ពិធី​សែន​ភូមិ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌល​គិរី

ការ​សែន​ព្រេន​គឺ​ជា​ពិធី​សំខាន់​មួយ​សម្រាប់​បង​ប្អូន​ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​គេ​ត្រូវ​តែ​រៀបចំ​ធ្វើ​ជា​ប្រចាំ។

0:00 / 0:00

មេ​កន្រ្ទាញ​វ័យ​៥២​ឆ្នាំ នៅ​ភូមិ​អូរ​រណា ឃុំ​ស្រែ​ក្ទម្ព ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី ឈ្មោះ ហុង ចាក់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ពិធី​នេះ​មាន​សារ​សំខាន់​បំផុត​ចំពោះ​បង​ប្អូន​ជន​ជាតិ​របស់​គាត់។

លោក ហុង ចាក់ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «សែន​ភូមិ​ដើម្បី​ឲ្យ​គ្រប់​គ្រង​ដីធ្លី​យើង គ្រប់​គ្រង​ភូមិ អត់​សែន​អត់​កើត ព្រោះ​វា​ជា​ជំនឿ​របស់​យើង​អ៊ីចឹង សាសនា​របស់​ជន​ជាតិ​របស់​ខ្ញុំ​អ៊ីចឹង។ វា​កើត​ជា​ឈឺ គ្រុន នៅ​ក្នុង​ភូមិ វា​អាច​អន្តរាយ ឈឺ ហើយ​ទោះ​បី​ពេទ្យ​ព្យាបាល​យ៉ាង​ម៉េច​ក៏​អត់​កើត ទាល់​តែ​យើង​សែន​អ៊ីចឹង​បាន​សុខ​សប្បាយ»

ជន​ជាតិ​ព្នង​ឈ្មោះ ណក់ វ៉ែន ដែល​មាន​នាទី​ជា​ប្រធាន​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «ផល​ល្អ គឺ​យើង​ធ្វើ​ទៅ​បាន​សុខ​សប្បាយ ហើយ​កសិកម្ម​ប្រមូល​បាន​ទិន្នផល​ល្អ ហើយ​និង​ដើម្បី​រំឭក​ដល់​បុព្វ​បុរស​យើង ដែល​ចែក​ឋាន​ទៅ។ ហើយ​ផល​អាក្រក់​នៅ​ពេល​ដែល​យើង​អត់​បាន​ធ្វើ វា​អាច​ធ្វើ​ឲ្យ​យើង​មិន​សុខ​សប្បាយ ហើយ​អាច​មាន​បុព្វ​បុរស​យើង​ស្លាប់​ទៅ មក​ស្ដី​បន្ទោស​យើង»

>>>ទស្សនា​វីដេអូ>>>

ពិធី​នេះ អ្នក​ភូមិ​ជន​ជាតិ​ព្នង​និយម​ហៅ​ថា អូរ​ព្រះ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ពិធី​សែន​ព្រេន​ដើម្បី​រំឭក​ទៅ​ដល់​អារក្ខ​អ្នក​តា​ព្រៃ​ភ្នំ​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​នូវ​សេចក្តី​សុខ។

នៅ​ក្នុង​ពិធី​សែន​ដែល​ត្រូវ​រៀបចំ​ធ្វើ​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង​នោះ គេ​ត្រូវ​មាន​វត្ថុ​មួយ​ចំនួន​ដូច​ជា ស្រា​ពាង ជ្រូក មាន់ ដ្យុស​ជា​គ្រឿង​ទទួល​អារក្ស កាំបិត​ផ្គាក់ ស្នា និង​សាស់​ស្ពាយ​ក្រោយ​ខ្នង ព្រម​ទាំង​លំពែង​ជា​ដើម។

អ្នក​ភូមិ​ទាំង​ក្មេង ទាំង​ចាស់​ជា​ច្រើន បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ ដែល​ខ្លះ​មាន​ទឹក​មុខ​រីក​រាយ ខ្លះ​ទៀត ទឹក​មុខ​ធម្មតា និង​មួយ​ចំនួន​ទៀត​ហាក់​មាន​ចម្ងល់​ចំពោះ​ពិធី​ដែល​កម្រ​នឹង​ឃើញ​នេះ ជា​ពិសេស​គឺ​ពួក​យុវ​វ័យ​និង​ក្មេងៗ​តែ​ម្តង។

