វិធី​ព្យាបាល​រោគ​ដោយ​ការ​ទទួល​ទាន​ទឹក (ភាគ​៣)

ចលនា​ព្យាបាល​រោគ​ដោយ​ការ​ទទួល​ទាន​ទឹក ដែល​ជា​ភាសា​បរទេស​ហៅ​ថា Water cure ឬ hydropathy ដែល​ខ្ញុំ​បាទ​បាន​លើក​យក​មក​ជម្រាប​ម្តង​ជា​ពីរ​ដង​ហើយ​នោះ បាន​ធ្វើ​ឲ្យ​កើត​ជា​សំណួរ​ចង់​ដឹង​ពី​មិត្ត​អ្នក​ស្តាប់​កាន់​តែ​ច្រើន។

0:00 / 0:00

ខ្លះ​សួរ​ថា តើ​វិធី​នេះ​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​អធិប្បាយ​បាន​តាម​វិធី​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ឬ​ក៏​គ្រាន់​តែ​ជា​តម្រា​បាន​ពី​ការ​យល់​សប្តិ​យល់​សូង​ប៉ុណ្ណោះ? ខ្លះ​ចង់​ដឹង​ថែម​ទៀត​ថា ប្រាកដ​ជា​មាន​មនុស្ស​សះ​ជា​ពី​ជំងឺ​តម្កាត់​ដោយសារ​ការ​ផឹក​ទឹក​មែន​ឬ ដូច្នេះ​ជា​ដើម?

ថ្ងៃ​នេះ ខ្ញុំ​សុំ​លើក​យក​សម្តី​របស់​លោក ចាន់ សារុំ មន្ត្រី​រដ្ឋករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ មក​ជម្រាប​បន្ថែមទៀត។ ខ្ញុំ​បាទ​បាន​ជួប​លោក សារុំ និង​គ្រួសារ​នៅ​ឯ​អាហារដ្ឋាន​មួយ​កន្លែង​កាល​ពី​រាត្រី​មួយ​នោះ។

លោក សារុំ រាង​ស្តើង​សំបុរ​ស្រអែម​មុខ​មាត់​បង្ហាញ​ពី​សុខភាព​ល្អ បើ​មិន​ប្រាប់​ច្បាស់​ជា មិន​ដឹង​ថា លោក​ធ្លាប់​មាន​ជំងឺ​តម្កាត់​ច្រើន​មុខ​ឡើយ គឺ​លោក​មាន​ជំងឺ​តាំង​ពី​វិល​មុខ​ជា​ប្រចាំ ឫស​ដូង​បាត លើស​ឈាម​ដល់​ចុក​ដៃ​ចុក​ជើង​និង​បត់​ជើង​តូច​រាល់​យប់​មួយ​យប់ៗ​ជា​ច្រើន​ដង​ទាំង​ដែល​លោក​មាន​អាយុ​ទើប​នឹង​ ៥០​ប្លាយ​ប៉ុណ្ណោះ។ ដើម​ឡើយ លោក​បាន​ទទួល​ការ​ណែនាំ​ពី​លោក ឆុង ទីន ដែល​មុន​លោក​ត្រូវ​តែងតាំង​ជា​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ ក្រុង​រ៉ង់ហ្គូន លោក​ជា​មន្ត្រី​ធំ​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស។

