សេវ ថង ឆ្នាំនេះមានអាយុ ៥៨ឆ្នាំហើយ គាត់មានកំណើតពីជនជាតិដើមភាគតិចទំពួន រស់នៅខេត្តរតនគិរី តាំងពីមុនទសវត្សឆ្នាំ១៩៧០ មកម្ល៉េះ។ អ្វីដែលគាត់មិនអាចបំភ្លេចបាន គឺរបបខ្មែរក្រហម ដែលបានសម្លាប់ផ្ដាច់ជីវិត និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាក្រុមសហគមន៍ជនជាតិដើមភាគតិចរស់នៅយ៉ាងលំបាកវេទនា ជាមួយនឹងការអត់ឃ្លាន ភ័យខ្លាចក្នុងគុកឥតជញ្ជាំងអស់រយៈពេលជាង ៣ឆ្នាំកន្លងទៅនេះ។
សេវ ថង បច្ចុប្បន្ននេះជាជំទប់ទីពីរ ឃុំយក្ខលោម ក្រុងបានលុង គាត់នៅចាំបានថា កាលពីឆ្នាំ១៩៦៨ គាត់រស់នៅឃុំលុងឃុង ស្រុកបរកែវ ខណៈពេលចលនាបដិវត្តន៍តស៊ូវាយរំលំរបបជិះជាន់ តាមរយៈមេដឹកនាំខ្មែរក្រហម បានចូលមករស់នៅលាក់ខ្លួនជាមួយក្រុមសហគមន៍ជនជាតិដើមភាគតិច នៅតំបន់ព្រៃភ្នំឆ្ងាយៗជាមួយការអប់រំទាក់ទាញឲ្យប្រជាពលរដ្ឋកំណើតជនជាតិដើមចូលរួមក្នុងចលនានយោបាយរបស់ពួកគេ ដែលហៅថាបដិវត្តប្រឆាំងនឹងការជិះជាន់។
លោក សេវ ថង មានប្រសាសន៍ដូច្នេះ ៖ «ឃើញថាវាល្អ អ្នកនៅវាផ្អែមល្ហែម ហើយគេចូលរួម ហើយចុងក្រោយហ្នឹងអត់មានល្អដូចអាពាក្យសំដីឯណា សុទ្ធតែកាប់សម្លាប់»។
គាត់បន្តថា អ្នកភូមិជាជនជាតិដើម ដោយខ្វះការយល់ដឹង មិនមានទំនាក់ទំនងជិតស្និតជាមួយសង្គម ច្រើនមានជំនឿលើការអប់រំទាក់ទាញពីពួកខ្មែរក្រហម ហើយជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ១៩៧៥ មូលដ្ឋានទឹកដីខេត្តរតនគិរី ក្លាយទៅជាមូលដ្ឋានបង្អែកដ៏សំខាន់នៃការតស៊ូ ហើយជនជាតិដើមស្ទើរទាំងអស់នៅខេត្តនេះ ត្រូវបានចូលរួមជាមួយចលនាខ្មែរក្រហម ដើម្បីតស៊ូធ្វើសង្គ្រាមជាមួយរបបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ ណល់ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ហើយបន្តិចម្ដងៗ ក្រុមសហគមន៍ជនជាតិភាគតិចបានក្លាយទៅជាមុនសញ្ញានៃការកាប់សម្លាប់ចំពោះសកម្មភាពខុសឆ្គងក្នុងការរស់នៅប្រចាំថ្ងៃ ដោយការសង្ស័យ ឬចោទប្រកាន់ថាមិនជឿលើបដិវត្ត ឬជាភ្នាក់ងារចារកម្មបង្កប់ក្នុងមូលដ្ឋាន។
លោក សេវ ថង មានប្រសាសន៍ដូច្នេះ ៖ «ហូបបាយរួម គេប្រមូលសម្ភារៈរួម ដូចមានអ្នកខ្លះគេមានដូចជាវត្ថុបូរាណដូចជាគង ដូចជាពាង ដូចជាអ្វីដែលបូរាណ ចម្លែកៗ បើសិនអ្នកណាមិនព្រមហើយ រអ៊ូរ ជួនកាលគេយកទៅអប់រំដាក់ពិន័យ ឬក៏គេឲ្យធ្វើម្នាក់ឯងម៉ាហិកតារឲ្យហើយ ៥ថ្ងៃអ៊ីចឹង ហើយអ្នកនោះមិនតស៊ូទេ អាហ្នឹងអ្នកនោះក៏បាត់បង់ជីវិតទៅ»។
