មេកន្រ្ទាញវ័យ៥២ឆ្នាំ នៅភូមិអូររណា ឃុំស្រែក្ទម្ព ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឈ្មោះ ហុង ចាក់ បានប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីឲ្យដឹងថា ពិធីនេះមានសារសំខាន់បំផុតចំពោះបងប្អូនជនជាតិរបស់គាត់។
លោក ហុង ចាក់ មានប្រសាសន៍យ៉ាងដូច្នេះ ៖ «សែនភូមិដើម្បីឲ្យគ្រប់គ្រងដីធ្លីយើង គ្រប់គ្រងភូមិ អត់សែនអត់កើត ព្រោះវាជាជំនឿរបស់យើងអ៊ីចឹង សាសនារបស់ជនជាតិរបស់ខ្ញុំអ៊ីចឹង។ វាកើតជាឈឺ គ្រុន នៅក្នុងភូមិ វាអាចអន្តរាយ ឈឺ ហើយទោះបីពេទ្យព្យាបាលយ៉ាងម៉េចក៏អត់កើត ទាល់តែយើងសែនអ៊ីចឹងបានសុខសប្បាយ»។
ជនជាតិព្នងឈ្មោះ ណក់ វ៉ែន ដែលមាននាទីជាប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា ៖ «ផលល្អ គឺយើងធ្វើទៅបានសុខសប្បាយ ហើយកសិកម្មប្រមូលបានទិន្នផលល្អ ហើយនិងដើម្បីរំឭកដល់បុព្វបុរសយើង ដែលចែកឋានទៅ។ ហើយផលអាក្រក់នៅពេលដែលយើងអត់បានធ្វើ វាអាចធ្វើឲ្យយើងមិនសុខសប្បាយ ហើយអាចមានបុព្វបុរសយើងស្លាប់ទៅ មកស្ដីបន្ទោសយើង»។
>>>ទស្សនាវីដេអូ>>>
ពិធីនេះ អ្នកភូមិជនជាតិព្នងនិយមហៅថា អូរព្រះ ដែលមានន័យជាភាសាខ្មែរថា ពិធីសែនព្រេនដើម្បីរំឭកទៅដល់អារក្ខអ្នកតាព្រៃភ្នំទាំងអស់ ដើម្បីឲ្យអ្នកភូមិទទួលបាននូវសេចក្តីសុខ។
នៅក្នុងពិធីសែនដែលត្រូវរៀបចំធ្វើជារៀងរាល់មួយឆ្នាំម្តងនោះ គេត្រូវមានវត្ថុមួយចំនួនដូចជា ស្រាពាង ជ្រូក មាន់ ដ្យុសជាគ្រឿងទទួលអារក្ស កាំបិតផ្គាក់ ស្នា និងសាស់ស្ពាយក្រោយខ្នង ព្រមទាំងលំពែងជាដើម។
អ្នកភូមិទាំងក្មេង ទាំងចាស់ជាច្រើន បានចូលរួមនៅក្នុងពិធីនេះ ដែលខ្លះមានទឹកមុខរីករាយ ខ្លះទៀត ទឹកមុខធម្មតា និងមួយចំនួនទៀតហាក់មានចម្ងល់ចំពោះពិធីដែលកម្រនឹងឃើញនេះ ជាពិសេសគឺពួកយុវវ័យនិងក្មេងៗតែម្តង។
ពួកគាត់ទាំងនោះ មានសម្លៀកបំពាក់ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ ប្លែកតែមនុស្សដែលមានចំនួនប្រហែលជាង ១០ប៉ុណ្ណោះ ដោយពួកប្រុសៗស្លៀកប៉ឹង និងក្រុមនារីៗចងពុង ចម្រុះពណ៌ ខ្មៅ ស ក្រហម បៃតង និងស្វាយ ប្រហាក់ប្រហែលគ្នា ដែលផលិតដោយជនជាតិព្នងតែម្តង។ ពួកគេគឺជាអ្នករាំនៅក្នុងពិធីសែនព្រេននោះ។
