មន្ត្រី​ជំនាញ​បង្ហាញ​ពី​វិធី​បន្សុទ្ធ​ទឹក​ដោយ​ប្រើ​កាំរស្មី​ព្រះអាទិត្យ

មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​បាន​រក​ឃើញ​វិធីសាស្ត្រ​សាមញ្ញ​មួយ ដើម្បី​សម្លាប់​មេ​រោគ​ក្នុង​ទឹក​សម្រាប់​កុមារ​ចាប់​ពី​អាយុ ៥​ឆ្នាំ​ចុះ​ផឹក បង្ការ​ជំងឺ​រាករូស ដោយ​គ្រាន់​តែ​ដាក់​ទឹក​ចូល​ដប​ផ្លាស្ទីក​ថ្លា​ម៉្យាង ហើយ​ដាក់​ហាល​ថ្ងៃ​រយៈពេល ៦​ម៉ោង​ជា​ការ​ស្រេច។

0:00 / 0:00

អង្គការ ឃែរ ខេមបូឌា (Care Cambodia) បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង អំពី​បច្ចេក​ទេស​សម្លាប់​មេរោគ​ក្នុង​ទឹក​មិន​ស្អាត​មួយ ឈ្មោះ​ថា «បច្ចេកទេស​កម្ចាត់​មេរោគ​ដោយ​ប្រើប្រាស់​កាំរស្មី​ព្រះ​អាទិត្យ» ហៅ​កាត់​ជា​ភាសា​បរទេស​ថា សូឌិស (SODIS) គឺ​គ្រាន់​តែ​ច្រក​ទឹក​ដែល​គេ​មិន​ទាន់​សម្អាត​ ដូច​ជា​ទឹក​អណ្តូង ត្រពាំង បឹងបួ ចូល​ក្នុង​ដប​ផ្លាស្ទីក​ថ្លា ហើយ​ដាក់​ហាល​ពន្លឺ​ថ្ងៃ​រយៈ​ពេល ៦​ម៉ោង ទឹក​នោះ​នឹង​មាន​គុណភាព​ល្អ​ដូច​ជា​ទឹក​ដែល​គេ​ដាំ​ពុះ​ដូច្នោះ​ដែរ។

កម្មវិធី​បន្សុទ្ធ​ទឹក​ដោយ​ពន្លឺ​ព្រះអាទិត្យ សូឌិស​នេះ អ្នក​ស្រុក​នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង ព្រៃវែង ភាគ​ច្រើន​យល់​ដឹង និង​កំពុង​ប្រើ​ប្រាស់​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភព​លោក និង​អង្គការ​យូនីសេហ្វ (UNICEF)។ ឯកសារ​របស់​អង្គការ ឃែរ ខេមបូឌា បង្ហាញ​ថា មេរោគ​រាករូស​នៅ​ក្នុង​ទឹក​ដែល​ដាក់​ដប ស៊ូឌិស ត្រូវ​ងាប់​បន្ទាប់​ពី​ដាក់​ហាល​ថ្ងៃ ៦​ម៉ោង ដោយសារ​ឥទ្ធិពល​រស្មី​ពន្លឺ​ព្រះអាទិត្យ និង​រស្មី​អ៊ុលត្រាវីយ៉ូឡេ ចាប់​យក​ផ្តុំ​គ្នា​ធ្វើ​ឲ្យ​មេរោគ​នៅ​ក្នុង​ទឹក​អសកម្ម។

លោក ញឹម សារ៉េត ប្រធាន​មណ្ឌល​សុខភាព​មួយ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ដែល​ជា​ស្រុក​មួយ ក្នុង​ចំណោម​ស្រុក​ផ្សេង​ទៀត​របស់​ខេត្ត​ទាំង​ពីរ ព្រៃវែង និង ស្វាយរៀង ដែល​អង្គការ ឃែរ ខេមបូឌា ពិសោធន៍​កម្មវិធី​បន្សុទ្ធ​ទឹក​នេះ​បញ្ជាក់​ថា ៖ «គ្រាន់​បើ​ជាង​យើង​ដាំ​ទឹក ព្រោះ​យើង​ខាង​ហ្នឹង​អត់​មាន​ឧស​មាន​អី វា​ចំណេញ​ច្រើន។ ដូច​យើង​ហូប​ទឹក​ឆ្អិន (ទឹក​ដាំ​ពុះ) វា​បន្ថយ​ការ​រាករូស ហើយ​វា​បន្ថយ​ថវិកា​មិន​បាច់​ទិញ​ឧស​ទិញ​អី​ទៀត»

