សវនាការនោះមិនមានវត្តមានរបស់លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាទេ ដែលជាអ្នកដើមចោទ ប៉ុន្តែគេឃើញមានតែអ្នកចុងចោទ គឺអ្នកស្រី មូរ សុខហួរ តែម្នាក់ឯង គ្មានមេធាវីការពារឡើយ ប៉ុន្តែមានប្រជាពលរដ្ឋជាច្រើនរយនាក់ដែលតាមគាំពារលោកស្រីបានដុតទៀនទាមទាររកយុត្តិធម៌នៅមុខតុលាការក្រុងភ្នំពេញនោះ។
>>>ទស្សនាវីដេអូ>>>
នៅក្នុងសវនាការដេញដោលគ្នានោះ លោក សុខ កល្យាណ ជាព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ បានលើកទ្បើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបាននិយាយប៉ះពាល់ដល់ស្រ្តីទាំងមូលនោះទេ គឺសំដៅលើស្រ្តីមួយរូបដែលលោកមិនបានបញ្ចេញឈ្មោះ ប៉ុន្តែលោកស្រី មូរ សុខហួរ បានមួលបង្កាច់សម្ដីនោះថាបានប៉ះពាល់ដល់ស្រ្តីទាំងមូល គឺជាចេតនាដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញ។ លោកបានសុំឲ្យតុលាការផ្តន្ទាទោសលោកស្រី មូរ សុខហួរ តាមច្បាប់។
ចំណែកឯ លោក គី តិច ជាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទប្រកាន់ថា លោកស្រី មូរ សុខហួរ បានមួលបង្កាច់សម្ដីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចេតនាដើម្បីបរិហារកេរ្តិ៍ ដោយលោកបានទាមទារឲ្យតុលាការផ្តន្ទាទោស លោកស្រី មូរ សុខហួរ នោះ និងផាកពិន័យជាប្រាក់១០លានរៀលក្រោមបទបរិហារកេរ្តិ៍នោះ។
ទាក់ទងនឹងការទម្លាក់កំហុសព្រមៗគ្នាខាងលើនេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសមរង្ស៊ីដែលមិនបានឆ្លើយឬនិយាយអ្វីនៅក្នុងសវនាការនោះ បានមានសំណូមពរជាចុងក្រោយថា លោកស្រីសុំឲ្យចៅក្រមជាស្រ្តីដូចគ្នានោះផ្តល់យុត្តិធម៌ឲ្យលោកស្រីជាតំណាងរាស្រ្តស្រ្តីភេទ។ លោកស្រីបានសុំឲ្យតុលាការក្រុងភ្នំពេញកុំធ្វើជាឧបករណ៍នយោបាយរបស់អ្នកមានអំណាច។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមតាមដានសវនាការនេះ បានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងធ្វើសេចក្ដីសម្រេចដោយឯករាជ្យ។ សោកស្ដាយដែរដោយសារឃើញថា លោកស្រី មូរ សុខហួរ រកមេធាវីមិនបាន»។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តខាងគណបក្សសមរង្ស៊ី បានរងការប្តឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមបទបរិហារកេរ្តិ៍ ក្រោយពីលោកស្រីបានធ្វើសន្និសីទកាសែតកាលពីថៃ្ងទី២៣ ខែមេសាកន្លងទៅ ជាមួយនឹងអតីតមេធាវីរបស់លោកស្រី គឺលោក គង់ សំអុន អំពីគម្រោងការរបស់លោកស្រីក្នុងការប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមបទបរិហារកេរ្តិ៍លោកស្រី ចំពោះប្រសាសន៍របស់លោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល បានថែ្លងនៅក្នុងខេត្តកំពត កាលពីថៃ្ងទី៤ ខែមេសាកន្លងទៅ ថា មានស្រ្តីជើងខ្លាំងម្នាក់រត់ទៅឱបគេសោះ ថាគេប្រទ្បេះទ្បេវអាវ។
ការជជែកដេញដោលគ្នារយៈពេលជាងបីម៉ោងក្រោយមក លោកស្រី សែម សក្ត័កាទ្បា ជាចៅក្រមជម្រះក្តី បានប្រកាសពន្យារពេលនៃការប្រកាសសាលក្រមរហូតដល់ថៃ្ងទី៤ ខែសីហាខាងមុខនេះ។
នៅក្នុងដំណើរការនៃការជម្រះក្តីនោះ គេសង្កេតឃើញមានវត្តមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Carol Rodley តំណាងទូតអង់គ្លេស អូស្រ្តាលី កាណាដា តំណាងអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងលោក សម រង្ស៊ី ព្រមទាំងតំណាងរាស្រ្តជាច្រើនរូបទៀត បានមកចូលរួមតាមដានដំណើរការសវនាការនោះយ៉ាងណែនណាន់តាន់តាប់នៅក្នុងបន្ទប់សវនាការនោះ៕