នៅក្នុងចង្អេរធំមួយក្បែរពាងស្រា យើងឃើញមានជ្រូកមួយដែលគេទើបតែនឹងលើកចេញពីភ្នក់ភ្លើងនិងមាន់មួយដែលគេពុះឆ្កាងនៅឆៅនៅឡើយ ព្រមទាំងមានគ្រឿងក្នុងរបស់សត្វទាំងពីរនេះផងដែរ។ យើងមិនសង្កេតឃើញមានរាន ឬខ្ទមសម្រាប់ទទួលអារក្សអ្នកតាព្រៃភ្នំនោះឡើយ គឺមានតែគ្រឿងសម្រាប់ទទួលម៉្យាងដែលភាសាអ្នកស្រុកហៅថា ដ្យុស ប៉ុណ្ណោះ។
ពេលពិធីសែនព្រេនចាប់ផ្តើម ក្រុមសិល្បៈរាំជុំវិញគ្រឿងតង្វាយនិងចាស់ទុំក្នុងភូមិដែលកំពុងអង្គុយបួងសួងនៅជុំវិញគ្រឿងតង្វាយទាំងនោះ ដោយមានសំឡេងគងប្រគំកំដរផងដែរ។
អ្នកជំនាញផ្នែកនរវិទ្យា បណ្ឌិត អាំង ជូលាន ដែលបានធ្វើការសិក្សាអំពីការកកើតនិងការវិវត្តរបស់មនុស្ស បានឲ្យដឹងថា ការប្រារព្ធពិធីសែនព្រេនរបស់បងប្អូនជនជាតិព្នងនោះ មានតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែយើងមិនអាចកំណត់អំពីអាយុកាលរបស់ពិធីនោះបានទេ។

លោកបណ្ឌិត អាំង ជូលាន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «តែកាលណាមនុស្សកើតជាមនុស្សក្នុងសង្គមហើយជំនឿវាមាន ម្ល៉ោះហើយជំនឿវាមាន មានពិធី មានសែនព្រេន ហើយបើមានមនុស្សមានជាសង្គមហើយ វាមានហើយជំនឿ កិច្ចបូជា សែនអីទាំងអស់របស់ព្នងហ្នឹងវានៅក្នុងប្រភេទហៅថាជីវចលហ្នឹង ហ្នឹងមិនមែនអ្នកនោះដាក់ឈ្មោះខ្លួនឯងទេ គឺអ្នកស្រាវជ្រាវដាក់ឲ្យ»។
ក្នុងសម្លៀកបំពាក់អាវ ប៉ាក់ និងសំពត់ហូល ពាក់ខ្សែដៃ និងខ្សែកដែលមានត្បូងពណ៌ស្លែប្រហាក់ប្រហែលគ្នានោះ ស្រ្តីជនជាតិព្នងឈ្មោះ ហាំង ម៉ារី ជាអ្នកសម្របសម្រួលផ្នែកសហគមន៍របស់អង្គការ W.C.S ក៏បានឲ្យដឹងដែរថា ៖ «ពិធីសែនព្រេនសម្រាប់ជនជាតិព្នងមានតាំងពីដូនតា ពីកើតមនុស្សមកតែម្ដង»។
ទោះបីជាពិធីនេះ មានប្រវត្តិជាយូរលង់ណាស់មកហើយក្តី ក៏វាមិនត្រូវបានមនុស្សជំនាន់ក្រោយមួយចំនួនរបស់ជនជាតិនេះ យល់ពីសារប្រយោជន៍របស់វាដែរ។
អ្នកភូមិជនជាតិព្នងវ័យ ១៧ឆ្នាំម្នាក់ ដែលមានសក់ពណ៌ទង់ដែងលុបលើត្រចៀកគាត់ ឈ្មោះ ព្លើញ ណាក់ បានឲ្យដឹងថា ៖ «អត់បានសួរចាស់ៗដែរ ខ្ញុំអត់សូវបានដឹងដែរ»។
ក្នុងវ័យ ១៦ឆ្នាំ រី ផល្លី អ្នកភូមិជនជាតិព្នងម្នាក់ទៀត ដែលលាបសក់ពណ៌ទង់ដែងដែរនោះ បន្ថែមថា ៖ «ខ្ញុំមិនសូវចេះដឹងទេ ទើបចូលរួមហ្នឹង ដូនតាខ្ញុំ ខ្ញុំអត់ដឹងមានឬអត់ទេ ខ្ញុំអត់ដឹងដែរ»។
