បើយើងស្ដាប់ឡើងវិញនូវចម្រៀងខ្មែរក្រហម បទចម្រៀងនីមួយៗ សុទ្ធតែបានលើកឡើងនូវការតស៊ូរបស់អ្នកធ្វើបដិវត្តន៍ ស៊ីអត់ស៊ីឃ្លាន កាន់អាវុធនៅព្រៃ ស្លៀកខោអាវមួយចង្កេះ ប្រយុទ្ធដើម្បីបដិវត្តន៍ សំដៅកសាងសង្គមថ្មី ស្អាតស្អំ រុងរឿង ប៉ុន្តែផ្ទុយទៅវិញ នៅពេលបានកាន់អំណាច អ្នកដឹកនាំរបបខ្មែរក្រហម បង្កើតឲ្យមានការសម្លាប់មនុស្ស និងវិនាសកម្មធំធេង ដែលមានមនុស្សជិត ២លាននាក់បាត់បង់ជីវិត។
បុរសចំណាស់ ឈ្មោះ នុត នួន អាយុ ៦៦ឆ្នាំ អង្គុយនៅលើគ្រែឫស្សីមុខផ្ទះ ក្បែរមណ្ឌលពិឃាដជើងឯក បានរៀបរាប់ថា ទម្រាំតែគាត់រស់រានមានជីវិតមកដល់ថ្ងៃនេះ គាត់ប្រឹងប្រែងរស់សម្បើមណាស់ តស៊ូនឹងការធ្វើពលកម្មធ្ងន់ធ្ងរ ការបង្អត់អាហារ និងការគំរាមយកជីវិតគ្រប់ពេល ដោយគ្រាន់តែ ចោទថា ពាក្យថា ខ្មាំង មួយម៉ាត់ប៉ុណ្ណោះ ៖ «ការងារទាល់តែសកម្ម ហើយយើងកុំមានទ្រឹស្ដីចេះដឹងច្រើនពេក ហើយយើងចេះធ្វើល្ងង់អ៊ីចឹងទៅ ដូចថាគេប្រើអីយើងធ្វើហ្នឹងទៅ កុំចេះដឹង ពិសេសការងារត្រូវតែសកម្ម ហើយបើយើងឈឺច្រើន អីច្រើន ក៏អត់បានដែរ»។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ បានថ្លែងថា វិនាសកម្មនៅក្នុងរបបខ្មែរក្រហម ត្រូវបានរាប់ ចាប់តាំងពីការជម្លៀសប្រជាជនចេញពីលំនៅឋាន នៅឆ្នាំ១៩៧៥ ដែលនាំឲ្យមានការសម្លាប់ជាហូរហែ នៅតាមដងផ្លូវ។
អ្នករស់រាននៅក្នុងរបបខ្មែរក្រហម ដែលបច្ចុប្បន្នមានវ័យជាង ៥០ឆ្នាំឡើងទៅ សុទ្ធតែបានឃើញការជម្លៀស ដែលមានមនុស្សទាំងខ្សែៗ ត្រូវគេបាញ់សម្លាប់ ដើម្បីបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរយៈពេលបីថ្ងៃ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ហើយក៏ឃើញមានមនុស្សស្លាប់ដេរដាសតាមដងផ្លូវ នៅក្នុងពេលជម្លៀសប្រជាជននោះ ដោយសារតែអត់អាហារ និងជំងឺ។
លោក ឆាំង យុ បានបញ្ជាក់ថា នេះជាការសម្លាប់ ហើយការសម្លាប់ទាំងអស់នេះ មិនមែនធ្វើឡើងដោយចៃដន្យឡើយ គឺសុទ្ធតែមានផែនការរៀបទុកជាមុន។ ការបង្អត់អាហារ ការកសាងគុក ដែលកាលនោះមានគុកដល់ទៅ ១៩៦កន្លែង ការសម្លាប់ និងការបង្ខំឲ្យធ្វើការហួសកម្លាំង ៖ «យើងភ្លេចគិតថា អាហ្នឹងជាបទឧក្រិដ្ឋ កាលណាយើងឃ្លាន យើងហ៊ានធ្វើអ្វីគ្រប់យ៉ាង គឺខ្មែរក្រហមគិតទុកជាមុន គឺបានយកស្រូវអង្ករមិនឲ្យប្រជាជនហូប ហើយដឹងថា ការធ្វើនេះ មានមនុស្សស្លាប់ អ៊ីចឹងខ្មែរក្រហមគិតទុកជាមុន ពេលដែលដកហូតយកស្រូវ អង្ករ ពីប្រជាជនហើយ មនុស្សខំប្រឹងបង្កើតផល១ហិកតារបីតោន»។