ពួក​គាត់​ទាំង​នោះ មាន​សម្លៀក​បំពាក់​ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ប្លែក​តែ​មនុស្ស​ដែល​មាន​ចំនួន​ប្រហែល​ជាង ១០​ប៉ុណ្ណោះ ដោយ​ពួក​ប្រុសៗ​ស្លៀក​ប៉ឹង និង​ក្រុម​នារីៗ​ចង​ពុង ចម្រុះ​ពណ៌ ខ្មៅ ស ក្រហម បៃតង និង​ស្វាយ ប្រហាក់​ប្រហែល​គ្នា ដែល​ផលិត​ដោយ​ជន​ជាតិ​ព្នង​តែ​ម្តង។ ពួក​គេ​គឺ​ជា​អ្នក​រាំ​នៅ​ក្នុង​ពិធី​សែន​ព្រេន​នោះ។

នៅ​ក្នុង​ចង្អេរ​ធំ​មួយ​ក្បែរ​ពាង​ស្រា យើង​ឃើញ​មាន​ជ្រូក​មួយ​ដែល​គេ​ទើប​តែ​នឹង​លើក​ចេញ​ពី​ភ្នក់​ភ្លើង​និង​មាន់​មួយ​ដែល​គេ​ពុះ​ឆ្កាង​នៅ​ឆៅ​នៅ​ឡើយ ព្រម​ទាំង​មាន​គ្រឿង​ក្នុង​របស់​សត្វ​ទាំង​ពីរ​នេះ​ផង​ដែរ។ យើង​មិន​សង្កេត​ឃើញ​មាន​រាន ឬ​ខ្ទម​សម្រាប់​ទទួល​អារក្ស​អ្នក​តា​ព្រៃ​ភ្នំ​នោះ​ឡើយ គឺ​មាន​តែ​គ្រឿង​សម្រាប់​ទទួល​ម៉្យាង​ដែល​ភាសា​អ្នក​ស្រុក​ហៅ​ថា ដ្យុស ប៉ុណ្ណោះ។

ពេល​ពិធី​សែន​ព្រេន​ចាប់​ផ្តើម ក្រុម​សិល្បៈ​រាំ​ជុំវិញ​គ្រឿង​តង្វាយ​និង​ចាស់​ទុំ​ក្នុង​ភូមិ​ដែល​កំពុង​អង្គុយ​បួង​សួង​នៅ​ជុំវិញ​គ្រឿង​តង្វាយ​ទាំង​នោះ ដោយ​មាន​សំឡេង​គង​ប្រគំ​កំដរ​ផង​ដែរ។

អ្នក​ជំនាញ​ផ្នែក​នរ​វិទ្យា បណ្ឌិត អាំង ជូលាន ដែល​បាន​ធ្វើការ​សិក្សា​អំពី​ការ​ក​កើត​និង​ការ​វិវត្ត​របស់​មនុស្ស បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​សែន​ព្រេន​របស់​បង​ប្អូន​ជន​ជាតិ​ព្នង​នោះ មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​យើង​មិន​អាច​កំណត់​អំពី​អាយុ​កាល​របស់​ពិធី​នោះ​បាន​ទេ។

មណ្ឌល​គិរី305a
បុរស​ជន​ជាតិ​ព្នង​អង្គុយ​បឺត​ស្រា​ពាង​នៅ​ក្នុង​ពិធី​សែន​ភូមិ​។ RFA/Mean Riddh