គួរកត់សម្គាល់ផងដែរថា នៅក្នុងពិធីសែនព្រេនរបស់បងប្អូនជនជាតិព្នង កាលពីថ្ងៃទី២៨ និង ២៩ ខែកក្កដា ឆ្នាំ២០០៩នេះ យើងសង្កេតឃើញថា បងប្អូនជនជាតិទាំងនោះ ភាគច្រើន មិនមានពាក់ក្រវិលភ្លុក ពាក់កងក កងដៃ និងស្លៀកប៉ឹង ដូចក្នុងឯកសារមួយចំនួនដែលបានសរសេរនាពេលកន្លងមកនោះទេ គឺពួកគេមានសម្លៀកបំពាក់សាមញ្ញ ដូចប្រជាពលរដ្ឋខ្មែរធម្មតាដែរ ដែលយើងស្ទើរតែមិនជឿថា គាត់ជាជនជាតិភាគតិចផង លើកលែងតែពេលដែលគាត់និយាយរដឺនៗមកកាន់យើងប៉ុណ្ណោះ។
អ្នកជំនាញផ្នែកនរវិទ្យា បណ្ឌិត អាំង ជូលាន បានសម្តែងនូវការសោកស្តាយចំពោះប្រពៃណីទំនៀមទម្លាប់មួយចំនួនរបស់បងប្អូនជនជាតិព្នង ដែលកំពុងបាត់បង់ជាបណ្តើរៗនេះ ៖ «រឿងខោអាវ រឿងអលង្ការ រឿងការដែលតុបតែងខ្លួនរឿងអី អាហ្នឹងវាច្បាស់ជានឹងបាត់បង់ជាស្ថាពរហើយ។ បើសួរខ្ញុំថា មានការព្រួយបារម្ភឬអត់? ខ្ញុំស្ដាយៗ ប៉ុន្តែខ្ញុំយល់ថា គេឯទៀតស្ដាយដូចខ្ញុំ ព្រោះថា ហ្នឹងជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិមួយៗ ហើយកាលណាវាចេះតែបាត់ៗអ៊ីចឹងទៅ វាជាការគួរឲ្យស្ដាយ»។
ទាក់ទងទៅនឹងបញ្ហានេះ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក យ៉ន សុខុម បានឲ្យដឹងថា ៖ «មើលទៅ ការអៀនខ្មាសម្យ៉ាង ម្យ៉ាងគាត់ថា មិនសូវមានសោភ័ណភាពទេ ពេលខ្លះ គាត់ក៏បានតបមកយើងថា លោកចេះស្លៀកពាក់ល្អបាន ចុះខ្ញុំ ឲ្យតែខ្ញុំស្លៀកអ៊ីចឹងរហូតទៅអី? ខាងខ្ញុំនិយាយរួមទៅពាក់ព័ន្ធជាមួយនឹងថវិកាដែលខាងខ្ញុំមិនអាចរៀបចំបង្កើតជាក្រុមសហគមន៍ជូនគាត់បាន»។
បណ្ឌិតផ្នែកប្រវត្តិសាស្រ្តនិងជាប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោក អ៊ីវ ច័ន យល់ឃើញថា ដើម្បីរក្សាប្រពៃណីរបស់អ្នកស្រុកទាំងនោះឲ្យបានគង់វង្ស លុះត្រាតែពួកគាត់ចេះរក្សាទំនៀមទម្លាប់របស់ពួកគាត់ឲ្យមានជាប្រចាំ ហយើមួយទៀត យើងគួរតែធ្វើការអប់រំពួកគាត់ឲ្យកាន់តែមានការយល់ដឹងថែមទៀត ដើម្បីឲ្យពួកគាត់មានលទ្ធភាពបន្តការថែរក្សាកេរដំណែលរបស់ដូនតាពួកគាត់ទាំងនោះ។
លោក យ៉ន សុខុម មន្រ្តីផ្នែកវប្បធម៌ដដែល បានបញ្ជាក់ថា ទោះបីជាគេដឹងថា ប្រពៃណីនេះមានសារសំខាន់ចំពោះក្រុមជនជាតិភាគតិចក៏ដោយ ក៏រដ្ឋាភិបាលមិនទាន់មានថវិកាជួយទ្រទ្រង់ទៅដល់ផ្នែកនេះនៅឡើយទេ៕