លោក សារុំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ឯកឧត្ដម ឆុង ទីន មុន​ដំបូង គាត់​សួរ​ខ្ញុំ​ពី​រឿង​អ្នក​ដំបៅ​ងារ អ្នក​ខេត្ត​កំពង់ចាម ស្គន់​នេះ គាត់​ថា បើ​ដំបៅ​ងារ​យក​អី​អ៊ឹម​លាប​បាន​ទេ? ខ្ញុំ​ថា លាប​អីអ៊ឹម​ជា​តើ​ដំបៅងារ ហើយ​កើត​ឫស​ដូង​បាត​ក៏​លាប​ជា​ដែរ។ ហើយ​ឯកឧត្ដម ឆុង ទីន គាត់​និយាយ​ថា អត់​ទេ​ខ្ញុំ​ពិសោធ​ហូប​ទឹក ៥​ខែ​ជា​ឫស​ដូង​បាត ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​និយាយ​ថា​មិន​ជឿ​គាត់​ទេ ព្រោះ​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ដល់​អ៊ីចឹង យើង​រឿង​អី​ថា គាត់​ភ​យើង ប៉ុន្តែ​គ្រាន់​តែ​ថា ក្នុង​ចិត្ត​អត់​ជឿ ហើយ​គាត់​ក៏​មិន​មែន​នឹក​ឃើញ​ថា គាត់​ប្រូ​[កុហក]​យើង​ដើម្បី​លក់​ទឹក​ទេ ព្រោះ​គាត់​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ឯណោះ គាត់​ក៏​ថា​បើ​ខ្ញុំ​ទំនេរ ឲ្យ​ខ្ញុំ​ទៅ​ជួប​គាត់​នៅ​ក្រសួង​ការ​បរទេស។ ដល់​ខ្ញុំ​ទៅ​ជួប​គាត់​នៅ​ក្រសួង​ការ​បរទេស គាត់​សរេសរ​សៀវភៅ​ហ្នឹង​ដាក់​ឲ្យ​ខ្ញុំ​ថា ជូន​ប្អូន សារុំ ទុក​ជា​ការ​រាប់អាន។ អ៊ីចឹង​យក​មក​ដល់​ខ្ញុំ​ចាប់​ហូប​អនុវត្ត​តាម​សៀវភៅ»

លោក សារុំ មាន​ប្រសាសន៍​ថា ក្រោយ​លោក​បដិបត្តិ​តាម​សៀវភៅ​ដែល​បាន​ទទួល ពី​លោក ឆុង ទីន លោក​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​យ៉ាង​គួរ​ឲ្យ​អស្ចារ្យ​ក្នុង​ចិត្ត ៖ «ដល់​ខ្ញុំ​ចាប់​ផ្ដើម​ហូប​តាម​សៀវភៅ​អ៊ីចឹង យប់​ឡើង​យើង​នោម ជួន​កាល​វា​មីង​មាំងៗ​ចង់​ដួល ដល់​យើង​ហូប​ពី ៧​ថ្ងៃ​ទៅ ១០​ថ្ងៃ​ហ្នឹង ភ្ញាក់​ឡើង​ដូច​ស្រឡះ​ក្នុង​ចិត្ត។ ពី​មុន​មិន​ទាន់​ហូប​ទឹក​ខ្ញុំ​នោម​ច្រើន​ណាស់​យប់​ឡើង តិច​បំផុត ៥​ដង ពេល​ដែល​ខ្ញុំ​ហូប​ទឹក​បាន​ពី​មួយ​អាទិត្យ​ទៅ ១០​ថ្ងៃ ខ្ញុំ​នោម​មួយ​យប់​តែ ២​ដង​ទេ ពី​ម៉ោង ១០​នោម​ម្ដង ហើយ​ម៉ោង ៥ ដែល​ខ្ញុំ​ហូប​ទឹក​ហ្នឹង​ម្ដង តែ ២​ដង​ទេ។ យើង​ហូប​ពេល​ព្រឹក។ ដល់​យើង​ហូប​បាន​រយៈពេល​ពី ១​ខែ​ឡើង​ទៅ ក្នុង​ខ្លួន​យើង​ដូច​ថា អារម្មណ៍​យើង​សប្បាយ​រីករាយ​ខ្លួន​យើង ភ្ញាក់​ឡើង​ដូច​សប្បាយ​ចិត្ត​តែ​ម្ដង គ្មាន​កង្វល់​អី»