ដូចគ្នានឹង សេវ ថង ដែរ យុវជនកំណើតជនជាតិគ្រឹង ឈ្មោះ ខាំ ហ្វាន់ រស់នៅស្រុកវ៉ឺនសៃ បញ្ជាក់ដែរថា ចាប់ពីឆ្នាំ១៩៧២ រហូតមកទល់នឹងឆ្នាំ១៩៧៩ របបខ្មែរក្រហមបានត្រួតត្រាខេត្តប៉ែកឦសានមួយនេះទាំងស្រុង ជាមួយនោះដែរ ការរស់នៅហូបចុកប្រចាំថ្ងៃ ជំនឿប្រពៃណី វប្បធម៌ ត្រូវបានរឹតបន្តឹង និងរៀបចំជារបបសមូហភាព។
លោកបន្តថា ចាប់ពីឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមដណ្ដើមបានអំណាចទាំងស្រុងពីរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ ណល់ មក ក្រុមសហគមន៍ជនជាតិត្រូវបានគេអនុវត្តគោលការណ៍ជម្លៀសចេញពីភូមិ ទៅរស់នៅហូបចុកជាសមូហភាព ទ្រព្យសម្បត្តិផលដំណាំ សព្វបែបយ៉ាងត្រូវប្រមូល និងប្រើប្រាស់សម្រាប់រួមគ្នា ការបង្ខំឲ្យធ្វើការច្រើនម៉ោង និងការកាប់សម្លាប់គួរឲ្យភ័យខ្លាច។
លោក ខាំ ហ្វាន់ មានប្រសាសន៍ដូច្នេះ ៖ «ជម្លៀសចេញពីភូមិដែរហ្នឹង ដូចជាវ៉ឺនសៃ ទៅដាក់លំផាត់ លំផាត់ទៅដាក់បំបែក ជួនកាលគេយកទៅនៅស្ទឹងត្រែង ខ្លះយកទៅនៅតាមខេត្តហ្នឹងណា។ គេជម្លៀសអស់ម៉្មង អត់មានតាមភូមិទេ វត្តវ៉ា អារាមភូមិភាគអី គេរើអស់អាលីងម៉ង អត់មានទេ»។
មន្ត្រីធ្លាប់ធ្វើការងារនៅខេត្តរតនគិរីមុនឆ្នាំ១៩៧០ មានកំណើតជនជាតិដើមភាគតិច និងធ្លាប់រស់នៅខេត្តរតនគិរីសម័យកាលគ្រប់គ្រងដោយខ្មែរក្រហម បានធ្វើការប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានជនជាតិដើមភាគតិចពី ២ទៅ៣ម៉ឺននាក់រស់នៅក្នុងខេត្តនេះ នាឆ្នាំ១៩៧០ ដល់១៩៧៩ ក្នុងនោះមានការកាប់សម្លាប់ពីរបបខ្មែរក្រហម តាមមូលដ្ឋានពី ២០ទៅ៣០នាក់ ក្នុងមួយភូមិៗ។
អ្នកភូមិរស់នៅឃុំអូរជុំ ឈ្មោះ ថាវ យឿន កំណើតជនជាតិដើមភាគតិចគ្រឹង មានប្រសាសន៍ទទួលស្គាល់ថា របបខ្មែរក្រហមមិនបានធ្វើការអភិវឌ្ឍអ្វីនៅតំបន់បង្អែក និងជាមូលដ្ឋានតស៊ូសំខាន់របស់ខ្លួនទេ រហូតមកដល់របបព្រៃផ្សៃ ពួកគេត្រូវរលំរលាយ។
លោក ថាវ យឿន មានប្រសាសន៍ដូច្នេះ ៖ «ការរីកចំរើនអត់មានទេ វាមានការកៀបសង្កត់ និងកាប់សម្លាប់ច្រើនជាងគេ ព្រោះវាមានក្នុងហ្នឹងច្របូកច្របល់ អ្នកណាដែលតវ៉ា រឿងមាត់រឿងកអីហ្នឹងគេថាពួកហ្នឹងជាសន្តិសម្ព័ន គេថាគិញ សេ អ៊ី អា កា សេ បេ របស់គេហ្នឹង»។
យ៉ាងនេះក្តី អ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឌី ខាំ ប៉ូលី មានប្រសាសន៍ថា ការស្រាវជ្រាវរកឃើញថា ជនជាតិដើមភាគតិចក៏រងការកាប់សម្លាប់ធ្ងន់ធ្ងរនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ខណៈពេលក្រុមជនជាតិដើមទាំងនោះ ត្រូវគេបង្ខំឲ្យទៅលើកទំនប់ដ៏ធំមួយនៅតំបន់នោះ។
