ទណ្ឌិត​ស្រ្ដី​នៅ​ពន្ធនាគារ​ព្រៃស​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ

នៅ​ថ្ងៃ​ទី​​​​៨ ខែ​​មីនា ឆ្នាំ​២០១០ ដែល​ជា​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ទណ្ឌិត​​ស្រ្តី​​​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​​ជិត​៤០០​នាក់ ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ចូល​រួម​អបអរ​សាទរ​ប្រារព្ធ​ទិវានារី​អន្តរជាតិ​​នេះ​ដែរ។

0:00 / 0:00

ទណ្ឌិត​ជា​ស្រ្តី​កំពុង​ជាប់​ទោស​នៅ​ក្នុង​គុក​ព្រៃ​ស​ចំនួន ៣៦៥​នាក់ ដោយ​មាន​កុមារ​តូចៗ​ចំនួន​១៥​នាក់​ផង នៅ​ថៃ្ង​ច័ន្ទ ទី​៨ ខែ​មីនា​នេះ បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​នៅ​បរិវេណ​គុក​ព្រៃ​ស ឬ​មណ្ឌល​កែប្រែ​ម.២ ដោយ​ការ​លេង​ល្បែង​កម្សាន្ត ច្រៀង​កម្សាន្ត របាំ​ជូន​ពរ របាំ​ព្រាប​ស និង​ការ​ចែក​អំណោយ​សម្លៀក​បំពាក់​ដល់​ស្រ្តី​ទាំង​នោះ។

គុក​ព្រៃ​ស​ជា​មណ្ឌល​កែប្រែ​ថ្នាក់​ជាតិ​ធំ​ជាង​គេ​នៅ​ក្នុង​ចំណោម​ពន្ធនាគារ​ជាង​២០​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គុក​ព្រៃ​ស​នេះ​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ ខាង​លិច​ទីក្រុង​ភ្នំពេញ ដែល​មាន​អ្នក​ទោស​សរុប​ទាំង​ស្រី​ទាំង​ប្រុស​ចំនួន​៧៧៥​នាក់ នៅ​ដាច់​ដោយ​ទ្បែក​ពី​គ្នា។

ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ថៃ្ង​ច័ន្ទ​នេះ បាន​រៀបចំ​ទ្បើង​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ សហការ​ជាមួយ​អាជ្ញាធរ​គ្រប់គ្រង​គុក​ព្រៃស ដើម្បី​បង្ក​ការ​សប្បាយ​រីករាយ​នៅ​ក្នុង​ទិវា​នេះ​ជា​រៀងរាល់​១​ឆ្នាំ​ម្តង។

ទស្សនា​​វីដេអូ​នៅ​វឹបសាយថ៍ YouTube

ស្រ្តី​ជា​ទណ្ឌិត​ឈ្មោះ សុខ ឌឿន អាយុ​៤៦​ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​១២​ឆ្នាំ ក្រោម​បទ​ជួញ​ដូរ​មនុស្ស​កាល​ពី​ឆ្នាំ​២០០៥​កន្លង​ទៅ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត រំភើប​ក្នុង​ចិត្ត ចង់​មាន​សេរីភាព»

ស្រ្តី​ជា​ទណ្ឌិត​ម្នាក់​ទៀត​ឈ្មោះ អ៊ុន ស្រី អាយុ​៤៦​ឆ្នាំ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​១៣​ឆ្នាំ ក្រោម​បទ​អំពើ​ភេរវកម្ម​បាន​ថែ្លង​ថា ៖ «បង​ប្អូន​មាន​អង្គការ​ចូល​មក​ដល់ ជួយ​ជំនួយ​ឲ្យ​ពួក​យើង​ខ្ញុំ សប្បាយ...»

តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហម ស៊ុនរិទ្ធិ ដែល​បាន​ចូល​រួម​ចែក​អំណោយ​ដល់​ស្រ្តី​ទណ្ឌិត​៣៦៥​នាក់​នៅ​ក្នុង​ព្រៃ​ស ឬ​មណ្ឌល​កែប្រែ​ម.២ បាន​មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​សិទ្ធិ​នារី​ឆ្នាំ​នេះ​ខួប​លើក​ទី​៩៩ ដែល​ប្រទេស​កម្ពុជា​ទូទាំង​ប្រទេស ក៏​ដូច​ជា​អន្តរជាតិ​បាន​ប្រារព្ធ​រំឭក​នូវ​ថ្ងៃ​សិទ្ធិ​នារី​នេះ»

ទាក់ទង​នឹង​ស្ថានការ​គ្រប់គ្រង​និង​ការ​រស់​នៅ​របស់​ស្រ្តី​ជា​ទណ្ឌិត​នៅ​ក្នុង​គុក​ព្រៃ​ស ឬ​មណ្ឌល​កែ​ប្រែ​ម.២ លោក ចាត់ ស៊ីនាង ជា​ប្រធាន​មណ្ឌល​កែប្រែ​ម.២ បាន​មាន​ប្រសាសន៍​ថា ៖ «មណ្ឌល​កែប្រែ​ទី​២ មាន​ទីតាំង​ចាស់​ដែល​អគារ​សម្រាប់​ដាក់​អ្នក​ទោស​ចំនួន​៣៥០​នាក់​ទៅ​៤០០​នាក់​តែប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​អ្នក​ទោស​មាន​ដ​ល់​ទៅ​៧៧៥នាក់។ ស្រ្ដី​មួយ​ចំនួន​មាន​កូន​តូច​មក​តាម​ជាមួយ ស្រ្ដី​មួយ​ចំនួន​មាន​ផ្ទៃ​ពោះ ហើយ​ពុំ​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​និង​អគ្គិសនី​មក​ដល់។ យើង​នឹង​ពង្រឹង​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​បំណិន​ជីវិត...»

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា មណ្ឌល​កែប្រែ​ម.២ បាន​សាងសង់​អគារ​សិប្បកម្ម​១​ខ្នង​សម្រាប់​ទណ្ឌិត​ស្រ្តី​ប៉ាក់​ឌិន ដើម្បី​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​និង​ធ្វើ​ធ្នើរ​សម្រាប់​ទុក​ដាក់​សម្ភារៈ​នានា​កុំ​ឲ្យ​ចង្អៀត​ណែន និង​ការ​បញ្ចេញ​អ្នក​ទោស​ជា​ស្រ្ដី​ឲ្យ​ដាំ​បាយ ធ្វើ​អនាម័យ ចិញ្ចឹម​ត្រី​និង​ដាំ​បន្លែ។

អាជ្ញាធរ​គុក​ព្រៃ​ស​នេះ បាន​បញ្ចេញ​ទណ្ឌិត​ចំនួន​៤៥១​នាក់​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​ធ្វើ​ការងារ​ទាំង​នោះ​ដើម្បី​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​នៅ​ក្នុង​បន្ទប់​គុក​តូច​ចង្អៀត។

កន្លង​មក​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និង​អ្នក​ធ្លាប់​បាន​ជាប់​ទោស​នៅ​ក្នុង​គុក​ព្រៃ​ស បាន​រិះគន់​ថា បរិយាកាស​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត​ណែន​ខ្លាំង​ថប់​ខ្យល់ ពិបាក​រស់ នៅ​ក្តៅ​ខ្លាំង​និង​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ដែល​ងាយ​កើត​ជំងឺ​ផ្សេង៕