លោក​អួត​សរសើរ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​វិធី​នេះ​ថា ៖ «ដល់​អ៊ីចឹង ចេះ​តែ​នឹក​ឃើញ​ថា ចាស់ៗ​ដែល​គាត់​មាន​រោគ​ដូចជា​ទឹក​នោម​ផ្អែម លើស​ឈាម​អី​ហ្នឹង​អាណិត​គាត់ ក៏​ចេះ​តែ​ចែក​ជូន​គាត់​សម្បទាន​ជូន​គាត់ ហើយ​មិន​មែន​ផ្សាយ​ដើម្បី​លក់​ទឹក លក់​សៀវភៅ​ទេ ជូន​ដោយ​សុទ្ធ​ចិត្ត​របស់​យើង​ហ្នឹង​តែ​ម្ដង ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បាន​រស់​ទាំង​អស់​គ្នា ពីព្រោះ​ថា ចំណាយ​បើ​យើង​ទៅ​លេប​ថ្នាំ​អីៗក៏​វា​អស់​លុយ​ច្រើន ប៉ុន្តែ​បើ​យើង​ហូប​ទឹក វិធី​ព្យាបាល​នេះ​ដោយ​អត់​អស់​លុយ ហើយ​វា​អត់​មាន​ប៉ះពាល់​ទៅ​ថា ប្រតិកម្ម​ដូច​ថ្នាំ​យើង​លេប​ហួស​កម្រិត​អី​អ៊ីចេះ អ៊ីចុះ​គឺ​អត់​មាន​ទេ»

ចំពោះ​សំណួរ​ថា តើ​ទឹក​ប្រភេទ​ណា​ទើប​យក​មក​ទទួល​ទាន​ដើម្បី​ព្យាបាល​រោគ​បាន? លោក ចាន់ សារុំ អធិប្បាយ​ដូច្នេះ ៖ «ទឹក​ដែល​យើង​ហូប​ហ្នឹង ទី​១ គឺ​យើង​បើក​ពី​រ៉ូប៊ីណេ​មក​ផ្ទាល់ កុំ​ឲ្យ​ថា​យើង​បើក​ពី​រ៉ូប៊ីណេ កុំ​ឲ្យ​ថា ដាក់​ពាង ដាក់​ធុង ដាក់​អាង​អី​អាហ្នឹង​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ បើ​ថា​បើក​ពី​រ៉ូប៊ីណេ​ហើយ យើង​យក​ដប​ទៅ​ត្រង​ហើយ យើង​បិទ​គម្រប​ទុក ព្រលឹម​ឡើង​យើង​ផឹក​ល្អ មាន​ប្រសិទ្ធភាព ហើយ​បើ​ដូច​នៅ​តាម​ជនបទ​អី​ទឹក​យើង​ដាំ ជនបទ​វា​អត់​មាន​ទឹក​ម៉ាស៊ីន​ប្រើ​បាន​ល្អ យើង​ដាំ​ទៅ ច្រក​ដប​ទុក​ដូចគ្នា។ ហើយ​ឪ​ក្មេក​ខ្ញុំ​និយាយ​ជាក់​ស្ដែង​គាត់​ឡើង​ឈាម ១០​ឆ្នាំ​ហើយ គាត់​ទៅ​ពេទ្យ​នៅ​ពិភព​ក្រុង ហើយ​កាត់​កើត​ឫស​ដូង​បាត​ហ្នឹង ចូល​ម្ភៃ​ឆ្នាំ ឥឡូវ​ឫស​ដូង​បាត​គាត់​រួញ​ចង់​អស់​ហើយ ហើយ​ថ្ងៃ​មុន​ខ្ញុំ​ទៅ​គាត់ ដូច​ឃើញ​គាត់​សប្បាយ​រីករាយ ហើយ​ពី​មុន​ឡើង​ឈាម​ថ្នាក់​ហ៊ឹង​ស្លឹក​ត្រចៀក ឥឡូវ​ត្រចៀក​គាត់​ក៏​និយាយ​ស្ដាប់​បាន​គួរ​សម​របស់​គាត់​វិញ ដល់ ៧០%»

