សម្ភាស កេង វ៉ាន់សាក់ ស្ដីពី​ការឈ្លានពាន​របស់​ថៃ​ចូល​ទឹក​ដី​ខ្មែរ (ភាគ២)

បណ្ឌិត​សាស្រ្តាចារ្យ កេង វ៉ាន់សាក់ បាន​ផ្តល់​បទសម្ភាសន៍​ជុំវិញ​សំណួរ​ថា តើ​ហេតុ​ដូចម្តេច​បាន​ជា​សៀម​យក​ដី​ខ្មែរ​ដ៏​ធំ​កាន់កាប់​មក​ដល់​សព្វថ្ងៃ​នេះ?

0:00 / 0:00

ដើម​សតវត្សរ៍​ទី​២០ គឺ​ឆ្នាំ​១៩០៦ ព្រះរាជា​ខ្មែរ ហ្លួង ស៊ីសុវត្ថិ ទ្រង់​បាន​លិខិត​រាជសារ​ឲ្យ​តំណាង​រដ្ឋាភិបាល​បារាំង​សែស​ប្រចាំ​ក្រុង​កម្ពុជា ដោយ​មិន​សប្បាយ​ព្រះទ័យ​ថា ខេត្ត​បុរាណ​ខ្មែរ​ដែល​រដ្ឋ​អំណាច​សៀម​គ្រា​នោះ​ប្រគល់​ទៅ​ឲ្យ​បារាំង​មិន​អាច​ធ្វើ​ឲ្យ​ខ្មែរ​រីករាយ​នោះ​ទេ​បើ​ពិនិត្យ​កាលៈទេសៈ ព្រោះ​សៀម​កាន់កាប់​ដី​ខ្មែរ​ដោយ​កម្លាំង​ទ័ព និង​ភាព​អសុទ្ធចិត្ត គ្រា​ដែល​ខ្មែរ​ស្ថិត​ក្នុង​ដង្កៀប​របស់​រាជាណាចក្រ​អាណាម និង​រាជាណាចក្រ​សៀម​នោះ។

តើ​មាន​មូលហេតុ​ដូចម្តេច​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ដី​ដ៏​ធំធេង និង​ធ្វើ​ឲ្យ​សៀម​យក​ដី​កាន់កាប់​អស់​ជា​ច្រើន​ខេត្ត​នោះ?

ត​ទៅ​នេះ​ជា​កិច្ច​សម្ភាសន៍​ភាគ​ទី​២ ដែល​បណ្ឌិត​សាស្រ្តាចារ្យ កេង វ៉ាន់សាក់ បកស្រាយ​តប​នឹង​សំណួរ​របស់​លោក កឹម សុស៖

កឹម សុស ៖ ប៉ុន្តែ​កាលពី​ដើម​យើង​ត្រឡប់​ទៅ​ពី​ដើម ពី​ជំនាន់​ដើម​ដែល​ខ្មែរ​ហើយ​និង​ថៃ​ច្បាំង​គ្នា ហើយ​ថៃ​ចូល​មក​លុកលុយ​ស្រុក​ខ្មែរ ហើយ​យក​អង្គរវត្ត​យក​អី​ហ្នឹង តើ​អា​ហ្នឹង​វា​យ៉ាង​ម៉េច​ខ្លះ​លោក​គ្រូ?

កេង វ៉ាន់សាក់ ៖ អា​ហ្នឹង​យើង​មើល​តាម​ដំណើរ​ប្រវត្តិសាស្រ្ត​ហ្នឹង​តាម​ពេលវេលា​កាលៈទេសៈ និង​កាលបរិច្ឆេទ​ហ្នឹង​ទៅ​ឃើញ​ថា អា​ខ្លាំង​ធំ​ជាង​គេ​គឺ​សៀម​វ៉ៃ​លុក​យក​អង្គរ ត្រួត​អង្គរ​ហ្នឹង ហើយ​យើង​បោះបង់​ចោល​អង្គរ​ហ្នឹង អា​ហ្នឹង​មួយ​គ្រា​ធំ​ណាស់ ជិត​មួយ​សតវត្សរ៍។