ឯកសាររបស់ខ្មែរក្រហមស្ដីអំពីផែនការ ៤ឆ្នាំ របស់បដិវត្តន៍បានសរសេរថា ដើម្បីកសាងសង្គមថ្មី ស្អាតស្អំ បំបាត់របបនាយទុន និងសក្ដិភូមិចោលឲ្យអស់ ក្នុងរយៈពេល ៣ឆ្នាំក្រោយពីការរំដោះ ឆ្នាំ១៩៧៥ នេះ ខ្មែរក្រហម មិនពឹងពាក់ជំនួយពីបរទេសឡើយ ដើម្បីកុំឲ្យមានការជំពាក់ជំពិនជាមួយនយោបាយរបស់បក្ស។
ផែនការនោះបាននិយាយពីការកម្ទេចលុយចាស់ចោល ដើម្បីកុំពាក់ព័ន្ធនឹងរបបចាស់ ជម្លៀសប្រជាជនឲ្យចេញពីទីក្រុង ដើម្បីរៀបចំភូមិករឡើងវិញ ហើយត្រូវបង្កើនសក្ដានុពលផ្នែកសេដ្ឋកិច្ចតាមរយៈការធ្វើស្រែ ដោយធ្វើប្រព័ន្ធធារាសាស្ត្រ លើកទំនប់ ជីកប្រឡាយដោយកម្លាំងមនុស្ស ហើយមានការគណនាចែកតំបន់ ដែលត្រូវបានបរិមាណស្បៀងប៉ុន្មានតោនរួចជាស្រេច គណនានូវចំនួនស្រូវដែលត្រូវទុកឲ្យប្រជាជនប៉ុន្មាន ទុកប៉ុន្មានឲ្យកងកម្លាំងប៉ុន្មាន លក់ប៉ុន្មាន ដើម្បីទ្រទ្រង់រដ្ឋាភិបាលថ្មី។
ផែនការរួម សូម្បីតែដែកកេះក៏ត្រូវដាក់រួម និងការដាក់ផែនការកំហិតឲ្យផលិត ឲ្យបានសម្រេចបន្ថែមនូវគំនាបមួយទៀត គឺការរកមុខអ្នកប្រឆាំងនឹងបដិវត្តន៍ ដោយកំណត់អ្នកទាំងនោះថាជាខ្មាំងរបស់បដិវត្តន៍ ដើម្បីកម្ទេចចោល បាននាំឲ្យមានការសម្លាប់រង្គាល។
អ្នករស់រានមានជីវិតបានរៀបរាប់ថា នៅខេត្តបាត់ដំបង អង្ករ ៥កំប៉ុង ត្រូវបានគេដាំជាបបរមួយខ្ទះត្នោតធំ សម្រាប់មនុស្ស ៥០នាក់បរិភោគ។ រីឯបុរសនៅខេត្តតាកែវវិញ បាននិយាយថា ពួកគាត់ត្រូវគេចែកអង្ករ ២ខាំ មួយថ្ងៃ មួយគ្រួសារ មិនថាគ្រួសារមានសមាជិកម្នាក់ ឬ៥នាក់ក៏ដោយ។
បុរសចំណាស់ ឈ្មោះ នុត នួន បន្ថែមថា នៅពេលយប់មានឈ្លបយកការណ៍នៅក្រោមផ្ទះ ដើម្បីតាមដានស្ដាប់វែកមុខអ្នកប្រឆាំងបដិវត្តន៍ ៖ «ថាយើងនិយាយពីអីៗ ហើយយើងនិយាយរឿងក្បត់ រឿងអី ថាការងារនឿយអ៊ីចឹងទៅ ស៊ីឆ្ងាញ់មិនឆ្ងាញ់អ៊ីចឹងទៅ អើបើគេសួរយើងថា ឆ្ងាញ់ឫក៏មិនឆ្ងាញ់ យើងហ៊ានឆ្លើយថា មិនឆ្ងាញ់គឺថាបាត់ខ្លួនហើយ ក្បត់ទៀតអាហ្នឹង។ យើងអ្នកដឹងយើងឆ្លើយថា ឆ្ងាញ់អ៊ីចឹងទៅ ទោះបីមិនឆ្ងាញ់ យើងថាឆ្ងាញ់ បើមិនអ៊ីចឹងទេ គេថាខ្មាំងហើយ ពីព្រោះខ្ញុំនៅជិតរបងគុក»។
