​ជា​គំរូ​ក្នុង​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រី​ភេទ។ លោក​ថ្លែង​នៅ​ថ្ងៃ​អង្គារ ២៤ វិច្ឆិកា ថា ជា​អំពើ​មួយ​ទទួល​យក​មិន​បាន​ទេ ដែល​ស្រី​ភេទ​៧០% នៅ​តំបន់​ជា​ច្រើន​ក្នុង​ពិភពលោក​ប្រទះ​នឹង​អំពើ​ហិង្សា​ពី​បុរស ហើយ​ភាគ​ច្រើន​គឺ​មក​ពី​ស្វាមី​របស់​ខ្លួន​ផ្ទាល់ ពី​អ្នក​រស់​នៅ​ជិត​ស្នីទ​ជាមួយ​គ្នា ឬ​មួយ​ពី​អ្នក​ដែល​ស្គាល់​គ្នា។

អ្នកស្រី ណាវី ភីឡៃ (Navi Pillay) ស្នងការ​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប ថ្លែង​ក្នុង​ខួប​ទី​៦១​នេះ ដែល​នឹង​ប្រារព្ធ​នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ថា ការ​ប្រកាន់​រើស​អើង​ស្ថិត​ជាប់​នៅ​នឹង​ដើម​ហេតុ​ជា​ច្រើន​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត​នោះ។ គ្មាន​ប្រទេស​ណា​មួយ​គេច​ផុត​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ទេ។ ការ​បំបាត់​ចោល​នូវ​ការ​ប្រកាន់​រើស​អើង គឺ​ជា​ភារកិច្ច​មួយ​ដ៏​ចម្បង​ត្រូវ​បំពេញ​មុន​គេ។

ក្នុង​ពេល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ធ្នូ នេះ តើ​សិទ្ធិ​មនុស្ស​ជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩​នេះ មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ណា? ពលរដ្ឋ​ខ្មែរ​ណា​អាច​ធ្វើ​អ្វី​បាន ពលរដ្ឋ​ខ្មែរ​ណា​មិន​អាច​ធ្វើ​អ្វី​បាន​ហើយ​ដោយ​សារ​អ្វី?

លោក សួន វិសាល មេធាវី​នៅ​ក្នុង​សមាគម​គណៈ​មេធាវី​កម្ពុជា បាន​ចាប់​អារម្មណ៍​ក្នុង​ពិធី​ជួប​ជុំ​មួយ​នា​ទីក្រុង​ភ្នំពេញ មួយ​ថ្ងៃ​មុន​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដោយ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​សកល​នៃ​អ.ស.ប ហើយ​និង​ខ្លឹមសារ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ខ្លះ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​យក​ច្បាប់​ជា​ត្រី​មុខ​ដើម្បី​រក្សា​យុត្តិធម៌​ក្នុង​សង្គម​ថា មនុស្ស​លោក​កើត​មក​មាន​សិទ្ធិ​ដូច​គ្នា​មិន​អាច​ដក​ចេញ​បាន​ឡើយ។

លោក សួន វិសាល មាន​ប្រសាសន៍​ដូច្នេះ ៖ «សិទ្ធិ​សេរីភាព​យើង​អាច​មាន ប៉ុន្តែ​បើ​សិន​ជា​យើង​អត់​ទាមទារ​វា គឺ​យើង​អត់​មាន​រហូត គឺ​ថា ព្រះ​ជា​ម្ចាស់​មិន​អាច​ផ្ដល់​សិទ្ធិ​សេរីភាព​ទេ បើ​សិន​ជា​ប្អូន​មិន​ចេះ​ទាមទារ ទោះ​បី​ជា​ច្បាប់​ផ្ដល់​ឲ្យ​ប្អូន​ហើយ​ក៏ដោយ»

តើ​ក្រុម​មេដឹកនាំ​ធំៗ​ក្នុង​ពិភពលោក​មូល​មតិ​គ្នា​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​លេខ​២១៧អា ហើយ​ប្រកាស​ធម្មនុញ្ញ​សកល​ដែល​មាន​៣០​មាត្រា​កាល​ពី​៦០​ឆ្នាំ​មុន រួម​នឹង​ការបើក​សន្និសីទ ក្រោយ​មក​ទៀត​មាន​សន្និសីទ​ពិភពលោក​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស ថ្ងៃ​២៥ ខែ​ឧសភា ឆ្នាំ​១៩៩៣ ជាដើម ដែល​ហៅ​ថា សេចក្តី​ប្រកាស​ក្រុង​វីយ៉ែន​នោះ គេ​មាន​មូលហេតុ​ដូច​ម្តេច​ខ្លះ​បាន​ជា​ទាមទារ​ឲ្យ​មាន​ការ​គោរព​និង​ការពារ​សិទ្ធិ​របស់​មនុស្ស?