លោក​បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «តែ​កាល​ណា​មនុស្ស​កើត​ជា​មនុស្ស​ក្នុង​សង្គម​ហើយ​ជំនឿ​វា​មាន ម្ល៉ោះ​ហើយ​ជំនឿ​វា​មាន មាន​ពិធី មាន​សែន​ព្រេន ហើយ​បើ​មាន​មនុស្ស​មាន​ជា​សង្គ​មហើយ វា​មាន​ហើយ​ជំនឿ កិច្ច​បូជា សែន​អី​ទាំង​អស់​របស់​ព្នង​ហ្នឹង​វា​នៅ​ក្នុង​ប្រភេទ​ហៅ​ថា​ជីវចល​ហ្នឹង ហ្នឹង​មិន​មែន​អ្នក​នោះ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ទេ គឺ​អ្នក​ស្រាវជ្រាវ​ដាក់​ឲ្យ»

ក្នុង​សម្លៀក​បំពាក់​អាវ ប៉ាក់ និង​សំពត់​ហូល ពាក់​ខ្សែ​ដៃ និង​ខ្សែ​ក​ដែល​មាន​ត្បូង​ពណ៌​ស្លែ​ប្រហាក់​ប្រហែល​គ្នា​នោះ ស្រ្តី​ជន​ជាតិ​ព្នង​ឈ្មោះ ហាំង ម៉ារី ជា​អ្នក​សម្រប​សម្រួល​ផ្នែក​សហគមន៍​របស់​អង្គការ W.C.S ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ «ពិធី​សែន​ព្រេន​សម្រាប់​ជន​ជាតិ​ព្នង​មាន​តាំង​ពី​ដូន​តា ពី​កើត​មនុស្ស​មក​តែ​ម្ដង»

ទោះ​បី​ជា​ពិធី​នេះ មាន​ប្រវត្តិ​ជា​យូរ​លង់​ណាស់​មក​ហើយ​ក្តី ក៏​វា​មិន​ត្រូវ​បាន​មនុស្ស​ជំនាន់​ក្រោយ​មួយ​ចំនួន​របស់​ជន​ជាតិ​នេះ យល់​ពី​សារ​ប្រយោជន៍​របស់​វា​ដែរ។

អ្នក​ភូមិ​ជន​ជាតិ​ព្នង​វ័យ ១៧​ឆ្នាំ​ម្នាក់ ដែល​មាន​សក់​ពណ៌​ទង់​ដែង​លុប​លើ​ត្រចៀក​គាត់ ឈ្មោះ ព្លើញ ណាក់ បាន​ឲ្យ​ដឹង​ថា ៖ «អត់​បាន​សួរ​ចាស់ៗ​ដែរ ខ្ញុំ​អត់​សូវ​បាន​ដឹង​ដែរ»

ក្នុង​វ័យ ១៦​ឆ្នាំ រី ផល្លី អ្នក​ភូមិ​ជន​ជាតិ​ព្នង​ម្នាក់​ទៀត ដែល​លាប​សក់​ពណ៌​ទង់​ដែង​ដែរ​នោះ បន្ថែម​ថា ៖ «ខ្ញុំ​មិន​សូវ​ចេះ​ដឹង​ទេ ទើប​ចូលរួម​ហ្នឹង ដូន​តា​ខ្ញុំ ខ្ញុំ​អត់​ដឹង​មាន​ឬ​អត់​ទេ ខ្ញុំ​អត់​ដឹង​ដែរ»

គួរ​កត់​សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​សែន​ព្រេន​របស់​បង​ប្អូន​ជន​ជាតិ​ព្នង កាល​ពី​ថ្ងៃ​ទី​២៨ និង ២៩ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ យើង​សង្កេត​ឃើញ​ថា បង​ប្អូន​ជន​ជាតិ​ទាំង​នោះ ភាគ​ច្រើន មិន​មាន​ពាក់​ក្រវិល​ភ្លុក ពាក់​កង​ក កង​ដៃ និង​ស្លៀក​ប៉ឹង ដូច​ក្នុង​ឯកសារ​មួយ​ចំនួន​ដែល​បាន​សរសេរ​នា​ពេល​កន្លង​មក​នោះ​ទេ គឺ​ពួក​គេ​មាន​សម្លៀក​បំពាក់​សាមញ្ញ ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ធម្មតា​ដែរ ដែល​យើង​ស្ទើរ​តែ​មិន​ជឿ​ថា គាត់​ជា​ជន​ជាតិ​ភាគ​តិច​ផង លើក​លែង​តែ​ពេល​ដែល​គាត់​និយាយ​រដឺនៗ​មក​កាន់​យើង​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ផ្នែក​នរ​វិទ្យា បណ្ឌិត អាំង ជូលាន បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ប្រពៃណី​ទំនៀម​ទម្លាប់​មួយ​ចំនួន​របស់​បង​ប្អូន​ជន​ជាតិ​ព្នង ដែល​កំពុង​បាត់​បង់​ជា​បណ្តើរៗ​នេះ ៖ «រឿង​ខោ​អាវ រឿង​អលង្ការ រឿង​ការ​ដែល​តុប​តែង​ខ្លួន​រឿង​អី អាហ្នឹង​វា​ច្បាស់​ជា​នឹង​បាត់​បង់​ជា​ស្ថាពរ​ហើយ។ បើ​សួរ​ខ្ញុំ​ថា មាន​ការ​ព្រួយ​បារម្ភ​ឬ​អត់? ខ្ញុំ​ស្ដាយៗ ប៉ុន្តែ​ខ្ញុំ​យល់​ថា គេ​ឯ​ទៀត​ស្ដាយ​ដូច​ខ្ញុំ ព្រោះ​ថា ហ្នឹង​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ជាតិ​មួយៗ ហើយ​កាលណា​វា​ចេះ​តែ​បាត់ៗ​អ៊ីចឹង​ទៅ វា​ជា​ការ​គួរ​ឲ្យ​ស្ដាយ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​មណ្ឌលគិរី លោក យ៉ន សុខុម បាន​ឲ្យ​ដឹង​ថា ៖ «មើល​ទៅ ការ​អៀន​ខ្មាស​ម្យ៉ាង ម្យ៉ាង​គាត់​ថា មិន​សូវ​មាន​សោភ័ណ​ភាព​ទេ ពេល​ខ្លះ គាត់​ក៏​បាន​តប​មក​យើង​ថា លោក​ចេះ​ស្លៀក​ពាក់​ល្អ​បាន ចុះ​ខ្ញុំ ឲ្យ​តែ​ខ្ញុំ​ស្លៀក​អ៊ីចឹង​រហូត​ទៅ​អី? ខាង​ខ្ញុំ​និយាយ​រួម​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​ថវិកា​ដែល​ខាង​ខ្ញុំ​មិន​អាច​រៀបចំ​បង្កើត​ជា​ក្រុម​សហគមន៍​ជូន​គាត់​បាន»

បណ្ឌិត​ផ្នែក​ប្រវត្តិ​សាស្រ្ត​និង​ជា​ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក អ៊ីវ ច័ន យល់​ឃើញ​ថា ដើម្បី​រក្សា​ប្រពៃណី​របស់​អ្នក​ស្រុក​ទាំង​នោះ​ឲ្យ​បាន​គង់​វង្ស លុះ​ត្រា​តែ​ពួក​គាត់​ចេះ​រក្សា​ទំនៀម​ទម្លាប់​របស់​ពួក​គាត់​ឲ្យ​មាន​ជា​ប្រចាំ ហយើ​មួយ​ទៀត យើង​គួរ​តែ​ធ្វើការ​អប់រំ​ពួក​គាត់​ឲ្យ​កាន់​តែ​មាន​ការ​យល់​ដឹង​ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​បន្ត​ការ​ថែ​រក្សា​កេរ​ដំណែល​របស់​ដូន​តា​ពួក​គាត់​ទាំង​នោះ។

លោក យ៉ន សុខុម មន្រ្តី​ផ្នែក​វប្បធម៌​ដដែល បាន​បញ្ជាក់​ថា ទោះ​បី​ជា​គេ​ដឹង​ថា ប្រពៃណី​នេះ​មាន​សារ​សំខាន់​ចំពោះ​ក្រុម​ជន​ជាតិ​ភាគ​តិច​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​ទាន់​មាន​ថវិកា​ជួយ​ទ្រទ្រង់​ទៅ​ដល់​ផ្នែក​នេះ​នៅ​ឡើយ​ទេ៕