ទណ្ឌិតជាស្រ្តីកំពុងជាប់ទោសនៅក្នុងគុកព្រៃសចំនួន ៣៦៥នាក់ ដោយមានកុមារតូចៗចំនួន១៥នាក់ផង នៅថៃ្ងច័ន្ទ ទី៨ ខែមីនានេះ បានប្រារព្ធទិវានារីអន្តរជាតិលើកទី៩៩ ក្នុងបរិយាកាសសប្បាយរីករាយនៅបរិវេណគុកព្រៃស ឬមណ្ឌលកែប្រែម.២ ដោយការលេងល្បែងកម្សាន្ត ច្រៀងកម្សាន្ត របាំជូនពរ របាំព្រាបស និងការចែកអំណោយសម្លៀកបំពាក់ដល់ស្រ្តីទាំងនោះ។
គុកព្រៃសជាមណ្ឌលកែប្រែថ្នាក់ជាតិធំជាងគេនៅក្នុងចំណោមពន្ធនាគារជាង២០កន្លែងនៅក្នុងប្រទេសកម្ពុជា។ គុកព្រៃសនេះមានចម្ងាយជាង២០គីឡូម៉ែត្រ ខាងលិចទីក្រុងភ្នំពេញ ដែលមានអ្នកទោសសរុបទាំងស្រីទាំងប្រុសចំនួន៧៧៥នាក់ នៅដាច់ដោយទ្បែកពីគ្នា។
ការប្រារព្ធទិវានារីអន្តរជាតិនៅថៃ្ងច័ន្ទនេះ បានរៀបចំទ្បើងដោយអង្គការការពារសិទ្ធិមនុស្សលីកាដូ សហការជាមួយអាជ្ញាធរគ្រប់គ្រងគុកព្រៃស ដើម្បីបង្កការសប្បាយរីករាយនៅក្នុងទិវានេះជារៀងរាល់១ឆ្នាំម្តង។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
ស្រ្តីជាទណ្ឌិតឈ្មោះ សុខ ឌឿន អាយុ៤៦ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក១២ឆ្នាំ ក្រោមបទជួញដូរមនុស្សកាលពីឆ្នាំ២០០៥កន្លងទៅ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខ្ញុំសប្បាយចិត្ត រំភើបក្នុងចិត្ត ចង់មានសេរីភាព»។
ស្រ្តីជាទណ្ឌិតម្នាក់ទៀតឈ្មោះ អ៊ុន ស្រី អាយុ៤៦ឆ្នាំ ត្រូវតុលាការកាត់ទោសឲ្យជាប់គុក១៣ឆ្នាំ ក្រោមបទអំពើភេរវកម្មបានថែ្លងថា ៖ «បងប្អូនមានអង្គការចូលមកដល់ ជួយជំនួយឲ្យពួកយើងខ្ញុំ សប្បាយ...»។
តំណាងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក ហម ស៊ុនរិទ្ធិ ដែលបានចូលរួមចែកអំណោយដល់ស្រ្តីទណ្ឌិត៣៦៥នាក់នៅក្នុងព្រៃស ឬមណ្ឌលកែប្រែម.២ បានមានប្រសាសន៍ថា ៖ «ថ្ងៃសិទ្ធិនារីឆ្នាំនេះខួបលើកទី៩៩ ដែលប្រទេសកម្ពុជាទូទាំងប្រទេស ក៏ដូចជាអន្តរជាតិបានប្រារព្ធរំឭកនូវថ្ងៃសិទ្ធិនារីនេះ»។
ទាក់ទងនឹងស្ថានការគ្រប់គ្រងនិងការរស់នៅរបស់ស្រ្តីជាទណ្ឌិតនៅក្នុងគុកព្រៃស ឬមណ្ឌលកែប្រែម.២ លោក ចាត់ ស៊ីនាង ជាប្រធានមណ្ឌលកែប្រែម.២ បានមានប្រសាសន៍ថា ៖ «មណ្ឌលកែប្រែទី២ មានទីតាំងចាស់ដែលអគារសម្រាប់ដាក់អ្នកទោសចំនួន៣៥០នាក់ទៅ៤០០នាក់តែប៉ុណ្ណោះ ហើយបច្ចុប្បន្នអ្នកទោសមានដល់ទៅ៧៧៥នាក់។ ស្រ្ដីមួយចំនួនមានកូនតូចមកតាមជាមួយ ស្រ្ដីមួយចំនួនមានផ្ទៃពោះ ហើយពុំទាន់មានប្រព័ន្ធទឹកស្អាតនិងអគ្គិសនីមកដល់។ យើងនឹងពង្រឹងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីបំណិនជីវិត...»។
លោកបានមានប្រសាសន៍ទៀតថា មណ្ឌលកែប្រែម.២ បានសាងសង់អគារសិប្បកម្ម១ខ្នងសម្រាប់ទណ្ឌិតស្រ្តីប៉ាក់ឌិន ដើម្បីកាត់បន្ថយការចង្អៀតណែននិងធ្វើធ្នើរសម្រាប់ទុកដាក់សម្ភារៈនានាកុំឲ្យចង្អៀតណែន និងការបញ្ចេញអ្នកទោសជាស្រ្ដីឲ្យដាំបាយ ធ្វើអនាម័យ ចិញ្ចឹមត្រីនិងដាំបន្លែ។
អាជ្ញាធរគុកព្រៃសនេះ បានបញ្ចេញទណ្ឌិតចំនួន៤៥១នាក់ក្នុងមួយថ្ងៃៗ ដើម្បីធ្វើការងារទាំងនោះដើម្បីកាត់បន្ថយការចង្អៀតណែននៅក្នុងបន្ទប់គុកតូចចង្អៀត។
កន្លងមកក្រុមសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកធ្លាប់បានជាប់ទោសនៅក្នុងគុកព្រៃស បានរិះគន់ថា បរិយាកាសនៅក្នុងបន្ទប់ឃុំឃាំងចង្អៀតណែនខ្លាំងថប់ខ្យល់ ពិបាករស់ នៅក្តៅខ្លាំងនិងគ្មានទឹកស្អាតប្រើប្រាស់ដែលងាយកើតជំងឺផ្សេង៕