មេ​ដឹកនាំ​ទាំង​នោះ​យល់​ដឹង​ថា មនុស្ស​ម្នាក់ៗ​កើត​មក​មាន​សិទ្ធិ​មួយ​ចំនួន​មក​ជាប់​នឹង​ខ្លួន មិន​ថា​មាន​ឋានៈ ឬ​វណ្ណៈ​ជា​អ្វី​នោះ​ទេ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ជាដើម ការ​គោរព​សិទ្ធិ​មនុស្ស​មិន​សំដៅ​តែ​ការ​មិន​រំលោភ​បំពារ​បំពាន​លើ​រាង​កាយ​មនុស្ស​ប៉ុណ្ណោះ​ទេ អំពើ​ស៊ី​សំណូក​សូកប៉ាន់ បន្លំ គៃ​បំបាត់​ថវិកា ឬ​ធនធាន​ធម្មជាតិ​ជា​សម្បត្តិ​រដ្ឋ ក៏​គេ​ចាត់​ទុក​ជា​ប្រភេទ​នៃ​ការ​រំលោភ​សិទិ្ធ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដែរ។ គេ​ហៅ​អំពើ​ដូច្នោះ​ថា ក្បត់​សេចក្តី​ទុក​ចិត្ត​ពី​សាធារណជន ឬ​អង់គ្លេស​ហៅ​ថា Betrayal of Public Trust។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​នៅ​ក្រុង​ហ្សឺណែវ នៅ​ដើម​ខែ​ធ្នូ​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ ៖ «ដូច​ជា​គ្មាន​អ្វី​ប្លែក​ដែល​យើង​ធ្លាប់​តែ​ឮ​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ឃើញ​ថា ឥឡូវ​នេះ​ដោយសារ​មាន​ប្រទេស​មួយ​ចំនួន​គេ​បាន​លើក​បញ្ហា​ទាំង​អស់​ហ្នឹង​មក​ហើយ សូម​សំណូមពរ​ដោយ​គួរ​សម ដោយ​ចិត្ត​គេ​ល្អ គេ​ចង់​ឃើញ​ប្រទេស​ជាតិ​បាន​រុង​រឿង ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​លោក​នឹង​យក​ទៅ​ពិចារណា ហើយ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ»

ក្រៅពី​សេរីភាព​សារ​ព័ត៌មាន​ដែល​ជា​មាគ៌ា​នាំ​ដំណឹង​ពី​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​រដ្ឋ​អំណាច​ដឹង និង​ពី​រដ្ឋ​អំណាច​ទៅ​ឲ្យ​ពលរដ្ឋ​ដឹង មាន​របាយការណ៍​ជា​ច្រើន​និយាយ​អំពី​ភាព​មិន​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។

ចំពោះ​រឿង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅ​និង​ពី​ដី​បង្ក​បង្កើន​ផល ក៏​ស្នងការ​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប. ធ្លាប់​ចាត់​ទុក​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ពលរដ្ឋខ្មែរ​ដែរ។ ហេតុ​ការណ៍​ទាំង​អស់​នោះ ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​របប​គ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល​ទាំង​៣​អាណត្តិ​កន្លង​មក នៅ​ក្រោម​កិច្ច​ដឹក​នាំ​នៃ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បង្ក​ឲ្យ​មាន​សំណួរ​ដូច្នេះ​ពី​ពលរដ្ឋ​ខ្មែរ​ស្នេហា​សិទ្ធិ​និង​សេរីភាព៖ តើ​ពាក្យ​ពេចន៍​មេ​ដឹកនាំ​រដ្ឋាភិបាល​ថ្លែង​ប្រកាស​ជា​សាធារណៈ​ជា​ញឹកញាប់​ថា គោរព​និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ពលរដ្ឋ​ខ្មែរ​នោះ ជា​ពាក្យ​ពិត​ឬ​មិន​ពិត?

