#រូបត្លុកនយោបាយ៖ «សន្តិភាព»ក្នុងអំណាចដឹកនាំរបស់ត្រកូលហ៊ុន
2024.09.21
រដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុនសព្វថ្ងៃ បានប្រកាសម្ដងហើយម្ដងទៀតថា កម្ពុជាកំពុងមានសន្តិភាពបន្ទាប់ពីចាកផុតពីរបបខ្មែរក្រហម។
ជាមួយគ្នានេះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលទទួលតំណែងជានាយករដ្ឋមន្ត្រីពីឪពុកក៏បានបង្កើតអនុក្រឹត្យមួយនៅថ្ងៃទី០១មករា ២០២៤ ដោយ កំណត់យកថ្ងៃទី«២៩ធ្នូ» ជា «ទិវាសន្តិភាពនៅកម្ពុជា» ព្រមទាំងរាប់បញ្ចូលជាថ្ងៃបុណ្យជាតិផ្លូវការជារៀងរាល់ឆ្នាំ។
ចាប់តាំងពីរដ្ឋាភិបាលឪរហូតដល់កូន បានបញ្ជាឲ្យគ្រប់ស្ថាប័នរដ្ឋនិងឯកជន រហូតប្រជាពលរដ្ឋព្រមទាំងក្រុមសិល្បករផងត្រូវទន្ទេញឲ្យចាំស្ទាត់ថា អរគុណសន្តិភាព ហើយត្រូវតែនិយាយនិងលើកស្លាក អរគុណសន្តិភាពនេះ នៅគ្រប់ទីកន្លែងទាំងអស់។
ប៉ុន្តែសកម្មជននយោបាយ សកម្មជនសង្គម អង្គការក្រៅរដ្ឋាភិបាលឯករាជ្យនិងគណបក្សប្រឆាំងបានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ឯណោះវិញទេ ជាកំណើតសន្តិភាពសម្រាប់ខ្មែរគ្រប់និន្នាការទាំងអស់ដែលជាសន្តិភាពពិតប្រាកដ។
ចំណែកសន្តិភាពដែលត្រកូល ហ៊ុន បង្កើតឡើងនិងប្រកាសឲ្យគេឯងទទួលស្គាល់ដូចសព្វថ្ងៃនេះ ជាសន្តិភាពក្លែងក្លាយ សន្តិភាពជាប់ខ្នោះគុកច្រវាក់ បើអ្នកណាហ៊ានបញ្ចេញមតិទាមទារនូវសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមពិតប្រាកដនោះ។
ពួកគាត់លើកឡើងទៀតថាសន្តិភាពពិតប្រាកដគឺផ្តើមចេញពីផ្លូវចិត្តផ្លូវកាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ តែបើមួយថ្ងៃៗ ឃើញតែពលរដ្ឋស្រែកយំព្រោះតែបាត់បង់ដីធ្លី បាត់ផ្ទះ ព្រោះតែអ្នកមានលុយមានអំណាចប្លន់យកពីពួកគាត់ស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាបែបនេះ គឺមិនអាចនិយាយបានថា ជាប្រទេសមានសន្តិភាពពិតប្រាកដឡើយតែវាអាចជាសន្តិភាព «ផ្នូរខ្មោច»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។