លោកបញ្ជាក់ថា ស្អីក៏គេចោទថាក្បត់ដែរ កាលពីជំនាន់នោះ បើទោះបីជាការរអ៊ូរទាំអំពីការធ្វើការធ្ងន់ ហូបមិនឆ្អែត និយាយពីសម័យមុន ធ្វើបាក់ចប បង្គី ក្ដី ឬរំលឹកពីរឿងកុនក្ដី ៖ «កងពិសេសនោះគឺថា ភ្ជួររាស់នោះ គឺថា បើភ្ជួរផ្ដាច់ម៉ោងពីរ បានដាក់ណឹងបបរ ពេលព្រឹកភ្ជួរហើយ ហើយបើភ្ជួរព្រឹកល្ងាច ត្រឹមម៉ោង ១១ឬ១២ ដាក់ម៉ោង២ ចូលភ្ជួរវិញ ហើយដាក់ពីភ្ជួរ ត្រូវការស្មៅគោ ស្មៅអី ហើយបើអត់ស្មៅគោ ខ្មាំង អត់ភ្នក់គោ ខ្មាំង ជេរគោ ខ្មាំង វាយគោ ខ្មាំង គោស៊ីស្រូវ ខ្មាំង ភ្ជួរនង្គ័លបាក់ ខ្មាំង មួយចប់ ខ្មាំង»។
លោក ឆាំង យុ បានអះអាងថា ភាគច្រើនក្រុមខ្មែរក្រហមច្រើនយកពាក្យ CIA KGB គិញយួន ទាហាន លន់ ណល់ ឬនាយទុន ជាដើម មកចោទថាជាខ្មាំង។ នរណាម្នាក់ដែលត្រូវគេចោទដូច្នេះ ហើយត្រូវគេយកទៅសម្លាប់ភ្លាម ដោយគ្មានការអង្កេតរកខុសត្រូវអ្វីឡើយ ហើយជួនកាលការចោទនោះ ធ្វើឡើងដោយការសងសឹក ចំពោះគំនុំគំកួនផ្ទាល់ខ្លួន ឬដើម្បីបិទបាំងអំពើអាក្រក់ ដែលអ្នកប្ដឹងចោទនោះ បានបំពានមកលើមនុស្សម្នាក់រួចហើយ ៖ «អ៊ីចឹងទៅ ចូលទៅក្នុងការសងសឹកដូចជាអ្នកខ្លះ គុំពីមុនមក អត់ចូលចិត្តអ្នកភ្នំពេញ អ៊ីចឹងដែលគេធ្លាប់ធ្វើបាវបម្រើ ធ្លាប់លំបាកវេទនាអ៊ីចឹង យកឱកាសហ្នឹងសងសឹក អ៊ីចឹងបកស្រាយថា អ្នកឯងខ្មាំង ហើយដោយសារពេលវេលារដ្ឋអំណាចភូមិឃុំ មានអំណាចខ្លាំងក្លា ទម្រាំដល់លើមនុស្សស្លាប់»។
លោក នុត នួន វិញបន្ថែមដូច្នេះ ៖ «អ្នកជាប់ទោស ស្រេចតែគេចោទទេ! ទាញឧទាហរណ៍ថា យើងតសំដីនឹងគេអ៊ីចឹង គេប្រើយើង យើងតសំដីនឹងគេ ឬទាញឧទាហរណ៍ថា គោ រទេះ យើងពីនេះទៅ យើងថា មិនឲ្យមិនអ៊ីចឹង ហើយគេថា យើងមិនដាច់កម្មសិទ្ធិ គេយកយើងទៅបាត់ទៅ ដឹកទាំងខ្សែៗ ហ្នឹង យកទៅបាញ់ចោលនៅរណ្ដៅអាបេ ឲ្យតែទាហាន បើទាហានអត់ទាន់ដាច់កម្មសិទ្ធិអ៊ីចឹងណា»។
បុរសម្នាក់ទៀតឈ្មោះ ឡៃ ៦០ឆ្នាំ ត្រូវគេជន្លាសពីទួលទំពូង ក្រុងភ្នំពេញទៅនៅខេត្តបាត់ដំបង បាននិយាយថា គាត់ជិតត្រូវគេយកទៅសម្លាប់ កាលនោះ ដោយគ្រាន់តែគាត់និយាយលេងជាមួយស្ត្រីម្នាក់ពេលកំពុងធ្វើការ ៖ «គេហៅទៅវាយចោល អង្គុយមាត់រណ្ដៅអ៊ីចឹង អង្គុយចោងហោងវត្តរណ្ដៅវាមួយម្ខាង និងនៅខាងក្រោយដំបងប៉ុនកំភួនដៃខាងក្រោយខ្នង។ អង្គុយនៅមាត់រណ្ដៅ ដៃចេះលើកប្រណុំ វាសូរមួយម៉ាត់ឆ្លើយមួយម៉ាត់ សួរ ២ម៉ាត់ឆ្លើយ ២ម៉ាត់។ វាចេះតែចោទទៅ ថាខ្ញុំប៉ះទង្គិចសីលធម៌ ឃើញខ្ញុំទាក់ទងនិយាយលេងសើច»។
