ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍របស់លោក ហ៊ុយ វណ្ណៈ ជាមួយលោកសាស្ត្រាចារ្យប្រវត្តិសាស្រ្ត រស់ ចន្ត្រាបុត្រ ជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជាអំពីទីជម្រៅនៃមូលហេតុដែលថៃ ចង់ឲ្យប្រើឈ្មោះប្រាសាទព្រះវិហារ ជាប្រាសាទព្រះវិហានវិញនោះ ដែលមានសេចក្តីដូចតទៅ។
ហ៊ុយ វណ្ណៈ ៖ នៅថ្ងៃនេះ កាសែត The Nation របស់ថៃ បានធ្វើការវិភាគមួយដែលលើកឡើងអំពីមន្រ្តីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនកម្ពុជានិងថៃ ដែលជួបចរចានៅក្រុងបាងកកស្ដីអំពីបញ្ហាព្រំដែននិងឈានទៅដល់ការបោះបង្គោលព្រំដែននៅតំបន់អាទិភាពនៃប្រាសាទព្រះវិហារនោះ បានធ្វើការជជែកគ្នាតានតឹងទៅលើបញ្ហានៃការកំណត់ឈ្មោះ តើជាប្រាសាទព្រះវិហារ ឬក៏ជា ព្រះវិហាន។
ហើយសហប្រធាននៃកិច្ចការព្រំដែនរបស់ថៃ គឺលោក វ៉ា ស៊ីន បានបានទាមទារឲ្យកម្ពុជាត្រូវតែប្រើព្រះវិហាន ដូច្នេះខ្ញុំចង់ត្រឡប់ទៅលោកសាស្រ្ដាចារ្យ តើមានមូលហេតុអ្វីដែលភាគីថៃបានទាមទារឲ្យមានការប្រើឈ្មោះព្រះវិហាន តាមសំនៀងថៃ ហើយព្រះវិហារតាមសំនៀងខ្មែរ នៅក្នុងឯកសារនៃការចរចាគ្នានោះ?
រស់ ចន្រ្តាបុត្រ ៖ សូមអរគុណ។ នៅក្នុងបញ្ហានេះ បើយើងនិយាយឲ្យចំមិនមែនជារឿងអ្វីប្លែកទេចំពោះអាកប្បកិរិយាវាតទីនិយមរបស់ប្រទេសថៃ គឺថាសយ៉ាងច្បាស់នូវគំនិតវាតទីនិយមរបស់ថៃ ដែលមិនបានផ្លាស់ប្ដូរអ្វីដែលជាអត្តចរិតរបស់ខ្លួនទេ តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន។ ទី២ ចង់សង្កត់ថា ជារឿងរហូតដល់បច្ចុប្បន្ននេះ អ្វីដែលជាឯកសារផ្លូវការទាំងប៉ុន្មានជាភាសាខ្មែរ គឺក្នុងប្រវត្តិសាស្រ្ដយើងតែងតែប្រើពាក្យហៅថា ព្រះវិហារៗ ជានិច្ចកាលជានិរន្តរ៍។
នៅក្នុងប្រវត្តិសាស្រ្ដយើង ក៏ដូចជាឯកសារជាផ្លូវការអន្តរជាតិ ក៏ដូចជាផ្លូវការជាតិ ហើយដែលថៃធ្លាប់តែបានចុះហត្ថលេខាទទួលស្គាល់ដែរនោះ គឺយើងបានសរសេរនូវពាក្យថា ព្រះវិហារ ជាពិសេសនៅពេលដែលយើងបានក្ដីក្ដាំនៅក្នុងរឿងបញ្ហាប្រាសាទព្រះវិហារដែលយើងទាមទារឲ្យសៀមប្រគល់មកកម្ពុជាវិញ នៅក្នុងឆ្នាំ១៩៦២នេះ គឺថា អ្វីដែលជាសាលក្រមរបស់តុលាការឡាអេ បាននិយាយយ៉ាងច្បាស់ ហើយដាក់ឈ្មោះយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ ករណីប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវតែប្រគល់ត្រឡប់ទៅឲ្យកម្ពុជាវិញ គឺថា ទាំងវត្ថុគ្រប់បែបយ៉ាងទាំងអស់ ទាំងអធិបតេយ្យរបស់ខ្មែរអីទាំងប៉ុន្មាន គឺថាបានបញ្ជាក់យ៉ាងច្បាស់ថា ជាប្រាសាទព្រះវិហារទាំងអស់។