ឯកសារ​របស់​អង្គការ ឃែរ ខេមបូឌា បង្ហាញ​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បន្សុទ្ធ​ទឹក​នេះ​ បានផ្តល់​ប្រយោជន៍​បំផុត​សម្រាប់​កុមារ​ប្រើប្រាស់​ចាប់​ពី​អាយុ ៥​ឆ្នាំ​ចុះ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម ជា​ពិសេស​ចំពោះ​ប្រជាជន​ក្រីក្រ​រស់​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ឆ្ងាយ​ពី​មន្ទីរពេទ្យ។ ការ​ស្រាវ​ជ្រាវ​នោះ​មិន​បាន​បញ្ជាក់​អំពី​ប្រសិទ្ធភាព​ប្រើប្រាស់​របស់​មនុស្ស​ពេញ​វ័យ​ទេ ក៏​ប៉ុន្តែ​មាន​មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នៅ​ខេត្ត​ស្វាយរៀង និង​ព្រៃវែង​មួយ​ចំនួន​កំពុង​ប្រើប្រាស់​ដូច​កុមារ​អាយុ ៥​ឆ្នាំ​ដែរ។

គម្រោង​សិក្សារ​ស្រាវជ្រាវ​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​ខែ​មេសា ឆ្នាំ​២០០៧ ហើយ​ការ​ចុះ​ប្រមូល​ទិន្នន័យ​តាម​មូលដ្ឋាន​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​២០០៩។ គម្រោង​នេះ​មាន​គោល​បំណង​ពិនិត្យ​លើ​ប្រសិទ្ធភាព​ការ​អនុវត្ត​វិធី​សាស្ត្រ​ សូឌិស ប្រឆាំង​នឹង​មេរោគ​រាករូស​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា និង​សម្រាប់​ប្រើ​ប្រាស់​​ក្នុង​គ្រា​មាន​អាសន្ន ដូច​ជា​នៅ​ពេល​ទឹក​ជំនន់​ជា​ដើម។

ការ​ធ្វើ​ពិសោធន៍​នៅ​តាម​សហគមន៍​ ការ​ជ្រើសរើស​សំណាក​ប្រៀប​ធៀប​មិន​ប្រើ​ប្រាស់ សូឌិស និង​ការ​ជ្រើស​រើស​សំណាក​ដោយ​ចៃដន្យ ត្រូវ​បាន​អនុវត្តនៅ​តំបន់​ជនបទ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ហើយ​គ្រួសារ​មាន​កូន​ក្រោម​អាយុ ៥​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការអនុវត្ត​ស្រាវជ្រាវ​នេះ។ គ្រួសារ​ភាគ​ច្រើន​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ​ប្រើ​ទឹក​អណ្តូង​ដែល​មិន​បាន​សម្អាត​ល្អ សម្រាប់​ប្រើប្រាស់​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ។ សមាជិក​គ្រួសារ ១.០១៧​នាក់ គ្រួសារ​ដែល​សាក​ល្បង​អនុវត្ត​ត្រូវ​បាន​ផ្តល់​ដប​ទឹក​ផ្លាស្ទីក​ថ្លា​ចំណុះ ២​លីត្រ ដែល​ជា​ដប​ប្រភេទ ប៉ូលីអេទីឡែន តេរ៉េតាឡែត សម្រាប់​អនុវត្ត​វិធីសាស្ត្រ​នេះ។

យ៉ន ថន អ្នកភូមិ​អូរសង្កែ ឃុំ​ព្រៃឃ្នាស ស្រុក​មេសាង ​​ខេត្ត​ព្រៃវែង ​ដែល​កំពុង​​ប្រើប្រាស់​​វិធី​បន្សុទ្ធ​ទឹក បង្រៀន​ដោយ​អង្គការ ឃែរ ខែមបូឌា​នេះ ថ្លែង​ថា អ្នក​ស្រុក​ទាំង​ចាស់​ក្មេង​កំពុង​ប្រើប្រាស់​វិធី​នេះ ដោយ​គ្រាន់​តែ​យក​ដប​ទឹក​សុទ្ធ​ថ្លា​ស្អាត​ច្រក​ទឹក​ រួច​ធ្វើ​ធ្នើរ​កម្ពស់​ត្រឹម​ទ្រូង ដាក់​ស័ង្កសី​ឲ្យ​ចំ​ពន្លឺ​ថ្ងៃ រួច​ដាក់​​ហាល​ដប​ទឹក​ពី​លើ​រយៈ​ពេល ៦​ម៉ោង​ជា​ការ​ស្រេច។