ទោះ​ជា​យ៉ាង​ណា​ក្តី មន្រ្តី​រាជ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ពិភពលោក​នៅ​ប្រទេស​ស្វ៊ីស នៅ​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​សិទ្ធិ​មនុស្ស​គ្មាន​ប្រទេស​ណា​ហ៊ាន​អះអាង​ថា គេ​អាច​អនុវត្ត​បាន​សម្រេច​កិច្ច​ឥត​ខ្ចោះ​នោះ​ទេ។

លោក អ៊ិត រ៉ាឌី រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​បាន​ខំ​ប្រឹង ថ្វី​បើ​មិន​ទាន់​បាន​លទ្ធផល​គួរ​ជា​ទី​ពេញ​ចិត្ត។

លោក អ៊ិត រ៉ាឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ដំណាក់កាល​កំពុង​តែ​ធ្វើការ​អភិវឌ្ឍន៍ ដូច្នេះ​អ្វីៗ​មិន​ទាន់​អាច​ហៅ​ថា​ល្អ​ទាំង​ស្រុង​ទេ អនុវត្ត​ទៅ​ឲ្យ​វា​ឥត​ខ្ចោះ​បាន​ទេ ដូច្នេះ​វា​នៅ​តែ​មាន​សល់​បញ្ហា​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ទៀត។ បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​យើង​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កន្លង​មក អ្វី​ដែល​គេ​លើក​ឡើង​ហើយ​ក្នុង​គោល​បំណង​មួយ​ថា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ឈាន​ឡើង យើង​នឹង​ទទួល​យក​បញ្ហា​នេះ​ដើម្បី​ទៅ​សិក្សា រក​វិធី​សាស្រ្ដ​ធ្វើ​យ៉ាង​ណា​ដើម្បី​យើង​អនុវត្ត​ទៅ​ឲ្យ​វា​បាន​កាន់​តែ​ល្អ​ថែម​ទៀត»

លោក អ៊ុំ វិសាល មន្រ្តី​ទទួល​បន្ទុក​ផ្នែក​ច្បាប់​នៃ​សហជីព​ការងារ​ឈ្មោះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​បង្ហាញ​អំពី​របៀប​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ជា​កម្មករ​រោងចក្រ​ថា មាន​ច្រើន​សណ្ឋាន ដែល​គេ​ពិបាក​ជឿ​បើ​សិន​ជា​មិន​ដឹង​រឿង​ច្បាស់។

លោក អ៊ុំ វិសាល បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កម្មករ​កម្មការិនី​នៅ​តាម​បណ្ដា​រោងចក្រ​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០០៩​នេះ។ បញ្ហា​ហ្នឹង​គឺ​និយោជក​មួយ​ចំនួន​បិទ​រោងចក្រ​នៅ​ទីតាំង​ចាស់ រួច​ហើយ​គាត់​បើក​នៅ​ទីតាំង​ថ្មី គឺ​មិន​បាន​គិត​គូរ​អំពី​ប្រាក់​បំណាច់​ការងារ​របស់​កម្មករ​ទេ។ បញ្ហា​ទី​២ ទាក់ទង​នឹង​ការ​បើក​ទី​តាំង​ថ្មី គឺ​និយោជក​ទាំង​អស់​នោះ​បាន​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​កិច្ចសន្យា​ថ្មី ហើយ​កិច្ចសន្យា​ថ្មី​នោះ​គឺ​ជា​កិច្ចសន្យា​ខ្លីៗ​សម្រាប់​ការ​អនុវត្ត​ការងារ លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ ហើយ​បញ្ហា​នោះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ផ្ដាច់​កិច្ចសន្យា​បញ្ឈប់​ការងារ​នៅ​ពេល​ដែល​ពួកគេ​រៀបចំ​សហជីព​កើត​ឡើង​នៅ​តាម​បណ្ដា​រោងចក្រ​ហ្នឹង។ បញ្ហា​រំលោភ​សិទ្ធិ​ទី​៣ ទាក់ទង​ទៅ​នឹង​ការ​រើស​អើង ស្ថានភាព​ការងារ ទាក់ទង​នឹង​ការ​ទម្លាក់​ប្រាក់​ខែ​និង​ការ​បាត់បង់​ការងារ​ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ភាគី​និយោជក ហើយ​ក្នុង​ស្ថានភាព​នេះ យើង​មើល​ឃើញ​ថា យើង​អត់​សូវ​បាន​ទទួល​ការ​ជួយ​គាំពារ​ពី​សំណាក់​ស្ថាប័ន​របស់​រដ្ឋ​ទេ»

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល