ពាក្យស្លោកក្នុងទិវាសិទ្ធិមនុស្សឆ្នាំ២០០៩ ខួបទី៦១គឺ ឱបក្រសោបយកភាពផ្សេងៗគ្នា បញ្ឈប់ភាពប្រកាន់រើសអើងរវាងគ្នានឹងគ្នា ដែលសំដៅឲ្យមនុស្សគ្រប់រូបយល់ថា មនុស្សលោកកើតមកមានសេរីភាពនិងសមភាពក្នុងសេចក្តីថ្លៃថ្នូរនិងក្នុងសិទ្ធិជាមនុស្ស។
ក្នុងខួបទី៦១នៃកំណើតសេចក្តីប្រកាសសកលស្តីអំពីសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ (អ.ស.ប) ថ្ងៃទី១០ ខែធ្នូ កាលពីឆ្នាំ១៩៤៨ អគ្គលេខាធិការអ.ស.ប. លោក បាន គីមូន (Ban Ki-moon) បានថ្លែងប្រាប់ពិភពលោកដោយសង្ខេបថា ជារឿយៗរដ្ឋាភិបាលនានាខ្វះឆន្ទៈនយោបាយដើម្បីប្រតិបត្តិតាមក្បួនខ្នាតអន្តរជាតិ ដែលគេបានទទួលយកដោយសេរីគ្មានការបង្ខំនោះ។ គេគួរតែធានាថា សិទ្ធិមនុស្សជាធាតុពិតរស់រវើក ហើយធ្វើយ៉ាងណាឲ្យមនុស្សម្នាគ្រប់រូបនិងគ្រប់ទិសទីបានដឹង បានយល់និងបានរីករាយនឹងសិទ្ធិរបស់គេ។
លោក បាន គីមូន(Ban Ki-moon) អគ្គលេខាធិការអ.ស.ប បានបង្កើតបណ្តាញមួយឲ្យឈ្មោះថា បណ្តាញមេដឹកនាំជាបុរស ដើម្បីចង់ឲ្យមនុស្សប្រុសដើរតួជាគំរូក្នុងយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្រីភេទ។ លោកថ្លែងនៅថ្ងៃអង្គារ ២៤ វិច្ឆិកា ថា ជាអំពើមួយទទួលយកមិនបានទេ ដែលស្រីភេទ៧០% នៅតំបន់ជាច្រើនក្នុងពិភពលោកប្រទះនឹងអំពើហិង្សាពីបុរស ហើយភាគច្រើនគឺមកពីស្វាមីរបស់ខ្លួនផ្ទាល់ ពីអ្នករស់នៅជិតស្នីទជាមួយគ្នា ឬមួយពីអ្នកដែលស្គាល់គ្នា។
អ្នកស្រី ណាវី ភីឡៃ (Navi Pillay) ស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអ.ស.ប ថ្លែងក្នុងខួបទី៦១នេះ ដែលនឹងប្រារព្ធនៅប្រទេសអាហ្រ្វិកខាងត្បូងថា ការប្រកាន់រើសអើងស្ថិតជាប់នៅនឹងដើមហេតុជាច្រើននៃបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតនោះ។ គ្មានប្រទេសណាមួយគេចផុតពីបញ្ហាសិទ្ធិមនុស្សនេះទេ។ ការបំបាត់ចោលនូវការប្រកាន់រើសអើង គឺជាភារកិច្ចមួយដ៏ចម្បងត្រូវបំពេញមុនគេ។
ក្នុងពេលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃទី១០ ធ្នូ នេះ តើសិទ្ធិមនុស្សជាពលរដ្ឋខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៩នេះ មានការរីកចម្រើនដល់កម្រិតណា? ពលរដ្ឋខ្មែរណាអាចធ្វើអ្វីបាន ពលរដ្ឋខ្មែរណាមិនអាចធ្វើអ្វីបានហើយដោយសារអ្វី?
លោក សួន វិសាល មេធាវីនៅក្នុងសមាគមគណៈមេធាវីកម្ពុជា បានចាប់អារម្មណ៍ក្នុងពិធីជួបជុំមួយនាទីក្រុងភ្នំពេញ មួយថ្ងៃមុនពិធីប្រារព្ធទិវាសិទ្ធិមនុស្ស ដោយយោងទៅតាមសេចក្តីប្រកាសសកលនៃអ.ស.ប ហើយនិងខ្លឹមសារក្នុងរដ្ឋធម្មនុញ្ញប្រទេសខ្លះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយយកច្បាប់ជាត្រីមុខដើម្បីរក្សាយុត្តិធម៌ក្នុងសង្គមថា មនុស្សលោកកើតមកមានសិទ្ធិដូចគ្នាមិនអាចដកចេញបានឡើយ។
លោក សួន វិសាល មានប្រសាសន៍ដូច្នេះ ៖ «សិទ្ធិសេរីភាពយើងអាចមាន ប៉ុន្តែបើសិនជាយើងអត់ទាមទារវា គឺយើងអត់មានរហូត គឺថា ព្រះជាម្ចាស់មិនអាចផ្ដល់សិទ្ធិសេរីភាពទេ បើសិនជាប្អូនមិនចេះទាមទារ ទោះបីជាច្បាប់ផ្ដល់ឲ្យប្អូនហើយក៏ដោយ»។
តើក្រុមមេដឹកនាំធំៗក្នុងពិភពលោកមូលមតិគ្នាអនុម័តសេចក្តីសម្រេចចិត្តលេខ២១៧អា ហើយប្រកាសធម្មនុញ្ញសកលដែលមាន៣០មាត្រាកាលពី៦០ឆ្នាំមុន រួមនឹងការបើកសន្និសីទ ក្រោយមកទៀតមានសន្និសីទពិភពលោកស្តីអំពីសិទ្ធិមនុស្សនៅក្រុងវីយ៉ែន ប្រទេសអូទ្រីស ថ្ងៃ២៥ ខែឧសភា ឆ្នាំ១៩៩៣ ជាដើម ដែលហៅថា សេចក្តីប្រកាសក្រុងវីយ៉ែននោះ គេមានមូលហេតុដូចម្តេចខ្លះបានជាទាមទារឲ្យមានការគោរពនិងការពារសិទ្ធិរបស់មនុស្ស?
មេដឹកនាំទាំងនោះយល់ដឹងថា មនុស្សម្នាក់ៗកើតមកមានសិទ្ធិមួយចំនួនមកជាប់នឹងខ្លួន មិនថាមានឋានៈ ឬវណ្ណៈជាអ្វីនោះទេ។ នៅក្នុងសង្គមប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម ការគោរពសិទ្ធិមនុស្សមិនសំដៅតែការមិនរំលោភបំពារបំពានលើរាងកាយមនុស្សប៉ុណ្ណោះទេ អំពើស៊ីសំណូកសូកប៉ាន់ បន្លំ គៃបំបាត់ថវិកា ឬធនធានធម្មជាតិជាសម្បត្តិរដ្ឋ ក៏គេចាត់ទុកជាប្រភេទនៃការរំលោភសិទិ្ធពលរដ្ឋជាម្ចាស់ឆ្នោតដែរ។ គេហៅអំពើដូច្នោះថា ក្បត់សេចក្តីទុកចិត្តពីសាធារណជន ឬអង់គ្លេសហៅថា Betrayal of Public Trust។
អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍នៅក្រុងហ្សឺណែវ នៅដើមខែធ្នូថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ដូច្នេះ ៖ «ដូចជាគ្មានអ្វីប្លែកដែលយើងធ្លាប់តែឮនៅប្រទេសកម្ពុជា ដូច្នេះហើយបានជាខ្ញុំចង់ឃើញថា ឥឡូវនេះដោយសារមានប្រទេសមួយចំនួនគេបានលើកបញ្ហាទាំងអស់ហ្នឹងមកហើយ សូមសំណូមពរដោយគួរសម ដោយចិត្តគេល្អ គេចង់ឃើញប្រទេសជាតិបានរុងរឿង ដូច្នេះខ្ញុំសង្ឃឹមថា រដ្ឋាភិបាលលោកនឹងយកទៅពិចារណា ហើយរកមធ្យោបាយដោះស្រាយបញ្ហាទាំងអស់នេះ»។
ក្រៅពីសេរីភាពសារព័ត៌មានដែលជាមាគ៌ានាំដំណឹងពីប្រជាពលរដ្ឋទៅឲ្យរដ្ឋអំណាចដឹង និងពីរដ្ឋអំណាចទៅឲ្យពលរដ្ឋដឹង មានរបាយការណ៍ជាច្រើននិយាយអំពីភាពមិនស្មើគ្នានៅចំពោះមុខច្បាប់។
ចំពោះរឿងប្រើកម្លាំងប្រដាប់អាវុធបណ្តេញប្រជាពលរដ្ឋពីលំនៅនិងពីដីបង្កបង្កើនផល ក៏ស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអ.ស.ប. ធ្លាប់ចាត់ទុកជាអំពើរំលោភសិទ្ធិមនុស្សជាពលរដ្ឋខ្មែរដែរ។ ហេតុការណ៍ទាំងអស់នោះ ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមរបបគ្រប់គ្រងរបស់រាជរដ្ឋាភិបាលទាំង៣អាណត្តិកន្លងមក នៅក្រោមកិច្ចដឹកនាំនៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បង្កឲ្យមានសំណួរដូច្នេះពីពលរដ្ឋខ្មែរស្នេហាសិទ្ធិនិងសេរីភាព៖ តើពាក្យពេចន៍មេដឹកនាំរដ្ឋាភិបាលថ្លែងប្រកាសជាសាធារណៈជាញឹកញាប់ថា គោរពនិងការពារសិទ្ធិមនុស្សជាពលរដ្ឋខ្មែរនោះ ជាពាក្យពិតឬមិនពិត?
ទោះជាយ៉ាងណាក្តី មន្រ្តីរាជរដ្ឋាភិបាលបានថ្លែងប្រាប់ពិភពលោកនៅប្រទេសស្វ៊ីស នៅពេលថ្មីៗនេះថា បញ្ហាសិទ្ធិមនុស្សគ្មានប្រទេសណាហ៊ានអះអាងថា គេអាចអនុវត្តបានសម្រេចកិច្ចឥតខ្ចោះនោះទេ។
លោក អ៊ិត រ៉ាឌី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខំប្រឹង ថ្វីបើមិនទាន់បានលទ្ធផលគួរជាទីពេញចិត្ត។
លោក អ៊ិត រ៉ាឌី មានប្រសាសន៍ដូច្នេះ ៖ «ប្រទេសកម្ពុជាយើងនៅក្នុងដំណាក់កាលកំពុងតែធ្វើការអភិវឌ្ឍន៍ ដូច្នេះអ្វីៗមិនទាន់អាចហៅថាល្អទាំងស្រុងទេ អនុវត្តទៅឲ្យវាឥតខ្ចោះបានទេ ដូច្នេះវានៅតែមានសល់បញ្ហាជាច្រើនដែលយើងត្រូវធ្វើទៀត។ បញ្ហាមួយចំនួនដែលរដ្ឋាភិបាលយើងខិតខំប្រឹងប្រែងធ្វើកន្លងមក អ្វីដែលគេលើកឡើងហើយក្នុងគោលបំណងមួយថា ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍឈានឡើង យើងនឹងទទួលយកបញ្ហានេះដើម្បីទៅសិក្សា រកវិធីសាស្រ្ដធ្វើយ៉ាងណាដើម្បីយើងអនុវត្តទៅឲ្យវាបានកាន់តែល្អថែមទៀត»។
លោក អ៊ុំ វិសាល មន្រ្តីទទួលបន្ទុកផ្នែកច្បាប់នៃសហជីពការងារឈ្មោះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញអំពីរបៀបរំលោភសិទ្ធិពលរដ្ឋខ្មែរជាកម្មកររោងចក្រថា មានច្រើនសណ្ឋាន ដែលគេពិបាកជឿបើសិនជាមិនដឹងរឿងច្បាស់។
លោក អ៊ុំ វិសាល បានឲ្យដឹងដូច្នេះ ៖ «កម្មករកម្មការិនីនៅតាមបណ្ដារោងចក្រមួយចំនួនប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្សច្រើន ដែលកើតឡើងនៅឆ្នាំ២០០៩នេះ។ បញ្ហាហ្នឹងគឺនិយោជកមួយចំនួនបិទរោងចក្រនៅទីតាំងចាស់ រួចហើយគាត់បើកនៅទីតាំងថ្មី គឺមិនបានគិតគូរអំពីប្រាក់បំណាច់ការងាររបស់កម្មករទេ។ បញ្ហាទី២ ទាក់ទងនឹងការបើកទីតាំងថ្មី គឺនិយោជកទាំងអស់នោះបានឆ្លៀតឱកាសប្រើប្រាស់កិច្ចសន្យាថ្មី ហើយកិច្ចសន្យាថ្មីនោះគឺជាកិច្ចសន្យាខ្លីៗសម្រាប់ការអនុវត្តការងារ លក្ខខណ្ឌការងារសម្រាប់កម្មករ ហើយបញ្ហានោះគឺធ្វើឲ្យមានការប្រឈមមុខជាមួយនឹងការផ្ដាច់កិច្ចសន្យាបញ្ឈប់ការងារនៅពេលដែលពួកគេរៀបចំសហជីពកើតឡើងនៅតាមបណ្ដារោងចក្រហ្នឹង។ បញ្ហារំលោភសិទ្ធិទី៣ ទាក់ទងទៅនឹងការរើសអើង ស្ថានភាពការងារ ទាក់ទងនឹងការទម្លាក់ប្រាក់ខែនិងការបាត់បង់ការងារដោយមិនមានការទទួលខុសត្រូវរបស់ភាគីនិយោជក ហើយក្នុងស្ថានភាពនេះ យើងមើលឃើញថា យើងអត់សូវបានទទួលការជួយគាំពារពីសំណាក់ស្ថាប័នរបស់រដ្ឋទេ»៕