ទឹក​ជំនន់​នៅ​ខេត្ត​បាត់ដំបង

ទឹក​ជំនន់​បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន​ចាប់​តាំង​ពី​ខែ​សីហា រហូត​ដល់​ថ្ងៃ​២១ តុលា នេះ មិន​ទាន់​ស្រក​អស់​នៅ​ឡើយ។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​រាយការណ៍​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ២៤៧​នាក់។ ស្រូវ​ចំនួន​ជាង ៤​សែន​ហិកតារ​បាន​លិច​ទឹក និង​ស្រូវ​ជិត ២​សែន​៥​ម៉ឺន​ហិកតារ​ទៀត​បាន​ខូច​ខាត​ទាំង​ស្រុង។ ផ្លូវ​លំ​ប្រវែង​ជិត ៣.០០០​គីឡូម៉ែត្រ និង​ទំនប់​ទឹក​ប្រវែង​រវាង​ពី ៣០០​គីឡូម៉ែត្រ ទៅ ៤០០​គីឡូម៉ែត្រ បាន​រង​ការ​ខូចខាត។ ​សាលារៀន​ជាង ១.០០០​កន្លែង​បាន​លិច​ទឹក​ជំនន់។

ខាង​ក្រោម​គឺ​ជា​រូបភាព​ស្ដីពី​សកម្មភាព និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ផ្ទះ​របស់​ពួកគាត់ និង​ផ្លូវ​ថ្នល់​មួយ​ចំនួន​ត្រូវ​បាន​ទឹក​ជន់​លិច ដោយសារ​ទឹក​ជំនន់​ពី​បឹង​ទន្លេ​សាប។ អ្នក​ភូមិ និង​សត្វ​ពាហនៈ បាន​នាំ​គ្នា​ទៅ​បោះ​ជម្រក​រស់​នៅ​បណ្ដោះអាសន្ន​តាម​ទី​ទួល​ដែល​ពុំ​មាន​ទឹក​លិច​នៅ​តាម​មាត់​ស្ទឹង​ក្នុង​ភូមិ។

រូបថត​ថ្ងៃ​២១ តុលា ឆ្នាំ​២០១១ ដោយ​វិទ្យុ​អាស៊ីសេរី/សួន សុផលមុន្នី

1

កុមារា​រស់​នៅ​ភូមិ​អូរមុនី​២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ដើរ​កាត់​ទឹក​ទៅ​សាលារៀន។

2

កុមារា​ម្នាក់​នេះ​បណ្ដើរ​កង់​កាត់​កាត់​ភក់ ដើម្បី​ទៅ​រៀន​នៅ​ភូមិ​អូរមុនី​២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ដើរ​កាត់​ទឹក​ទៅ​សាលារៀន។

3

អ្នក​ភូមិ​កំពុង​បណ្ដើរ​កង​ដឹក​អីវ៉ាន់​កាត់​ផ្លូវ​ដែល​លិច​ទឹក នៅ​ភូមិ​អូរមុនី​២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

4

អ្នក​ភូមិ​អូរមុនី២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ដឹក​ជញ្ជូន​សម្ភារៈ​តាម​ទូក​យក​ទៅ​ដាក់​រថយន្ត ខណៈ​ដែល​លំនៅឋាន​របស់​ពួកគាត់​ត្រូវ​ទឹក​លិច។

5

ម្តាយ និង​ក្មេង​តូចៗ កំពុង​ងូត​ទឹក​នៅ​ខាង​មុខ​ផ្ទះ ស្ថិត​នៅ​ក្នុង​ភូមិ​ទួលស្បូវ ឃុំ​សំរោង ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

6

ក្មេង​តូចៗ​ហែល​ទឹក​អូស​ក្បូន​ចម្លង​ស្ត្រី​ជា​ម្ដាយ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ​ទួលស្បូវ ឃុំ​សំរោង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

7

លោក គឹម យ៉េត អាយុ ៤១​ឆ្នាំ និង​អ្នកស្រី ព្រំ ស៊ីណាត រួម​ទាំង​កូន​ស្រី​តូច ចង្អុល​ប្រាប់​ពី​លំនៅឋាន​ទ្រេត​រក​ដួល ដោយសារ​ទឹក​លិច​នៅ​ក្នុង​ភូមិ​ទួលស្បូវ ឃុំ​សំរោង ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​​បាត់ដំបង។

7a

កុមារា​ម្នាក់​នេះ​កំពុង​កាប់​ដើម​ចេក​ធ្វើ​ក្បួន​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​ទឹក។ ផ្ទះ​របស់​គាត់​ត្រូវ​ទឹក​លិច​នៅ​ក្នុង​ភូមិ​ទួលស្បូវ ឃុំ​សំរោង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

8

ក្រុម​គ្រួសារ​អ្នកស្រី សូភី កំពុង​អង្គុយ​ស្ដាប់​វិទ្យុ​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ​ដែល​មាន​ទឹក​លិច នៅ​ភូមិ​អូរមុនី២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

9

អ្នក​ភូមិ​អូរមុនី២ ឃុំ​ស្វាយធំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ធ្វើ​រោង​សម្រាប់​ឲ្យ​សត្វ​គោ​ជ្រក នៅ​ខាង​មុខ​ផ្ទះ ដែល​មាន​ទឹក​លិច។

10

ក្រុម​អ្នក​ភូមិ​ទួលស្បូវ ឃុំ​សំរោង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​នាំ​គ្នា​ចម្អិន​ម្ហូប នៅ​តាម​ដង​ផ្លូវ ខណៈ​ដែល​ផ្ទះ​របស់​ពួកគេ​បាន​លិចលង់។

11

បុរស​នៅ​ភូមិ​ទួលស្បូវ ឃុំ​សំរោង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង សម្រាន្ត​លើ​អង្រឹង។ ជើង​របស់​គាត់​ត្រូវ​ទឹក​ស៊ី​ក្លាយ​ជា​ដំបៅ។