បុរសម្នាក់ទៀត ឈ្មោះ ទុយ សុខ អាយុ ៧០ឆ្នាំ ត្រូវគេជម្លៀសឲ្យទៅនៅខេត្តសៀមរាប បន្ថែមអំពីការប៉ុនប៉ងសម្លាប់គ្រាន់តែលោកពន្យល់អំពីក្រុមរបស់លោក ដែលធ្វើការយឺត ៖ «ខ្ញុំហ្នឹង សុទ្ធតែអ្នកកូនខ្ចី ដល់តែធ្វើហើយក្រោយគេ វាចោទខ្ញុំ។ វាចោទខ្ញុំ វាសួរខ្ញុំថា តើខ្ញុំខ្លាចខ្មោចទេ ខ្ញុំឆ្លើយថា អត់ខ្លាចទេ រឿងខ្មោចលង អូខ្ញុំមួយអាយុខ្ញុំ អត់ចេះខ្លាចទេ ដល់នេះ មេកងខ្ញុំ ឆ្លើយថា កុំមាត់ខ្ញុំថា កុំមាត់អី សួរខ្ញុំអ៊ីចឹង ខ្ញុំអត់ខ្លាចមែន រួចដល់បាន ២-៣ថ្ងៃ មានឈ្មោះខ្ញុំ យកខ្ញុំទៅវាយចោល»។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានអះអាងថា មានមនុស្សប្រហែលជាង២លាននាក់ បានបាត់បង់ជីវិតដោយសារតែការអត់អាហារ ការឈឺថ្កាត់គ្មានថ្នាំព្យាបាល ការបាក់កម្លាំង ការសម្លាប់នៅអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ។
តាមឯកសារដែលវិទ្យុអាស៊ីសេរីទទួលបាន ស្ដីអំពីបទសម្ភាសន៍រវាងអ្នកសារព័ត៌មានប្រជាធិបតេយ្យ និង ប៉ុល ពត ដែលជារដ្ឋមន្ត្រីទី១ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ កាលពីថ្ងៃ១២ មេសា ឆ្នាំ១៩៧៨ គោលដៅរបស់ខ្មែរក្រហមធំបំផុត គឺប្រឆាំងនឹងមហិច្ឆតារបស់វៀតណាម ដែលចង់លេបយកកម្ពុជា។
នៅក្នុងទំព័រទី៦ នៃកិច្ចសម្ភាសន៍នោះ ប៉ុល ពត បាននិយាយថា យួនបានដំណើរការធ្វើសកម្មភាពចារកម្មគ្រប់បែបយ៉ាង ស៊ីរូងផ្ទៃក្នុង និងបំបែកបំបាក់ ហើយវគ្គឈ្លានពានលើកទី១ របស់យួននេះ កងទ័ពបដិវត្តន៍កម្ពុជាដ៏អង់អាចក្លាហាន បានវាយទប់ទល់ឲ្យបរាជ័យ និងបាក់ទាំងស្រុងយ៉ាងអាម៉ាស់ នៅថ្ងៃ៦ មករា ឆ្នាំ១៩៧៧។
ក្រោយមក ក្រុមខ្មែរក្រហម និងខ្មែរក្រហមខ្លួនឯង ក៏បានចាប់ផ្ដើមកម្ទេចគ្នាឯង ដែលមកដល់ពេលនេះ នៅមិនទាន់មានឯកសារណាមួយបញ្ជាក់អំពីមូលហេតុនៃការកម្ទេចគ្នាឯងនៅឡើយទេ រហូតដល់ការដួលរលំ នៃរបបនេះទាំងស្រុង កាលពីថ្ងៃទី៧ មករា ១៩៧៩ ដោយការរំដោះរបស់វៀតណាម។
របបខ្មែរក្រហមបានរលំផុតទៅហើយ តែមនុស្សជាច្រើននាក់ដែលនៅរស់រានមានជីវិត នៅតែបន្តចងចាំរឿងខ្មែរក្រហមធ្វើបាប សម្លាប់ សម្លុត គំរាម បង្អត់បាយ ធ្វើការធ្ងន់នោះនៅឡើយ ហើយបាននិយាយប្រាប់រឿងកម្សត់ លំបាកនេះ ដល់មនុស្សជំនាន់ក្រោយបន្តទៀតផង៕