ដល់​ពេល​ណា​ពញាយ៉ាត​ហ្នឹង​នៅ​ក្នុង​អង្គរ​នៅ​ក្នុង​សៀមរាប​ហ្នឹង​មិន​បាន​ទៀត​ទេ ក៏​លើក​រាជ​បល្ល័ង្ក​ហ្នឹង​មក​តាំង​នៅ​បាសាន ដង​ទន្លេ​ធំ​ហ្នឹង ហើយ​ទឹក​ជន់​លិច​មក​បាន​១​ឆ្នាំ រត់​មក​តាំង​នៅ​ភ្នំពេញ​ហ្នឹង ហើយ​មួយ​ពេល​ហ្នឹង​វា​មាន​ពញាយ៉ាត​ហ្នឹង ដែល​បាន​ទៅ​សម្លាប់​ស្ដេច​សៀម​សោយរាជ្យ​នៅ​អង្គរ​ហ្នឹង ចូល​ទៅ​ក្នុង​វាំង​ហ្នឹង​ទៅ ក្នុង​ដំណាក់​ហ្នឹង ឃើញ​ស្រ្ដី​មួយ​រូប​ល្អ​ណាស់ ហើយ​នាង​ហ្នឹង​ជា​មហេសី​របស់​ស្ដេច​សៀម​ដែល​ទើប​នឹង​ធ្វើ​គត​ទៅ​ហ្នឹង ហើយ​ពញាយ៉ាត​ឃើញ ស្រឡាញ់​យក​មក​ធ្វើ​មហេសី​បន្ទាប់​ត​មក​ទៀត។

ហើយ​ក្រោយ​មក​បាន​ព្រះរាជ​បុត្រ​មួយ ធំ​ឡើង​ហៅ​ថា ធម្មោរាជា មាន​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្រ្ដ​យើង ហៅ​ធម្មោរាជា លោក​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ខ្លាំងក្លា​ណាស់​ជា​អ្នក​ផ្សព្វផ្សាយ​ធម៌​អី​អស់​ហ្នឹង ហើយ​ប៉ុន្តែ​គាត់​ជា​កូន​កាត់​សៀម​អ៊ីចឹង​នៅ​ជាមួយ​ម្ដាយ ហើយ​ម្ដាយ​ហ្នឹង​មាន​យក​ពួក​សៀម​អីៗ​មក​ធ្វើ​អម មក​ហែ​មក​អី​ក្នុង​វាំង​ទៅ ការអប់រំ​ចិត្ត​គំនិត​របស់​ធម្មោរាជា​ទៅ​ជា​សៀម ទៅ​ជា​កាន់​សៀម​ទៅ។

អា​ហ្នឹង​ចូល​មក​ដល់​ដំណាក់​លើក​ទី​២​ហ្នឹង ដែល​ធម្មោរាជា​ហ្នឹង​ប្រកាស​ហៅ​ឲ្យ​ស្ដេច​សៀម បង​ប្អូន​បង្កើត​ខ្លួន​ហ្នឹង​យក​មក​លុកលុយ​ស្រុក​យើង​ហ្នឹង ចាប់​ស្ដេច​យើង​សោយរាជ្យ​ហ្នឹង​ទៅ​ធ្វើ​គត ទាំង​ឪពុក​មា ទាំង​ក្មួយ​ហ្នឹង​ទៅ ហើយ​យក​រាជ​សម្បត្តិ​ខ្លួនឯង​ទៅ ហើយ​ក៏​ស៊ីញ៉េ​ប្រគល់​ទឹក​ដី​យើង កាត់​ខាង​ជើង និង​ខាង​កើត​ហ្នឹង... ឲ្យ​ទៅ​សៀម​ទៅ។ អា​ហ្នឹង​ទី​២។

កឹម សុស ៖ ប៉ុន្តែ​អា​ហ្នឹង​គឺ​ថា ខ្មែរ​បើក​ដៃ​ឲ្យ​សៀម​កាល​ណោះ​មិន​អ៊ីចឹង?