អ្នកស្រី យ៉ន ថន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ច្រក​ឲ្យ​ពេញ​មួយ​ដប ក្រឡុក ២០​វិនាទី រួច​បាន​យក​មក​ហាល​ថ្ងៃ​រយៈ​ពេល ៦​ម៉ោង រួច​យក​ទុក​ឲ្យ​ត្រជាក់​ឲ្យ​កូន​ហូប​ទៅ។ ផ្ទះ​ខ្ញុំ​ហូប​ទាំង​អស់​គ្នា ទាំង​ចាស់​ទាំង​ក្មេង។ ភាគ​ច្រើន​រៀន​តៗ​គ្នា យើង​គ្មាន​ពេល​នឹង​ដាំ​ទឹក ព្រោះ​ខែ​ធ្វើ​ស្រែ...»

លទ្ធផល​នេះ​ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រជាជន​អនុវត្ត​ប្រើប្រាស់​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូនីសេហ្វ។
ទោះ​យ៉ាង​ណាក្តី​ មាន​អង្គការ​ចំនួន ៣ ភាគ ៤ នៅ​មិនទាន់​ទុក​ចិត្ត​វិធីសាស្ត្រ​នេះ​នៅ​ឡើយ ដោយ​យល់​ថា គេ​គួរ​តែ​វាស់​ស្ទង់​ប្រសិទ្ធភាព​របស់​វា និង​ផល​ប៉ះ​ពាល់​សុខភាព​លើ​គ្រួសារ​នៅ​តំបន់​ផ្សេងៗ​ទៀត មុន​នឹង​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

លោក ព្រីយ៉ាយិត សាម៉ៃយ៉ា (Priyajit Samaiyar) ប្រធាន​សហការ​ចំណាត់ការ​​គម្រោង​នៃ​អង្គការ​ឃែរ ខែមបូឌា មាប្រសាសន៍​ថា ៖ "បាទ! ពិត​ណាស់ ការ​សិក្សា​នេះ​បាន​ធ្វើ​នៅ​ខេត្ត​ព្រៃវែង​ និង​ស្វាយរៀង ហើយ​កម្មវិធី ស៊ូឌិស គឺ​ជា​វិធី​យ៉ាង​សាមញ្ញ តែ​វា​ពិបាក​គួរ​ឲ្យ​គេ​ជឿ ដូច្នេះ​ហើយ​ទើប​យើង​ពិបាក​រក​ជំនួយ​ពី​ប្រទេស​អៀរឡង់ មក​ធ្វើ​ការសិក្សា និង​សហការ​ពី​សកល​វិទ្យាល័យ The Royal College of Surgeons in Ireland មក​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​នេះ។ ជា​លទ្ធ​យើង​ឃើញ​ថា អ្នក​ប្រើប្រាស់​ដប​ទឹក ស៊ូឌិស មាន​សុខ​ភាព​ល្អ ចំណែក​អ្នក​ដែល​ប្រើ​ទឹក​ធម្មជាតិ​ពី​អណ្តូង​ត្រពាំង បឹងបួ ដែល​មិន​ប្រើ​ដប ស៊ូឌិស ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​មេរោគ​រាក​នៅ​ក្នុង​ខ្លួន​ដែល​ហៅ​ថា បាក់​តេរី អ៊ីកូឡៃស៍"។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​២០០៧ បង្ហាញ​ថា មាន​មនុស្ស ១,១​ពាន់​លាន​នាក់​ កំពុង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​ការ​បរិភោគ​ទឹក​មិន​ស្អាត​នាំ​ឲ្យ​រាករូស​ប្រមាណ ៣,៣​ពាន់​លាន​ករណី​ក្នុង​មួយ​ឆ្នាំៗ និង​ស្លាប់​ប្រមាណ ១,៨​លាន​នាក់​នៅ​ក្នុង​មួយ​ឆ្នាំៗ​ ដែល​បញ្ហា​ទាំង​នេះ​ច្រើន​កើត​មាន​ឡើង​ចំពោះ​កុមារ​អាយុ ៥​ឆ្នាំ​ចុះ។ ចំពោះ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ក៏​មាន​ជំងឺ​រាករូស​រាតត្បាត​ច្រើន​ដែរ។ មន្ត្រី​សុខាភិបាល​ថ្លែង​ថា វិធីសាស្ត្រ​បន្សុទ្ធ​ទឹក​ថ្មី​នេះ នឹង​ជួយ​កាត់​បន្ថយ​ជំងឺ​រាករូស​បាន​ច្រើន ថែម​ទាំង​ជួយ​សន្សំ​ប្រាក់ ពេល​វេលា​ទៀត​ផង៕