លោក សួន សំបូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី រៀបរាប់យ៉ាងដូច្នេះថា ៖ «ខ្ញុំក៏ធុញថប់ដែរ ព្រោះខ្យល់មកធំក្លិនស្អុយ ប៉ុន្តែមិនដឹងជាធ្វើយ៉ាងម៉េច»។
អនុប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី លោក សេង ចំរើន បានមានប្រសាសន៍ថា បញ្ហាសំរាមនៅភូមិភ្នំពេញថ្មីមិនមែនជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ស៊ិនទ្រី ទេ តែជាការទទួលខុសត្រូវរបស់រដ្ឋាករគ្រប់គ្រងសំណល់នៃសាលាក្រុងភ្នំពេញ។
រាល់ពេលព្រលប់ចាប់ពីម៉ោង ៦ ឬម៉ោង ៧ សំរាមត្រូវបានគេយកមកចាក់គរនៅចំណុចប្រសព្វផ្លូវលេខ ១៤៣ និងមហាវិថីព្រះសីហនុ។
អ្នករស់នៅតាមបណ្ដោយផ្លូវលេខ ១៤៣ កញ្ញា លីន បានឲ្យដឹងថា ការដែលប្រជាពលរដ្ឋចាក់សំរាមយ៉ាងដូច្នេះ ព្រោះពួកគាត់គ្មានជម្រើស ៖ «យើងចាក់សំរាមអ៊ីចឹង ពេលភ្ញៀវទេសចរគាត់ឃើញ គាត់ថតរូបភាពហ្នឹង ព្រោះគេឃើញប្លែក»។
ឆ្លើយតបនឹងបញ្ហានេះ លោក សេង ចំរើន បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងតែរកដំណោះស្រាយ ៖ «គាត់ដាក់មុខផ្ទះគេ គឺគាត់ដាក់អត់បានទេ អ៊ីចឹង គាត់ត្រូវដាក់នៅកែងហ្នឹង ព្រោះកន្លែងកែងហ្នឹងវាមិនមែនជាសិទ្ធិរបស់អ្នកណាម្នាក់ យូរៗទៅ វាកើតជាទម្លាប់មួយដាក់នៅទីនោះ»។
ស្ដីអំពីបញ្ហាសំរាមនៅទីក្រុងភ្នំពេញ អតីតប្រធានាធិបតីស្ដីទីនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ លោក សូ ខាំខូយ ដែលទើបតែទទួលមរណភាពកាលពីខែវិច្ឆិកា ឆ្នាំ២០០៨ កន្លងទៅនេះ ក៏ធ្លាប់មានប្រសាសន៍ផ្ដែផ្ដាំដល់មាតុភូមិរបស់លោកតាមរយៈកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរីដែរ ៖ «ចង់ឲ្យស្រុកខ្មែរមានសន្តិសុខ បានចម្រុងចម្រើនជាងសព្វថ្ងៃ។ សព្វថ្ងៃ អត់ចម្រុងចម្រើនទេ ខ្ញុំបានទៅពីរដង ឃើញស្រុកខ្មែរកខ្វក់ពេក ឃើញទីក្រុងភ្នំពេញកខ្វក់ ឃើញសំរាមគរពេញតាមថ្នល់ ហើយឃើញអ្នកក្រហ្នឹងក្រពេក រកបាយទទួលទានក៏លំបាកដែរ»។
ផ្អែកតាមប្រសាសន៍របស់នាយកអង្គការកែច្នៃសំរាមនិងការសិក្សានៅកម្ពុជា លោក ជោ គឹមហេង និងយោងតាមតួលេខប្រចាំឆ្នាំ២០០៥ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA បានឲ្យដឹងថា ទីក្រុងភ្នំពេញមានសំរាមចំនួនជាងមួយពាន់តោនក្នុងមួយថ្ងៃ៕