នេះជាលក្ខណៈមួយដែលជាលក្ខណៈផ្លូវច្បាប់ គឺថា បើសិនជាយើងមិនដាក់ជាព្រះវិហារទេ ដាក់ព្រះវិហាន វិញ បានសេចក្ដីថា នេះជាគំនិតរបស់ថៃដើម្បីធ្វើដូចម្ដេចដើម្បីលុបនូវអ្វីដែលជាភស្តុតាង ដែលជាមូលដ្ឋានគតិយុត្តរបស់កម្ពុជា ដែលយើងធ្លាប់មានតាំងតែពីជាង ១០ឆ្នាំមកហើយ ពីព្រោះនៅក្នុងឯកសារផ្លូវច្បាប់គឺព្រះវិហារ បើសិនជាយើងយកពាក្យថា ព្រះវិហាន អាហ្នឹងវាទៅជាយើងលែងទទួលស្គាល់អ្វីដែលជាឫសគល់គតិយុត្តរបស់កម្ពុជា ក៏ដូចជាលុបចោលនូវអ្វីដែលជាសាលក្រមរបស់តុលាការទីក្រុងឡាអេដែរ។
ហ៊ុយ វណ្ណៈ ៖ លោកសាស្រ្ដាចារ្យ ចំណុចមួយទៀតនៅក្នុងការវិភាគរបស់កាសែត The Nation បាននិយាយដែរថា កាលពីទសវត្សរ៍ឆ្នាំ១៩៦០ គឺប្រាសាទត្រូវបានស្គាល់ជាទូទៅថា ព្រះវិហាន ហើយបានដាក់នៅក្នុងឯកសារជាផ្លូវការទៀត។ ប៉ុន្តែលោកសាស្រ្ដាចារ្យ តាមការស្រាវជ្រាវតើមានបញ្ហាហ្នឹងដូចដែលថៃលើកឡើងដែរ ឬទេ?
រស់ ចន្រ្តាបុត្រ ៖ ខ្ញុំថា នេះគឺជាការអះអាងមួយដែលគ្មានមូលដ្ឋានអំពីភាគីរបស់ថៃជាលក្ខណៈមួយឯកតោភាគីរបស់ថៃ ដែលតែងតែយល់ តែងតែប្រកាសទៅគ្រប់ទិសទី ទីកន្លែង គឺថា ដូចជាចោរមួយដែលប្លន់ហើយ ស្រែកថាហ្នឹងជាសម្បត្តិរបស់ខ្លួន ហើយកែឈ្មោះអ្វីដែលជាឈ្មោះរបស់ខ្មែរ ដាក់ជាឈ្មោះរបស់ថៃ របស់សៀម ទៅវិញដើម្បីឲ្យគេមើលថា អាហ្នឹងជារបស់ខ្លួន។
ប៉ុន្តែអ្វីដែលយើងឃើញហើយនោះ គឺថា សៀមធ្លាប់ប្រើដាក់ថា ព្រះវិហាន នោះ មិនបានជោគជ័យទេ គឺថា យើងបានក្ដីក្ដាំគ្នាជាមួយនឹងសៀម ជាមួយនឹងថៃ តាំងតែពីឆ្នាំ១៩៥៤ រហូតមកដល់ឆ្នាំ១៩៦២ ដូច្នេះយើងបានជោគជ័យដោយយើងប្រើឈ្មោះថា ព្រះវិហារ ឯកសារទាំងអស់ គឺទាក់ទងនឹងអ្វីដែលជាប្រាសាទព្រះវិហារទាំងអស់។ ដូច្នេះនៅក្នុងនេះ គឺថាយើងឃើញហើយជាល្បិចមួយ ល្បិចមួយរបស់ថៃ។ ទី១ ដើម្បីធ្វើម៉េចចង់លុបបំបាត់ចោលអ្វីដែលជាមូលដ្ឋានគតិយុត្ត ទី២ ចង់ធ្វើដូចម្ដេចដើម្បីនឹងបណ្ដែតឲ្យការចរចានេះរឹតតែវែងអន្លាយតទៅទៀត ដើម្បីចំណេញពេលដើម្បីនឹងធ្វើម៉េចទៅយកពេលវេលាដែលគេចំណេញនេះ ដើម្បីរកមធ្យោបាយគ្រប់បែបយ៉ាងទៀត ដើម្បីនឹងធ្វើឲ្យការចរចានេះ ឲ្យបានជោគជ័យ ធ្វើម៉េចបន្តការឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជា ហើយនិងគ្រប់គ្រងឲ្យបានយូរតទៅទៀត។