កេង វ៉ាន់សាក់ ៖ អាហ្នឹង​ស្ដេច​នៅ​ក្នុង​ស្រុក​យើង ប៉ុន្តែ​ស្ដេច​នេះ​មិនមែន​ខ្មែរ​សុទ្ធ​ទេ ស្ដេច​ហ្នឹង​កូន​កាត់​សៀម មិន​មែន​ជា​ការកាន់​ជាតិ​និយម... សួរ​ថា​អា​ហ្នឹង​វា​មាន​ឈាម​សៀម ឈាម​អី​នោះ​ទេ។ គឺ​រឿង​ហ្នឹង​វា​មិន​ដឹង​យ៉ាង​ម៉េច​ក្នុង​ប្រវត្តិសាស្រ្ដ​យើង​ហ្នឹង​ទៅ​ជា​អ៊ីចឹង។

កឹម សុស ៖ ប៉ុន្តែ​កាលណោះ​តើ​ថៃ​មាន​កម្លាំង មាន​ទ័ព​អី​ទេ?

កេង វ៉ាន់សាក់ ៖ មាន​ហើយ ព្រោះ​វា​មក​ឈ្នះ​អង្គរ វា​មក​សោយរាជ្យ​មក​អង្គរ​ហ្នឹង​ទៀត ប៉ុន្តែ​យើង​បាន​រំដោះ​រួច​ទៅ​ហើយ។

កឹម សុស ៖ ប៉ុន្តែ​ថៃ​ហ្នឹង​មាន​ឥទ្ធិពល​យ៉ាង​ម៉េច​ខ្លះ? សូម​លោកគ្រូ​មាន​ប្រសាសន៍?

កេង វ៉ាន់សាក់ ៖ ហ្នឹង​គេ​ថា គេ​រៀបចំ​រដ្ឋ​ប្រទេស​ជាតិ​គេ​របៀប​ទំនើប​សម័យ ទាន់​សម័យ​សកលលោក​ហ្នឹង​ឯង គឺ​ថា​គេ​មិន​មែន​ដេក​ដួល​នៅ​តាម​តែ​ទំនៀម​ទម្លាប់​ពី​មុន​ហ្នឹង​មក​ទេ។ ហើយ​ពិសេស​ជាង​គេ គឺ​យើង​មិន​សូវ​ចាប់​អារម្មណ៍ មិន​សូវ​ដឹង មិន​សូវ​យល់ គឺ​ការទំនាក់​ទំនង​ជិតស្និទ្ធ​ណាស់ ជាមួយ​នឹង​ស្ដេច​ក្រុង​ចិន ម៉ុងហ្គោល។

កាល​ហ្នុង​ម៉ុងហ្គោល​ឈ្នះ​ចិន​សោយរាជ្យ រៀបចំ​មហារដ្ឋ​ធំ នៅ​នឹង​ក្រុង​ប៉េកាំង​មុន​ហ្នឹង ហើយ​បញ្ជូន​ទ័ព​មក​វ៉ៃ​យក​បង្ហើយ ចុះ​មក​ជ្រោយ​ឥណ្ឌូចិន​ហ្នឹង ពី​ជើង​មក​ត្បូង​ហ្នឹង វ៉ៃ​យក​ស្រុក​យួន ស្រុក​ចម្បារ កម្ពុជា ខ្មែរ​យើង​ហ្នឹង ភូមា មន​អី​ទាំងអស់​ហ្នឹង។