លោក ឌី ខាំ ប៉ូលី មានប្រសាសន៍ដូច្នេះ ៖ «នៅកន្លែងនោះ គឺថាមានការលើកទំនប់មួយដ៏ធំ ហើយគេបានប្រមូលប្រជាជនជាច្រើនទៅប្រមូលផ្តុំនៅស្រុកកោះញ៉ែក។ នៅទីនោះហើយដែលជនតំបន់ភ្នំរបស់យើង ជនជាតិដើមភាគតិចបានទទួលរងនូវការធ្វើទារុណកម្មកាប់សម្លាប់ ការបង្ខំឲ្យធ្វើការជាទម្ងន់ដូចប្រជាពលរដ្ឋខ្មែរផងដែរ»។
ទីប្រឹក្សាសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា លោក យិន សុភាព ធ្លាប់បានសិក្សាពីជនជាតិដើមភាគតិច នៅខេត្តរតនគិរីនាសម័យខ្មែរក្រហម ឲ្យដឹងថា មួយភាគបីនៃប្រជាពលរដ្ឋជនជាតិដើម ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងអង្គការចាត់តាំងនៃចលនាតស៊ូខ្មែរក្រហម។ លោកបន្តថា យ៉ាងនេះក៏ដោយ ក្រុមសហគមន៍ជនជាតិដើម ដែលជាកម្លាំងបង្អែកនៃចលនាតស៊ូទាំងនោះ ក៏រងការកាប់សម្លាប់ដូចគ្នា។
លោក យិន សុភាព មានប្រសាសន៍ដូច្នេះ ៖ «មនុស្សដែលយើងសាកសួរទៅ អ្នកខ្លះត្រឡប់ពីជំរំវិញ អ្នកខ្លះនៅជាមួយខ្មែរក្រហមហ្នឹង ចាស់ទុំមួយចំនួននេះ... មេកន្ទ្រាញគាត់ហ្នឹងអតីតមេខ្មែរក្រហម»។
សាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានធ្វើការចោទប្រកាន់ទៅលើអតីតមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន៥នាក់ រួមមាន កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង, នួន ជា អតីតប្រធានសភាតំណាងប្រជាជន, អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស, អៀង ធារិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ក៏បានចេញសេចក្ដីប្រកាសថា សវនាការប្រកាសសាលក្រមសំណុំរឿង០០១ ទាក់ទងនឹងជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងចាប់ផ្ដើមនៅម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។
ចំពោះ សេវ ថង កាត់មានអារម្មណ៍ថា ការកាត់ទោសអតីតអ្នកទទួលខុសត្រូវកំពូល នៃរបបខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែររាប់លាននាក់ ដែលបានស្លាប់ ក្នុងនោះរួមទាំងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយអយុត្តិធម៌។ លោកបន្តថា លោកក៏បានដាក់ពាក្យចូលរួមជាសាក្សីមួយ ក្នុងសំណុំរឿង០០២ របស់ជនជាប់ចោទ ខៀវ សំផន ដែលនឹងត្រូវបើកសវនាការនៅថ្ងៃខាងមុខនេះដែរ៕