មិត្ត​អ្នក​ស្តាប់​ខ្លះ ព្រមាន​ថា គប្បី​កុំ​ទទួល​ទាន​ទឹក​ច្រើន​ហួស​ពេក ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាន គឺ​អាច​ពុល​ទឹក ដែល​ភាសា​ពេទ្យ​ហៅ​ថា Hyponatremia ឬ Water intoxication ដែល​ច្រើន​កើត​នឹង​អ្នក​កីឡា​ប្រភេទ​រត់​ម៉ារ៉ាតុង គឺ​ថា កាលណា​បែក​ញើស​ច្រើន​រាង​កាយ​ខ្វះទឹក​ខ្វះ​សារធាតុ​អំបិល អាច​ធ្វើ​ឲ្យ​ចង់​ផឹក​ទឹក​ក្នុង​បរិមាណ​ច្រើន​ហួសហេតុ​ក្នុង​រយៈពេល​ខ្លី ការ​នេះ​ធ្លាប់​មាន​មនុស្ស​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជីវិត​ច្រើន​ករណី​មក​ហើយ។

ចំពោះ​រឿង​ផឹក​ទឹក​ច្រើន​ហួសពេក​នេះ លោក​វេជ្ជបណ្ឌិត Batmanghelidj ដែល​ជា​គ្រូ​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក នាំ​មុខ​គេ​ខាង​ជំរុញ​ឲ្យ​ទទួល​ទាន​ទឹក​ដើម្បី​ព្យាបាល​រោគ បាន​មាន​ប្រសាសន៍​ក្នុង​នាទី​ទូរទស្សន៍​មួយ កាល​ពី​មុន លោក​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ​២០០៤ ថា ៖ «ខ្ញុំ​ពុំ​បាន​និយាយ​ថា ទឹក​គឺ​ជា​អ្វី​ដែល​លោក​អ្នក​គប្បី​ទទួល​ទាន​ឲ្យ​ច្រើន​ហួសហេតុ​នោះ​ទេ ព្រោះ​វា​នឹង​ទៅ​បន្សាប​សារធាតុ​រ៉ែ​ក្នុង​ខ្លួន​មនុស្ស​អស់ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ទទួល​ទាន​ធាតុ​រ៉ែ​បន្ថែម​ដើម្បី​យក​ទៅ​ជំនួស​ធាតុ​រ៉ែ ដែល​ត្រូវ​លាង​បញ្ចេញ​មក​ក្រៅ​នេះ បើ​សិន​ជា​គេ​ប្រាថ្នា​ចង់​មាន​សុខភាព​ល្អ»

សូម​ជម្រាប​ថា សារធាតុ​រ៉ែ​មាន​ច្រើន​យ៉ាង​ណាស់​ដែល​រាង​កាយ​មនុស្ស​ចាំបាច់​ត្រូវ​មាន​តែ​ដែល​សំខាន់​គឺ​ប៉ូតាស្យូម និង​សូឌីយ៉ូម ឬ សារធាតុ​អំបិល។ ដូច្នេះ​ហើយ​ទើប​ចលនា Water cure របស់​លោក​វេជ្ជបណ្ឌិត Batmanghelidj ណែនាំ​ឲ្យ​សមាជិក​ទទួល​ទាន​ចេក​និង​បន្លែ​ផ្លែ​ឈើ​ដទៃ​ទៀត​ដែល​មាន​ធាតុ​ប៉ូតាស្យូម ហើយ​ឲ្យ​លាយ​អំបិល​ក្នុង​ទឹក​បន្តិច​ផង។

លោក បប់ បាត់ នៃ​ទីក្រុង​ឈីកាហ្គោ (Chicago) ដែល​ជា​អ្នគាំទ្រ​វិធី Water Cure របស់​លោក​វេជ្ជបណ្ឌិត Batmanghelidj មាន​ប្រសាសន៍​ថា ត្រូវ​លាយ​អំបិល​ក្នុង​ទឹក​ដែល​ទទួល​ទាន​នោះ គឺ​ប្រើ​អំបិល​មួយ​ភាគ​បួន​នៃ​កូន​ស្លាបព្រា​កាហ្វេ​សម្រាប់​ទឹក​មួយ​លីត្រ៕