ហើយ​ក្នុង​ដំណើរ​លុកលុយ​ឈ្លានពាន​យក​ទឹក​ដី​របស់​ចិន​ម៉ុងហ្គោល​ហ្នឹង គេ​ប្រើ​ពួក​សៀម​ហ្នឹង​ធ្វើ​ជា​ទ័ព​ស្រួច​របស់​គេ គេ​ជន្ទល់​មហា​ទ័ព​ធំ​គេ​ហ្នឹង។ ចិន ម៉ុងហ្គោល ហើយ​និង​ថៃ​ហ្នឹង គេ​រៀបចំ​កែប្រែ​ទ័ព​ច្បាំង​ហ្នឹង​តាម​ទំនើប​ថ្មី ជំនាន់​ម៉ុងហ្គោល ឈ្នះ​មួយ​សកលលោក​ហ្នឹង គឺ​ឧទាហរណ៍​ថា ប្រើ​កាណុង ប្រើ​កាំភ្លើង​រំសេវ​ច្រើន​ណាស់ សម្រាប់​បាញ់ ផ្លោង សម្រាប់​មាន​ជណ្ដើរ មាន​គ្រឿង​ប្រដាប់ សម្រាប់​ដាក់​ឡើង​លើ​កំផែង​ខ្ពស់ៗ​ហ្នឹង។ ហើយ​បន្ទាប់ពី​ឡើង​ទៅ​ហើយ លុកលុយ​ចុះ​មក​វិញ​បាន​ស្រួល​ទាំងអស់ ហើយ​មាន​ពាក់​អាវ​ដែក អាវ​ក្រោះ អាវុធ​គេ​អី​ហ្នឹង សុទ្ធតែ​ទំនើប​ទាំងអស់ ហើយ​និង​របៀប​រៀបរយ​ក្នុង​ទ័ព​គេ​ហ្នឹង ក៏​សុទ្ធតែ​របៀប​សម័យ​ទំនើប​ជំនាន់​ហ្នុង ប្រើ​ដំរី ប្រើ​សេះ ប្រើ​ថ្មើរ​ជើង​ហ្នឹង ហើយ​អាវ​អី​អត់​មាន​ទេ ខ្លួនទទេ ពាក់តែ​កន្សែង​យ័ន្ត និង​ខ្សែ​ចង្កេះ មាន​កថា មាន​អាគម​អ៊ីចឹង​ទៅ ហើយ​ទៅ​ច្បាំង​នឹង​កាំភ្លើង គ្រាប់​កាណុង និង​អាវុធ​គេ​ទំនើប និង​ដែក​អាវ​ក្រោះ​អីៗ​ហ្នឹង យើង​មិន​ឈ្នះ​រឿង​ហ្នឹង។

កឹម សុស ៖ បើ​លោកគ្រូ​ប្រៀបធៀប​ពេល​នោះ ថៃ និង​ម៉ុងហ្គោល ហើយ​ថៃ​ឥឡូវ​នេះ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក តើ​វា​ប្រហាក់​ប្រហែល​គ្នា​យ៉ាង​ម៉េច​ខ្លះ​ទៅ?

កេង វ៉ាន់សាក់ ៖ ទេ មិន​ដូច​គ្នា​ទេ។ ចិន​ម៉ុងហ្គោល គឺ​អា​នោះ​ផ្ទាល់​មក​ដល់​កន្លែង​ដី​ហ្នឹង​តែម្ដង មក​ទឹក​ដី​យើង​តែម្ដង...។ ប៉ុន្តែ​មិន​បាន​វ៉ៃ​ឈ្នះ​វៀតណាម ឈ្នះ​ចាម ឈ្នះ​ខ្មែរ​ហ្នឹង​ទេ បញ្ជូន​២​កងពល​ពី​ជើង​មក​ហ្នឹង ស្រាប់​តែ​២​-​៣​ខែ​បាត់​រលីង​អស់​ទៅ ព្រោះ​ត្រូវ​ទ័ព​ព្រៃ​ឆ្មក់​ផង គ្រុនចាញ់​ផង ហើយ​មូល​រាក​ផង អា​សេះ​អត់​ស្មៅ​ស៊ី​ផង អាកាសធាតុ​ផង​អី​ផង គឺ​វ៉ៃ​មិន​បាន​មក​កាន់​ទឹក​ដី​នៅ​ឥណ្ឌូចិន​យើង​ទេ ប៉ុន្តែ​ឈ្នះ​ខាង​ភូមា​នោះ ចុះ​ទៅ​ទៅ​ដុត​ក្រុង​ប៉ាហ្គាន​ហ្នឹង​អស់​ទៅ​ទៀត បាន​ខាង​ហ្នឹង។ ដល់​វា​ទាល់​នឹង​ទ័ព យក​ស្រុក​យើង​មិន​បាន​ហ្នឹង​បាន​ជា​គេ​ប្រើ​សៀម​ហ្នឹង​ជំនួស​គេ​ឲ្យ​មក​ធ្វើ​ជា​ទ័ព​ដើម្បី​នឹង​កម្ទេច​យើង​ពី​ខាង​ហ្នឹង​វិញ