បញ្ហានេះខ្ញុំសូមរំឭកថា មិនមែនទើបតែមាននៅថ្ងៃហ្នឹងដែលប្រជុំនៅទីក្រុងបាងកកទេ រឿងយកបញ្ហាឈ្មោះប្រាសាទព្រះវិហារ ចង់ដាក់ទៅជាឈ្មោះហៅថា ព្រះវិហាន របៀបថៃនោះ គឺថាកាលពីប្រជុំពីខែវិច្ឆិកា នៅឯទីក្រុងសៀមរាប រឿងនេះបានកើតមានម្ដងរួចមកហើយ រឿងបញ្ហាសៀមសរសេរចង់ដាក់ក្នុងរបាយការណ៍ហៅថា ព្រះវិហាន ប៉ុន្តែខាងកម្ពុជាយើង យើងមិនព្រមជាដាច់ខាត ព្រោះនេះជាគោលជំហរច្បាប់។
ហ៊ុយ វណ្ណៈ ៖ លោកសាស្រ្ដាចារ្យ នៅមានចំណុចមួយទៀតគឺខាងកាសែត The Nation របស់ថៃ ក៏នៅតែបានបញ្ជាក់ថា វាជារឿងសាមញ្ញហើយគួរឲ្យទទួលយកបាន ដែលថា មានផ្ទាំងសិលាដ៏ធំបានចារថា ព្រះវិហារជាភាសាខ្មែរ ហើយមានព្រះវិហានជាសំនៀងថៃ នៅក្នុងភាសាថៃ។ តើអ្វីដែលស្នើហ្នឹងគឺជារឿងសាមញ្ញ ឬក៏មានអ្វីជាទីជម្រៅបន្ថែមទៀត?
រស់ ចន្រ្តាបុត្រ ៖ ចំពោះខ្ញុំរឿងបញ្ហាទាំងអស់នេះ មិនមែនជារឿងសាមញ្ញទេ ដូចខ្ញុំបានជម្រាបពីដើមទីហើយ រឿងបញ្ហាភាសាដែលយើងប្រើនេះមិនមែនជារឿងសាមញ្ញទេ។ ចំពោះថៃ គេថាហ្នឹងសាមញ្ញដើម្បីគ្រាន់តែជាមធ្យោបាយមួយ ដើម្បីត្រឡប់នូវអ្វីដែលជាមតិមហាជន ជាមតិរបស់សហគមន៍អន្តរជាតិ ហើយដើម្បីធ្វើដូចម្ដេចដើម្បីឲ្យយើងភ្លេចខ្លួនដើម្បីនឹងយកចំណេញនៅលើអ្វីនូវការកែបន្លំអ្វីដែលជាសាលក្រម អ្វីដែលជាការពិតទាក់ទងនឹងប្រាសាទព្រះវិហារ ហើយធ្វើដូចម្ដេចដើម្បីលុបចោលអ្វីដែលជាអតីតកាលដែលទាក់ទងជាមួយនឹងសាលាក្ដីអន្តរជាតិនៃទីក្រុងឡាអេ។
ដូច្នេះ បញ្ហានេះមិនមែនជារឿងសាមញ្ញទេ ពីព្រោះយើងធ្លាប់សរសេរជាលាយលក្ខណ៍អក្សរ ជាសាលក្រមគឺប្រាសាទព្រះវិហារ គេដាក់ Le Temple de Preah Vihear ឬ Preah Vihear Temple ទី១។ ដល់ទី២ ដល់យើងយកទៅបញ្ចូលនៅលើបញ្ជីបេតិកភណ្ឌពិភពលោក គឺយើងដាក់ថា ប្រាសាទព្រះវិហារ ដូច្នេះបើសិនជាកែថា ប្រាសាទហ្នឹងជាប្រាសាទ ព្រះវិហាន តាមសៀម យើងត្រូវតែលុបកែទាំងអស់។ ហើយអ្វីដែលយើងខំធ្វើមករាប់ទសវត្សរ៍មកហើយ ដូចជាយើងយកទៅឈូសចោលដោយសារប្រើពាក្យមួយម៉ាត់ហ្នឹង៕